លោក ហ៊ុន សែន ​ថាហ៊ាន​ស្បថឲ្យស្លាប់​បើតួលេខ​អ្នកចេញ​ទៅបោះឆ្នោតមានការក្លែងបន្លំ​

លោក ហ៊ុន សែន ជួបសំណេះសំណាលជាមួយ អត្តពលិក កីឡាករ កីឡាការិនី គ្រូបង្វឹករួមទាំងប្រតិភូកីឡា ជាង៧០នាក់ នៅវិមានសន្តិភាព ថ្ងៃទី ០៦ សីហា ២០១៨ (រូបភាព៖ FN)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា​លោកហ៊ានស្បថឲ្យស្លាប់​ ប្រសិនបើ​ដូចការចោទប្រកាន់របស់ក្រុមអតីតបក្ស​មួយចំនួន​​ដែលថាចំនួន​​អ្នកទៅបោះឆ្នោតអាណត្តិនេះមាន​ការក្លែងបន្លំ។​

លោក ហ៊ុន សែន​ បានថ្លែងបែបនេះក្នុង​ពិធីសំណេះសំណាលជាមួយ កីឡាករ កីឡាការិនី និងគ្រូបង្វឹ​ក ដើម្បីត្រៀមទៅប្រកួតកីឡាអាស៊ីនៅប្រទេសឥណ្ឌូនេស៊ីនៅព្រឹកនេះ។​

ខ្ញុំសុំស្បថមុនអ្នកឯងឲ្យខ្ញុំស្លាប់ដោយគ្មានដីកប់ ស្លាប់តៃហោងប្រសិនបើមានរឿងដូចអ្នកឯងចោទ។​ ប៉ុន្តែបើអ្នកឯងមិនហ៊ានស្បថដូចតាម​រយៈបង្ហោះហ្វេសប៊ុក ឬក៏អ្នកឯងសរសេរក្តី និយាយក្តី ហើយស្បថដូចដែលខ្ញុំកំពុងផ្សាយបន្តផ្ទាល់អ្នកឯងកំពុងមើល[…]ឲ្យងាប់គ្រប់ប្រភេទ តាំងពីធ្លាក់ពីលើខ្នើយដាច់សសៃកក៏ងាប់ដែរ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

លោកថ្លែងបែបនេះទំនងជាឆ្លើយតបទៅអតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី ដែលបានសរសេរលើហ្វេសប៊ុក​កាលពីថ្ងៃទី៣ ខែសីហានេះថា អត្រាអ្នកចូលរួមបោះឆ្នោត តិចជាង ៥០ ភាគរយ មិនមែន ៨២ ភាគរយ ដូច     គ.ជ.ប. ភូតកុហកទេ។

នាយកប្រតិបត្តិអង្គការ​ណិចហ្វិច លោក សំ គន្ធាមី មានប្រសាសន៍ថា អ្នកនយោបាយនៅតែប្រើប្រាស់វប្បធម៌សន្ទនាគ្នា រៀប​ចំប្រព័ន្ធគ្រប់គ្រងប្រទេសឲ្យល្អ ដើម្បីកុំឲ្យបរទេសផ្តាច់ជំនួយពីកម្ពុជា។

ថ្នាក់ដឹកនាំរកដំណោះស្រាយ​ ដើម្បី​កុំឲ្យគេ[សហភាពអឺរ៉ុប និងអាមេរិក]ផ្តាច់ជំនួយថ្ងៃក្រោយ​ យើងត្រូវ​តែធ្វើវិធីហ្នឹង។​ អាឡៃតែភ្នាល់គ្នារឿង​​ស្បថចំនួនអ្នកទៅបោះឆ្នោត​ ហើយស្លាប់រៀង​ខ្លួនវាទៅមិនកើត

នាយកប្រតិបត្តិអង្គការ​ណិចហ្វិច លោក សំ គន្ធាមី

ប្រធានក្រុមអ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ វិភាគថា អ្នកនយោបាយ​វាយប្រហារពាក្យសម្តីអសីលធម៌ដាក់គ្នាបែបនេះនឹង​ធ្វើឲ្យខាតប្រយោជន៍​ជាតិ និងប្រជាជន​​។

បើសិនជាដៀម​ដាមគ្នា ផ្លែផ្កាសម្តីបាញ់ដាក់គ្នាតាមរយៈពាក្យសម្តីស្បថស្បែ ខ្ញុំយល់ឃើញថា ធ្វើឲ្យប្រជាពលរដ្ឋមើលឃើញថា មេដឹកនាំទាំងសងខាងចង់តែយកចាញ់ឈ្នះគ្នា ហើយប្រវប្បធម៌ចាស់ដដែល ដែលវាមិនមានអ្វីចំនេញដល់ប្រទេសជាតិទេ​

ប្រធានក្រុមអ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ

ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ កាលពីថ្ងៃទី២៩ ខែកក្កដាភ្លាម     គណៈកម្មាធិការជាតិរៀប​ចំការបោះឆ្នោត បានអះអាងថាប្រជាពលរដ្ឋដែលបានទៅបោះឆ្នោត មានចំនួ​ន ៦ ៨៨៥ ៧២៩ ស្មើនឹង៨២,១៧ ភាគរយ​  នៃចំនួនអ្នកបានចុះឈ្មោះបោះឆ្នោតសរុប ៨ ៣៨០ ២១៧ នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ