ភ្នំពេញៈ នៅក្នុងហាងផឹកស៊ីមួយកន្លែងស្ថិតនៅក្នុងសង្កាត់ទួលស្វាយព្រៃ រាជធានីភ្នំពេញ កុមារា វណ្ណសាក់ អាយុ១៣ឆ្នាំ ដែលបានចាកចេញពីស្រុកកំណើតរបស់ខ្លួននៅក្នុងខេត្តព្រៃវែង មកប្រកបជាអ្នកដើរលក់ម្ជូរ និងផ្លែឈើផ្សេងៗនៅភ្នំពេញក្នុងពេលពេលរាត្រី ដែលអង្គការក្រៅរដ្ឋាភិបាលបានរកឃើញថា កុមារទាំងនោះ ត្រូវបានគេបង្ខំឲ្យលក់ដូរ ជាថ្នូរនឹងការទទួលបានអាហារមួយពេល។
កុមារា វណ្ណសាក់ បានមករាជធានីភ្នំពេញតាំងពីពាក់កណ្តាលឆ្នាំ២០១៦ ដោយពុំមានឱកាសចូលរៀនដូចកុមារដទៃនោះទេ។ ក្នុងទឹកមុខស្លេកស្លាំងមានស្នាមរបួសលើត្របកភ្នែកខាងឆ្វេង និងរបួសសាច់ដុំដៃខាងស្តាំ បានលើកកញ្ច្រែងម្ជូរដើរចេញ បានព្យាយាមលាក់បាំងព័ត៌មានលំអិតអំពីជីវប្រវត្តិរបស់ខ្លួន។ ខណៈមានបុរសវ័យប្រហែល៣០ឆ្នាំម្នាក់ចូលមកហៅ មុនពេលឡើងជិះម៉ូតូចេញទៅក្រៅ។ កុមារា វណ្ណ សាក់ បាននិយាយថា ៖«ខ្ញុំនៅច្បារអំពៅ»។
នៅសួនច្បារមុខ ណាហ្គាវើល កុមារី រីណា ដើរលក់ពងមាន់ សណ្តែកដី និងស្ករកៅស៊ូនិយាយ ថាក្នុង១យប់ម្តាយនាងតម្រូវ លក់ឲ្យបានលុយពី៨ទៅ១០ម៉ឺនរៀល បើលក់មិនបានទេឪពុកម្តាយនាងនឹងស្តីបន្ទោស ឬតម្រូវឲ្យលក់រហូតយប់ជ្រៅ។
ក្រោមដំណក់ភ្លៀងស្រិចៗងាកឆ្វេងស្តាំដោយមិនចង់ឆ្លើយប្រាប់ព័ត៌មានលំអិត កុមារីវ័យ ១២ឆ្នាំរូបនេះ និយាយថា ៖
កុមារី រីណា ដើរលក់ពងមាន់ សណ្តែកដី និងស្ករកៅស៊ូ នៅសួនច្បារមុខ ណាហ្គាវើល
ចំណែកឯ សុខ រឿន ក៏ជាអ្នកមានស្រុកកំណើតនៅខេត្តព្រៃវែង និងប្រកបរបរជាដើរលក់ផ្លែឈើនៅក្នុងពេលរាត្រីដែរនោះ បានប្រាប់វីអូឌីកន្លែងសួនកំសាន្តកោះពេជ្រ ថារូបគេនិងប្អូនប្រុសអាយុ១២ឆ្នាំ បានមកតាមគ្រួសាររស់នៅភ្នំពេញជិត២ឆ្នាំហើយដោយសព្វថ្ងៃស្នាក់នៅក្នុងខណ្ឌច្បារអំពៅ។
កំពុងនិយាយចរចាតម្លៃបណ្តើរ និងនិយាយប្រាប់រឿងរ៉ាវរបស់ខ្លួនបណ្តើរកុមារា សុខរឿន អះអាងថា រូបគេនិងប្អូនប្រុសពេលថ្ងៃរៀននៅសាលាបឋមកសិក្សារមួយនៅខណ្ឌច្បារអំពៅ ខណៈពេលយប់ដើរលក់ម្ជូរ រួមទាំងផ្លែឈើផ្សេងៗតាមសួនកំសាន្តនានាក្នុងរាជធានីភ្នំពេញ។
កុមារវ័យ១៤រូបនេះ មានគ្នាប្រហែល១០ទៅ ២០នាក់ស្នាក់នៅជុំគ្នាក្នុងខណ្ឌច្បារអំពៅ ដោយមានការបែងចែកឲ្យក្រុមខ្លះទៅលក់តាមហាង និងក្រុមខ្លះទៀតដើរលក់តាមសួនច្បារ។ ប្រសិនបើពួកគេមិនដើរលក់បែបនេះទេ ឪពុកម្តាយនឹងវាយធ្វើបាបពួកគេ។
កុមារា សុខ រឿនប្រកបរបរជាដើរលក់ផ្លែឈើនៅក្នុងពេលរាត្រី
តាមការចុះឃ្លាំមើលផ្ទាល់របស់ក្រុមការងារវីអូឌី បានសង្កេតឃើញថា ក្រុមកុមារដែលដើរលក់ពេលរាត្រីនេះ គឺមានអ្នកឌុបយកទៅដាក់ និងដឹកត្រឡប់ពីកន្លែងលក់នោះវិញ។ ហើយអ្នកឌុបនោះក៏ចាំឃ្លាំមើលការលក់ដូររបស់កុមារទាំងនោះដែរ។ កុមារទាំងអស់មានការប្រយ័ត្នប្រយែងក្នុងការឆ្លើយដោយមិនប្រាប់ផ្ទះ ឬកន្លែងដែលពួកគេកំពុងស្នាក់នៅ ហើយពេលសួរនាំច្រើនពួកគេមិនឆ្លើយ និងព្យាយាមដើរចេញ។
ក្រុមកុមារលក់តាមសួនម្តុំណាហ្គាវើល និងកោះពេជ្រ គឺមានមនុស្សចាស់មួយក្រុមនៅជុំគ្នាក្បែរគល់ស្ពានកោះពេជ្រ ចាំបែងចែកទំនិញទៅឲ្យក្មេងៗលក់ និងដឹកកេ្មងៗទាំងនោះ ទៅកន្លែងស្នាក់នៅក្នុងខណ្ឌច្បារអំពៅវិញ ចម្លោះម៉ោង២ទៅ៣យប់។
ស្រ្តីវ័យចំណាស់ម្នាក់ក្នុងចំណោមក្រុមមនុស្សចាស់ផ្សេងទៀត ដែលចាំចែកទំនិញទៅឲ្យក្រុមកុមារលក់នៅក្បែរស្ពានកោះពេជ្រ បាននិយាយដោយសូមមិនបញ្ចេញឈ្មោះ ខណៈមនុស្សចាស់ផ្សេងទៀតដើរគេចចេញមិនព្រមឆ្លើយ នៅពេលសួរនាំជុំវិញការលក់ដូររបស់ក្មេងទាំងនោះថា ក្មេងៗទាំងនោះជាកូន និងក្មួយៗរបស់គាត់។ ពួកគេបានទៅរៀនរាល់ថ្ងៃ ។
ចំណែកឯអ្នកលក់ដូរតាមរ៉ឺម៉កនៅក្បែរស្ពានកោះពេជ្រ អ្នកស្រី សរ ម៉ៃ បានថ្លែងថា ក្មេងៗដើរលក់ដូរពេលរាត្រីទាំងនោះ គឺឪពុកម្តាយជាអ្នកបញ្ជា និងចាំឃ្លាំមើល។ ក្មេងៗទាំងនោះតែងតែរងហិង្សាពីឪពុកម្តាយ ប្រសិនបើពួកគេលក់មិនដាច ឬមិនខិតខំដើរលក់។
អ្នកលក់ដូរតាមរ៉ឺម៉កនៅក្បែរស្ពានកោះពេជ្រ អ្នកស្រី សរ ម៉ៃ
អគ្គនាយកដ្ឋានបច្ចេកទេស និងជាអ្នកនាំពាក្យក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា លោក តូច ចាន់នី បានថ្លែងថា តាមការ ស្រាវជ្រាវកុមារដែលលក់ដូរពេលរាត្រីមួយចំនួនគឺ មានមេខ្យល់ជាអ្នកចាត់តាំង និងបង្ខំឲ្យដើរលក់បែបនេះ។ លោកថា កន្លងមកក្រសួងសង្គមកិច្ចធ្លាប់សហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌច្បារអំពៅចាប់មេខ្លោងចំនួនពីរនាក់ហើយបញ្ជូនតុលាការ។
អ្នកនាំពាក្យរូបនេះបន្តថា ពេលនេះក្រសួងក៏កំពុងស្រាវជ្រាវស្វែងរកមេខ្លោងថ្មីៗទៀតដើម្បីចាត់វិធានការ និងជួយសង្គ្រោះដល់ក្មេងៗទាំងនោះឲ្យបានរៀនសូត្រ និងរួចផុតពីការកេងប្រវ័ញ្ចកម្លាំងពលកម្ម។
អគ្គនាយកដ្ឋានបច្ចេកទេស និងជាអ្នកនាំពាក្យក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា លោក តូច ចាន់នី
ក្រុមអង្គការដែលធ្វើការការពារសិទ្ធិ ប្រឆាំងការជួញដូរ និងប្រឆាំងការប្រើប្រាស់ពលកម្មកុមារបានលើកឡើងប្រហាក់ហែលគ្នាថា ក្នុងចំណោមកុមារដែលដើរលក់ដូរពេលរាត្រី និងលក់ដូរតាមដងផ្លូវនោះ មានកុមារខ្លះត្រូវឪពុកម្តាយបង្ខំឲ្យដើរលក់ និងកុមារមួយចំនួនទៀតអាចមានមេខ្យល់ជាអ្នកបង្ខំឲ្យដើរលក់។
នាយកប្រចាំប្រទេសនៃអង្គការ Aide et Action (AEA) លោក វន សំភាស់ មានប្រសាសន៍ថា បើតាមការសង្កេតផ្ទាល់របស់លោក គឺរាល់ថ្ងៃគឺមានកុមារដើរលក់ពេលរាត្រី និងលក់នៅតាមស្តុបជាច្រើនដោយកុមារទាំងនោះមិនបានរៀនសូត្រនោះ។
លោក វន សំភាស់ បន្តថា សកម្មភាពប្រើប្រាស់ក្មេងឲ្យលក់ដូរពេលរាត្រី និងតាមស្តុបនេះ គឺបានធ្វើឲ្យប៉ះពលដល់សិទ្ធិ ការសិក្សាររៀនសូត្រ ការលូតលាស់ និងសតិអារម្មណ៍របស់កុមារ។
នាយកប្រចាំប្រទេសនៃអង្គការ Aide et Action (AEA) លោក វន សំភាស់
អនុសញ្ញាស្តីពីសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិបានចែងថា កុមារត្រូវទទួលបានសិទ្ធការពារ ប្រឆាំងនឹងការកេងប្រវ័ញ្ច ផ្នែកសេដ្ឋកិច្ច និងការឲ្យធ្វើការងារដែលគ្រោះថ្នាក់ ឬការងារដែលធ្វើប៉ះពាល់ដល់ការសិក្សារៀនសូត្រ ឬធ្វើឲ្យខូចសុខភាព ឬ ការអភិវឌ្ឍខាងផ្លូវកាយ ផ្លូវចិត្ត និងស្មារតីជាដើម។
មាត្រា១៨ នៃអនុសញ្ញានេះដែរចែងថា ត្រូវចាត់វិធានការសមស្របខាងនីតិបញ្ញតិ្ត រដ្ឋបាលសង្គមកិច្ច និងខាងអប់រំដើម្បីការពារ កុមារពីគ្រប់ទម្រង់នៃអំពើហិង្សា ការធ្វើឲ្យរបួស ឬការរំលោភបំពានលើរាងកាយ ផ្លូវចិត្ត ការធ្វើបាប ឬកេងប្រវ័ញ្ចក្នុងអំឡុងពេលដែលកុមារស្ថិតក្រោមការចិញ្ចឹមបីបាច់របស់ឪពុកម្តាយ និងអ្នកផ្សេងដែលមានភារកិច្ចថែទាំកុមារ។
នាយកប្រតិបត្តិនៃអង្គការមជ្ឈមណ្ឌលកម្ពុជាដើម្បីការពារសិទ្ធិកុមារ លោក ង៉ែត ធី មានប្រសាសន៍ថា តាមរបាយការណ៍ការអង្កេតលើករណីកុមារដែលដើរលក់ដូរពេលរាត្រី និងនៅតាមស្តុបពេលកន្លងមក គឺមានអ្នកបង្ខំកុមារឲ្យធ្វើមុខរបរមួយនេះ ដោយលោកសំអាងថា ប្រសិនមិនមានអ្នកនៅពីក្រោយទេកុមារទាំងនោះមិនទ្រាំមកធ្វើការងារបែបនេះឡើយ។
លោក ង៉ែត ធី បន្តថា ការប្រើប្រាស់កុមារឲ្យដើរលក់តាមស្តុប និងពេលយប់នេះគឺជាទំរង់នៃការប្រើប្រាស់កម្លាំងពលកម្មកុមារ ដែលតម្រូវឲ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធត្រូវពង្រឹងការអនុវត្តច្បាប់ ផ្តល់មុខរបរដល់កុមារ និងក្រុមគ្រួសាររបស់ពួកគេរួមទាំងផ្សព្វផ្សាយពីប៉ះពាល់នៃការប្រើប្រាស់ពលកម្មកុមារជាដើម។
នាយកប្រតិបត្តិនៃអង្គការមជ្ឈមណ្ឌលកម្ពុជាដើម្បីការពារសិទ្ធិកុមារ លោក ង៉ែត ធី
ក្នុងមាត្រា១៧៧ នៃច្បាប់ស្តីពីការងារចែងថា កុមារដែលមានអាយុចាប់ពី១២ដល់១៨ឆ្នាំអាចអនុញ្ញាតឲ្យធ្វើការងារស្រាលដែល ការងារទាំងនោះមិនបណ្តាលឲ្យខូចសុខភាព ការអភិវឌ្ឍចិត្ត រាងកាយ និងមិនប៉ះពាល់ដល់ការសិក្សាជាទៀងទាត់។
របាយការណ៍របស់អង្គការ យូនីសេហ្វ (UNICEF-មូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ) ក្នុងឆ្នាំ២០១១-២០១៥ បង្ហាញថា កុមារកម្ពុជាជាងមួយលានកន្លះ (១.៥លាននាក់) បានប្រឈមនឹងការរំលោភកម្លាំងពលកម្មធ្ងន់ធ្ងរ។ ក្នុងចំណោមកុមាទាំងអស់នោះភាគច្រើនជាកុមារកំព្រា កុមារអនាថា កុមារលក់ដូរតាមដងផ្លូវ ឬកុមារលក់តាមសួន និងតាមហាងនានាក្នុងរាជធានីភ្នំពេញ ហើយកុមារទាំងនោះ ភាគច្រើនបំផុតបានរងនូវការប្រើប្រាស់អំពើហិង្សាយ៉ាងធ្ងន់ធ្ងរពីឪពុកម្តាយ ភ្ញៀវ និងនិយោជករបស់ពួកគេ។
របាយការណ៍របស់អង្គការ UNICEF នេះដែរចេញផ្សាយឆ្នាំ២០១៧ ដែលចំណងជើងថា «ផលប៉ះពាល់លើកុមារនៃការធ្វើចំណាក់ស្រុក មករាជធានីភ្នំពេញ» បង្ហាញថា កុមារដែលធ្វើចំណាកស្រុកតាមឪពុកម្តាយមួយភាគធំបានបោះបង់ការសិក្សា គ្មានការការពារ និងរងការកេងប្រវ័ញ្ចពលកម្មដោយសារជីវភាពគ្រួសារក្រីក្រ។
គួរបញ្ជាក់ថា កាលពីខែឧសភា កន្លងមក ស្ត្រីម្នាក់ឈ្មោះ ភួង ចាន់នី ត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធធនាគារ៨ឆ្នាំពីបទបង្ខំកុមារ ៧នាក់ ដែលមានអាយុចន្លោះពី៦ខែដល់១២ឆ្នាំ ឲ្យដើរសុំទាននៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញ។
ស្ដ្រីឈ្មោះ ភួង ចាន់នី បានផ្ដល់ជម្រក និងអាហារដល់កុមារជាថ្នូរនឹងលុយដែលកុមារទាំងនោះរកបានពីការសុំទានតាមផ្លូវ។ កុមារទាំងអស់ ត្រូវរកប្រាក់ឲ្យបានយ៉ាងតិច២ដុល្លារក្នុងមួយថ្ងៃ បើមិនដូច្នេះទេ នាងនឹងវាយកុមារទាំងនោះដោយខ្សែភ្លើង និងត្រូវបង្ខំឲ្យដេកលើបង់នៅទីសាធារណៈ ខណៈកុមារទាំងនោះ ទទួលបានអាហារតែ១ពេលក្នុងមួយថ្ងៃ ហើយទារកត្រូវបានស្ដ្រីនេះចាក់ថ្នាំងងុលដេករៀងរាល់ថ្ងៃទៀតផង។
វីអូឌីបានដាក់លិខិត និងព្យាយាមទូរសព្ទសុំការអធិប្បាយពីប្រធានមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញអ្នកស្រី មុំ ចាន់ដានី ជាច្រើនដងដែរជុំវិញករណីកុមារលក់ដូរពេលរាត្រីនេះ ប៉ុន្តែប្រធានមន្ទីររូបនោះ បានព្យាយាមមិនឆ្លើយជាមួយវីអូឌីនោះទេ បើទោះបីជាអ្នកស្រីមានពេលវេលាគ្រប់គ្រាន់សម្រាប់ឆ្លើយក៏ដោយ។
របាយការណ៍របស់អង្គការ Aide et Action (AEA)ចេញផ្សាយឆ្នាំ២០១៧ បានឲ្យដឹងថា កុមារកម្ពុជាជាង២៥ម៉ឺននាក់បានបោះបង់ការសិក្សារបស់ខ្លួននៅកម្រិតបឋមសិក្សាដើម្បីទៅជួយបំពេញការងារឪពុកម្តាយដោយសារជីវភាពក្រីក្រ ខណៈអង្គការមួយនេះបានជួយកុមារកម្ពុជាក្រីក្រប្រមាណ៦ម៉ឺននាក់ឲ្យត្រឡប់ទៅសាលារៀនវិញក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ។