បទយកការណ៍៖ ម៉ូតូកង់បីផ្តល់ក្តីសង្ឃឹមដល់ជនពិការ

ម៉ូតូកង់បីជនពិការ (រូបភាព៖ ហ្វេសប៊ុក ហ៊ិន ប៊ុនថេន ផលិតម៉ូតូកង់បីសម្រាប់ជនមានពិការភាព)

បុរសវ័យកណ្ដាលម្នាក់មានជើងពិការទំាង​សងខាង  ដោយជើងម្ខាងជាជើងសិប្បនិមិ្មត និងម្ខាងទៀតកំបុតត្រឹមភ្លៅ មានសម្លៀកបំពាក់ប្រលាក់ដោយប្រេងម៉ាស៊ីន អង្គុយសំរាកនៅលើម៉ូតូកង់បីជនពិការរបស់ខ្លួន ជាមួយនឹងទឹកមុខនឿយហត់ ក្រោយត្រលប់ពីកន្លែងធ្វើការមកផ្ទះ។

លោក​ ហ៊ិន​ ប៊ុនថេន​​ អាយុ ៥៥ឆ្នាំ អតីតនាយទាហានក្នុងអំឡុងទស្សវត្ស១៩៩០ ប៉ុន្តែជាអកុសលលោកបានរងគ្រោះដោយគ្រាប់មីនដែលបណ្ដាលឲ្យលោកធ្លាក់ខ្លួនពិការជើងទាំងពីរ។ បន្ទាប់ពីធ្លាក់ខ្លួនពិការ គ្រួសាររបស់លោកបានជួបបញ្ហាជីវភាពរស់នៅ។ មួយឆ្នាំក្រោយមក លោកប៊ុនថេន បានចូលរួមវគ្គបណ្ដុះបណ្ដាលផ្នែកដេរកាបូបនិងស្បែកជើង នៅអង្គការមួយ ក្នុងទីក្រុងភ្នំពេញ ដើម្បីឲ្យមានជំនាញដែលអាចប្រកបរបរចិញ្ចឹមគ្រួសារ។

លោក​ ហ៊ិន​ ប៊ុនថេន​​ អាយុ ៥៥ឆ្នាំ ម្ចាស់ទីតាំងកែច្នៃម៉ូតូកង់បីជនពិការ

​​​ប៉ុន្តែការសិក្សាជំនាញនោះ មិនសូវទទួបានផ្លែផ្កា  លោកក៏បានចូលបម្រើការងារនៅអង្គការ វី.អាយ.ស៊ី។ នៅក្នុងអង្គការវី.អាយ.ស៊ី លោកធ្វើការផងនិងរៀនធ្វើកង់រទេះជនពិការផង។  ដោយការតស៊ូនិងព្យាយាម ទើបលោកមានជំនាញពិតប្រាកដ ក្នុងការធ្វើម៉ូតូជនពិការ។

លោក ប៊ុនថេន បានប្រាប់វីអូឌីឲ្យដឹងថា ដោយមើលឃើញជនពិការជួបការលំបាកក្នុងការធ្វើដំណើរក៍ដូចជាការប្រកបរបរចិញ្ចឹមជីវិត​​ហើយម្យ៉ាងវិញទៀត ប្រាក់ចំណូលរបស់លោកមិនអាចផ្គត់ផ្គង់គ្រួសារបានគ្រប់គ្រាន់ដើម្បីឲ្យកូនសិក្សាបន្ដ​ លោកបានសម្រេចចិត្តចាប់យករបរមួយទៀត ដោយបើកហាងកែច្នៃម៉ូតូកង់បីជនពិការ។ លោកចំណាយពេលនាចុងសប្តាហ៍ដើម្បីធ្វើម៉ូតូជនពិការនេះ។

ខ្ញុំបានមើលឃើញពីអត្ថប្រយោជន៍ ដែលផ្ដល់ឲ្យ ពិការហ្នឹងមានលទ្ធភាព អាចអ្នកខ្លះ អាចនៅជាសិស្សអញ្ចឹង​​អាចធ្វើដំណើរទៅបន្ដនូវការងារសិក្សាបាន បញ្ហាមួយទៀតអ្នកខ្លះអាចបន្ដ ការងារនឹងធ្វើ អាជីវកម្មទៅរកស៊ីអីអញ្ចឹង[…]គាត់ធ្វើដំណើរបានដោយមានលក្ខណងាយស្រួល មិនភ័យខ្លាចក្នុងការគ្រោះថ្នាក់រឺមួយដួលអញ្ចឹងណា

លោក​ ហ៊ិន​ ប៊ុនថេន​​ អាយុ ៥៥ឆ្នាំ ម្ចាស់ទីតាំងកែច្នៃម៉ូតូកង់បីជនពិការ

ម៉ូតូកង់បីជនពិការនេះ ជាម៉ូតូដែលកែច្នៃដាក់កង់ថែមនៅផ្នែកខាងក្រោយចំនួនពីរ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរនៅលើដងផ្លូវ ដូចជាជួយទប់លំនឹងនិងបង្ការកុំឲ្យដួលជាយថាហេតុ ។ លោកក៏បានបញ្ជាក់ដែរថា​ ម៉ូតូកង់បីជនពិការនេះមិនមែនតែជនពិការប៉ុណ្ណោះទេដែលប្រើប្រាស់បាន​​ ចាស់ជរាក៏អាចប្រើម៉ូតូនេះក្នុងការធ្វើដំណើរបានផងដែរ។

ម៉ូតូកង់បីជនពិការ (រូបភាព៖ ហ្វេសប៊ុក ហ៊ិន ប៊ុនថេន ផលិតម៉ូតូកង់បីសម្រាប់ជនមានពិការភាព)

លោក សុខ វឿន អាយុ ៥៨ឆ្នាំ ជិះម៉ូតូកង់បីជនពិការ បានប្រាប់អ្នកសារព័ត៌មានវីអូឌីថា ចំពោះការប្រើប្រាស់ម៉ូតូនេះ ជួបបញ្ហាខូចបន្ដិចបន្ដួច ហើយមូលហេតុដែលលោកសម្រេចចិត្ដប្រើប្រាស់ម៉ូតូនេះ ដោយសារតែលោកអាចទៅធ្វើការបាន។ ម៉ូតូនេះដែរអាចជួយសម្រួលបានគ្រប់យ៉ាងសម្រាប់ការរស់នៅរបស់គាត់។

បាទជួយសម្រួលគ្រប់យ៉ាងបង ខ្ញុំនៅរាល់ថ្ងៃនៅពោធិ៍ចិនតុង ខ្ញុំមកធ្វើការនៅគៀន ឃ្លាំង ទៅមកៗរាល់ថ្ងៃ អត់អីទេ វាគ្រាន់ជូនដំណើរបានរកលុយកាក់ យើងចាយ ចិញ្ចឹមកូន ចិញ្ចឹមចៅ ទៅរៀនសូត្រ រឿងខ្ញុំជិះអត់កើតកង់ពីរហ្នឹង មានតែកែកង់បីហ្នឹងបានជិះកើត

លោក សុខ វឿន អាយុ ៥៨ឆ្នាំ ជិះម៉ូតូកង់បីជនពិការ

លោក តិច ម៉េង ដែលជាអតិថិជនមកសាកសួរពីម៉ូតូកង់បីជនពិការ លោកបានប្រាប់វី.អូ.ឌីថា មូលហេតុដែលធ្វើឲ្យលោកមានចំណាប់អារម្មណ៍ចង់កែច្នៃម៉ូតូកង់បីជនពិការ ដោយសារតែលោកយល់ថាម៉ូតូនេះអាចជួយសម្រួលការធ្វើដំណើរ ដោយពុំរំខានដល់សមាជិកក្នុងគ្រួសាររបស់លោកក្នុការជូនទៅកន្លែងណាមួយ។

ជិះទៅខ្លូនឯងទៅល្អជាង​វាល្អយើងចង់ទៅទិញថ្នាំពេទ្យ​ ចង់ទៅទិញស្អីយើងទៅខ្លួនឯងអីតិចពឹងកូនៗ​ អាកូនយូរៗវាធុញណា[…]អាយុ៨៥ឆ្នាំហើយ​ ដើរឆ្ងាយអត់បាន​ទេ​[…]ហ្នឹងហើយវាឈឺជើង​ណា ដល់ទៅទិញម៉ូតូមក​ជំនួយ​ ជំនួយកំលាំងយើងណា​ កាលណាយើងជិះអញ្ចឹងទៅ​ គេអ្នកជិតខាង​គេមើលមកថា​អូ ប្រហែលជាជនពិការឃើញមួយសន្ទុះគេ​ប្រយ័ត្នអាម៉ូតយើងជិះ[…]គេកិចឆ្ងាយៗពីម៉ូតូយើង

លោក តិច ម៉េង ដែលជាអតិថិជនមកសាកសួរពីម៉ូតូកង់បីជនពិការ

ហាងកែច្នៃម៉ូតូកង់បីជនពិការ ហ៊ិន ប៊ុនថេន​ ជាផ្ទះឈើមួយខ្នងនៅលើទឹកស្ថិតនៅខាងលិចផ្លូវជាតិលេខ៦ ស្ថិតនៅឆ្ងាយពីពេទ្យភ្នែកនិង ជនពិការ គៀន​ ​​ឃ្លាំងប្រមាណ១០០ម៉ែត្រ ដោយខាងក្នុងផ្ទះពេញទៅដោយគ្រឿងបន្លាស់និង សំភារៈផ្សេងៗសម្រាប់កែច្នៃម៉ូតូ នៅតាមរនាប និងតាមជញ្ជាំងក្ដី។ ចំពោះគ្រឿងបន្លាស់ដែលប្រើប្រាស់ លោក​​​ប៊ុនថេន នាំចូលមកពីហាងផ្សេងៗ ក្នុងរាជធានីភ្នំពេញ ដោយលោកពុំប្រើប្រាស់សំភារៈមួយទឹកឡើយ ហើយសំភារៈខ្លះលោកបញ្ជាទិញតាមតម្រូវការរបស់លោក។

ទីតាំងផលិតម៉ូតូកង់បីជនពិការ

ហាងកែច្នៃម៉ូតូកង់បីជនពិការ បានបើកដំណើរការអស់រយៈពេល១០ឆ្នាំមកហើយ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះមានអ្នកយកម៉ូតូមកកែច្នៃច្រើន បន្ទាប់ពីលោកបានបង្ហោះព័ត៌មានអំពីការកែច្នែម៉ូតូជនពិការក្នុង​​​គណនីហ្វេសប៊ុក ដើម្បីងាយស្រួលក្នុងការបញ្ជាទិញ។ ចំណែកឯតំលៃម៉ូតូ មួយកំណាត់ក្រោយ សំរាប់ម៉ូតូដាក់លេខមានតំលៃ ៣០០ដុល្លា ហើយម៉ូតូដែលអូតូមានតំលៃ ៣៥០ដុល្លា។

ម៉ូតូកង់បីជនពិការ (រូបភាព៖ ហ្វេសប៊ុក ហ៊ិន ប៊ុនថេន ផលិតម៉ូតូកង់បីសម្រាប់ជនមានពិការភាព)

ចំពោះការធ្វើម៉ូតូកង់បីសម្រាប់ជនពិការនេះក៏បានធ្វើឲ្យលោកប៊ុនថេនជួបផលលំបាកខ្លះផងដែរ ដោយត្រូវរំកិលទៅមក ដើម្បីយកសំភារៈប្រើប្រាស់ធ្ងន់ៗ។

វាមានបញ្ហាហើយ ការលើកអីទៅ លើកអារបស់ណាដែលធ្ងន់ៗ […] ប៉ុន្ដែ យើងតស៊ូទៅ ឧបមាថារបៀបពត់ដែក ពត់អីអញ្ចឹងទៅ យើងលំបាកខ្លាំងណាស់ […] វាហត់ ហត់តែអារំកិលទៅមកនឹង រំកិលទៅមក ទៅយកអីវ៉ាន់ផង កិលមកណេះផង តែបើថាសាច់ការងារដែលធ្វើវាមិនសូវហត់ប៉ុន្មានទេ

លោក​ ហ៊ិន​ ប៊ុនថេន​​ អាយុ ៥៥ឆ្នាំ ម្ចាស់ទីតាំងកែច្នៃម៉ូតូកង់បីជនពិការ

លោក ប៊ុនថេន បានបន្ថែមថា  បើទោះបីជាលោកពិការជើងពិតមែន តែលោកមិនដែលនឿយហត់ក្នុងការស្វះសែ្វងនិងធ្វើការងារមួយនេះទេ​​​ ដោយលោកយល់ថា វាអាចបញ្ជៀសការរើសអើង​ បើអ្នកពិការមានសមត្ថភាពអាចធ្វើការដូចមនុស្សទូទៅបាន។

ពាក្យស្លោកគេតែង និយាយថា ពិការតែជើងទេ តែចិត្តមិនពិការទេ អានេះដែលគួបផ្សំជាមួយម៉ូតូកែច្នៃនេះហើយ ដែលរុញច្រានបងប្អូនពិការយើងមួយចំនួន ស្វែងយកចំណេះដឹង ដ៏ខ្ពង់ខ្ពស់បំផុត[…]ដែលអាចមានអនាគតល្អ ​អាហ្នឹងហើយដែលជាបញ្ហាមួយទៀតបញ្ចៀសការរើសអើង កាលណាយើងមានសមត្ថភាពគ្រប់គ្រាន់គេអត់រើសអើងយើងទេ

លោក​ ហ៊ិន​ ប៊ុនថេន​​ អាយុ ៥៥ឆ្នាំ ម្ចាស់ទីតាំងកែច្នៃម៉ូតូកង់បីជនពិការ

នាយកអង្គការជនពិការកម្ពុជា លោក ងិន សៅរ័ត្ន បានប្រាប់វី.អូ.ឌី តាមបណ្ដាសង្គម (Whatsapp)ថាជនពិការដែលមាននៅក្នុងប្រទេសកម្ពុជាសរុបចំនួន ប្រមាណ ៥០០ ០០០នាក់ ដែលពិការដោយសារ ជម្ងឺទឹកនោមផ្អែម ទឹកនោមប្រៃ លើសឈាម គ្រោះថ្នាក់ចរាចរណ៍ ការផ្ទុះគ្រាប់មីន គ្រោះថ្នាក់ការងារ និងអភូតហេតុផ្សេងៗ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ