ស៊ើបអង្កេត៖ ការនាំអង្ករចេញក្រៅផ្លូវការកើនឡើង នឹងធ្វើឲ្យប៉ះពាល់កំណើនសេដ្ឋកិច្ចនិងប្រជាកសិករ

អង្ករ សែនពិដោរ

ស្រូវ ជាដំណាំដ៏មានសារៈសំខាន់ សម្រាប់ជីវិតមនុស្សនៅលើពិភពលោក។ តួយ៉ាង ប្រទេសដែល​សម្បូរដីធ្វើកសិកម្ម ដូចជាប្រទេសកម្ពុជា ភាគច្រើននៃពលរដ្ឋ គឺប្រកបរបរស្រែចំការ ដើម្បីចិញ្ចឹមជីវិត។ ការ​ធ្វើ​ស្រែ មិន​មែន​ជារឿងងាយស្រួលឡើយ តែជាសកម្មភាព ដែលធ្វើឡើងជាដំណាក់កាល ហើយ​ត្រូវ​ការ​​ពេលវេលាយូរ ដើម្បីទទួលបានលទ្ធផល។

កសិករចំណាស់ម្នាក់ បានកំពុងព្រួសគ្រាប់ស្រូវ នៅលើដី ដែលទើប​ភ្ជួរ​រាស់​ហើយ​​ថ្មីៗ​នេះ ជាមួយ​នឹង​គោ​មួយ​នឹម ដែលលោកជួលពីអ្នកភូមិក្បែរនោះ ដើម្បីជាកម្លាំងរុញទាញ សម្រួលដល់​ដំណើរការ​ធ្វើ​ស្រែ​របស់​លោក។

លោក ឈុំ សារឿន ហៅ ឌឿន គឺជាកសិករម្នាក់ ក្នុងចំណោមកសិករជាច្រើននាក់ផ្សេងទៀត រស់នៅក្នុងភូមិត្រពាំងទ្រា ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ភូមិនេះ មានពលរដ្ឋរស់​នៅ​ប្រមាណ១៣០គ្រួសារប៉ុណ្ណោះ ដែលភាគច្រើន ជាកសិករធ្វើស្រែ បន្តពី​ដូនតា​របស់ខ្លួន។

ក្នុងវ័យ៤៨ឆ្នាំ លោក ឌឿន ពុំធ្លាប់ទទួលបានការអប់រំនៅសាលារៀនឡើយ។​ លោក គ្រាន់តែដឹងថា លោក ត្រូវ​​ក្រោក​ពីព្រឹកព្រលឹម ដើម្បីភ្ជួររាស់ដីធ្វើស្រែ យកអង្ករបរិភោគ និងទុកលក់​យកប្រាក់​កម្រៃខ្លះ​ចិញ្ចឹម​ជីវភាព​សាមញ្ញ​តែប៉ុណ្ណឹង។

ប្រពន្ធលោក ឌឿន មានជម្ងឺផ្លូវសតិ។ អ្នកស្រី សឿន អាចដឹងខ្លួនម្តងៗនិង​និយាយ​បានតិចតួចណាស់។ នេះ​ជា​ហេតុនាំឲ្យប្តីអ្នកស្រី បង្ខំចិត្តដាក់​ច្រវាក់​ជើង​អ្នកស្រីពេលទុកនៅម្នាក់ឯង។

ក្នុងដំណើរដីស្មើដើររលាក់ជារឿយៗ កសិករចំណាស់នេះ តែងឆ្លៀតត្រកងចបសម្រាប់កាប់កាយរណ្តៅ ស្វែង​រកខ្យងក្តាមនិងត្រកៀកទ្រូដើរ​ចាប់ត្រីតាម​បឹងក្នុងភូមិ ដើម្បីផ្សែបផ្សុំជាមួយ​អាហារ​ប្រចាំថ្ងៃ។

ពិការជើងម្ខាងក៏ពិតមែន តែលោក ឌឿន មិនបានពិការស្មារតីនោះទេ។ ទោះក្នុងជីវភាពក្រខ្សត់​បែប​ណា​ក្តី លោក មិនធ្លាប់គិតបោះបង់របរជាកសិកម្មឡើយ ដើម្បីជីវភាពគ្រួសារ។

លោក ឌឿន តែងតែប្រមូលទុកនូវផលស្រូវល្អៗ ដាក់នៅក្នុងជម្រុកបាក់បែកប្រក់ស័ង្កសីតូចមួយនេះ ដើម្បី​ស្តុក​​ទុក​​បរិភោគនា​រដូវ​ប្រាំងនិងលក់ប្តូរជាប្រាក់កម្រៃបន្តិចបន្តួចផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។

ធ្វើដំណើរដោយម៉ូតូឌុប ចំណាយពេលយ៉ាងហោច ១៥នាទី ទើបអាចទៅដល់ទីតាំង​នៃរោងម៉ាស៊ីន​កិនស្រូវ​​មួយ​កន្លែង ដែលនៅជិតបំផុត ក្នុងភូមិមនោរម្យ ឃុំបែកចាន។

ស្រូវល្អឬហៅថា ស្រូវឆ្មាព្រុំ ដែលពលរដ្ឋតំបន់នេះយកមកលក់ត្រូវបានកំណត់តម្លៃចន្លោះពី ៧០០ ទៅ៩០០​រៀល ​តែប៉ុណ្ណោះ ក្នុង១គីឡូក្រាម អាស្រ័យទៅលើគុណភាព ដែលឈ្នួញទិញយកនោះ វាយតម្លៃ។

លោក ឌឿន តែងតែយកស្រូវកន្លះប៉ាវទៅ១ប៉ាវមកលក់នៅទីនេះ។​ ខុសពីសព្វដងដែលកម្មករ​រោង​ម៉ាស៊ីន​កិន​​ស្រូវ​នេះតែងតែបង្អាប់ពីគុណភាពស្រូវដែលលោកយកមកលក់នោះ។ ក្នុងគ្រា [ខ្ញុំ] រួចដំណើរជា​មួយ​គ្នានេះគេ​បាន​សម្រេចឲ្យតម្លៃ៩០០​រៀល​ក្នុង១គីឡូក្រាម។

ស្រូវកិនរួចជាអង្ករមានតម្លៃពី ៣៥០០រៀល ទៅ៤០០០រៀលក្នុង១គីឡូក្រាម​ឯណោះ ដែលការ​ដាក់​លក់​ចេញ​វិញ​នេះ អាចឲ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវនេះ ចំណេញរហូតដល់ទៅ៤ដងនៃតម្លៃស្រូវដើម។

លោក ឆែ អិត ម្ចាស់រោងម៉ាស៊ីនកិនស្រូវក្នុងភូមិមនោរម្យ បានឲ្យដឹងថា តម្លៃនេះ គឺលោក មិនបានលក់ចេញ​ទៅបានដេប៉ូលក់អង្ករធំៗឡើយ តែលក់ត្រលប់ទៅឲ្យកសិករវិញ។

កសិករក្នុងភូមិត្រពាំងទ្រា ឃុំបែកចាន ប្រកបរបរធ្វើស្រែ ជាតំណរតពីដូនតារបស់ខ្លួន។ ពួកគេមួយចំនួន ធ្វើ​ស្រែ​​ដោយខ្លួនឯង ដើម្បីយកផលស្រូវ ខ្លះទៀត ស៊ីឈ្នួលធ្វើស្រែលើដីទំនេរ ខណៈដែលខ្លះ សម្រេចលក់ដីស្រែ ហើយប្តូររបរផ្សេងទៀត។

លើកចបកាប់ដីយ៉ាងរហ័ស ទោះស្ថិតក្នុងអាយុជិត៦០ឆ្នាំក្តី ​អ្នកស្រី យាន់ ប៉ាត់ នៅតែមាន​ក្តី​សង្ឃឹមថា ​រដ្ឋា​ភិបាលកម្ពុជា នឹងរកទីផ្សារដល់កសិករខ្មែរ ពង្រឹងវិស័យកសិកម្មឲ្យកាន់តែរឹងមាំ។

សម្រាប់លោក សុខ គា វិញ ការលក់ស្រូវ គឺមិនអាចផ្គត់ផ្គង់ជីវភាពរបស់លោក ឲ្យបានធូធារនោះទេ ព្រោះតែ​ទីផ្សារ​បត់បែន​ ហើយស្ទើរតែគ្មានទីផ្សារសម្រាប់កសិករកម្រិតតូចតាចដូចជាលោក។

ទាំងនេះហើយ ដែលជាមូលហេតុធ្វើឲ្យយុវជនជំនាន់ក្រោយជាច្រើននាក់ នៅភូមិទ្រពាំងទ្រា មិនជ្រើស​យក​របរ​​ធ្វើ​ស្រែ​ចម្ការ ជារបរត្រីមុខនោះទេ ដោយសារទីផ្សារនៃរបរនេះ មិនអាចគ្រប់គ្រងបាន។

កាលពីអំឡុង១០ទៅ​២០​ឆ្នាំមុន កសិករខ្មែរ មានរហូតទៅដល់៨៥ភាគរយ នៃប្រជាជនសរុប តែអត្រានេះ បានថយចុះមកនៅត្រឹម៤២ភាគរយ គិតត្រឹមឆ្នាំ២០១៨នេះ។

កាល​ពីកំឡុង​ ខែសីហា ឆ្នាំ​២០១០ ក្នុងកិច្ចរួមចំណែកលើកកម្ពស់កសិកម្ម ដែលជាវិស័យស្នូលរបស់រដ្ឋ រាជ​រដ្ឋា​ភិបាល​កម្ពុជា បានប្រកាស​ចេញ​​នូវ​គោលនយោបាយនាំអង្ករចេញក្រៅប្រទេស ១លានតោនក្នុង១ឆ្នាំ ដើម្បី​លើក​​​ទឹក​ចិត្ត​កសិករបង្កបង្កើនផលក្នុងស្រុក និងនាំចេញ តែមកទល់នឹងពេលនេះ កម្ពុជា នៅមិនទាន់​ទទួល​បាន​​ជោគជ័យពីលើគោលនយោបាយនេះឡើយ។

ថ្វីបើមិនសម្រេចបានតាមការគ្រោងទុក តែតួលេខ នៃការនាំអង្ករចេញទៅក្រៅប្រទេស បានកើនឡើងពី១ ឆ្នាំ ទៅ១ឆ្នាំ បន្ទាប់​ពីរដ្ឋា​​ភិ​បាល បានបើក​អោយ​ពាណិជ្ជករនិងឈ្មួញកណ្តាលមួយចំនួន ធ្វើការនាំអង្ករ ចេញក្រៅផ្លូវការនៅតាម​ច្រក​ព្រំដែន ដើម្បីទប់ស្កាត់បញ្ហាកកស្ទះចរាចរនាំចេញនិងខូចគុណភាព។

លោក ហ៊ាន វណ្ណហន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​ក្រសួង​កសិកម្ម​ បានអះអាងថា ​ដោយសារ​ការ​​នាំ​ចេញ​ផ្លូវការ​បាន​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ វា​បាន​ផ្តល់​ឱកាស​ដល់​ការ​នាំ​ចេញ​អង្ករ​មិន​ផ្លូវការ​។

​សមត្ថភាព​ផលិត​អង្ករ​របស់​ក្រុមហ៊ុន​កែច្នៃ​អង្ករ មិន​អាច​​ប្រមូល​ទិញ​ពី​កសិករ​បាន ដូច្នេះ​អង្ករ​ និង​ស្រូវ​របស់​យើង​ត្រូវ​លក់​ទៅ​ឲ្យ​ក្រុម​ឈ្មួញ​តាម​ព្រំដែន ដោយសារ​កង្វះ​ហិរញ្ញវត្ថុ ការ​រក្សា​ទុក ​និង​ឃ្លាំង​ស្តុក​ស្រូវ

លោក ហ៊ាន វណ្ណហន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​ក្រសួង​កសិកម្ម​

បែបណាក្តី រដ្ឋាភិបាល មិនមានវិធានការទប់ស្កាត់ចំពោះលំហូរអង្ករចេញក្រៅផ្លូវការនោះទេ លោកថា ទោះ​បីជាដឹង​ថា​ ​មិន​ចំណេញ​ដល់​​រដ្ឋក្តី​ តែ​រដ្ឋាភិបាល ​មិន​អាច​រារាំង​​ការ​នាំ​ចេញ​អង្ករ​មិន​ផ្លូវការ​​នេះ​ឡើយ ​ដោយសារ​​វា ​នឹង​ប៉ះពាល់​ដល់​កសិករ​ខ្មែរ​។

យោង​តាម​ទិន្នន័យ ​ដែល​ទទួល​​បាន​ពី​ក្រសួង​កសិកម្ម​កម្ពុជា ​មាន​ផល​ស្រូវ​លើស​៥លាន​តោន តែ​ជាក់​ស្តែង​កម្ពុជា ​ពុំ​មាន​សមត្ថភាព​រក្សា​ទុក​ផល​ស្រូវ​លើស​នេះ​បានឡើយ ដោយសារតែកង្វះឡសម្ងួត និងឃ្លាំងស្តុក។

តែការនាំចេញក្រៅផ្លូវការ ពិបាកនឹងគ្រប់គ្រង ដោយសារតែកម្ពុជា មានប៉ុស្តិ៍ត្រួតពិនិត្យនិងនាំ​ចេញ​ច្រើន​។ នេះជាការលើកឡើងរបស់លោក ហ៊ុន ឡាក់ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។

បែបនេះក្តី លោក ហ៊ុន ឡាក់ យល់ថា ការនាំចេញក្រៅផ្លូវការ គឺជាកត្តាវិជ្ជមានមួយចំពោះកសិករ ដោយ​សារ​ពួក​គេ អាចទទួលបានប្រាក់ចំណូល សម្រាប់ការដាំដុះស្រូវលើកក្រោយទៀត។ តែប្រតិបត្តិការក្រៅ​ផ្លូវការនេះ នឹងធ្វើឲ្យកម្ពុជា ពិបាកក្នុងការសម្រេចបានគោលដៅនាំចេញ ១លានតោន ក្នុង១ឆ្នាំ ស្របតាមគោលដៅ​របស់​រាជ​រដ្ឋា​ភិបាល។

នៅឆ្នាំ២០១៧ ការ​នាំ​ចេញ​អង្ករ​ក្រៅ​ផ្លូវការ ​ឆ្លងកាត់​តាម​ព្រំដែន​ ​បរិមាណជាង ​៦៣ម៉ឺនតោន​ ដែលនេះជា​តួលេខ​របស់​​លេខាធិការដ្ឋាន​សេវា​ច្រក​ចេញ​ចូល​តែ​មួយ​សម្រាប់​​ការ​នាំ​ចេញ​អង្ករ ខណៈដែលអង្គការ​ស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) ក្នុងរយៈពេលដូចគ្នា បានរកឃើញ អង្ករ​កម្ពុជា ​សរុប​ដែល​នាំ​ចេញ​​ក្រៅ​ផ្លូវ​ការ មានចំនួនដល់ទៅ ៦៥​ម៉ឺន​តោន​ ។

តាមការព្យាករណ៍របស់ FAO សម្រាប់ឆ្នាំ ២០១៨នេះ ​ការ​នាំ​ចេញ​មិន​ផ្លូវ​ការ​សរុប​​ឆ្លង​កាត់​តាម​ព្រំដែន​ នឹង​មាន​​​បរិមាណ​ ៦០ ម៉ឺនតោន ខណៈ​ការ​នាំ​ចេញ​ផ្លូវការ​ នឹង​កើនឡើង​ដល់​ ៧៥ ​ម៉ឺន​តោន​ហើយកម្ពុជា នៅតែ​មិន​​អាចសម្រេចគោលនយោបាយ​នាំចេញ១លាន​តោន​ក្នុង១ឆ្នាំ​ឡើយ។

បើផ្អែកតាមរបាយការណ៍ នាំចេញអង្ករទំាងផ្លូវការ និងក្រៅផ្លូវការ ពិតជាគ្រប់១លានតោន ពោល គឺគ្រប់តាំងពីឆ្នាំ២០១៤ និង២០១៥មកម៉្លេះ។ ប៉ុន្តែបើផ្អែកតាមការនាំចេញអង្ករតាមច្រកផ្លូវការ គឺមិនគ្រប់​តាម​ផែនការឡើយ ពោលគឺអាចបានត្រឹមតែជាង ៦០ម៉ឺនតោនប៉ុណ្ណោះ។ នេះ ជាការលើកឡើង​របស់​លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru ដែលជាក្រុមហ៊ុនធំជាងគេទី២ នៅក្នុងប្រទេសកម្ពុជា។

លោក សុង សារ៉ន បានបន្តទៀតថា ការពង្រឹងការនាំចេញអង្ករ ឱ្យបាន១លានតោន គឺពុំមែនជាផែនការ​ល្អឡើយ ប៉ុន្តែរាជរដ្ឋាភិបាលគួរ តែពង្រឹងយុទ្ធសាស្រ្តនាំចេញអង្ករឱ្យបានច្រើន ដោយមានផល​ចំណេញ​ខ្ពស់ ស្របពេលដែលទីផ្សារនាំចេញអង្ករធំៗរបស់កម្ពុជាមានតែ២គោលដៅប៉ុណ្ណោះ គឺប្រទេសចិន និង​សហភាពអឺរ៉ុប ដោយសារតែតម្លៃអង្ករកម្ពុជា ពុំអាចប្រកួតប្រជែងបានជាមួយនឹងប្រទេសជិតខាង។

តាមរបាយការណ៍ បច្ចុប្បន្ន កម្ពុជា បាននាំចេញអង្ករទៅ៦០ប្រទេស ក្នុងនោះ គោលដៅសភាពអឺរ៉ុបជាង​២៦ប្រទេស គោលដៅអាស៊ាន ៤ប្រទេស និងប្រទេសក្នុងតំបន់អាស៊ីមួយចំនួនទៀត ហើយប្រទេសចិន បានឈរលំដាប់ថ្នាក់លេខ១ ខណៈបារំាងលេខ២ ប៉ូឡូញលេខ៣ អង់គ្លេស៤ និងប្រទេសនូវែលសេឡង់​លេខ៥។

បែបណាក្តី អ្នកជំនាញផ្នែកសេដ្ឋកិច្ច បានព្រមានថា ការនាំចេញក្រៅផ្លូវការច្រើនលើសលប់ថា នឹងធ្វើឲ្យ​ខូច​ខាត​​ដល់កំណើនសេដ្ឋកិច្ចផងដែរ។

លោក ង៉ែត ជូ ទីប្រឹក្សាជាន់ខ្ពស់ក្រុមហ៊ុន Emerging Markets បាននិយាយថា រដ្ឋាភិបាល គួរតែ​ចាត់​វិធានការ​​ដើម្បីកាត់បន្ថយការនាំចេញក្រៅផ្លូវការនេះ ព្រោះការនាំចេញក្រៅផ្លូវការធំជាងនាំចេញផ្លូវការ នឹង​ធ្វើ​ឲ្យ​កម្ពុជា​ បាត់បង់អត្ថប្រយោជន៍ដូចជាចំណូលពីការនាំចេញ ឱកាសការងារតម្លៃបន្ថែម កេរ្តិ៍ឈ្មោះ​ទីផ្សារ និង​ឱកាស​ជាមួយអ្នកបញ្ជាទិញចុងក្រោយ។

បើ​ពិនិត្យ​ឱ្យ​លម្អិត​បន្តិច គេ​នឹង​រកឃើញថា កសិករ​ខ្មែរ​មួយចំនួន មាន​ដីស្រែ​តិចតួច​ពេក ឯការ​ធ្វើស្រែចម្ការ ក៏​ចំណាយ​កម្លាំង​ច្រើន ពេល​ច្រើន ទុន​ច្រើន ឯ​ផល​ដែល​ពួកគេ​ទទួលបាន​វិញ មាន​ចំនួន​តិច ​មិន​សមាមាត្រ​នឹង​ការចំណាយ​ដើមទុន កម្លាំងកាយ និងពេលវេលា​ឡើយ។ ចំណែកឯ​ទីផ្សារ​កសិផល​វិញ ក៏​គ្មាន​លំនឹង និង គ្មាន​ភាពច្បាស់លាស់​ផងដែរ តម្លៃ​ឡើង​ចុះតាម​ទំនើងចិត្ត​របស់​ឈ្មួញ​តែប៉ុណ្ណោះ។​

លើសពីនេះ​ទៀត កង្វះ​ប្រព័ន្ធធារាសាស្ត្រ​ដែល​ចាប់បង្ខំ​ឱ្យ​ប្រជាកសិករ​ខ្មែរ​ធ្វើស្រែ​ពឹង​មេឃ បែប​យថាផល កង្វះ​បច្ចេកទេស​កសិកម្ម​បែប​ទំនើប​ កង្វះ​ការយកចិត្តទុកដាក់​ពីរ​ដ្ឋ និងកង្វះ​ការឱ្យ​តម្លៃ​ពី​សង្គម ក៏​រួមចំណែក​ធ្វើឱ្យ​ចំនួន​កសិករ ឬ របរ​កសិកម្មរ​ថយ​ចុះ​ដែរ​។

ទោះក្នុងកាលៈទេសៈបែបណាក្តី កសិករចំណាស់ ដូចជាលោក ឌឿន នៅតែមានសង្ឃឹមថា រដ្ឋាភិបាល នឹងរក​ដំណោះ​ស្រាយលើកកម្ពស់ជីវភាពកសិករតូចតាចដូចជារូបលោក។ លោក មិនបានបន្ទោស លើ​វាសនា​​​របស់​ខ្លួន​​ឡើយ ហើយរិតតែមិនគិតបោះបង់ការងារកសិកម្មនោះដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ