ក្រុម​ប្រទេសប្រជាធិបតេយ្យ​សម្តែងការខកចិត្តជាបន្តបន្ទាប់​ចំពោះការបោះឆ្នោតនៅកម្ពុជា​

លោក ហ៊ុន សែន និងភរិយាក្នុងថ្ងៃបោះឆ្នោតថ្នាក់ជាតិអាណត្តិទី៦ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នៅមណ្ឌលខេត្តកណ្ដាល។ (ជន ចាន់រ៉ែន)

ក្រុមប្រទេសប្រជាធិបតេយ្យ​ នៅតែបន្តសម្ដែងនូវការខកចិត្តចំពោះការបោះឆ្នោតនៅកម្ពុជាដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ ដោយថា ជាការបោះឆ្នោតមួយដែល​មិនសេរីនិងយុត្តធម៌ត្រឹមត្រូវនោះទេ។​

ក្រៅតែពីសហរដ្ឋអាមេរិក អូស្ដ្រាលី និងកាណាដា ដែលបានចេញសេចក្ដីថ្លែងការណ៍បង្ហាញពីការសោកស្ដាយចំពោះការបោះឆ្នោតសភានៅកម្ពុជាកាលថ្ងៃអាទិត្យកន្លងទៅ សហភាពអឺរ៉ុប បារាំង និងណូវេលសេឡង់​ក៏បានចេញសេចក្តីថ្លែងការណ៍និយាយពីការបោះឆ្នោតនៅកម្ពុជាដូចគ្នានេះដែរ​។

សេចក្តីថ្លែងការណ៍ពីទីក្រុងប្រ៊ូសែល ស្តីពីការបោះឆ្នោតទូទៅនៅកម្ពុជារបស់សហភាពអឺរ៉ុបដែលចេញកាលពីម្សិលមិញ លើកឡើងថា ការបោះឆ្នោតសកលនៅកម្ពុជាថ្ងៃទី២៩ ខែកក្កដា បានកើតឡើងនៅក្នុងបរិយាកាសនយោបាយរឹតត្បិតខ្លាំង និងបញ្ជាក់ឡើងវិញថា ដំណើរការបោះឆ្នោតដែលគណបក្សប្រឆាំងធំត្រូវបានដកចេញតាមអំពើចិត្តមិនស្របច្បាប់ទេ។

សេចក្តីថ្លែងការណ៍ដដែលបន្តថា កង្វះការប្រកួតប្រជែងក្នុងការបោះឆ្នោតពិតប្រាកដនិងអវត្តមាននៃដំណើរការនយោបាយដែលបញ្ចូលគ្នាមានន័យថា ការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា មិនមែនតំណាងឱ្យឆន្ទៈលទ្ធិប្រជាធិបតេយ្យរបស់អ្នកបោះឆ្នោតកម្ពុជាទេ ហេតុដូច្នេះលទ្ធផលនៃការបោះឆ្នោតនេះខ្វះភាពគួរឱ្យទុកចិត្ត។

លោក ហ៊ុន សែន និងភរិយាក្នុងថ្ងៃបោះឆ្នោតថ្នាក់ជាតិអាណត្តិទី ៦ ថ្ងៃទី ២៩ កក្កដា ២០១៨ នៅមណ្ឌលខេត្តកណ្ដាល
លោក ហ៊ុន សែន និងភរិយាក្នុងថ្ងៃបោះឆ្នោតថ្នាក់ជាតិអាណត្តិទី ៦ ថ្ងៃទី ២៩ កក្កដា ២០១៨ នៅមណ្ឌលខេត្តកណ្ដាល

សេចក្តីថ្លែងការណ៍បន្តទៀតថា សហភាពអឺរ៉ុបរំពឹងថាអាជ្ញាធរកម្ពុជានឹងស្តារប្រជាធិបតេយ្យឡើងវិញដើម្បីពិភាក្សាជាមួយគណបក្សប្រឆាំង និងបង្កើតលក្ខខណ្ឌនានាដែលនាំឱ្យមានការជជែកវែកញែក និងការប្រកួតប្រជែងនយោបាយដោយសេរី ដោយប្រព័ន្ធផ្សព្វផ្សាយ សង្គមស៊ីវិល និងអ្នកការពារសិទ្ធិអាចធ្វើការងារ​បានដោយសេរី។

សេចក្តីថ្លែងការណ៍បញ្ចាក់ថា សហភាពអឺរ៉ុបត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមចំណែកយ៉ាងសកម្មដល់កិច្ចខិតខំប្រឹងប្រែងនេះ។

ចំណែកអ្នកនាំពាក្យរងក្រសួងការបរទេសបារាំង លោក អាឡិចសាន់ដ្រេ ជូហ្គីនី (Alexandre Giorgini) មានប្រសាសន៍កាលពី​ម្សិលមិញថា​ បារាំងសោកស្តាយចំពោះការបោះឆ្នោតសភាកម្ពុជាដែលធ្វើឡើងដោយគ្មានគណបក្សប្រឆាំង។

អ្នកនាំពាក្យរូបនេះបន្ថែមថា ការបោះឆ្នោតទាំងនេះត្រូវបានធ្វើឡើងនៅក្នុងបរិយាកាសមួយដែលមិនអនុញ្ញាតឱ្យគណបក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយឬសង្គមស៊ីវិលធ្វើសកម្មភាពដោយគ្មានការរំខាន។

លោកបញ្ជាក់ថា យើងសូមអំពាវនាវឱ្យមានការដោះលែង លោក កឹម សុខា និង លុបចោលការហាមប្រាមលើសមាជិកគណបក្សសង្រ្គោះជាតិចំនួន១១៨នាក់ពីសកម្មភាពនយោបាយរយៈពេលប្រាំឆ្នាំ និងសូមអំពាវនាវដល់អាជ្ញាធរកម្ពុជាឱ្យគោរពសិទ្ធិជាមូលដ្ឋានដែលនឹងធានានូវដំណើរការប្រជាធិបតេយ្យគួរឱ្យទុកចិត្ត។

ប្រទេសណូវេលសេឡង់ ក៏បានចេញសេចក្តីប្រកាសព័ត៌មានមួយដែរនៅថ្ងៃនេះជុំវិញការបោះឆ្នោតនៅកម្ពុជា។ រដ្ឋមន្រ្តីក្រសួងការបរទេសណូវេលសេឡង់ លោក វិនស្តុន ភីតធឺ ( Winston Peters) លើកឡើងក្នុង​សេចក្តីប្រកាសព័ត៌មាន​នេះថាណូវេលសេឡង់ព្រួយបារម្ភពីដំណើរការនៃការបោះឆ្នោតនៅកម្ពុជា​ដែល​បក្សប្រឆាំងបាន​ទាត់​ចេញ។

សម្រាប់ប្រទេសកម្ពុជា​ដើម្បីមាន​ប្រជាធិបតេយ្យពិតប្រាកដ ចាំបាច់ត្រូវតែមានសម្លេងបក្សប្រឆាំង។ ណូវេលសេឡង់ សូមអំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ផ្ដល់សម្បទាឲ្យគណបក្សប្រឆាំងរស់ឡើងវិញ ហើយដោះលែងអ្នកទោសនយោបាយ​រួមទាំងលោកកឹម​ សុខាផងដែរ។

រដ្ឋមន្រ្តីក្រសួងការបរទេសណូវេលសេឡង់ លោក វិនស្តុន ភីតធឺ ( Winston Peters)

រដ្ឋមន្រ្តីការបរទេសណូវេលសេឡង់រូបនេះក៏បាន​បញ្ជាក់​ថាប្រទេសលោកបានត្រៀមខ្លួន​ជាស្រេចដើម្បីធ្វើការជាមួយភាគីនានារបស់​កម្ពុជា​ ដើម្បីស្ដារឡើងវិញនូវ​លទ្ធិប្រជាធិបតេយ្យ​ដើម្បីឲ្យមានការបោះឆ្នោតមួយ​ដែលមានភាពសេរីនិងយុត្តិធម៌។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានប្រាប់វីអូឌីបន្ថែមទៀតដែរនៅថ្ងៃនេះថា នេះគ្រាន់តែការវាយតម្លៃដែលប្រៀបដូចជាសិទ្ធិបញ្ចេញមតិមកពីខាងក្រៅ ដោយថា លោកស្វាគមន៍តែការវាយតម្លៃរបស់ប្រទេសណាដែលដាក់អ្នកសង្កេតការបោះឆ្នោតតែប៉ុណ្ណោះ។

អាហ្នឹងវាជារឿងធម្មតាទេ ចង្កោមណានៅក្នុងចង្កោមហ្នឹងអ្ហើយ! គេមិនដែលគាំទ្រអ្នកផ្សេងក្រៅពីបក្សពួគគេទេ អាហ្នឹងទីមួយ។ ទីពីរការវាយតម្លៃដោយអត់មានបញ្ជូនក្រុមអ្នកសង្កេតការណ៍មកពិនិត្យជាក់ស្តែង អាហ្នឹងជាការវាយតម្លៃវាមិនសត្យានុម័តទេ! បានសេចក្តីថា វាមិនបានផ្សារភ្ជាប់ទៅនឹងការពិតជាក់ស្តែងនៅកម្ពុជាទេ គ្រាន់តែវាយតម្លៃច្រើនម៉ឺនគីឡូម៉ែត្រពីឯនាយសមុទ្រមក ហើយដោយអត់មានអ្នកសង្កេតការណ៍មក តើយកជាបាន​ការឬអត់?

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត្យ​ និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​ និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ និកហ្វិក លោក​ សំ គន្ធាមី​ យល់ថា គណបក្សកាន់អំណាចគួរតែសម្របសម្រួលដើម្បីឲ្យស្ថានភាពនយោបាយបានល្អប្រសើរ។

គណបក្សឈ្នះឆ្នោតជាពិសេសគណបក្សដែលកាន់រដ្ឋាភិបាលហ្នឹងគួរតែមានការសម្របសម្រួលគ្នាដើម្បីឲ្យដំណើរការហ្នឹងវាល្អឡើងវិញ ហើយសហគមន៍អន្តរជាតិជាពិសេសប្រទេសប្រកាន់លទ្ធិប្រជា ធិបតេយ្យហ្នឹងគេទទួលយកបានទាំងអស់គ្នាណាបាទ! ហើយមានប្រយោជន៍សម្រាប់ការទូតយើងធ្វើទំនាក់ទំនងគ្នាក្នុងពេលខាងមុខទៀតណាបាទ កុំឲ្យវាដាច់ទំនាក់ទំនងប្រទេសខាងលោកសេរី។ មិនអញ្ចឹងទេយើងនៅសល់តែប្រទេសប្លុកសង្គមនិយមអីទេ

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត្យ​ និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​ និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ និកហ្វិក លោក​ សំ គន្ធាមី​

ការបោះឆ្នោតថ្នាក់ជាតិបានបញ្ចាប់កាលពីថ្ងៃទី២៩ កក្កដា ២០១៨កន្លងទៅនេះ ដោយមានគណបក្សចូលរួមចំនួន២០គណបក្ស ប៉ុន្តែគ្មានវត្តមានគណបក្សប្រឆាំងដ៏ធំចូលរួមឡើយ គឺអតីតគណបក្សសង្គ្រោះជាតិ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ