អនុគណៈកម្មការសភាអឺរ៉ុបស្នើឲ្យ​ចាត់វិធានការចំពោះការរំលោភសិទ្ធិមនុស្សនៅកម្ពុជា

លោក Pier Antonio Panzeri ប្រធានអនុគណៈកម្មការសិទ្ធិមនុស្សរបស់សភាអឺរ៉ុប (រូបភាព៖ presstv.com)

អនុគណៈកម្មការសភាអឺរ៉ុបស្តីពីសិទ្ធិមនុស្ស អំពាវនាវឱ្យពសហភាពអឺរ៉ុបចាត់វិធានការចំពោះ​ការរំលោភសិទិ្ធមនុស្សនៅកម្ពុជា។

យោងតាម​សេចក្តីប្រកាសព័ត៌មានរបស់សភាអ៊ឺរ៉ុបដែលចេញ​កាលពីថ្ងៃទី៣០ ខែកក្កដា កន្លងទៅ ប្រធានអនុគណៈកម្មការសភាអឺរ៉ុបស្តីពីសិទ្ធិមនុស្ស លោក ព្យែ អាន់តូនីញ៉ូ ផាន់ស៊េរី (Pier Antonio Panzeri) បានជំរុញទៅគណៈកម្មការសហភាពអឺរ៉ុប គួរតែស្នើរវិធានការប្រឆាំងនឹងការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។ លោកក៏បានអំពាវនា​ឲ្យសហភាពអឺរ៉ុបចេញរបាយការណ៍វាយតម្លៃពីការប្រតិបត្តិរបស់កម្ពុជាក្នុងការ​បំពេញលក្ខខ័ណ្ឌនានាដែល​កំណត់ក្នុងប្រព័ន្ធអនុគ្រោះពន្ធគ្រប់បែបយ៉ាង(EBA) ផងដែរ​។

ខ្ញុំសូមស្នើដល់គណៈកម្មការអឺរ៉ុប(European Commission ) និងសេវាកម្មសកម្មភាពខាងក្រៅរបស់អឺរ៉ុប (European External Action Service)ឲ្យធ្វើរបាយការណ៍ឲ្យបានឆាប់រហ័សស្តីពីការវាយតម្លៃរបស់ពួគេ ទាក់ទិននឹងការប្រតិបត្តិតាមរបស់កម្ពុជាចំពោះកត្តព្វកិច្ចសិទ្ធិមនុស្សរបស់ខ្លួន ដូចបានចែងកំណត់ជាមុននៅក្រោមដំណើរការតាមដានរបស់កម្មវិធី អ្វីទាំងអស់លើកលែងតែអាវុធ(EBA) និងស្នើឱ្យមានការឆ្លើយតបយ៉ាងសមរម្យទៅនឹងការធ្លាក់ចុះនៃស្ថានភាពសិទ្ធិមនុស្សដែលគួរអោយព្រួយបារម្ភក្នុងប្រទេសនេះ

លោក ព្យែ អាន់តូនីញ៉ូ ផាន់ស៊េរី (Pier Antonio Panzeri)

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានឆ្លើយតបនៅថ្ងៃនេះថា​ ការនិយាយថាកម្ពុជារំលោភសិទ្ធមនុស្សគឺជាការវាយតម្លៃបែបអវិជ្ជមាន និងថាការបោះឆ្នោតដែលគ្មានអតីតគណបក្សសង្គ្រោះជាតិគឺដោយ សារបក្សប្រឆាំងនេះធ្វើខុសច្បាប់។

សួរថារំលោភសិទ្ធិមនុស្ស? បើរំលោភសិទ្ធិមនុស្សកម្ពុជាហ្នឹង ប្រជាពលរដ្ឋ៨០ភាគរយដែលអញ្ជើញទៅបោះឆ្នោតដោយសុខដុមរម្យនា មានសប្បាយរីករាយ បរិយាកាសបោះឆ្នោតអត់មានអ្នកណាស្លាប់ អត់មានអ្នកណារងរបួល អត់មានឮផ្ទុះគ្រាប់កាំភ្លើងមួយគ្រាប់ផង ហើយសួរថាតើរំលោភសិទ្ធិមនុស្សយ៉ាងម៉េច? បើរំលោភសិទ្ធិមនុស្សណា វាមានការរំជើបរំជួល វាមានការប្រទូសរ៉ាយគ្នានៅក្នុងសង្គមជាតិហើយ វាមិនមែនប្រជាពលរដ្ឋរស់នៅដោយសុខដុមរម្យនាក្រោមដំបូលសន្តិភាព ស្ថេរភាពនយោបាយទេ!

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន

អ្នកតាមដាននយោបាយ លោក ឯម សុវណ្ណារ៉ា លើកឡើងប្រាប់ VOD កន្លងមកថា ប្រព័ន្ធអនុគ្រោះពន្ធ​របស់អឺរ៉ុបនេះ បានផ្សា​ភ្ជាប់​ទៅ​នឹងលក្ខខណ្ឌគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ លោកថា ដើម្បីកុំឲ្យប្រព័ន្ធអនុគ្រោះពន្ធនេះ​បាត់បង់ទៅវិញ រដ្ឋាភិ​បាលត្រូវស្ដារ​ស្ថានការណ៍នយោបាយ ដើម្បីឆ្លើយតបទៅនឹងការចង់បាន​របស់ម្ចាស់ជំនួយ និងប្រទេសដែលបា​នចុះហត្ថលេ​ខា​កិ​ច្ចព្រ​មព្រៀងទីក្រុងប៉ារីស។

គណៈកម្មការអ៊ឺរ៉ុបទទួលបន្ទុកផ្នែកពាណិជ្ជកម្មកាលពីខែមុន បានធ្វើការព្រមាន​​ពី​ការ​ដកប្រទេសកម្ពុជា​ចេញពី​គម្រោង​ពាណិជ្ជកម្មសេរី ហើយអះអាងថា នេះគឺជាវិធានការចុងក្រោយ ប្រសិនបើរាល់ការខិត​ខំប្រឹង​ប្រែង​របស់​ពួកគេ​លើ​បញ្ហា​សិទ្ធិមនុស្សនិងសិទ្ធិការងារ បរាជ័យមិនបានដោះស្រាយនោះ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសហភាពអឺរ៉ុប កាលពីថ្ងៃទី៥កក្កដា-១១កក្កដា ឆ្នាំ២០១៨នៅកម្ពុជា៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ