សាលារាជធានីប្រកាសផ្អាកចរាចរជាបណ្ដោះអាសន្នផ្លូវសំខាន់ៗ ក្នុងថ្ងៃបិទយុទ្ធនាការ​​​ឃោសនាការបោះឆ្នោត

ការធ្វើចរាចរណ៍ តាមដងវិថី ដោយមធ្យោបាយធ្វើដំណើរផ្សេងៗគ្នា

សាលារាជធានីភ្នំពេញបានប្រកាសផ្អាកចរាចរជាបណ្ដោះអាសន្នផ្លូវសំខាន់ៗ និង ទីតាំងជួបជុំមួយចំនួន របស់គណបក្សនយោបាយ ក្នុងថ្ងៃឃោសនាបោះឆ្នោតចុងក្រោយ ដើម្បីបញ្ចៀសការកកស្ទះ ដែលនឹងបិទពីម៉ោង៦ព្រឹក រហូតដល់ក្បូនដង្ហែត្រូវបានបញ្ចាប់។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ ចេញផ្សាយថ្ងៃទី២៣ ខែកក្កដា បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ គណបក្សនយោបាយ​​​ជាច្រើននឹងធ្វើការជួបជុំ និងដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៦ នៅមជ្ឃមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយមានការជួបជុំសមាជិករហូតដល់ប្រមាណ ២៥០ ០០០នាក់ និងនៅទីលានប្រជាធិបតេយ្យ មានការជួបជុំប្រមាណ ២០ ០០០នាក់ ព្រមទាំងការជួបជុំសមាជិកនៅ​​​តាមទីស្នាក់ការគណបក្សមួយចំនួនផងដែរ។

ក្នុងសេចក្តីប្រកាសព័ត៌មានដដែល បានអះអាងថា បន្ទាប់ពីការជួបជុំសមាជិករួច គណបក្សនយោបាយនឹងដង្ហែទៅតាមមហាវិថីកម្ពុជាក្រោម មហាវិថីសម្ដេចមុនីរ៉េត កំណាត់វិថីសម្ដេចសុធារស កំណាត់មហាវិថីម៉ៅសេទុង កំណាត់មហាវិថីព្រះមុនីវង្ស កំណាត់មហាវិថីព្រះសីហនុ វិថីព្រះស៊ីសុវត្ថិ និងផ្លូវសំខាន់ៗមួយចំនួនទៀតក្នុងរាជធានីភ្នំពេញ។

រដ្ឋបាលរាជធានីភ្នំពេញ ស្នើប្រជាពលរដ្ឋដែលគ្រោងធ្វើដំណើរទៅកន្លែងជួបជុំ និងតាមមហាវិថី តិរិវិថី និងផ្លូវសំខាន់ៗមួយចំនួនខាងលើ មេត្តាបញ្ចៀសចរាចរជាបណ្ដោះអាសន្ន បើសិនមិនចាំបាច់ពុំគួរធ្វើដំណើរឆ្លងកាត់កន្លែងជួបជុំ និងផ្លូវដង្ហែរបស់គណបក្សទាំងនេះ។

គណបក្សនយោបាយចំនួន២០ នឹងចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ប៉ុន្តែគ្មានវត្តមានគណបក្សសង្រ្គោះជាតិចូលរួមនោះទេ។ ការឃោសនាបោះឆ្នោតមានរយៈពេល២១ថ្ងៃ ដោយចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី២៧ ខែកក្កដាឆ្នាំ២០១៨។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ