មន្ត្រីបក្សកាន់អំណាច​យកឱកាស​ចុះពិនិត្យស្ថានភាព​​ទឹកជំនន់​អំពាវនាវទៅ​ពលរដ្ឋ​បោះឆ្នោតឲ្យបក្សខ្លួន​

លោករដ្ឋមន្ត្រី លឹម​ គានហោ​ ពេលចុះទៅពិនិត្យអំពីស្ថានភាពទឹកជំនន់​ ថ្ងៃទី ២១ កក្កដា ២០១៨ (រូបភាព៖ ហ្វេសប៊ុក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន) (Screenshot)

រដ្ឋមន្ដ្រីក្រសួងធនធានទឹក ​និងឧតុនិយមអំពាវនាវទៅប្រជាពលរដ្ឋទាំងអស់បោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី ២៩ ខែកក្កដា ខាងមុននេះ។

រដ្ឋមន្ដ្រីក្រសួងធនធានទឹក ​និងឧតុនិយម លោក លឹម គានហោ កាលពីថ្ងៃទី២១ ខែកក្កដា កន្លងទៅ បានអំពាវនាវឲ្យ​ប្រជាពលរដ្ឋ​​ទៅ​បោះឆ្នោតជូន​គណបក្សប្រជាជនកម្ពុជា ក្នុងពេល​ដែលលោកចុះទៅពិនិត្យស្ថានភាព​ទឹកជំនន់ស្ថិតនៅ​ខេត្ត​កំពង់​ស្ពឺ។

ថ្វីត្បិត​តែស្ថិតនៅក្នុងយុទ្ធនាការនៃបោះឆ្នោត​តែរឿងអ្វីដែលពាក់ព័ន្ធនឹងបងប្អូនប្រជាពលរដ្ឋ ពេលណាដែលមាន​ទុកគឺ​មានសម្ដេចអគ្គមហាសេនាតេជោ មានសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជាជួយ ហើយសូមបងប្អូនរក្សានៅ​សណ្ដាប់ធ្នាប់​រួចស្វែងយល់​ឲ្យច្បាស់ថា មានតែគណបក្សប្រជាជនកម្ពុជារបស់យើងទេ ដែលជានិច្ចជាកាលរស់​នៅជាមួយបង​ប្អូន​​​ស្គាល់​សុខស្គាល់ទុក ។ សូមកុំភ្លេចថ្ងៃទី២៩ ខាងមុខនេះ ជាថ្ងៃបោះឆ្នោតសកលសូមបងប្អូនទៅបោះឆ្នោត ហើយ​បោះ ឆ្នោ​ត​​ជូនលេខ ២០ ដែលជាលេខតំណាងឲ្យគណបក្សប្រជាជនកម្ពុជារបស់យើង

រដ្ឋមន្ដ្រីក្រសួងធនធានទឹក ​និងឧតុនិយម លោក លឹម គានហោ

នាយកប្រតិបត្តិអង្គការ​ណិចហ្វិច លោក សំ គន្ធាមី ចាត់ទុកការអំពាវនាវរបស់រដ្ឋមន្ត្រីក្រសួងធនធានទឹក និង ឧតុនិយមថា ខុសពីច្បាប់បោះឆ្នោត ដោយថាមន្ត្រីរាជការត្រូវប្រកាន់ជំហរអព្យាក្រឹត្យដោយ​មិនត្រូវទៅធ្វើការឃោសនា​ឲ្យ​គណបក្ស​នយោបាយ​​​ណា​នោះទេនៅពេលកំពុងបំពេញ​តួនាទី​។

កាលណាគាត់ទៅបំពេញតួនាទី​ក្នុងនាមរដ្ឋមន្ត្រីក្រសួងធនធានទឹកអញ្ចឹង គាត់អត់ត្រូវនិយាយឃោសនា ឲ្យគណបក្សណាមួយអត់ទេ។ គាត់ជារដ្ឋមន្ត្រីគាត់ត្រូវប្រកាន់ជំហអព្យាក្រឹត្យអញ្ចឹង​គាត់ជារដ្ឋមន្ត្រីគាត់មិនអាច​យកពេលម៉ោង​រាជការ​​ទៅឆ្លៀតឱកាសទៅជួយឃោសនាឲ្យគណបក្ស ព្រោះច្បាប់បោះឆ្នោតគេអត់ឲ្យធ្វើអញ្ចឹងទេ ព្រោះអីគាត់​ទៅក្នុង​នាមរដ្ឋា​ភិបាលតើ​! បាទក្នុងនាមរដ្ឋមន្ត្រីក្រសួងធនធានទឹកតើមិនមែនក្នុងនាមគណបក្សណាហើយគាត់ទៅក្នុងនាមរដ្ឋអព្យាក្រឹត្យ​ភាពរបស់គាត់ រដ្ឋាភិបាលមិនអាចទៅអំពាវនាវឲ្យទៅបោះឆ្នោតឲ្យគណបក្សណាមួយទេ អានេះជាការឃោសនា​ឲ្យគណបក្សទៅវិញទេ

នាយកប្រតិបត្តិអង្គការ​ណិចហ្វិច លោក សំ គន្ធាមី

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ចាត់ទុកការអំពាវនារបស់រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមនេះ មិនមានអ្វីខុសច្បាប់នោះទេ ហើយក៏មិនមែនជាការឆ្លៀតឱកាស ព្រោះ​មន្ត្រីដែលចុះទៅធ្វើការឃោសនា​ឲ្យគណបក្សទាំងអស់​មិនបានយកមកម៉ោងការងាររដ្ឋទៅធ្វើការឃោសនានោះឡើយ។

អញ្ចឹងទេក្រមសីលធម៌នីតិវិធីរបស់គ.ជ.ប មិនបានប្រឆាំងសកម្មភាពធ្វើនយោបាយទេ ក៏ប៉ុន្តែទី ១អត់​ឲ្យស្លៀកពាក់ឯកសណ្ឋាន ទី២មិនឲ្យប្រដាប់អាវុធ ទី៣ មិនឲ្យយកម៉ោងស្នូល ទី៤ មិនឲ្យយកសម្ភារៈ បរិក្ខាមធ្យោបាយរបស់រដ្ឋទៅប្រើប្រាស់ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនេះ។ អញ្ចឹង​ខ្ញុំយល់​ថាគ្រាន់​តែលឺ​សំឡេ​ងឬមួយគ្រាន់តែចូលរួមក្នុងយុទ្ធនាការបោះឆ្នោតក្រៅម៉ោងស្នូលពីអង្គភាពខ្ញុំយល់ថាវាអត់ខុសទេច្បាប់អត់ហាមទេ

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន

មួយ​រយៈចុង​ក្រោយ​នេះ​គេឃើញ​មាន​រដ្ឋ​មន្ត្រី​មួយ​ចំនួន​នៃ​រដ្ឋាភិបាល​បក្សប្រជា​ជន​បាន​ចុះ​ឃោស​នា​បក្សនៅតាម​មូល​ដ្ឋាន​​ដោយ​បាន​បង្ហាញ​ទៅ​កាន់​ពល​រដ្ឋ​ពី​របៀប​គូស​សន្លឹក​ឆ្នោត​ និង​ជំរុញ​​ឲ្យ​ពលរដ្ឋ​ទាំង​នោះគូស​​ឲ្យ​ចំលេខ​២០​ដែល​ជា​លេខរៀង​របស់​បក្សប្រជា​ជន​ផង​ដែរ។

រដ្ឋមន្ត្រី​ទាំង​នោះ​រួម​មានរដ្ឋ​មន្ត្រី​ក្រសួ​ងការងារ​លោក អ៊ិត​ សំហេង រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាម​ពល​ លោក ស៊ុយ សែម រដ្ឋ​មន្ត្រីក្រសួង​ទេស​ចរណ៍​លោក ថោង ខុន និងរដ្ឋ​មន្ត្រី​ក្រសួង​ធម្មការ​លោក ហ៊ឹម ឆែម ជាដើម​។

កាលពីថ្ងៃទី ១៤ ខែកក្កដា កន្លងទៅ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីណែនាំមួយ ដោយ​ក្រើន​រំ​ឮ​ក​ដល់​មន្ត្រីរាជការ​ អាជ្ញាធរ​ដែនដី និង​មន្ត្រី​នគរបាលជាតិ​ទាំងអស់​ឲ្យ​គោរព​ច្បាប់ បទបញ្ជា និង​នីតិវិធី​នៃ​ការបោះឆ្នោត ដោយ​មិន​ត្រូវយក​ទ្រព្យសម្បត្តិ​និង​យក​ម៉ោង​ការងារ​រដ្ឋ​ទៅ​ចូលរួម​ឃោសនាបោះឆ្នោត​ឡើយ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ