ស៊ើបអង្កេត៖ ​ពលករ​ចំណាក​ស្រុក​ក្រៅ​ប្រទេសប្រឈម​នឹង​ការអត់​ការងារ​ធ្វើ ​ក្រោយ​ត្រឡប់​មកកម្ពុជាវិញ

ពលករខ្មែរតម្រង់ជួរគ្នាដើម្បីធ្វើលិខិតបែបបទចូលទៅធ្វើការនៅប្រទេសថៃ នាពេលកន្លងមក (រូបថត៖ បូ សាវី)

លោក ផន យ៉េន ​​បាន​​ចាកចេញពី​ស្រុកកំណើត​ជាមួយ​​ភរិយា​​ទៅ​ធ្វើការងារ​រោង​ចក្រ​នៅ​ប្រទេស​ថៃ កាល​ពី​​ដើម​​ឆ្នាំ​២០១៣។ គ្រួសារ​របស់​គាត់ ​បាន​សម្រេច​ចិត្ត​ត្រឡប់​មក​ប្រទេសកំណើតវិញ​ដើម្បី​មើលថែទាំ​កូន បន្ទាប់ពី​ធ្វើ​ការបាន​ប្រមាណជា​​៥​ឆ្នាំ​ ​និងសន្សំ​ប្រាក់​ធ្វើផ្ទះ​​ក្នុង​តម្លៃ​ជាង​១ម៉ឺន​ដុល្លារ។

កាលពី​ដើម​ឆ្នាំ​២០១៨ ប្តី​ប្រពន្ធ​ដែល​មាន​វ័យជាង​​៣០ឆ្នាំ​ និង​​មាន​កូន​ចំនួន​ពីរ​នាក់នៅក្នុង​បន្ទុកគ្រួសារ​​ ​ចាប់តាំងពី​មកដល់​ស្រុក​កំណើត​នៅឯ​សង្កាត់​​និមិត្ត ក្រុង​ប៉ោយប៉ែតវិញ រហូត​មកដល់ពេល​នេះ ​មិនទាន់​រក​បាន​ការងារ​ធ្វើ​នៅ​ឡើយ ក្រៅតែពីសល់​​ផ្ទះ​​ឈើ​មួយ​​ខ្នង។

ដោយ​សារ​​​​​បញ្ហា​ជីវភាព​ លោក យ៉េន មាន​​វ័យ​ជិត​៤០​​ឆ្នាំ ជា​ពលករដែល​​ប្រើ​កម្លាំង​សុទ្ធ​សាធ​ បាន​សម្រេចចិត្ត​​ចាកចេញពី​ស្រុកកំណើត​ ជា​មួយ​និង​ភរិយាវ័យ៣៧​ឆ្នាំ​ ទៅ​ធ្វើជាពលករ​​​ធ្វើ​ការ​ក្នុង​រោង​ចក្រ​ផលិត​​​ឆ្នាំង​បាយ​អគ្គិសនី​​មួយ​នៅ​ប្រទេស​​ថៃ ដោយ​ទុក​កូនស្រីប្រុស​ទាំងពីរ​ឲ្យ​ឳពុកម្តាយជា​អ្នក​​មើលថែ​។ ទៅ​ដល់ប្រទេស​ថៃ​ យ៉េន និង​ភរិយា ធ្វើការ​បានប្រាក់​​​​ជាង​​ ៣០០បាត ឬ​ស្មើ​នឹង​៤​​ម៉ឺនរៀល ក្នុង​មួយ​ថ្ងៃ។​ ​ក្រោយ​សន្សំ​ពីការ​ចំណាយ​​ប្រចាំថ្ងៃ និង​ផ្ញើរទៅ​អ្នកផ្ទះ ប្តី​ប្រពន្ធ​ទាំង​ពីរ​នាក់​សល់​លុ​យ​ប្រមាណ​ជា​២​ម៉ឺន​បាត​ ឬស្មើនឹង​៦០០ដុល្លារ​​ក្នុង​មួយខែ ដើម្បី​សង់​​ផ្ទះ​មួយ​នៅ​ស្រុក​កំណើត។

លោក យ៉េន បាន​រៀបរាប់​ថា ការ​ចេញទៅ​ធ្វើជាពលករ​​ចំណាក​ស្រុក មិនមែន​ងាយ​ស្រួល​ដូច​ការធ្វើ​ការងារ​ក្នុង​ប្រទេស​ទេ។ លោក​ចង់​ឲ្យ​​កម្ពុជា​មានទីផ្សារ​កសិកម្ម​គ្រប់​គ្រាន់ និង​​អាច​​រក​ចំណូល​បាន​ប្រហាក់​ប្រហែល​នឹង​នៅ​ប្រទេស​ថៃ ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស នោះ​លោក​នឹង​មិនចាកចោល​ស្រុក​កំណើត​​បែក​ពី​កូនតូច ហើយ​រហូត​​ត្រូវ​ប្រឈម​នឹង​ការអត់ការងារ​ធ្វើ​​ក្រោយ​ត្រឡប់​មក​ពី​ចំណាក​ស្រុក​វិញនោះទេ​​។

លោក​ យ៉េន និង​ភរិយា​ បាន​​សម្រេច​ត្រឡប់​មក​ស្រុក​កំណើត​វិញ ​​ទាំង​មិនមានការងារធ្វើ និង​មិន​មាន​សល់​ប្រាក់​ដើម្បីអាច​​ប្រកប​របរ​​​នៅ​ស្រុកកំណើត​បាន ដោយសារតែ​​មិនមាន​អ្នក មើល​ថែ​កូន​ទាំង​ពីរនាក់របស់លោក​ ​ដែលទើប​​មាន​​​អាយុ​១០​ឆ្នាំ និង​៨​ឆ្នាំ​។

អត់ដឹង​ធ្វើអីទេ​ឥលូវនេះ វាអស់​លុយ​ហើយ ដឹង​ធ្វើអីកើត។ ហើយ​បើ​យើង​ប្រកបមុខ​របរ​ធ្វើ​ស្រែ​សព្វថ្ងៃ​ ក៏​មេឃរាំង មិនដឹងថាធ្វើអីកើត។ ការងារ​ក៏​វាគ្មានធ្វើសូម្បី​​តែចិញ្ចឹម​ត្រី​ហ្នឹង ក៏​គ្មានទីផ្សារ​ដែរ! បើមាន់ទា​គ្រាន់

លោក យ៉េន មាន​​វ័យ​ជិត​៤០​​ឆ្នាំ ជាពលករ​​​ធ្វើ​ការ​ក្នុង​រោង​ចក្រ​ផលិត​​​ឆ្នាំង​បាយ​អគ្គិសនី​​មួយ​នៅ​ប្រទេស​​ថៃ

ម្តាយ​ក្មេក​ខ្ញុំ​អ្នកចិញ្ចឹម ត្រី​នៅ​ពេញ​ស្រះ។ វាមិនមែនថា​អត់​​ទេ តែវាថោក មួយ​គីឡូ​៤-៥ពាន់រៀល ម៉េច​នឹង​រួច​ខ្លួនទៅ​? វាមានតែត្រី​ពីបរទេស​មកវិញ អាត្រី​ក្នុង​ស្រុក​គេ​មិនសូវ​ត្រូវ​ការ

លោក យ៉េន មាន​​វ័យ​ជិត​៤០​​ឆ្នាំ ជាពលករ​​​ធ្វើ​ការ​ក្នុង​រោង​ចក្រ​ផលិត​​​ឆ្នាំង​បាយ​អគ្គិសនី​​មួយ​នៅ​ប្រទេស​​ថៃ

ចលនា​ចំណាក​ស្រុក​ចេញពី​កម្ពុជា​ចាប់​ផ្តើមកើត​មាន​ច្រើន​តាំង​ពី​ឆ្នាំ​២០០៥​ ដោយ​សារប្រជាពលរដ្ឋ​ត្រូវ​​​​​ប្រឈម​នឹងភាព​ក្រី​ក្រ​​។ ភាពក្រីក្រដែលពួកគេបាននឹងកំពុងប្រឈម​ក្នុង​ប្រទេស​ទើប​បញ្ចប់​សង្រ្គាម​​​ជាង​២០ឆ្នាំ​​នេះ ​គឺបណ្តាលមកពីកង្វះខាតដីធ្វើស្រែចម្ការ គ្មាន​ទីផ្សារការងារ គ្មានទីផ្សារ​កសិកម្ម សមាជិកគ្រួសារមានជំងឺ ជំពាក់បំណុល​ស្ថាប័នហិរញ្ញវត្ថុ​ ជាដើម។

មូល​ហេតុ​មួយ​ទៀត​ដែល​កំពុង​ត្រូវ​បាន​​លើកយក​មកជជែកដែរនោះ គឺ​កូនៗដែលពេញវ័យធ្វើការ តែង​ទទូចសុំឪពុកម្តាយ​ដើម្បី​ចេញទៅ​ធ្វើការ​នៅឆ្ងាយ ដោយសារពួកគេចង់​មាន​សេរីភាពផ្សេងៗ​។ អ្នកធ្វើចំណាកស្រុកទៅក្រៅប្រទេសតែង​សង្ឃឹមថា នឹងទទួលបានប្រាក់ចំណូលច្រើនជាងការធ្វើចំណាកស្រុកនៅក្នុងប្រទេស។ ចំណែក​ប្រទេសដែលទទួលយកកម្លាំងពលកម្មចំណាកស្រុកខ្មែរមានដូចជា ប្រទេសថៃ ប្រទេសម៉ាឡេស៊ី ប្រទេសកូរ៉េ និងប្រទេសដទៃៗទៀត។

ការ​ធ្វើ​ចំណាក​ស្រុក​​របស់​ពលករ​កម្ពុជា​ទៅធ្វើការ​នៅ​ក្រៅប្រទេស ធ្វើឡើង​ទាំង​ស្របច្បាប់ និង​ខុស​ច្បាប់។ ការ​ធ្វើ​ដោយ​ស្របច្បាប់ គឺធ្វើឡើង​តាមរយៈការ​បញ្ជូន​ចេញ​របស់​ក្រសួង​ការងារ​កម្ពុជា តាម​រយៈក្រុមហ៊ុន​ដែល​មាន​ច្បាប់​ត្រឹមត្រូវ ហើយ​ការ​ចេញ​ទៀត​សោត​ គឺ​មាន​ឯកសារ​នៃការ​ធ្វើការ ឯកសារឆ្លងលិខិត កិច្ចសន្យាការងារ​ជាដើម។​

បើតាម​របាយការណ៍​​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចេញ​កាលពី​​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០១៨ រដ្ឋាភិបាល​កម្ពុជា ​បាន​ផ្តល់​សេវា​ស្វែងរក​ការងារ​​ធ្វើ​នៅ​ក្រៅប្រទេស​ដល់​ពលរដ្ឋ​​ចំនួន​ជាង ១.២ លាន​នាក់។

រដ្ឋាភិបាល​កម្ពុជា​បាន​តំឡើង​ប្រាក់ឈ្នួលអប្បបរមា​ជូន​កម្មករ​និយោជិត​ផ្នែក​វាយនភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែក​ជើង​ពី​១៥៣​ដុល្លារកាលពី​ឆ្នាំ​២០១៧ ដល់​ចំនួន​១៧០​ដុល្លារ នៅ​ឆ្នាំ​២០១៨។ បើទោះ​ជា​រដ្ឋាភិបាល​បាន​សម្រេច​ដំឡើង​ប្រាក់ឈ្នួល​គោល​ជារៀងរាល់ឆ្នាំ ប៉ុន្តែគេ​ឃើញ​ថា ថ្លៃ​ឈ្នួល​ផ្ទះ ក៏​ដូច​ជា​តម្លៃ​​ទំនិញ​ផ្សេងៗលើទីផ្សារ​ ក៏​តែង​កើនឡើង​​​រាល់​ពេល​​ទៅ​តាម​នោះដែរ។​

ពលករ​ម្នាក់ទៀត​ដែល​ចាក​ចេញ​ពី​ស្រុក​កំណើត នៅ​ឯខេត្ត​កំពង់​ចាម កាលពីដើម​ឆ្នាំ​២០១៤  និង​​កំពុង​ធ្វើ​ការ​​​រោង​ចក្រ​នៅ​ឯខេត្តសាមុត​ប្រាកាន ប្រទេស​ថៃ កញ្ញា សុខ ហេង រៀបរាប់​ថា​ បន្ទាប់ពី​ធ្វើការរោងចក្រ​នៅ​​​កម្ពុជា​​​​ទទួល​បាន​ប្រាក់​ឈ្នួល​ទាប កញ្ញា​បាន​សម្រេច​ចិត្តចាក​ចេញ​ពី​កម្ពុជា ​ដើម្បី​ទៅ​រកការងារ​ធ្វើ​នៅ​ប្រទេសថៃ ទទួល​បាន​ចំណូល​មួយ​ទ្វេរជាពីរ ​​បើធៀប​នឹង​​ចំណូល​នៅ​កម្ពុជា។ ហើយ​លក្ខខណ្ឌការងារ​នៅប្រទេសថៃ ក៏​មាន​ភាព​ប្រសើរ​ជាង​លក្ខខណ្ឌការងារ​​នៅ​តាម​រោង​ចក្រ​​ដែល​កញ្ញា​ធ្លាប់​បានធ្វើ​នៅ​កម្ពុជា​ផង​ដែរ។

កំពុងអង្គុយ​ក្នុង​បន្ទប់​ជួល​​ទំហំ ៣ម៉ែត្រ គុណ​នឹង​៤​ម៉ែត្រ សុខ ហេង បាន​​ប្រាប់អ្នកសារព័ត៌មាន តាមរយៈ​ Video Call ថា៖

វាមិនសូវ​បានកម្រៃ​ច្រើន ហើយ​ណាមួយ​ផ្គត់​ផ្គង់​គ្រួសារ​យើង ​វា​មិនសូវ​គ្រប់​គ្រាន់ទេ ណាមួយ​​យើង​ស៊ីចាយស៊ីអី បើសិនជាយើង​ធ្វើការនៅ​ភ្នំពេញ បើសិនជា​ប្រាក់ខែតម្លើង​ថ្លៃ​បន្តិច ផ្ទះ​ជួល​ក៏​ឡើង​ថ្លៃ​ដែរ

កញ្ញា សុខ ហេង ​ធ្វើ​ការ​​​រោង​ចក្រ​នៅ​ឯខេត្តសាមុត​ប្រាកាន ប្រទេស​ថៃ

បើនៅ​ស្រុក​ថៃគ្មានទេ គេ​គ្មាន​ឡើង​ថ្លៃ​អី តាមប្រាក់​ខែយើងទេ។ និយាយរួម​នៅ​ទីនេះ [ប្រទេសថៃ] មួយ​ឆ្នាំ​គេ​ឡើង​​ឲ្យ​យើង​ប៉ុន្មាន​ៗអញ្ចឹង ផ្ទះជួល​ផ្ទះអី​ធម្មតា មិនមែន​ដូច​ស្រុក​ខ្មែរ​យើង​គ្រាន់​តែ​ឮ​​ប្រាក់​ខែឡើង​ ថ្លៃ​ផ្ទះ​ឡើង​មុនបាត់ទៅហើយ

កញ្ញា សុខ ហេង ​ធ្វើ​ការ​​​រោង​ចក្រ​នៅ​ឯខេត្តសាមុត​ប្រាកាន ប្រទេស​ថៃ

ពលការិនី​រោង​ចក្រ​​​​វ័យ​៣២​ឆ្នាំ​រូបនេះ​ បន្ថែមថា បើទោះ​បីជា​ប្រាក់​ឈ្នួល​ និង​លក្ខខណ្ឌការងារ​​នៅប្រទេស​ថៃ ​មាន​ភាព​ប្រសើរ​ជាង​នៅ​កម្ពុជា​ក្តី ​ប៉ុន្តែកញ្ញា​ថា ​​​កញ្ញា​មិនដែល​ចង់ចាកចេញ​ពី​ស្រុក​កំណើត​មក​ធ្វើ​ការងារ​​ដាច់​សង្វែង​ឯប្រទេស​ក្រៅ​នោះទេ។ កញ្ញា ​នឹង​ត្រឡប់មកធ្វើការ​នៅ​កម្ពុជា​វិញ ប្រសិន​បើ​ប្រាក់​ឈ្នួល និង​លក្ខខណ្ឌការងារ​ប្រហាក់​ប្រហែល​នឹង​នៅ​ប្រទេស​ថៃ។

កញ្ញា​បន្ថែម​ទាំង​​មិនទាន់ដឹងពីការងារ​ដែល​កញ្ញា​ត្រូវ​ធ្វើ​ពេល​ត្រឡប់​មក​កម្ពុជា​​វិញ​យ៉ាង​ដូច្នេះ៖

ហត់​នឿយ នឹក​ផ្ទះ នឹក​ម៉ែនឹកឳ ធម្មតា​ទេ​យើង​នៅ​ស្រុកគេ វាមិន​ដូច​នៅ​ស្រុក​យើង​ទេ។ យើង​នៅ​​ឆ្ងាយ​ពីគ្រួសារ​​អញ្ចឹង យើង​នៅ​ជាមួយ​ម៉ែឳ​យើង​វាមានភាព​កក់ក្តៅ បើទោះអត់ឃ្លាន​មានស៊ី​ក៏យើង​​មានក្តី​សុខ​ដែរ តែធ្វើម៉េច បើ​​ត្រូវ​អញ្ចឹង​ហើយ។ បើ​យើង​នៅ​ផ្ទនេះ​ក៏​វា​ពិបាក វា​រក​អីមិនបានអញ្ចឹង

កញ្ញា សុខ ហេង ​ធ្វើ​ការ​​​រោង​ចក្រ​នៅ​ឯខេត្តសាមុត​ប្រាកាន ប្រទេស​ថៃ

ខណៈដែលកម្លាំង​ពលកម្ម​ និង​ទីផ្សារ​ការងារ​នៅ​​កម្ពុជា​មាន​តម្លៃ​ថោក ការ​ធ្វើចំណាក​ស្រុក​​មានការ​ទទួល​ស្គាល់​ថា​ បានផ្តល់​ប្រយោជន៍មួយ​ចំនួន​​​​ ជាពិសេស​ចំណូល​ទៅ​ដល់​ប្រជាពលរដ្ឋ បើទោះបីជា​ភាគ​ច្រើន​បំផុត​​នៃ​ពលករ​ធ្វើចំណាក​ស្រុកទៅ​ក្រៅ​ប្រទេស គឺ​ត្រូវ​ធ្វើការជា​កម្មករ​តូច​តាច​ដែលគ្មាន​ជំនាញក្តី​។ បើទោះជា​​ពល​ករ​កម្ពុជា​​មួយចំនួន​ដែលត្រឡប់​មកពី​ធ្វើការ​នៅ​ក្រៅប្រទេស​វិញ​ មិនអាច​រកការងារ​ធ្វើ​ដូច​នៅ​​ប្រទេ​សក្រៅ​​ទាំងនោះ​​ក្តី ប៉ុន្តែ​មួយចំនួន​នៅ​សល់​ប្រាក់​ដើម្បី​អាច​​ប្រកប​របរ​ចិញ្ចឹម​​ ​ដោយ​ខ្លួនឯងបាន។​

លោក យន ចំណាប់ ​អតីត​ពលករ​ធ្វើការ​នៅ​​ប្រទេស​កូរ៉េ ​​ដែលកំពុង​ប្រកបរបរ​បើក​រថយន្ត​​តាក់ស៊ី​​​​ លើក​ឡើង​ថា កង្វះ​ទីផ្សារ​ការ​ងារ ជាមូល​ហេតុ​ដែល​នាំឲ្យ​លោក​សម្រចចិត្ត​ចាកចេញ​ពី​កម្ពុជា​ទៅធ្វើជា​ពលករ​នៅ​ប្រទេស​កូរ៉េ។ លោក​បន្ថែមថា មុនពេល​ដែល​លោក​​សម្រេចចិត្ត​ចាកចេញពី​កម្ពុជា​​ទៅ​​​ធ្វើជាពលករ​នៅ​ក្រៅ​ប្រទេស ​កាលពី​ឆ្នាំ២០១៣ លោក​បាន​រៀបចំផែនការ​ទុក​ជាមុន និង​បាន​ស្វែង​រកព័ត៌មាន​​លម្អិត​ពាក់ព័ន្ធនឹង​ការ​ធ្វើការ​ និង​រស់នៅ​ទីនោះ។

បុរស​វ័យ​៣០​ឆ្នាំ​ប្លាយ​រូបនេះ ​បន្ថែមថា ការ​កំណត់​គោល​ដៅ​ទុក​ជាមុន​​ បានធ្វើ​ឲ្យ​លោក​ត្រឡប់​មក​វិញ​នូវ​ប្រាក់​មួយ​ចំនួន​ ដែល​អាច​ឲ្យ​លោក​ប្រកប​របរ​ខ្លួនឯងបាន បើទោះជា​កម្ពុជាមិនមាន​ទីផ្សារ​ការងារ​​ដូច​ការងារ​​ដែល​លោក​ធ្លាប់​ធ្វើ​នៅ​ប្រទេស​កូរ៉េក៏​ដោយ​។

បុរស​​ដែល​មាន​រថយន្ត​ Highlander សម្រាប់​បើកតាក់ស៊ីរូបនេះ ​បញ្ជាក់ថា៖

សម្រាប់ពេល​យើង​ចប់​អាណត្តិ​​មកខ្មែរ យើងត្រូវ​​ធ្វើអី? យើង​សល់​លុយ​ប៉ុន្មាន? យើង​បែក​ចែក​ គ្រប់គ្រង​លុយ​ឲ្យបាន​​ច្បាស់​លាស់។ បើមិនអញ្ចឹងទេ យើងទៅដល់កូរ៉េ យើងភ្លេចខ្លួនថា​យើងជាពលករ យើង​បែរជាច្រឡំ​ខ្លួន​​យើង​ជាជនជាតិ​កូរ៉េ អញ្ចឹង​ទៅ​យើង​ចាយ​លុយ​ខ្ជះខ្ជាយ គិត​ថា​ប្រាក់ខែពាន់ៗ​។ អញ្ចឹង ​វាអាច​មានហានិភ័យ​​ខ្លាំងនៅ​​ពេល​គាត់​ចប់អាណត្តិមក​ខ្មែរ​វិញ កង្វះ​ការងារ​​ លុយ​កាក់​មិនគ្រប់គ្រាន់ ជីវភាព​គាត់​មកដល់ណេះ (ធ្លាក់ចុះ) ហើយ​មកដល់ណេះគាត់​តាមគ្នីគ្នា ហើយ​សង្គម​ចាយ​លុយ​ច្រើន​ វាមានហានិភ័យ​សម្រាប់គាត់

លោក យន ចំណាប់ ​អតីត​ពលករ​ធ្វើការ​នៅ​​ប្រទេស​កូរ៉េ

​បើតាម​របាយការណ៍​របស់​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) ស្តីពីហានិភ័យ និងការ​លើកទឹកចិត្ត លទ្ធផល​នៃ​​ការ​ធ្វើ​ទេសន្តរប្រវេសន៍​​ការងារ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ចេញ នៅ​ឆ្នាំ​២០១៧​នេះ​ បង្ហាញ​ថា  ពលករ​កម្ពុជា​​ដែល​​ធ្វើការ​ក្រៅ​​ប្រទេស​ស្ទើរតែទាំងអស់​ បាន​ផ្ទេរ​ប្រាក់​ត្រឡប់​មកផ្ទះ​វិញ​ជាមធ្យម​ចំនួន​១៦៣​​ដុល្លារ​ពីប្រទេស​ថៃ និង​១៣៧​ដុល្លារ ពីប្រទេស​ម៉ាឡេស៊ី។​

ការ​​ចំណាក​ស្រុក​ទៅធ្វើជាពលករ​នៅ​​បរទេស​ ត្រូវ​បាន​អ្នកជំនាញ​លើកឡើង​ថា ពួកគេ​អាច​ទទួល​បាន​ប្រយោជន៍រយៈពេល​ខ្លី និង​ត្រូវ​ប្រឈម​ច្រើន ជាពិសេស​ការ​ធ្វើចំណាក​ស្រុក​​ទៅ​ក្រៅ​ប្រទេស ដោយ​មិន​បានទទួល​ព័ត៌មាន​គ្រប់គ្រាន់។

ពលករ​ដែល​ធ្វើចំណាក​ស្រុក​​ភាគ​ច្រើន នឹង​ត្រូវ​​ប្រឈម​នឹង​ការ​គ្មានការងារ​ធ្វើ នៅពេល​ដែល​​ពួកគេ​ត្រឡប់​មក​ប្រទេស​កំណើត​វិញ  ដោយសារ​នៅ​ប្រទេស​កំណើត​មិនមានការងារ​ដែល​ដូចទៅ​នឹង​ការងារ​ដែល​ពលករ​ធ្វើ​នៅ​ប្រទេស​ដែល​ពួកគេ​ចំណាក​ស្រុក​ទាំងនោះធ្វើ និង​មិនមាន​ទីផ្សារ​ការងារ​គ្រប់គ្រាន់​សម្រាប់​ពួកគេ។ កត្តានេះ បាន​ធ្វើ​ឲ្យ​មានការ​បារម្ភ​ថា ក្នុង​ពេល​អនាគត កំណើន​នៃ​អត្រា​គ្មានការងារ​ធ្វើ​នៅ​កម្ពុជា​នឹង​កើនឡើង​ខ្លាំង ពិសេស​នៅ​ពេ​លដែល​ពលករ​រាប់​សែន​នាក់ អាច​នឹង​ត្រូវ​បានបញ្ជូន​មកវិញប្រទេស​កំណើត​វិញ​​យ៉ាង​គំហុក។​

លោក មឿន តុលា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារនិង​សិទ្ធិមនុស្ស (CENTRAL) ដែល​ជា​អង្គការធ្វើការពាក់ព័ន្ធនឹង​ការការពារ​ពលករ​ចំណាក​ស្រុក លើកឡើងថា ពលករកម្ពុជា​​ប្រមាណជា​ជាង​២លាន​នាក់ កំពុង​ធ្វើការនៅ​ក្រៅ​ប្រទេស ដែលភាគច្រើន​​គឺ​ជា​កម្មករ​ប្រើកម្លាំង និង​ទទួល​បាន​កម្រៃ​ទាប មានន័យ​ថា​ មិនមែនជាកម្មករ​ជំនាញ​។

លោកបន្ថែម​​ថា ពលករ​ដែល​ធ្វើ​ចំណាក​ស្រុក​ទៅធ្វើការ​នៅ​បរទេស ដាច់ខាត​ត្រូវ​ត្រឡប់​មក​កម្ពុជា​វិញ ក្នុង​ពេល​កំណត់​ណាមួយ ដែល​មិនអាច​ធ្វើការ​នៅ​ប្រទេស​ក្រៅ​រហូត​បាននោះទេ ដូច្នេះ​លោកថា នៅ​ពេល​ដែល​​បរទេស​ឈប់​ត្រូវ​ការកម្លាំង​ពលកម្ម​​ពីកម្ពុជា នោះ​ការ​បញ្ជូន​ពលករ​យ៉ាង​គំហុក​មកវិញ នឹង​ធ្វើ​ឲ្យ​កម្ពុជា​ត្រូវ​ប្រឈម​នឹង​វិបត្តិ​យ៉ាង​ធ្ងន់ធ្ងរ។

យើង​ត្រូវ​ទទួល​រង​នូវ​ផល​ប៉ះពាល់​ធំ ដោយសារ ទី១​ គឺថា​មក អាច​រងហ្នឹង​​អត់​មាន​​ថវិកា​​ក្នុងការ​សងបំណុលគេ ដោះបំណុលគេ។ ទី២​ អត់មានការ​ងារ​ធ្វើ បើ​កាលណាមនុស្ស​អត់​ការងារ​​ធ្វើកាន់តែ​​ច្រើន តាមពិត​អាហ្នឹង​ជា​បន្ទុក​របស់​រដ្ឋ រដ្ឋ​ដែល​ទទួល​ខុសត្រូវ​ហ្នឹង​គឺ​ដោយសារ​ពលរដ្ឋ​ជាអ្នកបង់ពន្ធ អញ្ចឹង​រដ្ឋត្រូវតែ​​គិត​គូរ​ពីប្រព័ន្ធគាំពារ​សង្គម […] គេ​ធ្វើ​យ៉ាង​ម៉េច​កុំ​ឲ្យមនុស្សហ្នឹង​កាលណា​អត់មាន​ចំណូល​សោះ​ទៅ​បែក​គំនិត​លួច ទៅជាបែកគំនិត​ប្រព្រឹត្ត​បទ​ល្មើស​ណា​មួយ​​ដែល​ធ្វើ​ឲ្យប៉ះពាល់​ទៅ​ដល់​សណ្តាប់​ធ្នាប់ ឬក៏​សន្តិសុខ​សង្គម

លោក មឿន តុលា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារនិង​សិទ្ធិមនុស្ស (CENTRAL)

អង្គការ​ពលកម្ម​អន្តរជាតិ​ (ILO) ​និង​អង្គការ​ទេ​សន្តរប្រវេសន៍​អន្តរជាតិ​ (IOM) បាន​ចេញ​របាយការណ៍​មួយ​​កាលពីពាក់កណ្តាល​ខែ​ធ្នូ​ ឆ្នាំ​២០១៧ ​បង្ហាញ​ថា ​មាន​ពលករ​ចំណាកស្រុក​កម្ពុជា​ ៨នាក់​ក្នុង​ចំណោម​ពលករ​ចំណាក​ស្រុក​ ១០នាក់ បាន​ជួប​ការ​រំលោភ​បំពាន​សិទ្ធិ​ការងារ ខណៈ​ធ្វើការ​នៅ​បរទេស​ហើយ​ ៧នាក់​ក្នុង​ចំណោម​ ១០នាក់​បាន​ទទួល​រង​បញ្ហា​សុខភាព​ផ្លូវកាយ​ និង​ផ្លូវចិត្ត​នៅ​ពេល​ត្រឡប់​មក​វិញ​។

ការ​សិក្សា​ដែល​មាន​ទ្រង់ទ្រាយ​ធំ​នោះ​ក៏​បាន​​បង្ហាញ​ថា​ ពលករ​ចំណាកស្រុក​កម្ពុជា​បាន​រាយការណ៍​អំពី​បទពិសោធន៍​​អាក្រក់​បំផុត​ក្នុង​ចំណោម​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​រួមមាន វៀតណាម ឡាវ និង​មីយ៉ាន់ម៉ា​។ ក្នុងនោះ​ ពលករ​ពី​កម្ពុជា​គឺ​ទំនង​ជា​ទទួល​រងគ្រោះ​ច្រើន​ជាង​ចំពោះ​ការ​រំលោភ​បំពាន​សិទ្ធិ​ការងារ​ និង​មាន​បញ្ហា​ផ្លូវកាយ​ និង​ផ្លូវ​ចិត្ត​ខ្លាំង​ជាង​ប្រទេស​ដទៃៗ​នៅ​ពេល​ត្រឡប់​មក​វិញ​។

​លោក​ ង៉ែត ជូ អ្នកជំនាញផ្នែក​សេដ្ឋកិច្ច ​លើកឡើងថា ភាគច្រើននៃ​ពលករ​កម្ពុជា​ដែល​ធ្វើចំណាក​ស្រុក​ទៅ​ធ្វើការ​នៅ​បរទេស មិនមែនទៅធ្វើការ​ដើម្បី​បង្កើន​សមត្ថភាព ឬជំនាញ​នោះទេ ប៉ុន្តែ លោកថា ពួកគេ​ធ្វើ​ចំណាក​ស្រុក ដើម្បី​រក​ប្រាក់​មក​សង់​ផ្ទះ​ និងដោះបំណុល​។​

លោក ​បន្ថែមថា ការ​ធ្វើចំណាក​ស្រុក​របស់​ពលករ​ពេញ​កម្លាំង បាន​និង​កំពុង​ធ្វើ​ឲ្យ​​មនុស្សចាស់​ក្លាយ​​ជា​អ្នក​មើលថែ​ក្មេងតូចៗ ខណៈ​ក្មេង​ៗត្រូវ​​បោះបង់​ការ​សិក្សា ស្របពេល​ដែល​ទីផ្សារការងារ​ និង​ទីផ្សារ​កសិកម្ម​​​​មិនមាន​ការ​យក​ចិត្ត​ទុកដាក់។​

លោក ង៉ែត ជូ បន្ថែមថា ប្រសិន​បើ​រដ្ឋាភិបាលមិន​​យក​ចិត្ត​ទុក​ដាក់​កាត់​បន្ថយ​ការ​ធ្វើ​ចំណាក​ស្រុក ហើយ​បង្កើន​ទីផ្សារ​ការងារ​ក្នុង​ស្រុក​​​ទេ ​នោះ​​បន្ទុក​របស់​រដ្ឋាភិបាល​នឹង​កើត​មានយ៉ាង​ធ្ងន់ធ្ងរ​នា​ពេល​អនាគត​។​

ការធ្វើ​ចំណាក​ស្រុក​វាមានពីរ​ប្រភេទ បើ​យើងចំណាក​ស្រុក​ជា​កម្មករ​ជំនាញ អាហ្នឹង​ជួយ​សេដ្ឋកិច្ច​ជាតិ​បាន​ច្រើនណាស់ ទី១ គាត់​ទៅ​បាន​កម្រៃខ្ពស់ ទី​២ត្រឡប់​មកវិញ​​គាត់នាំជំនាញ​មក​​ជួយកសាង​​ប្រទេស។ ប៉ុន្តែ ​កាលណា​យើង​ធ្វើ​ចំណាក​ស្រុក​ជា​កម្លាំង​ពលកម្ម​សុទ្ធ​សាធ គាត់​ត្រឡប់​មកវិញ​​​ជា​បន្ទុក​របស់​ជាតិ ជា​បន្ទុក​របស់​សង្គម​ទាំង​មូល។ អញ្ចឹង ​ខ្ញុំមិនមើល​ឃើញ​ថា​វាជា​ផល​ចំណេញ​រយៈពេល​វែងទេ​​ ដូច​ខ្ញុំ​ជម្រាបអញ្ចឹង គឺជាការ​ដោះ​ទាល់​រយៈពេល​ខ្លី

លោក​ ង៉ែត ជូ អ្នកជំនាញផ្នែក​សេដ្ឋកិច្ច

លោក ង៉ែត​ ជូ​ បន្ថែមថា លោក​​មាន​ការ​បារម្ភ ការ​ធ្វើចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស​កាន់តែច្រើន នឹង​​​ធ្វើ​ឲ្យ​កម្ពុជា​កាន់តែ​ឃ្លាត​ឆ្ងាយពី​ការ​ប្រកួត​ប្រជែង​​សេដ្ឋកិច្ច​ក្នុង​តំបន់។

​ខ្ញុំមានការ​ព្រួយ​បារម្ភ​ណាស់​កន្លែង​ហ្នឹង ពី​ព្រោះ​យើង​នៅ​ក្នុង​បរិបទ​មួយ​ យើង​កំពុង​ប្រកួត​ប្រជែងសេដ្ឋកិច្ច​​ជាមួយគេ​ យើង​ផលិត​អី​ក៏​មិនសូវ​ពូកែ​ដូចគេ ហើយ​ធនធាន​មនុស្ស​យើង ​យើង​ទៅជួយ​បំពេញ​សេចក្តី​ត្រូវ​ការសេដ្ឋកិច្ច​​របស់គេ​ទៀត អញ្ចឹង​សួរ​ថាចំណុច​ណា​ទៅ​ដែល​យើង​អាច​ទាញ​​បាន​ផល​ប្រយោជន៍​ពីការ​ប្រកួត​ប្រជែង​ហ្នឹង គឺ​ដូចជាមានឱកាស​តិច​តួច​បំផុត​សម្រាប់​យើង

លោក​ ង៉ែត ជូ អ្នកជំនាញផ្នែក​សេដ្ឋកិច្ច ​

បើតាម​របាយការណ៍​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ ពលករ​ចំណាក​ស្រុក​​ពី​ប្រទេស​កម្ពុជា មាន​ចំនួន​ត្រឹម​៥​ភាគ​រយ​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​គេ​ផ្តល់​ការងារ​ធ្វើ​ស្រប​នឹង​ជំនាញ​ដែល​ពួកគេមាន។ ពលករ​ចំណាក​ស្រុក​ក្រៅ​ប្រទេស ​ជាទូទៅ​​ត្រូវ​បាន​គេ​ជ្រើសរើស​ដើម្បី​បំពេញ​តម្រូវការ​សម្រាប់​តែ​ប្រភេទ​ការងារ​​ដែល​មាន​ប្រាក់​កម្រៃទាបនៅ​ក្នុង​ឧស្សាហកម្ម​ដែល​ប្រើ​កម្លាំង​កាយច្រើនជាង​ជំនាញ ពីព្រោះ​ពលករ​​ទាំង​នោះ​ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា មិនមានបទ​ពិសោធន៍ ឬ​មិនមានការ​បណ្តុះ​បណ្តាល​ផ្លូវ​ការ ដែល​ឆ្លើយ​តប​ទៅនឹង​តម្រូវ​ការ​ជំនាញ​របស់​ពួកគេ។​

លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​កម្ពុជា​​បានអះអាងថា ​​ ​ការ​លើកឡើងដែល​ថា ការ​ធ្វើចំណាក​ស្រុក​មាន​គុណវិបត្តិ ច្រើនជាង​គុណ​សម្បត្តិ ជាការ​លើកឡើង​ដែល​មិន​បាន​ប្រមូល​ព័ត៌មានគ្រប់ជ្រុង​ជ្រោយ។ លោកបន្ថែមថា ​ការ​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើការ​នៅ​បរទេស ធ្វើ​ឲ្យ​ពលករ​ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់ និង​ទទួល​បាន​បទពិសោធន៍​ការងារ​ថ្មីៗ ស្របពេល​ដែល​រដ្ឋាភិបាល​កំពុង​​អនុវត្ត​​គោលនយោបាយ​​​ក្នុង​ការ​ការពារ​​​ពលករដែល​កំពុង​តែធ្វើការ​នៅក្រៅ​ប្រទេស និង​​ក្រោយ​ពេល​ពួកគេ​ត្រឡប់​មក​កម្ពុជា​វិញ​​។

ទី១យើង​ត្រូវ​មាន​ប្រព័ន្ធគាំពារបងប្អូន​ពលករ​ដែល​កំពុងតែ​ធ្វើការងារ​នៅ​ក្រៅ​ប្រទេស​ឲ្យ​បាន​ល្អ​ នៅ​ពេល​ដែល​គាត់​កំពុង​ធ្វើការងារ​នៅ​ទីនោះ​ដោយ​ស្របច្បាប់។ ហើយទី២​ប្រសិន​ជា​​បងប្អូន​វិលត្រឡប់​​មក​ប្រទេស​កំណើត​វិញ ទី១​យើង​ត្រូវ​មាន​សេវា​ផ្តល់​ព័ត៌មាន​ដើម្បី​ឲ្យ​បងប្អូន​ពិចារណា​ថា តើ​​មាន​​ការងារនៅ​​ក្នុងស្រុកណាខ្លះ​ដែល​បង​ប្អូនអាច​ធ្វើបាន​ ហើយ​ទី​២​នឹង​រៀបចំឲ្យ​មាន​ការ​ទទួល​ស្គាល់ជំនាញ​​ដែល​បងប្អូន​បាន​ធ្វើការនៅទីនោះ

លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​កម្ពុជា​​

តាម​របាយការណ៍​របស់​ក្រសួង​ការងារកម្ពុជា​ ពលករ​ខ្មែរ​ប្រមាណ​ ១​លាន​ ៧​ម៉ឺន​នាក់​បាន​ស្នាក់នៅ និង​បំពេញ​​ការងារ​នៅក្នុង​ប្រទេស​ថៃ​បាន​ទទួល​ឯកសារ​ស្របច្បាប់​នៅ​តាម​បណ្ដា​រោងចក្រ សហគ្រាស លើ​វិស័យ​សំណង់ នេសាទ និងកសិកម្ម​ត្រូវ​បាន​គណៈកម្មការ​ផ្ដល់​ភាពស្រប​ច្បាប់​ដល់​ពលករ​កម្ពុជា ចុះ​បំពេញ​បេសកកម្ម​ការងារ​ផ្ដល់​ភាពស្រប​ច្បាប់​ជូន​ពួកគេ​ដល់​ប្រទេស​ថៃ​។

​ទន្ទឹម​នឹង​​នេះ ​មាន​ពលករ​ខ្មែរ​ចំណាកស្រុក​មួយ​ចំនួន​ទៀត​នៅ​តែ​បន្ត​ចូលទៅ​ធ្វើ​ការងារ​​ក្នុង​ប្រទេស​ថៃ​ដោយ​​ខុស​ច្បាប់តាមរយៈ​មេខ្យល់ ​ដែល​បង្ក​ឲ្យ​មាន​ការ​ព្រមាន​ចាត់​វិធានការ​តឹងរ៉ឹង​តាម​ផ្លូវ​ច្បាប់​ពី​ភាគី​ថៃ​។

កន្លង​ទៅ​​ អាជ្ញាធរ​បាន​ជួយ​សង្គ្រោះ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ជិត​ ១​ពាន់​នាក់ ​មកពី​បណ្ដា​ប្រទេស​ចំនួន៩ ឲ្យ​វិល​ត្រឡប់​មក​កម្ពុជា​វិញ បន្ទាប់ពី​ពួកគេ​ជួប​ការរំលោភ​សិទ្ធិ និង​ការលំបាក​នៅ​កន្លែង​ធ្វើការ​។

ភាគ​ច្រើន​នៃ​ពលរដ្ឋ​រងគ្រោះ​ទាំងនោះ ​​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ប្រទេស​ម៉ាឡេស៊ី​មាន​ចំនួន​ដល់​ទៅ ៣៨២​នាក់ និង​ថៃ​១៧១នាក់ ​ព្រមទាំង​បណ្ដា​ប្រទេស​នានា​នៅ​ក្នុង​តំបន់​។

កាលពី​ខែ​មិថុនា​ឆ្នាំ​២០១៤ អាជ្ញាធរថៃបានបញ្ជូនពលករ​កម្ពុជាមកវិញ ចំនួនជាង​​៤ម៉ឺន​នាក់។ នៅ​​ដើម​ខែកក្កដាឆ្នាំ​២០១៨ នេះ ពលករ​កម្ពុជា​ប្រមាណជា​១ពាន់នាក់ ​ដែល​បាន​ចូល​ស្នាក់នៅ និង​បម្រើ​ការងារ​ដោយ​ខុស​ច្បាប់​​នៅប្រទេស​ថៃ ក៏​ត្រូវ​បាន​ចាប់​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ​តាម​ច្រក​ប៉ោយប៉ែត​នៃ​ខេត្ត​បន្ទាយមានជ័យ បន្ទាប់ពី​រដ្ឋាភិបាល​នៃ​ប្រទេស​ថៃ ​បាន​ប្រកាស​បិទ​ការផ្ដល់​សុពលភាព​​ឯកសារ​ការងារ និង​ធ្វើ​ដំណើរ​ស្រប​ច្បាប់​សម្រាប់​ពលករ​បរទេស​ទាំងអស់​កាលពី​ចុង​ខែ​មិថុនា​។

លោក មឿន តុលា ​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL) ដែល​តែង​ចុះ​ជួប​ពលករ​នៅ​ក្រៅ​ប្រទេស​ដោយផ្ទាល់​បន្ថែមថា រដ្ឋាភិបាល​គួរ​មាន​វិធានការ​ទប់​ស្កាត់​ការ​ធ្វើ​ចំណាក​ស្រុក​​ចេញទៅធ្វើការនៅ​ក្រៅ​ប្រទេស​របស់​ប្រជាពលរដ្ឋ។

លោកបន្ថែមថា ការ​បង្កើន​ទីផ្សារ​ការងារ​ក្នុង​ស្រុក​​​​ប្រកប​ដោយ​គុណភាពតាមរយៈការ​​​កំណត់​ប្រាក់ឈ្នួល​ និង​លក្ខខណ្ឌការងារ​សមរម្យ ការបង្វែរ​ពីការ​ផ្តល់​សម្បទាន​ដីទៅ​ក្រុមហ៊ុន ជាការ​​​​ផ្តល់​ដី​សម្បទាន​ទៅឲ្យ​​​ពលរដ្ឋ​​ដើម្បី​ជំរុញ​វិស័យ​កសិកម្ម​ ជាដើម។​

បើកាលណាយើងធ្វើបែបហ្នឹងគឺថា យើង​អាច​ជួយ​ទប់​ពលរដ្ឋ​យើង​ហ្នឹង​ឲ្យ​គាត់​នៅ​មាន​មុខរបរ ហើយ​និង​ការងារ​ក្នុងស្រុក​បាន។ ដដែលទៀត​គឺជួញជិត​គឺវា​ល្អ​ជាង​ជួញ​ឆ្ងាយ​ហើយ តែ​បើសិនជាជួញជិត​មិនអាច​ឲ្យ​គាត់​រស់បានទេ អាហ្នឹង​ជាហេតុ​ផល​មួយ​ដែល​​ឲ្យគាត់​សម្រេច​ចិត្ត​ប្រថុយ​ប្រថាន​ជួញ​ឆ្ងាយ​វិញ

លោក មឿន តុលា ​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL)

បើ​តាម​របាយការណ៍​លទ្ធ​ផល​នៃ​សន្និបាត​បូកសរុប​ការងារ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចេញ​កាលពី​​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០១៨ បង្ហាញថា រដ្ឋាភិបាល​កម្ពុ​បាន​ផ្តល់​សេវា​ស្វែងរក​ការងារ​​ធ្វើ​នៅ​ក្រៅប្រទេស​ដល់​ពលរដ្ឋ​​ចំនួន​ជាង ១.២ លាន​នាក់។ ក្នុងចំណោម​ពលក​រទាំង ១.២លាន​នាក់​នោះ កម្ពុជា​​បាន​បញ្ជូន​ពលករ​ទៅ​ប្រទេស​ថៃ​ចំនួនជាង១លាន​នាក់​ ​កូរ៉េខាងត្បូង​​ចំនួន ៤ម៉ឺន​​នាក់​ ប្រទេស​ជប៉ុន​​ចំនួន ៦ពាន់​នាក់ ម៉ាឡេស៊ី​​​ចំនួន​៣ម៉ឺន​​នាក់​ ប្រទេស​សិង្ហ​បុរី​​ចំនួន​ជិត​៥០០​នាក់ និង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង បានចាប់ផ្ដើម​បញ្ជូន​ពល​ការិនី​​​ចំនួន ១៥​នាក់។ របាយការណ៍​ដដែល​នោះ ​​ក៏​បាន​អះអាង​​ថា ប្រជាពលរដ្ឋ​កម្ពុជា​មាន​ការងារ​ធ្វើ​សរុប​ចំនួន ៩៩,៣%។

ចំណែក ឯលោក យ៉េន ​និយាយ​ថា៖ «ខ្ញុំចង់​ឲ្យ​ស្ថាប័ន​រដ្ឋ​យើង​មាន​ការងារ​ធ្វើ​ដូច​ស្រុកគេ ស្រុកគេ​មិនខ្វះ​ការងារ​ធ្វើ មិនបាច់ចាំទៅណាទេ ធ្វើតែក្នុង​ស្រុក​ហ្នឹ​ង។ វ័យ​ចំណាស់​ណាក៏​មានការ​ងារ​ធ្វើ​រហូត​ដល់​រ៉ឺត្រែត (ចូលនិវត្តន៍) ស្រុកគេ។ ស្រុក​យើង​វាមិនមាន តែខ្ញុំ​ចង់បានអញ្ចឹង មិនបាច់​ឲ្យ​ប្រជាពលរដ្ឋ​យើង​ចំណាក​ស្រុក​គ្រប់​ប្រទេស​អញ្ចឹង»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ