ទឹកជំនន់​នៅបន្ត​ប៉ះពាល់ស្ទើរគ្រប់តំបន់​​ក្នុង​​​ខេត្តស្ទឹងត្រែង ខណៈខេត្តផ្សេងកំពុងប្រឈម

សង្កាត់ចំនួន៤ ក្រុងស្ទឹងត្រែង កាលពីថ្ងៃទី ៣០ កក្កដា ២០១៨ (រូបភាព៖ ហ្វេសប៊ុក រដ្ឋបាលខេត្តស្ទឹងត្រែង)

ទឹកជំនន់នៅតែបន្ត​កើនឡើងដែល​ធ្វើឲ្យប៉ះពាល់​ស្ទើរទូទាំងខេត្តស្ទឹងត្រែង​ ខណៈខេត្តមួយចំនួនកំពុងប្រឈមនឹងទឹកជំនន់ ដោយសារទឹកទន្លេមេគង្គនៅតែបន្តហក់ឡើង​។

អ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយមលោក ចាន់ យុត្ថា មានប្រសាសន៍ថា ទឹកជំនន់ទន្លេមេគង្គលើដែលកំពុងហក់ឡើងនេះ នឹងបង្កផលប៉ះពាល់ដល់ ៤ ខេត្ត ក្នុងនោះមាន ខេត្តកំពង់ចាម ត្បួងឃ្មុំ ក្រចេះ និងស្ទឹងត្រែង។ លោកបន្តថា ក្នុងចំណោមខេត្តទាំង ៤ ខាងលើនេះ គឺខេត្តស្ទឹងត្រែងប្រឈមខ្លាំងជាងគេ ដោយសារ ទឹកជំនន់បន្តហក់ឡើងលើសពីកម្រិតប្រកាសអាសន្ន។

ឥឡូវនេះ គឺទឹកចាប់ផ្ដើមឡើងដល់កម្រិតអតិប្បរមាមួយនៅស្ទឹងត្រែងឈានទៅដល់ ១០,៩៣ ម៉ែត្រ ហើយកម្រិតប្រកាសឲ្យប្រុងប្រយ័ត្នរបស់យើងគឺ ១០,៧០ ម៉ែត្រ ។ អញ្ចឹងទេ​តំបន់ទំនាបភាគច្រើននៅក្នុងខេត្តស្ទឹងត្រែងគឺបានលិចអស់ហើយ! ហើយអាជ្ញាធរស្ទឹងត្រែងក៏ដូចជា ក្រចេះ ក៏បានជម្លៀសបងប្អូនប្រជាពលរដ្ឋចេញទៅទីទួលសុវត្ថិភាពរួចហើយដែរ

អ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយមលោក ចាន់ យុត្ថា

អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែងលោក ម៉ែន គង់ ប្រាប់វីអូឌីនៅថ្ងៃនេះថា  ទឹកជំនន់នៅតែបន្ត​ជន់លិចក្នុង​ខេត្តស្ទឹងត្រែង ប៉ុន្តែមិនប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋនោះទេ។ លោកបន្តថា បច្ចុប្បន្ន អាជ្ញាធរបានត្រៀមជួយសង្គ្រោះ និងបានជម្លៀសប្រជាពលរដ្ឋ ៧៧ គ្រួសារនៅក្រុងស្ទឹងត្រែង និងស្រុកសៀមបូកចំនួន១៦ គ្រួសាទៅទីទួលសុវត្ថិភាពរួចហើយ។

ផ្ទះទាមហ្នឹងទាបៗ គឺលិចចូលក្នុងផ្ទះ។ មួយចំនួនគឺអត់លិចទេ គ្រាន់តែកម្ពស់ទឹកវាកើនឡើង ដោយពិបាកឲ្យគាត់ធ្វើដំណើរប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃសម្រាប់ជីវិភាពរស់នៅរបស់គាត់ ។ មួយចំនួនទៀតលិចដែរ តែតិចតួច មិនបានជម្លៀសចេញទេ។ យើងជម្លៀសតែប្រជាពលរដ្ឋណាដែលជួបប្រទះលិចលង់ជ្រៅចំនួនប្រជាពលរដ្ឋដែលលិចត្រូវបានជម្លៀសចេញនោះគឺសុទ្ធតែលិចក្នុងកម្រិតខ្ពស់ហើយ។ ដោយឡែកគ្រាន់តែលិចនៅមុខផ្ទះឬកាត់ផ្ទះនោះយើងមិនធ្វើការជម្លៀសចេញទេ

អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែងលោក ម៉ែន គង់

លោកបន្តថា  ក្រៅពីជម្លៀសប្រជាពលរដ្ឋ អាជ្ញាធរក៏បានដាក់កម្លាំងប្រចាំនៅគ្រប់ទីតាំងនៃខេត្តស្ទឹងត្រែង ដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋផងដែរ​។

អភិបាលរងខេត្តក្រចេះលោក ប៉ែន លីណាត លើកឡើងថា ទឹកជំនន់បានជន់លិចក្រុង និងស្រុកចំនួន ៤ នៃខេត្តនេះ ហើយធ្វើឲ្យប៉ះពាល់ដល់ផ្ទះជាង ២០០០ខ្នង  ក្នុងនោះមានការជម្លៀសប្រជាពលរដ្ឋ២០៤គ្រួសារដែល​ភាគច្រើន​រស់នៅតាមដងទន្លេមេគង្គ។

យើងទាំងអាជ្ញាធរឃុំសង្កាត់ ទាំងអាជ្ញាធរក្រុង ស្រុក និងខេត្ត គឺបានត្រៀមលក្ខណៈរួចរាល់ ហើយបានប្រជុំដាក់វិធានការរួចរាល់អស់ហើយ។ អាជ្ញាំធរតែងតែមានការយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះនេះ។ យើងបានជំរុញដល់គ្រប់មន្ទីរគ្រប់វិស័យទាំងអស់ ឲ្យត្រៀមលក្ខណៈ ដូចជាវិស័យសុខាភិបាលយើងឲ្យត្រៀមថ្នាំពេទ្យ ថ្នាំអីសព្វបែបយ៉ាង ដើម្បីចុះអន្តរាគមន៍ដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមទួល និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាម ផ្ទះដែលមានទឹកលិច

អភិបាលរងខេត្តក្រចេះលោក ប៉ែន លីណាត

ដោយឡែកអភិបាលខេត្តកំពង់ចាមលោក គួច ចំរើន លើកឡើងថា ទឹកជំនន់បានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ៥ ស្រុក ដោយក្នុងនោះក៏មានការជម្លៀសប្រជាពលរដ្ឋមួយចំនួនទៅទីទួលសុវត្ថិភាពខ្លះដែរ​ដោយសារ ទឹកជំនន់បានជន់លិចផ្ទះ។ លោកអំពាវនាវទៅប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន ដោយសារ ទឹកជំនន់នៅតែបន្តហក់ឡើង ហើយអាចនឹងប៉ះពាល់ដល់ស្រុកផ្សេងៗបន្ថែមទៀតផងដែរ។

ការផ្សព្វផ្សាយនេះ ក៏បានជូនដំណឹងទៅកាន់ពួកគាត់នៅទូទាំងខេត្តយើងគឺថា យើងខ្ញុំដែលមានមន្ត្រីសុខាភិបាល មន្ទីរសុខាភិបាលបានចាត់ចែងបញ្ជូននៅថ្នាំសម្រាប់ព្យាបាល ពស់ចឹក ខាំ ទៅកាន់បណ្ដាលមន្ទីរពេទ្យបង្អែកទាំងអស់នៅទូទាំងខេត្តរបស់យើងហ្នឹងរួចរាល់ហើយ។ ដូច្នេះគឺជូនដំណឹងថា បើបងប្អូនមានសត្វទិច ឬខាំអីហ្នឹង គឺថាសូមឲ្យមានការប្រញាប់បជញ្ជូនជនរងគ្រោះមកកាន់មន្ទីរពេទ្យបង្អែកប្រចាំនៅទីនោះសម្រាប់ជួយព្យាបាលពួកគាត់ដោយឥតគិតថ្លៃ

អភិបាលខេត្តកំពង់ចាមលោក គួច ចំរើន

លោកបន្តថា អាជ្ញាធរនៅក្នុងខេត្តនេះ បានត្រៀមកម្លាំងក្នុងជួយសង្គ្រោះដល់ប្រជាពលរដ្ឋទាំងកំពុងជួបប្រទះទឹកជំនន់ និងស្រុកដែលប្រឈមទឹកជំនន់។

បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម ស្ដីពីការហក់ឡើងខ្លាំងនៃការទឹកជំនន់ទន្លេមេគង្គលើ ចេញេផ្សាយកាលពីថ្ងៃទី ៣០ ខែកក្កដា កន្លងទៅ ឲ្យដឹងថា ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយថា ទឹកភ្លៀងធ្លាក់ជាបន្ដបន្ទាប់នៅប្រទេសថៃនិងឡាវ បានបង្កឲ្យទឹកទន្លេមេគង្គលើ ក្នុងប្រទេសកម្ពុជាអាចបន្ដកើនឡើងដល់កម្រិតប្រកាសអាសន្ន ចាប់ពីថ្ងៃទី០២ ខែសីហានេះ ។  ក្រសួងបញ្ជាក់ថា ការប្រុងប្រយ័ត្ននេះ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងជាយថាហេតុ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ