ក្រសួងធនធានទឹកប្រាប់ប្រជាពលរដ្ឋតាមដងទន្លេមេគង្គឲ្យប្រុងយ័ត្នពីទឹកជំនន់

ម៉ោង ៦:៣០ នាទីព្រឹកថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកទន្លេមេគង្គក្នុងខេត្តស្ទឺងត្រែង បានបន្តកើនឡើងដល់កម្ពស់ ១០,៧៥ ម ខណៈកម្រិតកម្ពស់ដែលត្រូវប្រកាសឱ្យប្រុងប្រយ័ត្នត្រឹមតែ ១០,៧០ ម (រូបភាព៖ ហ្វេសប៊ុក ក្រសួងធនធានទឹក និងឧតុនិយម)

ទឹកភ្លៀងធ្លាក់ជាបន្ដបន្ទាប់នៅប្រទេសថៃនិងឡាវ បានបង្កឲ្យទឹកទន្លេមេគង្គលើ ក្នុងប្រទេសកម្ពុជាអាចបន្ដកើនឡើងដល់កម្រិតប្រកាសអាសន្ន នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ខាងមុននេះ ខណៈដែលទឹកទន្លេមេគង្គបានលិចចូលក្រុងស្ទឹងត្រែងកាលពីព្រឹកមិញ។

យោងតាមការជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ បានឲ្យដឹងថា ភ្លៀងកំពុងធ្លាក់ខ្លាំងនៅទន្លេមេគង្គលើក្នុងប្រទេសថៃ និងប្រទេសឡាវ ដែលនឹងធ្វើឲ្យទឹកហក់ឡើងខ្ពស់ដល់កម្រិតប្រកាសអាសន្នតាមបណ្តាខេត្តមួយចំនួនដងទន្លេមេគង្គក្នុងប្រទេសកម្ពុជា  នៅក្នុងសប្តាហ៍នេះ។

ទឹកទន្លេមេគង្គស្ទឹងតែ្រងអាចកើនឡើងដល់ ១១,០៥ ម៉ែត្រ ទន្លេមេគង្គក្រចេះ ២១,៦៥ ម៉ែត្រ និង ទន្លេមេគង្គកំពង់ចាម ១៤,៨០ ម៉ែត្រ។

យោតាមការផ្សព្វផ្សាយរបស់ក្រសួងធនធានទឹក នៅថ្ងៃនេះបានឲ្យដឹងថា ទឹកទន្លេមេគង្គស្ទឹងត្រែង​​​ឡើងដល់១០,៨០ម៉ែត្រ ដែលលើសពីកម្រិតប្រកាសប្រុងប្រយ័ត្ន។ ទឹកបានលិចចូលសង្កាត់បួនក្នុងក្រុងស្ទឹង​​​ត្រែង ខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨។

អ្នកនាំពាក្យខេត្តស្ទឹងត្រែង លោក ម៉ែន គង់ បានមានប្រសាសន៍ថា អាជា្ញធរខេត្តមិនមានវិធានការណា​​​ដែលអាចទប់ស្កាត់ទឹកជំន់បានទេ ប៉ុន្តែអាជ្ងាធរខេត្តបានត្រៀមជួយសង្គ្រោះជាបឋម និងធ្វើការផ្សព្វផ្សាយបន្ថែមតាមប្រព័ន្ធផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋរស់នៅតំបន់នោះ។

ជារួមគឺយើងអត់មានវិធានការទៅទប់កុំអោយទឹក​​​មិនឡើងបានទេបាទ[…]យើងមានតែផែនការអន្ដរាគមន៍និងជួយសង្គ្រោះប្រជាពលរដ្ឋ[…]ពួកខ្ញុំបានធ្វើការអំពាវនាវរួចហើយ ចេញសេចក្ដីជូនដំណឹងផ្សព្វផ្សាយតាមវិទ្យុ ផ្សព្វផ្សាយកំពុងតែបន្ដផ្សព្វផ្សាយតាមវិទ្យុហើយតាមប្រព័ន្ធបណ្ដាញសង្គមរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានចុះធ្វើការជាមួយប្រជាពលរដ្ឋផ្ទាល់

អ្នកនាំពាក្យខេត្តស្ទឹងត្រែង លោក ម៉ែន គង់

អភិបាលរងខេត្ដក្រចេះ លោក ប៉ែន លីណា បានមានប្រសាសន៍ថា កំរិតកម្ពស់ទឹកមានការកើនឡើង​​​ថ្ងៃនេះ ប៉ុន្តែកម្ពស់ទឹក ២១,៦៥ ម៉ែត្រគឺមានភាពល្អបំផុតសំរាប់ប្រជាពលរដ្ឋ ដែលជាអ្នកទន្លេ និងជាអ្នកបង្កបង្កើនផល។ ទោះជាយ៉ាងណា អាជ្ញាធរខេត្តបានត្រៀមខ្លួនរួចរាល់ហើយដែរ ប្រសិនបើកម្ពស់ទឹកកើនឡើងដល់ ២២ ម៉ែត្រ នឹងធ្វើការប្រកាសអាសន្ន​​​ដល់ប្រជាពលរដ្ឋឲ្យបានដឹង។

វានិយាយឲ្យដល់ទៅទឹកនៅប៉ុណ្ណេះជាការល្អបំផុត​​​សំរាប់ប្រជាពលរដ្ឋធ្វើការបង្កបង្កើនផល បាទអ្នកទន្លេ អ្នកជួរទន្លេ អ្នកបង្កបង្កើនផលទាល់តែកំរិតទឹកកម្ពស់នេះ ព្រោះទឹកនៅត្រឹមតែ២១ម៉ែត្រជាងតិច អញ្ចឹងទឹកហ្នឹងវាល្អ បានន័យថាវាចាក់បំពេញនៅក្នុងអាង សម្រាប់ការបង្កបង្កើនផលរដូវប្រាំង អញ្ចឹងទឹកហ្នឹងកំពុងពេញល្អសំរាប់ប្រជាពលរដ្ឋ

អភិបាលរងខេត្ដក្រចេះ លោក ប៉ែន លីណា

អភិបាលខេត្តកំពង់ចាម លោក កួច​​​​​ ចំរើន​​​​​​ បានសម្តែងការ ព្រួយបារម្ភ ហើយប្រាប់ប្រជាពលរដ្ឋតាមដងទន្លេថា គួរតែមានការប្រុងប្រយ័ត្នដើម្បីសុវត្ថិភាព បើទោះបីជាកម្ពស់ទឹកមិនទាន់ឡើងខ្ពស់ខ្លាំងក៏ដោយ។

អញ្ចឹងចំនុចនេះគឺថាទោះបីជាមិនទាន់ដល់ ក៏ត្រូវមានការប្រុងប្រយ័ត្នចំនុចហ្នឹងហើយ ព្រោះកាលពីឆ្នាំទៅបើទោះបីជាទឹកឡើងមិនដល់កំរិតមែន ប៉ុន្ដែក៏បានធ្វើអោយមានការលង់ស្លាប់បងប្អូនប្រជាពរដ្ឋរបស់យើង

អភិបាលខេត្តកំពង់ចាម លោក កួច​​​​​ ចំរើន​​​​​​ 

លោក កួច ចំរើន បានបន្ថែមទៀតថា លោកបានត្រៀមខ្លួនរួចរាល់ក្នុងការរៀបចំ និងអនុវត្តន៍ផែនការសម្រាប់អន្ដរាគមន៍ដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយទន្លេមេគង្គ ដោយមានការបញ្ជូនថ្នាំសង្កូវនៅតាមមណ្ឌលសុខភាព ប្រសិនជាមានគ្រោះថ្នាក់ដោយសារពស់ចឹក។

ក្រសួងធនធានទឹកបានអំពាវនាវឲ្យ អាជ្ញាធរ និង ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវ​​​គ្រោះថ្នាក់ដោយទឹកជំនន់ទន្លេមេគង្គ។

អាជ្ញាធរខេត្តស្ទឹងត្រែងកាលពីសប្តាហ៍មុនបានជម្លៀសប្រជាពលរដ្ឋជាង១២០០គ្រួសារ ក្នុងស្រុកសៀមប៉ាង​​​ ដែលរងគ្រោះដោយទឹកជំនន់ពីការបាក់ទំនប់វារីអគ្គិសនីនៅប្រទេសឡាវ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ