រដ្ឋាភិបាលកម្ពុជាបានបញ្ជាឲ្យមន្រ្តីរបស់ខ្លួនគ្រប់រាជធានី ខេត្តដាក់ឲ្យដំណើរការបន្ថែមនូវអង្គភាពច្រកចេញចូលតែមួយ ដោយថាដើម្បីធានានិរន្តរភាពផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបានល្អ។
នេះបើតាមលិខិតមួយរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី ០២ ខែ សីហា ផ្ញើទៅកាន់អភិបាលនៃគណៈអភិ បាលរាជធានី ខេត្ត ស្ដីពី ការណែនាំបន្ថែមអំពីការដាក់ឲ្យដំណើរការអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ។
ក្នុងលិខិតដដែលនោះក្រសួងមហាផ្ទៃបន្តថា រដ្ឋបាលរាជធានី ខេត្ត ដែលមិនទាន់បានរៀបចំទីតាំង និងបំពាក់សម្ភារ សម្រាប់ដំណើរការអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ត្រូវពន្លឿនសហការណែនាំដល់មន្ទីរ និងស្ថាប័នពាក់ព័ន្ធធ្វើការមួយចំនួនដែលមានប្រភេទសេវាផ្តល់ដោយប្រព័ន្ធស្វ័យប្រវត្តិកម្ម ឬប្រភេទសេវាដែលមានលក្ខណៈស្មុគស្មាញ ដែលមិនអាចផ្ទេរមកផ្តល់សេវាទាំងនោះជាបណ្តោះអាសន្ន ក្នុងគោលបំណងធានានិរន្តរភាពនៃការផ្តល់សេវាផង និងធានាឲ្យមានការចាប់ផ្តើមដំណើរការផ្តល់សេវានៅអង្គភាពច្រកចេញចូលតែមួយផង។
ផ្ទុយទៅវិញ បើពុំអាចកំណត់នូវរបៀបនៃការផ្តល់សេវាទាំងនោះបានទេ រដ្ឋបាលរាជធានី ខេត្តអាចអនុញាតឲ្យមន្ទីរ និងអង្គភាពជំនាញបន្តផ្តល់សេវាទាំងនោះនៅតាមមន្ទីរ និងអង្គភាពជំនាញជាបណ្តោះអាសន្នសិន និងត្រូវខិតខំសម្របសម្រួល ដើម្បីផ្ទេរការផ្តល់សេវាទាំងនោះមកអង្គភាពច្រកចេញចូលតែមួយឲ្យបានឆាប់បំផុត។
លើសពីនេះទៀត ក្រសួងមហាផ្ទៃអះអាងថា នឹងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យ និងកែសម្រួលប្រព័ន្ធស្វ័យប្រវត្តិកម្មសម្រាប់ការផ្តល់សេវា និងគំរូអាជ្ញាប័ណ្ណ ឬប័ណ្ណអនុញាតមួយចំនួនដែលគ្រប់គ្រងដោយក្រសួង ស្ថាប័នទាំងនោះ ដើម្បីផ្ទេរការផ្តល់សេវាទាំងស្រុងមកឲ្យអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ឲ្យបានឆាប់ផងដែរ៕