លោក​ សម​ រង្ស៊ី​ រំឭក​ពី​ឥទ្ធិពលចិន​នៅសម័យ​ខ្មែរ​ក្រហម​ ខណៈ​ចិន​បន្ត​គាំទ្រ​ លោក​ ហ៊ុន​ សែន​

(រូបឆ្វេង) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី មេដឹកនាំអតីត​បក្សប្រឆាំង​នៅកម្ពុជា (រូបស្តាំ)

អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី រំឭកឲ្យប្រុងប្រយ័ត្នពីឥទ្ធិពលចិន ខណៈ​ម​ហា​​អំណាចកុម្មុយនីស្តមួយនេះ ប្រកាស​ទ​ទួ​​​ល​​ស្គាល់ការឈ្នះឆ្នោតដ៏ចម្រូងចម្រាសដែលធ្វើឡើងកាលពីថ្ងៃអាទិត្យកន្លងទៅ។

ក្រោយបោះឆ្នោតមួយថ្ងៃ គ.ជ.ប បានចេញរបាយការណ៍បឋម បង្ហាញថា គណបក្សប្រជាជនកម្ពុជា បាននាំមុខគេ ក្នុងចំ​ណោ​មគណបក្សចំនួន១៩ ដែលបានចូលរួមប្រកួត។

លទ្ធផលបឋមនេះ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន បានធ្វើ​សន្និសិទនៅទីក្រុងបេកាំង ប្រកាសទទួលស្គាល់ជ័យជម្នះនេះ ដោ​យ​​​លើកឡើងថា ប្រទេស​ចិន​សូម​អបអរ ​​បក្ស​ប្រជាជន​កម្ពុជា ដែលដឹក​នាំដោយ​លោក​ប្រធាន ហ៊ុន សែន ដែល​បាន​ឈ្នះ​ការ​បោះ​ឆ្នោ​ត​នេះ។​

ជាងនេះទៅទៀតរដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក វ៉ាង យី កាលពីថ្ងៃទី២ខែសីហា ប្រាប់សារព័ត៌មានអន្តរជាតិ នៅកិច្ចប្រជុំរដ្ឋ​មន្រ្តី​ការអា​​ស៊ាន នៅប្រទេសសឹង្ហបុរី បានង្ហាញជំហេ កុំឲ្យសហគមន៍អន្តរជាតិលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

លោក សម រង្ស៊ី បានថ្លែងតាមវីដេអូឃ្លីប ហៅជ័យជម្នះដែលគណបក្សប្រជាជនកម្ពុជាទទួលបាននេះថា ជាជ័​យជម្នះក្លែ​ង​ក្លា​យ​​ និង​បានរំឭកថា របបខ្មែរក្រហមដែលគាំទ្រដោយប្រទេសចិននោះ បានសម្លាប់ពលរដ្ឋស្លូ​តត្រង់អស់​រាប់លា​ននាក់។

អតីតមេដឹកនាំបក្សប្រឆាំងរូបនេះ ថ្លែងទៀតថា ការប្រកាស​គាំ​ទ្ររប​ស់​​​ម​ហាអំ​ណា​​ចកុម្មុយនីស្តចិននៅពេលនេះ អាចនឹងរុ​ញក​ម្ពុជា​ឲ្យវិ​លទៅរករបបផ្តាច់ការដូចពីអតីតកាល ។

ជំហរដូចចិនកាលពីសម័យ ប៉ុល ពត អញ្ចឹង ។ឲ្យ ប៉ុល ពត សម្លាប់ខ្មែររាប់លាននាក់ទៅ កុំឲ្យនរណាមកលូកដៃ ទាល់​តែ ​ប៉ុល ពត សម្លាប់ខ្មែរអស់ពីទឹកដីកម្ពុជាទៅ បានចិនសប្បាយចិត្ត។ ឥឡូវ ហ៊ុន​ សែន សម្លាប់ប្រជា​ធិបតេយ្យ​ចិនថា​កុំលូ​ក​ដៃ​

អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី

ប៉ុន្តែមេដឹកនាំបក្សកាន់អំណាចនិងជាអនាគតនាយករដ្ឋមន្ត្រីនៅអាណត្តិថ្មីនេះទៀតនោះ លោក ហ៊ុន  សែន ក្នុងពិធីជួ​បកម្មករ​កាល​ពីម្សិ​ល​មិញ បានអះអាងថា ការបោះឆ្នោតពេលនេះ សេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយបានក្រើនរំឭក​មន្ត្រី ឲ្យបង្កើតការ​យក​ចិត្ត​ទុ​កដាក់ ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដោយចាត់ខ្លួនជាអ្នកបម្រើពលរដ្ឋ តាមគោលកា​រណ៍ប្រជាធិបតេយ្យ។

ឥឡូវនេះ វាបានច្បាស់ហើយថា អនាគតនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលថ្មីអាណត្តិទី៦នៅតែ ហ៊ុន សែន ដដែលទេ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

អ្នកជំនាញគោលនយោបាយនិងកិច្ចការពិភពលោលក​ លោក បណ្ឌិត​ អៀ សុផល លើកឡើងថា ​ទំនាក់ទំនង​ដែល​កម្ពុជាមាន​ជាមួយចិនក្នុងរយៈពេល​៦០​ឆ្នាំ​​មក​នេះ​ បានផ្ដល់​ទាំង​រឿងល្អ​និងរឿងជូរចត់​សម្រាប់កម្ពុជា។

សាស្រ្តាចារ្យរូបនេះបន្ថែម​ថា វា​​ប្រាកដណាស់ដែល​​ចិន​ពិតជាបាន​ជួយកម្ពុជាក្នុងការ​កសាង​ហេដ្ឋារចនា​សម្ព័ន​នានា និង​ផ្តល់​ប្រា​ក់​ក​ម្ចី ប៉ុន្តែលោកក៏បង្ហាញក្តីព្រួយបារម្ភផងដែរ​ថា ប្រាក់កម្ចី និងជំនួយពីចិនច្រើនលើ​សលុប​ លោកថាអា​ច​ជា​គ្រោះថ្នាក់​សម្រាប់​ក​ម្ពុ​ជា​។

កម្ពុជានិងចិនបាន​ភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាជាផ្លូវការនៅ ​នៅថ្ងៃទី១៩ ខែកក្កដា​ ឆ្នាំ១៩៥៨ ក្នុងសម័យសង្គមរាស្រ្ត​និយម​​​ដែល​ដឹកនាំដោយ​ព្រះ​បរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ