កម្មករនៅរោងចក្រ ខាលីងតុន ក្នុងខេត្តកំពង់ចាមនៅ​តែ​បន្តដួលសន្លប់នៅថ្ងៃនេះ

កម្មករ នៅរោងចក្រផលិតស្បែកជើង កាលីនតុន បានដួលសន្លប់ជាថ្មីម្តងទៀតហើយនៅព្រឹកថ្ងៃទី ២៣ កក្កដា ២០១៨ (រូបភាព៖ ហ្វេសប៊ុក Pav Sina)

កម្មករបម្រើការងារនៅរោងចក្រផលិតស្បែកជើងមួយក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម បានបន្តដួលសន្លប់ទៀតនៅថ្ងៃនេះ ខណៈអាជ្ញាធរថា ការដួលសន្លប់នោះ គឺភ័យដួលតាមគ្នា

កាលពីចុងសប្តាហ៍មុនកម្មករជាង១០០នាក់ បម្រើការងារនៅរោងចក្រ ខាលីងតុន នៅស្រុកជើងព្រៃបានដួលសន្លប់ជាបន្ត បន្ទាប់ក្រោយមានហេតុការណ៍ឆ្លងចរន្តអគ្គិសនីក្នុងរោងចក្រ។

កម្មករម្នាក់បម្រើការងារនៅរោងចក្រនោះកញ្ញា ចាន់ សុណា ប្រាប់វីអូឌីថា នៅម៉ោងជាង៨ព្រឹកនេះ នាងបានឃើញកម្មករ ប្រហែល៥០នាក់ដួលសន្លប់ជាបន្តបន្ទាប់ទៀតនៅថ្ងៃនេះ ខណៈកម្មករទាំងនោះកំពុងបំពេញការងារក្នុងរោងចក្រ។

ប្រធានមន្ទីរការងារខេត្តកំពង់ចាម ចេង ហ៊ាន មានប្រសាសន៍ថា មានកម្មករប្រមាណ២០នាក់ប៉ុណ្ណោះដួលសន្លប់ ខណៈ អាជ្ញាធរ និងភាគីរោងចក្របញ្ជូនទៅព្យាបាលតាមមន្ទីរពេទ្យក្បែរនោះអស់ហើយ។

លោកឲ្យដឹងថា ការដួលសន្លប់របស់កម្មករទាំងនោះដោយសារពួកគេមិនទាន់បាត់​ការភ័យខ្លាច​ បន្ទាប់ ពីមានការភ័យតក់ស្លុតពេលមានអគ្គីភ័យឆាបឆេះក្នុងរោងចក្រនេះ​កាលចុងសប្តាហ៍មុន។

ពួកគាត់មិនទាន់អស់ភ័យកាលពីថ្ងៃមុននោះ កាលពីថ្ងៃមុននោះមានហេតុការណ៍ទុស្សេខ្សែភ្លើង ដល់ទុស្សេខ្សែភ្លើងទៅ គេចុចកណ្តឹងប្រកាសអាសន្នធ្វើឲ្យពួកគាត់ភ័យ ដល់អញ្ចឹងពួកគាត់មិនទាន់អស់ភ័យហ្នឹង។ ដួលសន្លប់ ប្រហែលជា១០ទៅ២០នាក់ ឥលូវក្រុមការងារបញ្ជូនទៅពួកគាត់សម្រាកនៅមន្ទីរពេទ្យស្រុកហើយ

ប្រធានមន្ទីរការងារខេត្តកំពង់ចាម ចេង ហ៊ាន

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន កាលពីដើមឆ្នាំ២០១៨ បានបញ្ជាទៅស្ថាប័នជំនាញទាំងអស់​​ឲ្យ​សិក្សា​រកមូលហេតុ ​នៃ​ការ​ដួល​សន្លប់​របស់​ក្រុម​កម្មការិនី​ក្នុង​ចំនួន​ច្រើននៅ​តាម​បណ្ដា​រោងចក្រ​កាត់​ដេរ​នានា ក្នុងនោះលោក ហ៊ុន សែន ក៏ជំរុញឲ្យផ្តល់ម៉ោងសម្រាក និងត្រូវផ្តល់អាហារូប​ត្ថម្ភដល់ក្រុមកម្មករបានសមរម្យផងដែរ។

ក្រសួង និងដៃគូពាក់ព័ន្ធ ត្រូវ​ធ្វើការ​ជាមួយគ្នាឲ្យបានស្និទ្ធស្នាល។​​​ ហើយយើង​គោរពការយល់ឃើញរបស់​គ្នាទៅវិញ​ទៅមក ទាំងសង្គមស៊ីវិល ទាំងនិយោជក ហើយ​ទាំង​រដ្ឋាភិបាល​​ កម្មករ និងរឿង​សំខាន់មួយទៀត​ដែលយើងគិតមួយដែរ ទាក់ទង​នឹងការផ្តល់ម៉ោងសម្រាក​ឲ្យកម្មករ​ ហើយឲ្យអាហា​រូប​ត្ថម្ភគាត់ គឺរោងចក្រខ្លះ​គាត់ឲ្យអាហារ ឲ្យអីក៏ពិតមែន ក៏ប៉ុន្តែ​ម៉ោងសម្រាកដែលវាសមរម្យក៏វាទាមទារឲ្យមានដែរ​

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ធ្លាប់លើកឡើងថា តាម​ការ​ស្រាវ​ជ្រាវ​ករណី​កម្មក​រ​ដួលសន្លប់​គឺដោយសារ​បរិយាកាស​ទាំងក្នុង និងក្រៅរោងចក្រមិនល្អ ការប្រើប្រាស់ថ្នាំគីមីផ្សេង ធ្វើការហួសកំលាំង ការហូបចុកមិនគ្រប់គ្រាន់ ការធ្វើការ​យូរ​ឆ្នាំ និងច្រើនម៉ោងជាដើម។ ហើយលោក អាត់ ធន់ បានផ្តល់អនុសាសន៍ទៅ​ក្រសួងការងារ​និងភាគី​រោង​ចក្រ​ទាំងអស់​ត្រូវឲ្យ​ធ្វើការ​កែលំអរលក្ខខណ្ឌទាំងនោះឲ្យបានល្អប្រសើរឡើងវិញផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ