ចិននៅតែបន្តដាក់​សម្ពាធ​​ឲ្យ​ក្រុម​ហ៊ុន​អាកាសចរបរទេសផ្សាយ​ថា​តៃវ៉ាន់​ជារបស់​​ចិន​

យន្តហោះ Boeing 787-9 Dreamliner នៅព្រលានយន្តហោះអន្តរជាតិ ឆឺងទូ ស័ងលាវ (Chengdu Shuangliu) នៅថ្ងៃទី 26 ខែឧសភាឆ្នាំ 2016 នៅទីក្រុង ឆឺងទូ ខេត្តស៊ីឈួនប្រទេសចិន (រូបភាព៖ www.businessinsider.com)

រដ្ឋបាល​លោក​ប្រធានាធិបតីចិន​ ស៊ី ជីនពីង នៅតែព្យាយាម​រិះរក​គ្រប់​វិធី​ដើម្បីឲ្យមហាជនទទួល​ស្គាល់​​​​​ដែនដី​តៃវ៉ាន់​ថា​ជាទឹកដី​របស់​ចិន។ ក្នុងរយៈពេល​ចុងក្រោយនេះចិន​បាន​​ដើរបញ្ចុះ​បញ្ចូល​ក្រុម​ប្រទេស​​​​មួយ​ចំនួនដែលធ្លាប់​តែមាន​ទំនាក់ទំនង​ស្អិតរមួត​ជាមួយ​កោះ​តៃវ៉ាន់ឲ្យ​​ងាក​រក​​ខ្លួន​វិញ។

ក្រៅពីការខំប្រឹង​ប្រែងដើរ​បញ្ចុះបញ្ចូល​ប្រទេស​នានា​ដែល​កំពុង​មាន​ទំនាក់​ទំនងការទូត​ជាមួយតៃវ៉ាន់​ ចិន​ក៏កំពុងតែធ្វើ​ឲ្យពិភពលោក​មើល​ឃើញ​ថា​តៃវ៉ាន់​ជា​របស់ខ្លួន​តាមរយៈការ​ដាក់​កំហិត​ដល់​ក្រុម​ហ៊ុន​អាកាសចរបរទេស​ឲ្យ​សរសេរ​ថា​តៃវ៉ាន់​​ជា​របស់​ចិន។

អាជ្ញាធរអាកាសចរ​ស៊ីវិលចិន​ បាន​ផ្ញើលិខិត​ទៅកាន់ក្រុមហ៊ុនអាកាសចរណ៏បរទេស​ចំនួន​៣៦​ កាលពី​ចុង​ខែ​មេសាកន្លងទៅ​ ដែល​​តម្រូវ​ឲ្យ​ក្រុមហ៊ុន​អាកាសចរទាំងនោះ​ដកចេញពីគេហទំព័ររបស់​ខ្លួនដែល​ដាក់​ថា​ តៃវ៉ាន់ ហុងកុង​​ និង​ម៉ាកាវ ជាប្រទេសមួយដាច់​ដោយ​ឡែក​ ហើយ​ពិសេស​សម្រាប់​តៃវ៉ាន់ត្រូវតែដាក់​ថា​តៃវ៉ាន់​ជារបស់​ចិន​។

សម្រាប់​ដែនដី​ហុង​កុង និងម៉ាកាវ​វា​មិនមែន​ជារឿង​ចម្រូង​ចម្រាស​ទេ​ ព្រោះ​ទឹក​ដី​ទាំង​ពីរនេះ​ត្រូវ​បាន​ពិភពលោកដឹង​ថា​ជាទឹក​ដីរបស់​ចិន​ទៅហើយ បើទោះបី​ជាតំបន់​ទាំងពីរជាតំបន់ស្វ័យយ័ត​ដែល​មាន​​ប្រព័ន្ធគ្រប់​គ្រង​ពីរដ៏ដោយ តែវានៅតែស្ថិត​ក្រោម​រដ្ឋបាល​ក្រុង​ប៉េកាំងដដែល។

ប៉ុន្តែសម្រាប់​ករណី​តៃវ៉ាន់​ វាជារឿងមួយ​ផ្សេង​ព្រោះ​ថា​តៃវ៉ាន់​មិនដែល​ទទួល​ស្គាល់​ថា​ខ្លួន​ជាផ្នែក​មួយរបស់​ចិន​ទេ ហើយ​ចិន​ក៏មិន​មាន​សិទ្ធិ​ណាមួយលើរដ្ឋបាលក្រុង​តៃបិ​ដែរ។​ ដូច្នេះ​ការសរសេរ​ឬផ្សាយ​ពាណិជ្ជកម្ម​ណាមួយដែល​​តៃវ៉ាន់​ជា​ប្រទេស​មួយឯករាជ្យវា​ប្រាកដ​ជាធ្វើឲ្យចិន​មិន​អាចទទួលយក​បាន​នោះ​ទេ។

យោង​តាម​ការចុះផ្សាយរ​បស់ទីភ្នាក់​ងារសារព័ត៌មាន ​AFP គិតត្រឹម​ដំណាច់​ខែ​ឧសភា ​ក្រុម​ហ៊ុន​អាកាស​ចរជាង២០​ដែល​ក្នុងនោះមានក្រុមហ៊ុន​របស់កាណាដា អង់គ្លេស និង​អូស្រ្តាលី​ជាដើម​បាន​គោរព​តាម​ការចង់បាន​របស់​ប្រទេសចិន។ នេះបញ្ជាក់​អោយឃើញពីជោគជ័យ​មួយទៀត​របស់​មេដឹក​នាំ​ចិនដែល​ធ្វើ​ឲ្យពិភពលោក​ទទួលស្គាល់​ថា​តៃវ៉ាន់​ជារបស់ខ្លួន។

ប៉ុន្តែទោះបី​ជា​អាជ្ញាធរ​បាន​តម្រូវ​ឲ្យ​ក្រុមហ៊ុន​អាកាស​ចរ​បរទេស​ ដកចេញ​ពីគេ​ហទំព័រ​របស់​ខ្លួន​ដែល​ដាក់​ថា​តៃវ៉ាន់​ជាប្រទេសមួយយ៉ាងណាក៏ដោយចុះ ក៏ក្រុមហ៊ុនអាកាសចរ​អាមេរិក​ធំៗចំនួន​ពីរ​គឺ​ Delta Airlines និង  American Airlines បដិសេធមិនធ្វើតាម​ការចង់បាន​របស់​ក្រុង​ប៉េកាំង​ដែរ។​

ក្រុម​ហ៊ុន​ទាំង​នោះ​លើកហេតុផល​ថា​នេះជា​រឿង​នយោបាយ​រវាងប្រទេស​នឹងប្រទេស ពោលគឺរវាងចិននិង​អាមេរិក​។ ក្រុម​ហ៊ុន​ទាំងពីរក៏លើកហេតុផល​មួយទៀត​ដែរថា​ពួកគេ​គោរពតាម​ការ​សម្រេច​របស់​រដ្ឋាភិបាល​អាមេរិក។

យោងតាម​ការចុះផ្សាយ​របស់​សារព័ត៌មា​ន​Financial Times របស់​អាមេរិក​ អាមេរិក​បាន​ហៅ​ថាវិធានការណ៍របស់ចិន​ថាធ្វើឡើង​មិន​សម​ហេតុផល ហើយអាមេរិក​ក៏បាន​អំពាវនាវ​ឲ្យក្រុម​ហ៊ុន​អាកាសចរអាមេរិកកុំគោរពតាម​ការចង់បាន​របស់​ចិន​។​

អ្នកនាំពាក្យក្រសួងការបរទេស​ចិន​​ លោកស្រី ហួរ ឈុន​យីង បានថ្លែងជាមួយ​អ្នកសារព័ត៌មាន​កាល​ពីថ្ងៃទី​១៩ខែកក្កដា​ ថា​ចិនមាន​ជំហរមួយយ៉ាងពិតប្រាកដជុំវិញរឿងនេះ។ អ្នកស្រី​​បន្តថាសហគ្រាសបរទេសដែលកំពុងប្រតិបត្តិការក្នុងប្រទេសចិនត្រូវគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីនិងគោរពតាមច្បាប់និងបទបញ្ញត្តិនានា​របស់ចិន។

ថ្ងៃទី​២៥ខែកក្កដា​ជាថ្ងៃឱសានុវាទចុងក្រោយដែល​រដ្ឋាភិបាលចិន​បាន​ដាក់ចំពោះក្រុមហ៊ុន​​អាសចរ​​បរទេស​​ដែល​ នៅតែដាក់​ថា​តៃវ៉ាន់​ជា​ប្រទេសមួយដោយឡែក​ពីចិន។ យោងតាមការចុះផ្សាយរបស់​ការសែ​ត​ Washington Post ក្រុម​អាកាសចរទាំងនោះនឹងប្រឈមនឹង​ការដាក់ទណ្ឌកម្ម​នានា​ដែល​រដ្ឋបាលក្រុង​ប៉េកាំង​បាន​ដាក់​ដែល​ជាអាទិ៍រួមមាន ការដាក់​ពិន័យ​ផ្នែករដ្ឋបាល និង​​​វិធានការណ៍​ច្បាប់នានាប្រឆាំងក្រុមហ៊ុន​ទាំងនោះផងដែរ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ