គ.ជ.ប ស្នើចាត់វិធានការលើ មេធាវី ជូង ជូងី ករណីអំពាវនាវដល់​ពលរដ្ឋ​មិនឲ្យទៅបោះឆ្នោត

មេធាវី លោក ជួង ជូងី (រូបកាលពីពេលកន្លងទៅ)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ស្នើក្រសួងនិងស្ថាប័នពាក់ព័ន្ធចាត់វិធានការ លោកមេធាវី ជូង ជូងី តាមតួនាទីរៀងខ្លួន ដោយសារតែលោករារាំងពលរដ្ឋមិនអោយទៅបោះឆ្នោត។​

ការស្នើនេះធ្វើឡើងបន្ទាប់ពី គ.ជ.ប បានទទួលសំណើពីគណបក្សប្រជាជនកម្ពុជា ដោយថា លោក ជូង ជូងី ប្រើហ្វេសប៊ុករារាំងអ្នកមានសិទ្ធិបោះឆ្នោតមិនឲ្យទៅបោះឆ្នោត គឺជាអំពើបំពានច្បាប់។

សេចក្តីជូនដំណឹងចេញកាលពីម្សិលមិញ គ.ជ.ប ​ប្រកាសថា សកម្មភាពរបស់មេធាវីរូបនេះគាំទ្រអតីតមេដឹកនាំគណបក្សប្រឆាំងនៅក្រៅប្រទេសដែលអំពាវនាវកុំឲ្យពលរដ្ឋទៅបោះឆ្នោត ដោយថា ជាការធ្វើឲ្យមានការភ័ន្តច្រឡំ និងបាត់បង់ទំនុកចិត្តលើការបោះឆ្នោត។

តាម​សេចក្តីជូនដំណឹងដដែលនេះ គ.ជ.ប បានស្នើបិទហ្វេសប៊ុករបស់ លោកមេធាវី ជូង ជូងី តាមរយៈប្រកាសអន្តរក្រសួងលេខ១៧០ ពិនិត្យនិងចាត់វិធានការចំពោះការហាមធ្វើសកម្មភាពនយោបាយរបស់លោក និងសុំទៅ  គណៈមេធាវីចាត់វិធានការបន្ថែម។

អ្នកនាំពាក្យនិយ័តករទូរគមនាគមន៍កម្ពុជា លោក អ៊ឹម វត្ថា និងអ្នកនាំពាក្យគណៈមេធាវី លោក យឹម សារី សុំ​មិនធ្វើអត្ថាធិប្បាយលើករណីនេះទេ ដោយថា ពួកលោកនៅមិនទាន់ទទួលបានព័ត៌មាននៅឡើយទេ។

អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្រសួងព័ត៌មាន លោក ផុស សុវណ្ណ ប្រាប់VODថា លោកបានឃើញព័ត៌មាននេះហើយ លោកថានឹងចាត់ការនៅពេលទទួលបានលិខិតផ្លូវការពីគ.ជ.ប។

រីឯអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ្រ មានប្រសាសន៍ថា​ ក្រសួងមហាផ្ទៃឯកភាពនឹងសំណើរបស់ គ.ជ.ប។

លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ (រូបភាពពី​ ក្រសួងមហាផ្ទៃ)
យើងរីករាយនឹងទទួលពាក្យគ.ជ.ប ដើម្បីពិភាក្សាគ្នាអនុវត្ត ហើយចំពោះការបិទផ្សាយអី  ហ្នឹង […]។ ដូច្នេះយើងរីករាយនឹងទទួលសំណូមពរហ្នឹងដើម្បើចាត់ចែងជាមួយក្រសួងពាក់ព័ន្ធ។ និយាយរួមឯកភាពហើយ មិនជំទាស់ទេ!

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ្រ

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត្យ​ និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​ និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ និកហ្វិក លោក​ សំ គន្ធាមី​ យល់ថា ករណីនេះគឺជាការបញ្ចេញមតិតែប៉ុណ្ណោះ។

លោកសំ គន្ធាមី នាយកអង្គការឃ្លាំមើលការបោះឆ្នោតនិចហ្វិក
ខ្ញុំយល់ផ្សេង! ព្រោះអីខ្ញុំអត់យល់ថាជារឿងព្រហ្មទណ្ឌដែលអាចបញ្ជូនសំណុំរឿងក្តីទៅតុលាការក្តី ទៅក្រសួង សមត្ថកិច្ចអីទេណាបាទ! ព្រោះអាហ្នឹង គ.ជ.ប គាត់ដោះស្រាយទៅ។​ រឿងហ្នឹងគ្រាន់តែជាសេរីភាពបញ្ចេញមតិរបស់គាត់ទេបាទ!។ គាត់គ្រាន់តែនិយាយបកស្រាយរឿងច្បាប់អីតិចតួចណាបាទ! លោក ជូង ជូងី ហ្នឹងបាទ! ពីសិទ្ធិសេរីភាព សិទ្ធិរបស់ពលរដ្ឋនៃការទៅបោះឆ្នោតអីចឹងណាបាទ!

VOD មិនអាចទាក់ទងលោក ជូង ជូងី បានទេនៅថ្ងៃនេះ។​

លោក ជូង ជូងី គឺជាមេធាវីមួយរូបដែលបានចេញមុខតតាំងក្តីញឹកញាប់នៅតុលាការឲ្យអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី។

កាលពីថ្ងៃ​ម្សិលមិញនេះ​​​អតីតសមាជិកគណបក្សសង្រ្គោះជាតិ៥នាក់មកពីខេត្តបាត់ដំបង​ត្រូវបានពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន ១០លានរៀល បន្ទាប់ពីមន្ត្រីបក្សអំណាចបានប្តឹងទៅ គ.ជ.ប ក្រោយពេលដែលអតីតមន្ត្រីគណបក្សសង្គ្រោះទាំងនោះ​បានបង្ហោះតាម​បណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ព្រោះតែធ្វើយុទ្ធនាការ​ម្រាមដៃស្អាត កាលពីថ្ងៃសុក្រសប្តាហ៍មុន។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ