រដ្ឋ​មន្រ្តីក្រសួងមហាផ្ទៃថា​នគរបាលមិនអាចចាប់អ្នកធ្វើយុទ្ធនាការម្រាមដៃស្អាតទេ

រដ្ឋ​មន្ត្រី​មហាផ្ទៃ លោក ស ខេង ផ្ដល់កិច្ចសម្ភាសន៍ កាលពីពេលកន្លងទៅ។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​បានបញ្ជាក់​ថា​ ប៉ូលីសមិនអាចចាប់អ្នកធ្វើយុទ្ធនាការម្រាមដៃស្អាតបានទេ ដោយថា​គ្មានច្បាប់​ណា​ចែងបែបហ្នឹងនោះទេ ប៉ុន្តែអ្នកទាំងនោះត្រូវប្រឈមនឹង​ការពិន័យជាប្រាក់តាមច្បាប់​បោះ​ឆ្នោតកំណត់​​​។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា លោក ស ខេង ថ្លែងដូច្នេះខណៈលោកចុះជួបអ្នកគាំទ្រគណបក្សនេះកាលពីម្សិលមិញនៅខេត្តព្រៃវែង។

មានអ្នកខ្លះគេធ្វើ! យុទ្ធនាការដៃស្អាតអ្ហ៊ែ? នាំគ្នាមួយហ្វូងអញ្ចឹងទៅ! ពួកហ្នឹងមួយចំនួនបងប្អូនយើងចង់ទៅចាប់!​ តែប៉ូលីសទេ សមត្ថកិច្ច!។ ខ្ញុំថាអត់បានទេ! មើលច្បាប់ទៅ មានតែប្តឹងផាកទេ! ៥ទៅ២០លាន រួចបើម្តងមិនរាងចាល៥ទៅ២០លានទៀតៗ អាហ្នឹងវាអញ្ចឹង!។ ទៅចាប់ មានច្បាប់ឯណាទៅចាប់? អត់ត្រូវទេ!

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា លោក ស ខេង

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា ឲ្យដឹងថា គិតត្រឹមព្រឹកនេះមានករណីបណ្តឹងនេះមានចំនួន៥ ដែលកើតមាននៅក្នុងខេត្តបាត់ដំបង និងបន្ទាយមានជ័យ ប៉ុន្តែស្ថិតនៅដំណាក់កាលសម្របសម្រួលនៅឡើយ។

អត់ទាន់ពិន័យទេ ពីព្រោះកំពុងតែដោះស្រាយតាមឋានានុក្រមការងារ ព្រោះដំបូងអ្នកប្តឹងប្តឹងទៅគណៈកម្មាឃុំសង្កាត់រៀបចំការបោះឆ្នោត ហើយមានតួនាទីសម្របសម្រួល។ បើសម្របសម្រួលហើយអ្នកដែលប្តឹងហ្នឹងអត់សុខចិត្តគឺប្តឹងឡើងមកខេត្ត។ ឥឡូវសំណុំ​ឯកសារនៅថ្នាក់​ខេត្តរៀបចំកា​រ​បោះឆ្នោតនៅឡើយទេណា៎ អត់ទាន់មកដល់ គ.ជ.ប នៅឡើយទេបាទ

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា

លោក ហង្ស ពុទ្ធា បញ្ជាក់បន្ថែមថា អតីត​មន្រ្តី​គណ​បក្ស​សង្រ្គោះ​ជាតិ​ក្នុង​ចំណោម​១១៨​នាក់​ដែលត្រូវបានហាមមិនឲ្យធ្វើសកម្មភាពនយោបាយក៏មាននៅក្នុងបណ្តឹងករណីម្រាមដៃស្អាតនេះដែរ។

សម្រាប់អ្នកនាំពាក្យ គណបក្សប្រជាធិបតេយ្យ​មូលដ្ឋាន លោក សាម អ៊ីន មានប្រសាសន៍ថា គណបក្សលោកមិនគាំទ្រយុទ្ធនាការម្រាមដៃស្អាត ហើយក៏មិនគាំទ្រចំពោះច្បាប់ដែលដាក់ពិន័យចំពោះករណី​​នេះដែរ។

មិនគាំទ្រយុទ្ធនាការដែលជំរុញឬមួយក៏ជាលក្ខណៈបញ្ឆោតប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោត យើងអត់គាំទ្ររឿងហ្នឹងទេ ព្រោះយើងគិតថាជារឿងមិនល្អ! ជាការបង្កើតទម្លាប់អាក្រក់។ ប៉ន្តែយើង​ក៏មិនគាំ​ទ្រការ​គំរាម​កំហែង ការបង្ខំប្រជាពលរដ្ឋឲ្យទៅបោះឆ្នោតដែរ! យើងគ្រាន់តែ​ពន្យល់អប់រំ​ប្រជាពលរដ្ឋ​ពីសារៈ​សំខាន់​នៃការ​ទៅ​ចូលរួមការបោះឆ្នោតដើម្បីបន្តដំណើរកាសាងលទ្ធិប្រជាធិបតេយ្យ ដើម្បីជ្រើសរើសតំណាងរាស្ត្រល្អ ជ្រើសរើសបានអ្នកដឹកនាំល្អជាដើម។ ប៉ុន្តែការបង្ខំ ការដាក់ពិន័យអី ផ្សេងៗចំពោះបងប្អូនប្រជាពលរដ្ឋ​ដែលលោកសម្រេចចិត្តថាមិនទៅបោះឆ្នោតហ្នឹង យើងគិតថាជារឿងមិនត្រឹមត្រូវ ជារឿងមិនគួរធ្វើ!

អ្នកនាំពាក្យ គណបក្សប្រជាធិបតេយ្យ​មូលដ្ឋាន លោក សាម អ៊ីន

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត្យ​ និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​ និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ និកហ្វិក លោក​ សំ គន្ធាមី​ មានប្រសាសន៍ថា ការពិន័យអ្នកដែលប្រព្រឹត្តចំពោះករណីនេះគឺធ្ងន់ធ្ងរពេក ដោយថា ច្បាប់បោះឆ្នោតមិនបានចែងច្បាស់ចំពោះករណីនេះទេ និងថាជាការប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ។

វិធានការទីមួយគួរតែផ្សព្វផ្សាយ! បើថាយើងរកឃើញអ្នកដែលធ្វើយុទ្ធនាការអញ្ចឹង អប់រំ! ដើម្បីឲ្យគាត់យល់ច្បាស់ថាសកម្មភាពគាត់វាប៉ះពាល់ យើងកំណត់អញ្ចឹងទៅ។ ហើយគ្រាន់តែមកដ​ល់​ចាប់ហើយពិន័យ​ជាប្រាក់រាប់លានរៀលទៅដល់អ្នកហ្នឹងពេក វិធានការហ្នឹងវាធ្ងន់ធ្ងរពេកបាទ! យើងមើលមើល៍?។ ចុះសម្រាប់អ្នកល្មើសច្បាប់បោះឆ្នោតដូចគ្នា យកយានយន្តរដ្ឋ យកអីទៅឃោសនាដែរ អត់ឃើញឮ​និយាយថាពិន័យផងបាទ?

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត្យ​ និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​ និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ និកហ្វិក លោក​ សំ គន្ធាមី​

លោក​ សំ គន្ធាមី នៅតែជំរុញដល់ គ.ជ.ប ឲ្យអប់រំដល់ប្រជាពលរដ្ឋសិនមុនអនុវត្តច្បាប់នេះ ព្រោះអ្នកខ្លះនៅតែយល់ថាការនិយាយពីការមិនទៅបោះឆ្នោតគឺជាការបញ្ចេញមតិ។

កាលពី​ថ្ងៃ​សុក្រសប្តាហ៍មុន អតីត​មន្រ្តី​គណ​បក្ស​សង្រ្គោះ​ជាតិ​ចំនួន​៣​នាក់​នៅ​ក្នុង​ខេត្ត​បាត់​ដំបង ត្រូវ​បាន​មន្រ្តី​គណ​បក្សប្រជាជន​កម្ពុជា​ប្តឹង​ទៅ​កាន់​ គណៈកម្មការរៀបចំ​ការ​បោះ​ឆ្នោតប្រចាំខេត្តមួយនេះ ពាក់​ព័ន្ធ​នឹង​យុទ្ធនាការ​ម្រាម​ដៃ​ស្អាត តាមរយៈសារដែល​ពួក​គេបង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក។ គិតត្រឹមព្រឹកថ្ងៃនេះ ករណីនេះកើនដល់៥បណ្តឹងហើយ នៅក្នុងខេត្តបាត់ដំបង និងបន្ទាយមានជ័យ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ