ប្រទេសប្រជាធិបតេយ្យហៅការបោះឆ្នោតនៅកម្ពុជាថា​គ្មានទេ​ភាពសេរីនិងយុត្តិធម៌

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ មណ្ឌលក្រុងតាខ្មៅ ខេត្តកណ្ដាល។ (ជន ចាន់រ៉ែន)

ក្រុមប្រទេសប្រជាធិបតេយ្យ​ សម្ដែងនូវការខកចិត្តយ៉ាងខ្លាំងចំពោះការបោះឆ្នោតនៅកម្ពុជាកាលពីម្សិលមិញនេះ ដោយបានលើកឡើងថាវាជាកាបោះឆ្នោតមួយដែល​មិនមាន​ភាពសេរីនិងយុត្តធម៌ត្រឹមត្រូវនោះទេ។​

បន្ទាប់ពីការបោះឆ្នោតកាលពីម្សិលមិញ ប្រទេសមហាអំណាចធំៗដូចជា សហរដ្ឋអាមេរិច អូស្ដ្រាលី និងកាណាដា បានចេញសេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់​ដោយ​បង្ហាញពីការសោកស្ដាយចំពោះការបោះឆ្នោតសភានៅកម្ពុជាកាលថ្ងៃអាទិត្យម្សិលមិញ។

ក្រោយការបោះឆ្នោតនៅកម្ពុជាបាន​បញ្ចប់ទៅតែប៉ុន្មានម៉ោងប៉ុណ្ណោះ សេតវិមានសហរដ្ឋអាមេរិក​បានចេញសេចក្តីប្រកាសព័ត៌មានមួយភ្លាម​ៗ។ ក្នុងសេចក្តីប្រកាសព័ត៌មាននោះ អាមេរិក បាន​លើកឡើង​ថា​ការបោះឆ្នោតនៅថ្ងៃអាទិត្យ ជាការបោះឆ្នោតមួយដែល​​ គ្មានភាពសេរី និងយុត្តិធម៌ ហើយមិនតំណាងអោយឆន្ទៈរបស់ប្រជាជនកម្ពុជាឡើយ។

ក្នុងសេចក្តីប្រកាសព័ត៌មានដដែល អាមេរិកបញ្ជាក់ទៀត​ថាការបោះឆ្នោតកាលពីម្សិលមិញគឺមានកំហុស​ឆ្គងដោយសារ​តែ​គណបក្សប្រឆាំងសំខាន់ជាងគេនៅកម្ពុជាបានផាត់ចេញពីការបោះឆ្នោត ដែលអាមេរិកហៅ​ថាជាការ​បរាជ័យមួយយ៉ាងធំបំផុតចំពោះប្រព័ន្ធប្រជាធិបតេយ្យ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា។

អាមេរិកក៏បាន​ព្រមានផងដែរថា​ខ្លួន​នឹងពិចារណានូវជំហានបន្តទៀត ដើម្បី​ឆ្លើយតបទៅនឹងការបោះឆ្នោតនេះ ក៏ដូចជា​ដំណើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជានាពេលថ្មីៗនេះ ដែលក្នុងនោះរួមមានពិនិត្យមើលបន្ថែមទៀតការរឹតបណ្ដឹង​លើការផ្តល់ទិដ្ឋាការដែលត្រូវបានប្រកាសកាលពីថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០១៧។

ក្រសួងការបរទេសកាណាដា ក៏បានចេញសេចក្តីប្រកាស​ព័ត៌មាន​មួយដែល​បង្ហាញការយល់ឃើញស្រដៀងគ្នានឹងអាមេរិកដែរ ។ យោងតាមសេចក្តីប្រកាសព័ត៌មានចេញកាលពីថ្ងៃទី២៩ខែកក្កដា ក្រសួងការបរទេសកាណាដា​លើកឡើងថា​ការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីរំខាន បំភិតបំភ័យនិងលុបបំបាត់ចោលគណបក្សប្រឆាំងរួមទាំងមេដឹកនាំគណបក្សសង្គ្រោះជាតិលោកកឹមសុខាដែលនៅជាប់ឃុំឃាំងនិងការគាបសង្កត់សង្គមស៊ីវិលនិងសារព័ត៌មានមិនមែនជាសញ្ញានៃការបោះឆ្នោតដោយសេរីយុត្តិធម៌និងយុត្តិធម៌ទេ។

ចំណែកឯក្រសួងការបរទេសអូស្ដ្រាលី ហៅការបោះឆ្នោតនៅកម្ពុជាកាលពីម្សិលមិញថា​ ជាការដើរថយក្រោយនៃដំណើរការលទ្ធិប្រជាធិបតេយ្យ។ តាមសេចក្តីថ្លែងការមួយដែលចេញដោយក្រសួងការបរទេសអូស្រ្តាលី​នៅថ្ងៃនេះ អូស្រ្តាលីលើកឡើង​ថាដំណើរការបោះឆ្នោត ដែលរាប់បញ្ចូលទាំងការរំលាយគណបក្សសង្គ្រោះជាតិ ការឃុំខ្លួនប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ព្រមទាំងការព្យួរសិទ្ធិនយោបាយ  រយៈពេល៥ឆ្នាំរបស់ តំណាងរាស្ត្រ និងមន្រ្តីគណបក្សសង្គ្រោះជាតិ គឺជាការបោះជំហានដើរថយក្រោយនៃដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដែលមានរយៈពេល២៥ឆ្នាំ។

ប្រទេសទាំងនេះ​ អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាចាត់វិធានការច្បាស់លាស់ ក្នុងការជំរុញការផ្សះផ្សាជាតិ ដោយអនុញ្ញាតអោយប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអង្គការសង្គមស៊ីវិលអាចបំពេញតួនាទីដ៏សំខាន់របស់ពួកគេ​ ដោយគ្មានការរារាំង ដោះលែងលោកកឹម សុខា និងអ្នកទោសនយោបាយដទៃទៀតជាបន្ទាន់ ហើយបញ្ចប់បំរាមផ្នែកនយោបាយជាដើម។

ឆ្លើយតបទៅកាន់សេចក្ដីថ្លែងការណ៍ខាងលើ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានប្រាប់វី.អូ.ឌី នៅថ្ងៃនេះថា លោកគ្មានការព្រួយបារម្ភពីប្រតិកម្មរបស់ប្រទេសមហាអំណាចទាំងនេះទេ ហើយកម្ពុជាក៏មិនអាចក្លាយជាប្រទេសឯកកោបានដែរ។

នៅពេលដែលប្រទេសពីរ បីនេះ មិនទទួលស្គាល់ ប៉ុន្ដែនៅមានប្រទេសបួន ដប់​ ទទួលស្គាល់  […] តែមេ (ប្រទេសសេរី) អ្នកដែលមិនទទួលស្គាល់លើយើង គាត់ក៏ឯកកោដែរ ពីព្រោះគាត់រកតែវិធីដែលធ្វើនយោបាយកំចាត់កំចែងគេ លូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងគេ ឬមួយក៏យារយីគេអ៊ីចឹង នេះគាត់ឯកកោខ្លួនឯងតាស់

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន

សហរដ្ឋអាមេរិក​ ប្រទេសកាណាដា និងអូស្រ្តាលី​ មិនបានបញ្ជូនអ្នកសង្កេតការណ៍ឲ្យមកចូលរួមនៅក្នុងការបោះឆ្នោតនៅកម្ពុជានា​ថ្ងៃទី២៩ ខែកក្កដា ម្សិលមិញនេះទេ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ