GDP រក្សា​ជំហរ​ចូល​រួម​ការ​បោះឆ្នោត​ដដែល​ក្រោយ​ព្រមាន​ដក​ខ្លួន​ចេញ

មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​លោក យ៉ង់ សាំងកុមារ

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ឬ​ហៅ​កាត់​ថា GDP បាន​ប្រកាសជំហរជាថ្មីថា នឹងចូលរួមការបោះឆ្នោតខាងមុខ ទោះបីកន្លងមកសកម្មភាពឃោសនារបស់ខ្លួនត្រូវបានរារាំង និង​រង​ការ​គំរាមកំហែងដោយអាជ្ញាធរមូលដ្ឋានក៏​ដោយ។

កាល​ពី​សប្ដាហ៍​មុន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានព្រមានដកខ្លួនចេញពីការបោះឆ្នោតជាតិខាងមុខ ដោយអះអាងថា អាជ្ញាធរមួយចំនួនមិនជួយសម្រួលក្បួនឃោសនាបោះឆ្នោត និង​មានការគំរាមកំហែងទៅ​សកម្មភាពរបស់ខ្លួនពេលចុះចែកខិត្តប័ណ្ណនៅតាមខេត្ត​ទៀត​ផង។

នៅក្នុង​សន្និសីទ្ធសារព័ត៌មាននាព្រឹកថ្ងៃអាទិត្យ​នេះ បេក្ខជន​នាយករដ្ឋមន្រ្តីនៃបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉ង សាំងកុមារ ប្រកាសជំហររថា គណបក្ស​លោក​នៅតែបន្តចូលរួមក្នុងប្រកួតប្រជែងនយោបាយ​ដដែល ដោយ​ថា ដើម្បីផ្លាស់ប្ដូររបបដឹកនាំប្រទេសតាមការចង់បានរបស់ពលរដ្ឋ។

ជាមួយគ្នានោះ លោក យ៉ង សាំងកុមារ ក៏លើកឡើងដែរថា គណបក្ស​លោក​បាន​សម្រេច​រក្សា​ជំហរ​បែប​នេះ បន្ទាប់​ពី​គណបក្ស​នេះ​បាន​សង្កេត​ឃើញ​ថា អាជ្ញាធរមូលដ្ឋានបានបញ្ឈប់ការគំរាមកំហែង និងមានការសម្រួលសកម្មភាពឃោសនា​ប្រសើរជាងមុន ក្រោយពីមានបទបញ្ជាផ្ទាល់​ពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង។

មេដឹកនាំ​គណបក្ស​រូប​នេះ បាន​បង្ហាញ​ក្ដី​រំពឹង​ថា ណបក្សរបស់លោក​ នឹងឈ្នះឆ្នោត បើពលរដ្ឋចូលរួមបោះឆ្នោតបានច្រើនចាប់ពី ៧៥​ភាគរយឡើង។

ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្តសភានីតិកាលទី ៦ នឹងប្រព្រឹត្តទៅនា​ថ្ងៃ​ទី​២៩ ខែកក្កដាខាងមុខ ដោយ​មានការ​ចូលរួមពីបក្សនយោបាយចំនួន ២០ រួមទាំងគណបក្សប្រជាធិបតេយ្យមូលដ្ឋានផងដែរ។​

ប៉ុន្ដែ ប្រទេសលោក​សេរីមួយចំនួន បាន​ព្រមាន​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ​ទេ ដោយថាការបោះឆ្នោតនេះមិនមានភាពសេរី ត្រឹមត្រូវ និង យុត្តិធម៌ បន្ទាប់ពី​អតីត​គណបក្សប្រឆាំង​ដ៏ធំនៅ​កម្ពុជា ត្រូវ​បានរំលាយចោល ហើយ​អាសនៈ​របស់​អតីតបក្ស​ប្រឆាំង ត្រូវ​បានបែង​ចែកឲ្យទៅគណបក្សផ្សេង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ