អាជ្ញាធរនិងសង្គមស៊ីវិលអះអាងផ្សេងគ្នា ករណីឈូសឆាយ​ទន្ទ្រាន​យក​ដីព្រៃនៅ​ខេត្តមណ្ឌលគិរី

លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី (រូបភាព៖ ហ្វេសប៊ុក មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី)

អាជ្ញាធរនិងសង្គមស៊ីវិលអះអាងផ្សេងគ្នា ពាក់ព័ន្ធនឹងការឈូសឆាយ​ទន្ទ្រាន​យក​ដីព្រៃនៅចន្លោះ​តំបន់​របៀង​ដែនជម្រក​សត្វព្រៃ​ភ្នំ​ព្រេច និង​ព្រៃ​ការពារ​ស្ថិត​ក្នុងភូមិរវៈ ​​ឃុំ​​រយ៉ ស្រុក​កោះញែក ខេត្តមណ្ឌលគិរី។

អភិបាលខេត្តមណ្ឌលគិរីលោក ស្វាយ សំអ៊ាង ប្រាប់វីអូឌីនៅថ្ងៃនេះថា  មុនពេលបោះឆ្នោតមានជនខិលខូច និងប្រជាពលរដ្ឋមួយចំនួនបានចូលទៅឈូសឆាយទន្ទ្រាន​យក​ដីព្រៃនៅចន្លោះ​តំបន់​របៀង​ដែនជម្រក​សត្វព្រៃ​ភ្នំ​ព្រេច និង​ព្រៃ​ការពារ​ ដើម្បីពង្រីកដីធ្វើស្រែនិងដាំស្វាយចន្ទី ។ លោកបន្តថា ដីនិងព្រៃដែលត្រូវក្រុមប្រជាពលរដ្ឋ និងឈ្នួញឈូសឆាយនោះមានទំហំជាង ១០០ ហិកតា។

«គាត់ប្រមែប្រមូលទិញដីពីប្រជាពលរដ្ឋទៅ របៀបថាគាត់ប្រមូលទិញដីម្នាក់ ២ ទៅ ៣ ហិកតាគាត់ទៅធ្វើការឈូសឆាយដាំដុះរឿងអញ្ចឹង។​ ប៉ុន្តែនៅពេលដែលយើងទទួលបានព័ត៌មាន ចាត់មន្ត្រីទៅគឺយើងបានធ្វើការហាមឃាត់ហើយមិនអាចឲ្យមានការឈូសឆាយទៀតទេ។ ឥឡូវនេះ មន្ត្រីកំពុងចុះធ្វើការងារនេះដើម្បីធ្វើការស្រាវជ្រាវសួរនាំធ្វើម៉េចឲ្យដឹងច្បាស់​ ហើយបើសិនដីឈូសគ្មានហេតុផលទេ អាហ្នឹងយើងអាចមានវិធានការត្រូវដក ត្រូវហូតអី​យើងមានវិធានការ ប៉ុន្តែតាមរបាយការណ៍គឺមួយផ្នែកប្រជាពលរដ្ឋពង្រីកក្បាលដី ដាំដុះ

អភិបាលខេត្តមណ្ឌលគិរីលោក ស្វាយ សំអៀង

ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីលោក កែវ សុភគ៌ លើកឡើងថា អ្នកដែលចូលទៅឈូសឆាយទន្ទ្រានដីព្រៃនៅចន្លោះ​តំបន់​របៀង​ដែនជម្រក​សត្វព្រៃ​ភ្នំ​ព្រេច និង​ព្រៃ​ការពារ ​កន្លងមកនេះ  មិនមែនជាក្រុមឈ្នួល ឬក្រុមហ៊ុននោះទេប៉ុន្តែលោកថា  ប្រជាពលរដ្ឋជាអ្នកឈូស ដើម្បីយកដីធ្វើស្រែ។

ការធ្វើស្រែបានផលតិចឬមួយជីវភាពគាត់មិនអាចពឹងផ្អែកទៅលើស្រែហ្នឹង។ គាត់នាំគ្នាពង្រីកដីដើម្បីស្វាយចន្ទីបន្ថែម ដើម្បីពង្រឹងមុខរបបថែមទៀតអញ្ចឹង។អាហ្នឹងជំនាញនឹងធ្វើការទៀត ធ្វើការណែនាំឲ្យបញ្ឈប់នឹងធ្វើការដកហូតទាំងគ្រឿងចក្រ និងចោទប្រកាន់

ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីលោក អ៊ុំ សុវណ្ណសុភ័គ

មន្ត្រី​សម្របសម្រួល​សមាគម ADHOC ប្រចាំ​ខេត្ត​មណ្ឌលគិរី​លោក អៀង ម៉េងលី មានប្រសាសន៍ថា លោក​កំពុងចុះទៅធ្វើការស៊ើបអង្កេតចំពោះរឿងនេះ។ ប៉ុន្តែលោកថា ការកាប់ទន្ទ្រានដីព្រៃកន្លងមកភាគច្រើនជាក្រុមហ៊ុនអ្នកមានអំណាច មិនមែនប្រជាពលរដ្ឋនោះទេ។

ជាទូទៅមានករណីនេះកើតឡើង ភាគច្រើនគឺប្រជាពលរដ្ឋ ត្រូវបានគេជួល មានក្រុមហ៊ុនដែលមានលុយ ដែលមានអំណាច មានទឹកប្រាក់ហ្នឹងគឺគាត់ជួលកម្មករហ្នឹង ហើយខ្ញុំមិនជឿថាប្រជាពលរដ្ឋគាត់មានលទ្ធភាពទៅជួលឆាយរហូតដល់រាប់រយហិកតាទេ​។ បើករណីហ្នឹង កើតមានគឺវាមានពាក់ព័ន្ធទៅនឹងអ្នកមានអំណាចមានទឹកលុយ ហើយមានការឃុបឃិតគ្នា

មន្ត្រី​សម្របសម្រួល​សមាគម ADHOC ប្រចាំ​ខេត្ត​មណ្ឌលគិរី​លោក អៀង ម៉េងលី

មន្ត្រីសមាគមអាដហុករូបនេះ ក៏បាន​ស្នើទៅអាជ្ញាធរ​ឲ្យធ្វើការស៊ើបអង្កេតចំពោះករណីនេះឲ្យច្បាស់លាស់ ដោយសាររកាប់បំផ្លាញនិងការទន្ទា្រនដីព្រៃកន្លងមកភាគច្រើនជាក្រុមហ៊ុន៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ