អ្នករាយការណ៍ UN ព្រួយបារម្ភ​វិធានការរបស់រដ្ឋាភិបាលលើអ្នកមិនទៅបោះឆ្នោត​

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត ថ្លែងនៅក្នុងសន្និសិទកាសែតនៅថ្ងៃទី១៤មីនាឆ្នាំ២០១៨ នៅភ្នំពេញ (រូបថត៖ ហេង វិចិត្រ)

អ្នករាយការណ៍ពិសេសរបស់​អង្គការសហប្រជាជាតិ សម្តែងការព្រួយបារម្ភពី​ការព្រមានផ្លូវច្បាប់​របស់​មន្រ្តីរដ្ឋាភិបាលលើប្រជាពលរដ្ឋ​ជុំវិញការសម្ដែងមតិធ្វើពហិការមិនទៅបោះឆ្នោត ឬការមិន​បោះឆ្នោត​ឲ្យបក្ស​ណាមួយ។

បើតាមការចុះផ្សាយកាលពីម្សិលមិញរបស់អង្គការសហប្រជាជាតិបានឲ្យ​ដឹង​ថា អ្នករាយការណ៍ពិសេសស្ដីពីសិទ្ធិមនុស្សនៅកម្ពុជាលោកស្រី រ៉ូ ណាស្មីត បានសម្ដែងការព្រួយ​បារម្ភ​អំពីរបាយការណ៍នានារបស់​តំណាងរដ្ឋាភិបាល ដែលលើកឡើងថា ការមិនបោះឆ្នោតឲ្យ​គណបក្ស​ណា​មួយ គឺខុសច្បាប់ ឬ ព្រមានទោសទណ្ឌលើអ្នក​បង្ហាញ​ការធ្វើពហិការមិនបោះឆ្នោត។។

អ្នករាយការណ៍ពិសេសស្ដីពីសិទ្ធិមនុស្សនៅកម្ពុជាលោកស្រី រ៉ូ ណាស្មីត បានលើកឡើងថា៖

ខ្ញុំមាន​ការ​ព្រួយបារម្ភអំពីរបាយការណ៍នៃការគំរាមកំហែងអំពីការបោះឆ្នោតជាតិខាងមុខ

លោកស្រី រ៉ូ ណាស្មីត បានលើកឡើង​បន្តថា​អ្វីដែលជាការ គួរឲ្យព្រួយបារម្ភដូចគ្នានេះដែរ​ របាយការណ៍​ដែល​ថា អាជ្ញាធរមូលដ្ឋានបានគំរាម​ដកហូតសេវាសាធារណៈ​ពីអ្នកដែលមិនបោះ​ឆ្នោតឲ្យ​គណបក្ស​កាន់​អំណាច។

អ្នករាយការណ៍ពិសេសស្ដីពីសិទ្ធិមនុស្សនៅកម្ពុជារូបនោះក៏លើកឡើងដែរថាការណ៍នោះគឺជាការបង្កើតឲ្យមានបរិយាកាសភ័យខ្លាច និងការភាន់ច្រឡំប៉ុណ្ណោះ​ សម្រាប់អ្នកបោះឆ្នោត។

បើទោះជាអ្នករាយការណ៍ពិសេស និងប្រទេសលោកសេរីមួយចំនួនបង្ហាញក្តីបារម្ភចំពោះការបោះឆ្នោតនៅចុងខែកក្កដានេះក៏ដោយ ក៏លោកនាយករដ្ឋមន្ត្រីហ៊ុន សែនធ្លាប់បញ្ជាក់ថា ការបោះឆ្នោតនេះដំណើរការតាមលទ្ធិប្រជាធិបតេយ្យពិតប្រាកដដោយមានគណបក្សចំនួន​២០ចូលរួម។​

ជាមួយគ្នានោះដែរលោកស្រី រ៉ូ ណាស្មីត អំពាវនាវឲ្យ​រដ្ឋាភិបាលឲ្យថ្កោលទោស​ឲ្យបានច្បាស់លាស់​ចំពោះ​ការបំភិត​បំភ័យដល់អ្នកបោះឆ្នោត និង​ បញ្ជាក់ឲ្យបានច្បាស់ថាការអំពាវនាវ​ឲ្យធ្វើ​ពហិការមិន​ចូលរួម​បោះ​​ឆ្នោត ដែលមិនមែនជាកាតព្វកិច្ចនោះ គួរតែអនុញ្ញាត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ