តុលាការកំពូល​សម្រេចឲ្យអតីតបុគ្គលិកវិទ្យុអាស៊ីសេរីនៅជាប់ឃុំ​ដដែល​

អតីត​អ្នកព័ត៌មានវិទ្យុអាស៊ីសេរីពីរនាក់ នៅឯសាលាឧទ្ធរណ៍ កាលពីពេលកន្លងទៅ (ខាន់ លក្ខិណា)

តុលាការ​កំពូល​សម្រេច​តម្កល់សាលដីកាសាលាឧទ្ធរណ៍ទុកជាបានការដែល​បដិសេធ​សំណើរ​សុំនៅក្រៅ​ឃុំរបស់អតីតបុគ្គលិកវិទ្យុអាស៊ីសេរី២រូប។​

អតីត​អ្នក​សារព័ត៌មាន​​វិទ្យុ​អាស៊ី​សេរី លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ថា បាន​លួច​ផលិត​ព័ត៌មាន​ពី​ប្រទេស​កម្ពុជា​ទៅ​ឲ្យ​បរ​ទេស ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សន្តិសុខ​ជាតិ។

ក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូលនៅព្រឹកនេះ សម្រេច​តម្កល់សាលដីកាសាលាឧទ្ធរណ៍ និងការសម្រេច​របស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការ​ដោយថាការសម្រេចនោះ​សមហេតុ​ផល​​​​​ស្របតាមច្បាប់​។

លោក កែវ វ៉ាន្នី មេធាវីការពារក្តីឲ្យអតីតបុគ្គលិកវិទ្យុអាស៊ីសេរី២រូបនោះ ចាត់ទុកក្រុមប្រឹក្សា​ជំនុំជម្រះតុលាការកំពូល​ថា​ ធ្វើឡើងដោយមិនមានភស្តុតាង​ដាក់បន្ទុកគ្រប់គ្រាន់ដល់កូនក្តី​របស់លោក​នោះទេ​។

វាអត់ភស្តុតាងណា ដើម្បីគាំទ្រនូវសេចក្តីសម្រេច​ ឬអំណះអំណាង​របស់គាត់ទេ ដូច្នេះវាពិតជា​អយុត្តិធម៌សំរាប់គាត់ទាំងពីរ​ណាស់

លោក កែវ វ៉ាន្នី មេធាវីការពារក្តីឲ្យអតីតបុគ្គលិកវិទ្យុអាស៊ីសេរី

លោកមេធាវីរូបនោះ អះអាងថា នឹងពិភាក្សាជាមួយកូនក្តីជាថ្មីទៀត ដើម្បីស្នើសុំតុលាការ អនុញាតឲ្យកូនក្តីបាននៅក្រៅឃុំបណ្តោះអាសន្ន​ជួបជុំគ្រួសារ។

ដើរចេញពីបន្ទប់សវនាការ លោក អ៊ួន ឈិន និង​ យាង សុជាមេត្តា បានថ្លែងប្រហាក់ប្រហែលគ្នា​ប្រាប់អ្នកសារព័ត៌មានទាំងដៃ​ជាប់ខ្នោះថា ពួកគេរងភាពអយុត្តិធម៌បន្ថែមទៀត ក្រោយពីតុលាការ​កំពូល​​សម្រេចតម្កល់ដីកាសាលា​ឧទ្ធរណ៍ទុកជាបានការ។

លើសពីនេះទៀត ភរិយាលោក អ៊ួន ឈិន គឺអ្នកស្រី ហេង ស៊ីណា បាននិយាយទាំងអួលដើមក ថា តុលាការកំពូលសម្រេចមិនអនុញាតឲ្យប្តីរបស់ពួកគាត់ចេញនៅក្រៅឃុំ ធ្វើឲ្យគ្រួសារ​គាត់ជួប​បញ្ហា​ជីវភាព​ ​ដោយសារគ្មានអ្នករកប្រាក់មក​ជួយទំនុកបំរុង​កូន​ៗ។

រាល់ថ្ងៃគាត់ជាមេគ្រួសារ​។ គាត់នៅផ្គត់ផ្គង់គ្រួសារ​ ដល់​ពេលអត់ពីគាត់ទៅយ៉ាប់ដែរ ព្រោះពេលខ្ញុំឈឺដែរ អយុត្តិធម៌សម្រាប់គ្រួសារ​ខ្ញុំណាស់​

ភរិយាលោក អ៊ួន ឈិន គឺអ្នកស្រី ហេង ស៊ីណា

ចំណែក ភរិយាលោក យាង សុជាមេត្តា គឺអ្នកស្រី ឡំា ចន្ថា​ អំពាវនាវទៅតុលាការទម្លាក់ការចោទប្រកាន់ នឹងដោះលែងស្វាមីគាត់ឲ្យមានសេរីភាពវិញ។

អាច​ដោះលែងពួកគាត់ឆាប់ៗ ព្រោះអាណិតក្មេងតូចៗ

ភរិយាលោក យាង សុជាមេត្តា គឺអ្នកស្រី ឡំា ចន្ថា

មន្រ្តីស៊ើបអង្កេតនៃសមាគមអាដហុក លោក ស៊ឹង សែនករុណា ដែលតាមដានសវនាការ បានចាត់ទុកការសម្រេច​របស់តុលាការកំពូល​ថា ធ្វើឡើងក្រោមហេតុផលនយោបាយ​ច្រើនជាងអនុវត្តច្បាប់។

ហេតុផល​អ្វីដែលគាត់បានលើកឡើង​ វាសមល្មមគាត់បាននៅក្រៅឃុំ ហើយមិនបាននៅក្រៅឃុំវាហេតុផលទាំងអស់នេះវាអត់ឆ្លុះបញ្ចាំងពីបទល្មើស​នៃការប្រព្រឹត្តរបស់គាត់។ ខ្ញុំគិតថាវាជារឿង​ហេតុផល​នយោបាយវាច្រើនជាង​…ពីព្រោះអំពើហ្នឹងវាអត់សមនឹង​ការចោទទៅលើគាត់ទៅទៀត

មន្រ្តីស៊ើបអង្កេតនៃសមាគមអាដហុក លោក ស៊ឹង សែនករុណា

លោក អួន ឈិន និង​​លោក យាង សុជា​មេត្តា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧​កន្លង​មក ហើយ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ថា បាន​លួច​ផលិត​ព័ត៌មាន​ពី​ប្រទេស​កម្ពុជា​ទៅ​ឲ្យ​បរទេស ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សន្តិសុខ​ជាតិ។

អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ខ្លួន​អ្នក​ទាំង​ពីរ​តែ​ជាង ២​ខែ​ប៉ុណ្ណោះ បន្ទាប់​ពី​វិទ្យុ​អាស៊ីសេរី បាន​ប្រកាស​បិទ​ការិយាល័យ​របស់​ខ្លួន​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ក្រោយ​ពី​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ជាមួយ​រដ្ឋាភិបាល៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ