ក្រសួងថាមិនទាន់មាន​វិធីផ្សេងក្នុង​ការកែ​ច្នៃផលិតអំបិលក្រៅពីការ​រំហួតទឹកសមុទ្រឡើយ

កសិករប្រមូលអំបិល (រូបភាព៖ បណ្ដាញសង្គម)

មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម និងសិប្បកម្មថា កម្ពុជានៅមិនមានវិធីណាមួយដើម្បី​ផលិតអំបិលសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក ក្រៅតែប្រើវិធីធម្មជាតិឡើយ​។

អ្នក​នាំពាក្យ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លោក អ៊ុំ សុថា ​មានប្រសាសន៍ប្រាប់វីអូឌី​ថាក្រសួង​នេះមិនមានវិធីកែច្នៃផលិតអំបិលក្រៅពីការរំហួតទឹក​សមុទ្រនោះទេ ដែល​​វានឹងធ្វើអោយការផលិតមាន​បញ្ហានៅពេលមានភ្លៀងធ្លាក់ខ្លាំង។

អំបិលរបស់យើង អំបិលធ្វើដោយធម្មជាតិ យើងអត់មានអំបិលកែច្នៃរ៉ែក្រោមដីទេ។ អំបិលយើងអំបិលរំហួតទឹកសមុទ្រ អញ្ចឹងអត់មានវិធីផលិតអីផ្សេងក្រៅពីហ្នឹងទេ! កាលណាភ្លៀងមកគឺគាត់ផ្អាកការផលិត…

អ្នក​នាំពាក្យ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លោក អ៊ុំ សុថា

លោក អ៊ុំ សុថា បញ្ជាក់ថា លោកគិតថាយើងគួរតែសាកល្បងប្រើវិធីផ្សេងដើម្បីផលិតអំបិលក្រៅតែពីពឹងផ្អែកកំដៅព្រះអាទិត្យដែរ ដោយថា រង់ចាំមើលអ្នកបច្ចេកទេសសិក្សាសិន។

អ្នកនាំពាក្យរូបនេះបន្តថា ការនាំចូលអំបិលនេះគឺជាដំណោះស្រាយចំពោះមុខ ដោយថា នេះជាចរន្តធម្មតានៃសេដ្ឋកិច្ចទីផ្សារសេរី ប៉ុន្តែត្រូវគោរពតាមគោលការណ៍ស្តង់ដារក្រសួងកំណត់ និងត្រូវមានជាតិអ៊ីយ៉ូត។

សហប្រធាន​សហគមន៍​អ្នក​ផលិត​អំបិល​ខេត្ត​កំពត-កែប លោក ប៊ុន បារាំង ក៏បានថ្លែងប្រាប់VODកាលពីសប្តាហ៍មុនដែរថា កម្ពុជានៅមិនទាន់មានវិធីផលិតអំបិលក្រៅពីវិធីរំហួតទឹកសមុទ្រដោយកំដៅព្រះអាទិត្យនៅឡើយ​។

យើងធ្វើម៉េចបានអាអូនអ្ហា៎! ដីយើងហាលទឹកសមុទ្រ យើងយកទឹកសមុទ្រមកហាលអ្ហា៎! បាទ! មិនដូចប្រទេសគេ ប្រទេសគេគេមានរ៉ែនៅក្នុងដី គេបូមឡើងមកគេធ្វើអំបិលបាន។ ដូច្នេះខុសគ្នាជាមួយប្រទេសគេ

សហប្រធាន​សហគមន៍​អ្នក​ផលិត​អំបិល​ខេត្ត​កំពត-កែប លោក ប៊ុន បារាំង

លោក ប៊ុន បារាំង ក៏បានប្រាប់VODឲ្យ​ដឹងថា កាលពីថ្ងៃទី១២ ខែកក្កដាកន្លងទៅថា សហគមន៍របស់លោក និងអភិលបាលខេត្តកំពត លោក ជាវ តាយ បានបើកកិច្ចប្រជុំដើម្បី​​​ពិភាក្សាអំពីកង្វះអំបិលសំរាប់ផ្គត់ផ្គង់ក្នុងស្រុក។ កិច្ចប្រជុំបានសម្រេចនាំអំបិលចូល ៣ម៉ឺនតោន​​​ ពីប្រទេសចិនសំរាប់ចែកចាយលើទីផ្សារ។

លោក ប៊ុន បារាំង បាននិយាយថា អំបិលនឹងនាំចូលដល់ប្រទេសកម្ពុជាក្នុងខែតុលាឆ្នាំ២០១៨  ស្របពេលដែលអំបិលកម្ពុជាអស់ពីស្តុក។ តម្លៃអំបិលនឹងថ្លៃជាងអំបិលដែលផលិតក្នុងប្រទេសកម្ពុជា ដោយឡើងពី៣៥០រៀលក្នុងមួយគីឡូក្រាម ទៅ​​​​​​​​​ ៥០០រៀលក្នុងមួយគីឡូក្រាម ព្រោះត្រូវចំណាយទៅលើសេវាការដឹកជញ្ជូនពីប្រទេសចិន។

ក្នុង មួយឆ្នាំៗប្រទេសកម្ពុជាត្រូវការអំបិលប្រមាណ១០ម៉ឺនតោន សំរាប់បំពេញតម្រូវការក្នុងស្រុក ប៉ុន្តែក្នុងឆ្នាំ២០១៧​​​ កម្ពុជាផលិតបានត្រឹមតែ៣ម៉ឺន៣ពាន់តោនប៉ុណ្ណោះ ហើយក្នុងឆ្នាំ២០១៨ ពុំបានផលិតនោះទេ ដោយមានភ្លៀងធ្លាក់ច្រើន។ កម្ពុជាមានកសិដ្ឋានផលិតអំបិល៧កន្លែងក្នុងខេត្តកែបនិងកំពត ដោយមានផ្ទៃដី​សរុបចំនួន៤៦០០ហិចតា ក្នុងនោះមានក្រុមផលិតករចំនួន ២០០នាក់។

កាលពីឆ្នាំ២០០៨ ប្រទេសកម្ពុជាធ្លាប់បានជួបបញ្ហាកង្វះអំបិលប្រើប្រាស់ម្តងរួចហើយ ដោយសារមាន​​​ភ្លៀងធ្លាក់ច្រើន​​​ ហើយបានទិញអំបិលប្រមាណ៣ម៉ឺនតោនមកពីប្រទេសចិន។

ទោះយ៉ាងណាក៏ដោយ​បើតាម លោក អ៊ុំ សុថា កាលពីដើមឆ្នាំ២០១៧ កម្ពុជាក៏ធា្លប់នាំអំបិលទៅប្រទេសបារាំងជាលើកដំបូងប្រមាណ១០តោនផងដែរ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ