កម្ពុជា-ចិន​ ចុះ​កិច្ច​ព្រម​ព្រៀងលើ​ការ​​នាំ​ចេញ «ផ្លែចេក»

ពិធីចុះហត្ថលេខាលើពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេកកម្ពុជាទៅកាន់ប្រទេសចិន នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (អាគារផ្ការរំដួល) ថ្ងៃទី ២ សីហា ២០១៨ (រូបភាព៖ ហ្វេសប៊ុក ក្រសួងកសិកម្ម)

ប្រទេស​កម្ពុជា​ ចិន​ ចុះកិច្ច​ព្រម​ពៀង​ជាមួយកម្ពុជាដើម្បីបើក​ផ្លូវ​ឲ្យមាន​​​ការ​នាំ​ចេញ​ចេក​ពី​កម្ពុជា​ចូល​ទីផ្សារ​ប្រទេស​ចិន។

យោង​តាម​ទំព័រ​ហ្វេស​បុក​របស់​ក្រសួង​កសិកម្ម​ឲ្យ​ដឹង​ថា​ការ​ចុះ​កិច្ច​ព្រម​ពៀង​នោះ​គឺ​ធ្វើ​ឡើង​កាល​ពី​ម្សិល​មិញ​រវាង​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្មលោក វេង សាខុន និង​ឯក​អគ្គ​រដ្ឋទូត​ចិន​ប្រចាំ​កម្ពុជាលោក Xiong Bo បន្ទាប់​ពី​​បាន​ចរចាររវាង​ភាគី​ទាំង​ពី​តាំង​ពីឆ្នាំ​២០​១៤មក​ម្លេះ។

ការចុះពិធីសារនាថ្ងៃនេះ គឺជាការឆ្លើយតបរបស់ភាគីចិន តាមសំណើរបស់ភាគីកម្ពុជា តាមរយៈ​ក្រុម​ការងារ​នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានចាប់ផ្តើមចរចាទីផ្សារជាមួយភាគីចិនឡើងវិញ តាមរយៈ​ការ​រៀប​ចំផែនការការងារសម្រាប់រៀបចំពិធីសារនាំចេញផ្លែចេកកម្ពុជាទៅកាន់ប្រទេសចិន និងបានឯកភាពគ្នាលើសេចក្តីព្រាង កាល​ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៤ កន្លងទៅនៅសហភាពមីយ៉ាន់ម៉ា

ក្រសួង​កសិកម្មកម្ពុជា

អគ្គនាយក​នៃ​អគ្គ​នាយក​ដ្ឋាន​កសិកម្ម​​លោក ហ៊ាន វណ្ណហន មាន​ប្រសាសន៍ថាលក្ខខណ្ឌ​ដែល​ចិន​តម្រូវ​សម្រាប់​ការ​នាំ​ចេញ​នោះ​គឺ​ផ្តោត​ទៅលើ​ចេក​ដែល​គ្មាន​បន្សំ​នូវ​ផលិតផល​ដែល​ធ្វើ​ឲ្យ​ខូច​សុខ​ភាពអ្នក​បរិភោគ​ និងត្រូវ​គ្មាន​សមាសភាព​ចង្រៃ​៨​មុខ​ដែល​កំណត់​ដោយ​ប្រទេស​ចិន។

អ្វី​ដែល​គាត់​ដាក់​ហ្នឹង​គឺ​ដើម្បីការ​ពារ​សុខភាព​របស់​ប្រជា​ជន​ចិន ក៏​ដូចជា​ការ​ពារ​​ការ​ចំលងសមាភាព​ចង្រៃ​មាន​រុយ​ផ្លៃ​ឈើ មាន​ជំងឺ​ចេក​ដែល​ជា​ជំងឺ​ដែល​នៅប្រទេស​ចិន​មិន​ទាន់​មាន​ហ្នឹង​គឺ​ដើម្បី​ការ​ពារ​ផលិត​ផល​កសិកម្ម​របស់​ប្រទេស​ចិន

អគ្គនាយក​នៃ​អគ្គ​នាយក​ដ្ឋាន​កសិកម្ម​​លោក ហ៊ាន វណ្ណហន

លោក​បាន​បន្តថា តាម​រយៈ​កិច្ច​ព្រម​ព្រៀង​នេះក្រសួង​កសិកម្ម​នឹង​ជំរុញ​ឲ្យ​មាន​ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​ឲ្យ​បាន​មុន​ដំណាច់​ឆ្នាំ​២០១៨នេះ ខណៈ​លោក​ស្នើ​ឲ្យ​មាន​ការ​ចូល​រួម​ពី​វិស័យ​ឯក​ជន​ផងដែរដើម្បី​ឲ្យ​ការ​នាំ​ចេញ​នេះខ្លាំង​ក្លា និង​ធានាបាន​នូវ​គុណភាព​​។

ពាក្យ​ថា​រដ្ឋ​មិន​រក​ទីផ្សារៗ តែ​ទី​ផ្សារ​គឺ​មាន​ហើយ! ក៏​ប៉ុន្តែ​លក់​​កើតមិន​កើតវា​អាស្រ័យ​ទៅលើ​ការ​រៀប​ចំខ្លួន រៀប​ចំដើម្បីឲ្យ​ផលិត​ផល​យើង​មាន​គុណភាព​ហ្នឹងស្រប​តាម​លក្ខខណ្ឌ​តម្រូវ​​ដែរ​ឬ​អត់? ទី​ពីរ​តើ​យើង​បុក​បញ្ជូល​ទៅ​ក្នុង​ទី​ផ្សារគេដែល​ក្នុង​ប្រទេស​នោះ​គេ​មាន​អ្នក​លក់​ហើយ​ ពី​ហ្វី​លី​ពីន ពីថៃ តើ​តម្លៃ​របស់​យើង​ទៅ​ប្រជែង​ជាមួយ​គេ​បាន​ឬអត់

អគ្គនាយក​នៃ​អគ្គ​នាយក​ដ្ឋាន​កសិកម្ម​​លោក ហ៊ាន វណ្ណហន

បច្ចុប្បន្ន​នៅ​កម្ពុជា​មាន​កសិដ្ឋានធំៗ​ចំនួន​៣​ដែល​មាន​ក្នុង​ខេត្ត​រតនគិរី ក្រចេះ និង​កំពត ដែល​មាន​ផ្ទៃ​ដីសរុប​ជិត​៥ពាន់​ហិកតាសម្រាប់​​ដាំចេក​នាំ​ចេញ​ទៅ​កាន់​ប្រទេស​វៀត​ណាម​។

បើ​តាម​ក្រសួង​កសិកម្ម​ផលិត​ផល​ចេក​គឺ​ជា​ផលិត​ផល​ទី​៣​ហើយ​ដែល​កម្ពុជា​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​បន្ទាប់​​ពីផលិត​ផល​ស្រូវ និង​ដំឡូង​មី។

ក្នុងឆ្នាំ២០១៧ ផលិតផលកសិកម្មកម្ពុជាបាននាំចេញទៅកាន់ប្រទេសចិនមានអង្ករជិត ២០០ពាន់តោន ផលិត​ផល​ដំឡូ​ង​មី​ក្រៀម​ និងម្សៅសរុបចំនួនជាង ៥៨ពាន់តោន កៅស៊ូមានចំនួន ៣.៣៤០តោន ស្ករអំពៅមានចំនួន ១៤.៩៤០តោន និង​ផលិត​ផល​កសិកម្មមួយចំនួនទៀត៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ