តារា​ជើង​​ចាស់ ​បូនីតា ដាដេណា ត្រលប់​មកលាមហាជន

តារាជើង​ចាស់អ្នកនាង បូនីតា ដាដេណា នៅថ្ងៃសម្ពោធរឿង​«​​​​​​​​ម្ចាស់ទាយាទ»

ខុសពី​​​តារា​ជើង​ចាស់មួយចំនួន ដែលបាត់មុខយូរ ហើយត្រលប់មកកាន់​​ការសម្ដែង​​​​​​​​ជាថ្មីរមែង​​​​​​ប្រកាសថា​​នឹង​ប្រឹងអោយអស់ពីសមត្ថភាព ដើម្បី​​​​​​​​​​​​​​​​​​​​​​​​ទាក់​អារម្មណ៍​មហាជនអោយ​ងាកមកគាំទ្រ​វិញ តារាជើង​ចាស់អ្នកនាង បូនីតា ដាដេណា ​ដែល​​​​​​ត្រូវគេស្គាល់ថា​ជា​​​​តួអង្គ​អាប​ល្បី ឈ្មោះកាលពីអតីតកាល ​បែរ​ជាអះអាងថា អ្នកនាង​​នឹង​ឈប់សម្ដែង​កុនទៀត​​ហើយ នៅក្នុងឱកាសដែលអ្នកនាង​​​បង្ហាញ​​​​​​ស្នាដៃចុងក្រោយកាលពីថ្ងៃទី​១ សីហា​មុននេះ។ ​​​​​​​

អ្នកនាងបាន​ទាំង​បង្ហើប​ថា​​​​​​​​​ស្វាមី​ដែលជាសេដ្ឋី​ជនជាតិ​អារ៉ាប់របស់ខ្លួន ​អាច​នឹង​​​​​​​​​ដាក់គំនាបអោយអ្នកនាង​ដកខ្លួនអោយ​កាន់តែឆ្ងាយពី​ការ​​ផលិតភាពយន្តនោះ​ផង កុំថា​ឡើយ​ដល់​​​​​អោយបន្ត​​ពាក់ព័ន្ធ​នឹង​សិល្បៈ​។

​​អ្នកនាង​ ​បូនីតា ​ដាដេណា ​​​​​​​​​បានប្រកាស​​នៅថ្ងៃសម្ពោធរឿង​«​​​​​​​​ម្ចាស់ទាយាទ»ដែលជាស្នាដៃ​​អ្នកនាង​សម្ដែងជាតួឯក និង​​​ដឹកនាំ​ផលិត​​​​​ដោយផ្ទាល់​​​​​​​ថា ​​​​​​​​​​អ្នកនាង​​នឹង​ឈប់សម្ដែង​​នៅក្នុង​​​​​​ស្នាដៃ​ភាពយន្ត​​​ទៀតហើយ ​ដោយចាត់ទុកថាភាពយន្តដែលអ្នកនាងប្រកាស​ដាក់បញ្ចាំងក្នុងរោងកុន​​​​​​​​នៅថ្ងៃទី​២ សីហានេះ ​​គឺជា​​ស្នាដៃចុងក្រោយ​ ​និងជារឿងដែល​អ្នកនាង​​​ទទួលសម្ដែង ​​​​​បើទោះជាអ្នកនាង​​នៅបន្តបោះទុន​ផលិតភាព​យន្តដើម្បី​​ប្រកួតប្រជែង។

អ្នកនាងថា​​បើកុំសាច់រឿង​​​​​ក្នុងរឿង​«​​​​ម្ចាស់ទាយាទ»ដែលអ្នកនាងបាននិពន្ធ​​ត្រូវចិត្ត​ខ្លាំងពេក ប្រហែលមិនចំណាយពេលសម្ដែង​​ដោយផ្ទាល់នោះទេបើតាមតែអ្នកនាង​ក៏រវល់ច្រើន ហើយស្វាមី​ជា​សេដ្ឋីអារ៉ាប់របស់ខ្លួន ក៏​មិនចង់អោយ​ហត់នឿយ​នៅក្នុងសិល្បៈ។ អ៊ីចឹង​​ហើយ ទើបអ្នកនាងប្រកាសថា​នឹងមិនមានស្នាដៃ​​​ភាពយន្ត​បន្ទាប់ពីរឿង​«​​ម្ចាស់​​​​​ទាយាទ»ទៀតទេ ​ដើម្បី​កុំអោយ​​ស្វាមីរបស់ខ្លួន​​​​​​មិនសប្បាយចិត្ត និង​ដើម្បី​ជាការ​ផ្ដល់​ឱកាសអោយ​​​ក្មេងៗជំនាន់​ក្រោយបាន​ជំនួសតំណែង​​​​​​​​អាប​​ធ្មប់ ដែលអ្នកនាង​​​​ត្រូវបានមហាជន​​សរសើរ​មិនដាច់ពីមាត់​​ថា​​​ពូកែ​សម្ដែងនោះ​ផង។ ​​​

​​អ្នកនាង​​បូនីតា ដាដេណា ​​បញ្ជាក់ថា ​អ្នកនាងបង្ហាញខ្លួនលើកនេះ មិនមែនមកដណ្ដើម​​ការងារ​សម្ដែងពី​តារា​ជំនាន់​ក្រោយនោះទេ ប៉ុន្តែគឺមក​បង្ហាញស្នាដៃចុងក្រោយ ហើយមក​លា​​​​​អ្នកគាំទ្រ​ដើម្បីបញ្ចប់ការសម្ដែងតែម្ដង ​​​ជាពិសេស​ប្រសិន​បើ​អ្នកនាងស្រាប់តែ​ត្រូវ​​បាន​ស្វាមី​​​​​ដែលជាអ្នកជំនួញ​​ក្រៅស្រុក ​​ធានា​អោយ​ចេញទៅ​រស់នៅ​​​ប្រទេស​អាមេរិក ឬ​​​​​​​អារ៉ាប់ ​ដែលជាទីតាំង​​​មុខជំនួញ​​របស់ស្វាមីនៅទីនោះ។ ​

អ្នកនាង​ថា​​​​ខ្លួនចូលចិត្តសម្ដែង​​ជាតួ​​ខ្មោច ជាតួអាប ​​​ហើយដោយសារតែ​​ចង់បន្សល់​ស្នាដៃ​​​​​មុនពេល​​​បោះបង់​​អោយអ្នកគាំទ្រ​​បានចង​ចាំ ទើបសម្រេចចិត្ត​​​​​​​​​​​​​ទទួលសម្ដែង​​ក្នុងរឿង​«​​​​​ម្ចាស់ទាយាទ» ដោយរំពឹងថា​​​​ការ​​ដាក់​​​​លក់សំបុត្រ​គ្រប់​រោង​​របស់ភាពយន្តមួយនេះ នឹងមានការ​គាំទ្រ​​​​​​​​​​​​​ពេញទំហឹង។

យ៉ាងណាមិញ បើទោះជា​​ចំណេញ​ឬមិនចំណេញ ក៏អ្នកនាងនៅតែ​​​បន្ត​​​ផលិតភាពយន្ត​ទៀតដែរ ​ដោយគ្រាន់តែមិនសម្ដែងខ្លួនឯង លើកលែងតែ​​​ភាពយន្តនោះ មានសាច់រឿងតម្រូវ​​ពិបាក​រកអ្នក​​សម្ដែង​​អោយត្រូវប៉ុណ្ណោះ។ ​ ​

អ្នកនាង​ថា​​ស្វាមី​​​​​វ័យជាង​​៦០ឆ្នាំរបស់ខ្លួន ​គ្រោងធានាអោយ​អ្នកនាង​​ចេញទៅរស់នៅ​​​អាមេរិក ឬ​ប្រទេសអារ៉ាប់ នៅអំឡុងខែ​​១២ខាងមុខ ប៉ុន្តែអ្នកនាង​​នឹង​​​​បន្ត​​ឡើងចុះស្រុកកំណើត​​ ដោយសារតែអ្នកនាងមិនចង់​​​​​​បែកឆ្ងាយ​ពី​​​​​សាច់ញាតិបងប្អូន និង​នៅចង់​​​​​​បន្ត​ការ​ផលិត​កុន​​​​​មួយរឿង ឬ​២​​រឿង​ក្នុងមួយឆ្នាំ ​​​​​​​​​​​​​​ជាពិសេស​គឺរឿង​​បុរាណ ដែលអ្នកនាងប្រាប់​​ថា​គឺជា​ចំណូលចិត្តរបស់​ខ្លួន៕

តារាជើង​ចាស់អ្នកនាង បូនីតា ដាដេណា នៅថ្ងៃសម្ពោធរឿង​«​​​​​​​​ម្ចាស់ទាយាទ»
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ