ស៊ើបអង្កេត៖ ការយកថ្លៃផ្ញើយាន្តជំនិះនៅផ្សារធំថ្មីខុសការកំណត់របស់រដ្ឋាភិបាល

បដាតម្លៃផ្ញើកង់-ម៉ូតូ-រថយន្ត នៅផ្សារធំថ្មី (ថតដោយ៖ ក. ខាន់ លក្ខិណា)

សម្រាប់ប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញ ឬអ្នកមកពីបណ្តាខេត្តផ្សេងៗ ពួកគេតែងតែនាំកូនចៅទៅដើរលេងកំសាន្ត ឬទៅ​ទិញ​អីវ៉ាន់​​​នៅផ្សារទំនើបចំនួនពីរ ដែលជាការដាក់ទុនវិនិយោគរបស់ក្រុមហ៊ុនមកពីប្រទេសជប៉ុន ដើម្បីបង្ហាញនូវភាពស៊ីវីល័យ ​និង​កម្រិត​ធនធានរបស់ពួកគេ។

ជាការពិតណាស់ ផ្សារទំនើបទាំងពីរនោះ គឺគ្មានផ្សារណាក្រៅអំពីផ្សារទំនើប «អ៊ីអន១» និង «អ៊ីអន២» ដែលទើបតែបើកដំណើរការនៅកណ្តាលទីក្រុងភ្នំពេញនោះឡើយ។

ផ្ទុយទៅវិញ សម្រាប់ភ្ញៀវទេសចរណ៍បរទេសដែលមកទស្សនាទីក្រុងភ្នំពេញ ពួកគេភាគច្រើនប្រហែល​ជាមិនជ្រើសរើសការ​ទៅ​ទិញ​​ទំនិញ​នៅផ្សារទំនើបរបស់ជប៉ុនទាំងពីរ ឬផ្សារទំនើបណាមួយផ្សេងទៀតឡើយ។ តាមពិត ពួកគេមានផ្សារ​ «ប្រពៃណី» ជាគោលដៅជម្រើសពីរក្នុងការទៅទិញសម្លៀកបំពាក់ ឬវត្ថូអនុស្សាវរីយ៍ផ្សេងៗ ទៅតាមការណែនាំ​របស់​មគ្គុទ្ទេសក៍ទេសចរណ៍ មុននឹងធ្វើដំណើរត្រឡប់ទៅកាន់ប្រទេសរបស់គេវិញ។ ផ្សារ «ប្រពៃណី» ទាំងពីរនោះ ប្រហែលជា​គ្មានផ្សារ​ណាក្រៅអំពីផ្សារ​ធំថ្មី និងផ្សារទួលទំពូងនោះឡើយ។

ប៉ុន្តែ សម្រាប់ប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញដែលចង់ទិញទំនិញថោកៗ ឬត្រីស្រស់ៗមកពីទន្លេសាប ឬទន្លេមេគង្គ ពួកគេ​ប្រហែល​ជាត្រូវទៅផ្សារផ្សេងទៀត ជាពិសេសផ្សារចាស់ ផ្សារកណ្តាល និងផ្សារច្បារអំពៅ ដែលស្ថិតនៅជាប់ដងទន្លេតែម្តង។

ទោះបីជាយ៉ាងណា មិនថាឡើយពួកគេទៅកាន់ផ្សារធំថ្មី ផ្សារទួលទំពូង ផ្សារចាស់ ផ្សារកណ្តាល ឬផ្សារណាមួយផ្សេងទៀត​នៅទីក្រុងភ្នំពេញនោះទេ អ្វីដែលពួកគេប្រហែលជាជួបប្រទះដូចៗគ្នានោះ គឺមិនមែនតម្លៃទំនិញនោះខុសគ្នានោះទេ ពោល​គឺ​តម្លៃ​នៃការផ្ញើកង់ ឬម៉ូតូ ដែលពួកគេត្រូវចំណាយលើសនេះឯង។

សម្រាប់អត្ថបទនេះ អ្នកយកព័ត៌មានបានសម្រេចធ្វើការស្រាវជ្រាវផ្សារធំថ្មីមួយ ដើម្បីស្វែងរកការពិត និងមូលហេតុនៃ​ការយក​តម្លៃ​ផ្ញើ​ម៉ូតូលើសនេះ។

ផ្សារធំថ្មី ក្នុងរាជធានីភ្នំពេញ នៅតែបន្ដយកថ្លៃភាស៊ីកង់-ម៉ូតូ លើសពីការកំណត់ក្នុងសៀវភៅបន្ទុក បន្ទាប់​ពីផ្សារ​របស់​រដ្ឋ​មួយ​នេះ ទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ និងការព្រមានពីរដ្ឋាភិបាល។

តាមការសិក្សាស្រាវជ្រាវ ការបន្ដយក​ថ្លៃ​ដដែល​បែបនេះ កើតចេញពីកត្ដាមួយចំនួន ដូចជា ការធ្វើតាមគ្នាពីផ្សារមួយទៅផ្សារមួយ ទឹកចិត្តរបស់ពលរដ្ឋ និងអ្នកយក​ភា​ស៊ី​ខ្លះ កំណត់យកថ្លៃលើសបែបនេះតែម្ដង។

បទពិសោធន៍របស់អ្នកផ្ញើម៉ូតូនៅផ្សារធំថ្មី

ទិដ្ឋភាពផ្សារធំថ្មី នៃទីក្រុងភ្នំពេញ កាលពីពេលកន្លងទៅ (ដោយ សាយ ទ្បាលីស)

ពលរដ្ឋម្នាក់រស់នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលមកផ្ញើម៉ូតូនៅផ្សារធំថ្មីនេះ លោក សុខ លី និយាយថា  លោក​មិនទាន់​ដឹង​ថា គេនឹងយកថ្លៃផ្ញើម៉ូតូប៉ុន្មានទេ ដោយសារថា ទើបមកផ្សារនេះ ជាលើកដំបូង ខណៈនៅផ្សារច្បារអំពៅឯណោះវិញ លោក​​​​​ថា ជាទូទៅ គេយកថ្លៃផ្ញើម៉ូតូតែ ៥០០រៀល។​

បុរសវ័យ៦៤ឆ្នាំ​រូបនេះ អះអាងថា លោកនឹងហុចប្រាក់ឲ្យអ្នកកិបសំបុត្រម៉ូតូចំនួន ១ពាន់រៀល និងថា នឹងមិនតវ៉ាអ្វីទេ ប្រសិន​គេ​មិនប្តូរលុយមកវិញ ដោយថា មិនចង់ដេញដោលច្រើន ឬជាករណីមនោសញ្ចេតនា ក្នុងនាមជាខ្មែរដូចគ្នា។

តាមបទពិសោធន៍ លោកថា ផ្សារភាគច្រើននៅទីក្រុងភ្នំពេញ យកថ្លៃផ្ញើម៉ូតូ លើសពីការកំណត់របស់រដ្ឋាភិបាល។

នៅផ្សារនេះ ខ្ញុំដាក់១០០០រៀល ឲ្យគេប៉ុណ្ណឹង បើគេអាប់ឲ្យ ខ្ញុំយក ប៉ុន្តែបើមិនអាប់ ខ្ញុំក៏មិនទាមទារសួរដែរ។ ខ្ញុំខ្ជិល​ដេញ​ដោល ព្រោះក្នុងនេះ គេដាក់ ៣០០រៀល។ ជាទូទៅ បើបណ្ណយើងដាក់ប៉ុន្មាន យើងយកប៉ុណ្ណឹងទៅ ប៉ុន្តែបើយើង​យកលើស​វិញ វាផ្ទុយពីលក្ខណៈយើងធ្វើ។ បើសិនជាគេយកថ្លៃអញ្ចឹង យើងគួរសរសេរឡើងវិញ ដាក់ទៅ ១០០០រៀល ឬក៏ ៥០០រៀល​អញ្ចឹងទៅ

ពលរដ្ឋម្នាក់រស់នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ លោក សុខ លី ដែលមកផ្ញើម៉ូតូនៅផ្សារធំថ្មី

កំពុងអូសម៉ូតូចេញពីកន្លែងផ្ញើ ខណៈប្រពន្ធ និងកូនកំពុងរង់ចាំនៅខាងមុខផ្សារ ពលរដ្ឋម្នាក់ទៀត លោក សុវណ្ណ អាយុ៦១ឆ្នាំ បានឆ្លៀត​បន្ដិចឆ្លើយប្រាប់អ្នកសារព័ត៌មានថា លោកតែងឲ្យអ្នកកិបសំបុត្រម៉ូតូចំនួន១ពាន់រៀលក្នុងមួយលើក ដោយលោក​ចាត់​ទុកថា ជាការយោគយល់ និងលើកទឹកចិត្តដល់កម្មករ ដែលធ្វើការហត់នឿយ។ ប៉ុន្ដែ លោកក៏មិនដឹងច្បាស់ថាតើ លុយ​ដែល​​ឲ្យនោះ បានដល់ដៃកម្មករ ឬយ៉ាងណានោះទេ។

លើស១ពាន់អីឲ្យគ្នាចាយ អាណិតកម្មករ ព្រោះតម្លៃក្នុងសៀវបន្ទុក ប្រហែល៣០០ ទៅ៥០០រៀល ខ្ញុំមិនដែល​សូវខ្វល់​ផង ព្រោះខ្ញុំមិនមែនថៅកែណា ខ្ញុំឲ្យកម្មករតើ

លោក សុវណ្ណ អាយុ៦១ឆ្នាំ ពលរដ្ឋដែលផ្ញើម៉ូតូនៅផ្សារ

ពលរដ្ឋម្នាក់ទៀត លោក ចាន់ ថេន អះអាងថា ភាស៊ីនៅផ្សារធំថ្មីនេះ តែងយកលុយ១ពាន់រៀល សម្រាប់ការផ្ញើម៉ូតូក្នុង​មួយ​លើក និងថា បើសិនជា ឲ្យលុយក្រោមតម្លៃនេះ ក៏ពួកគេបដិសេធមិនយកដែរ។ លោកសង្កេតឃើញថា កន្លែងខ្លះ គេយក​ថ្លៃ​ផ្ញើ​ម៉ូតូ​ត្រឹម៥០០រៀល និងកន្លែងខ្លះទៀត តម្រូវឲ្យបង់ប្រាក់ ១ពាន់រៀល ទើបអាចយកម៉ូតូចេញបាន។

យុវជនរូបនេះ ស្នើឲ្យរដ្ឋាភិបាលកំណត់តម្លៃភាស៊ីឲ្យបានច្បាស់លាស់លើសំបុត្រតែម្ដង ដើម្បីកុំឲ្យមានការតវ៉ា ឬការ​ត្អូញត្អែរ​ពី​សំណាក់​ប្រជាពលរដ្ឋ។

គេយកតម្លៃមួយ ១ពាន់រៀល នៅផ្សារផ្សេង ដូចតែគ្នា បើឲ្យ៣០០រៀល គេមិនយកទេ ៥០០ រៀលបានគេយក ដោយកន្លែងដែរ កន្លែងខ្លះយក៥០០ រៀលកន្លែងខ្លះ យក១០០០រៀល

ពលរដ្ឋម្នាក់ទៀត លោក ចាន់ ថេន

ប្រជាពលរដ្ឋ ៧នាក់ផ្សេងទៀត ដែលបានផ្ដល់សម្ភាសន៍ អះអាងថា ពួកគេបានចំណាយប្រាក់ ១ពាន់រៀល ក្នុងមួយលើក ទៅឲ្យអ្នកកិបសំបុត្រម៉ូតូទៅតាមការទាមទារ។ ពលរដ្ឋថា ការយកប្រាក់បែបនេះ គឺធ្វើទៅតាមទម្លាប់ និងដូចគ្នានឹងផ្សារដទៃទៀត ក្នុងរាជធានីភ្នំពេញ។

ពលរដ្ឋទី១ 

ហ្នឹងហើយ ផ្សារអូរឬស្សី ក៏អញ្ចឹងដែរ ដាក់៣០០រៀលហ្នឹង តាំងពីយូរយារមកហើយ នៅពេទ្យកាល់ម៉ែត្រ ពេលល្ងាច ផ្ញើទៅក៏២០០០រៀល ១ពាន់ពេលព្រឹក ដល់ម៉ោង៦ គេយក២ពាន់រៀល។ ខ្ញុំចូលគ្រប់កន្លែងអស់ហើយ ដឹងអស់ហើយ

ពលរដ្ឋទី២៖

​ប៉ុន្ដែ រាល់ដងគេយក ១ពាន់ ផ្សារអូរឬស្សី១ពាន់ដែរ ពេលខ្លះខ្ញុំសួរគេ តែឥឡូវ ខ្ញុំដឹងតម្លៃហើយហ្នឹង ខ្ញុំឲ្យគេស្រាប់ៗហ្មង ខ្ញុំទៅណាក៏ចឹងដែរ គេគិតផ្សេងពីក្នុងក្រដាស

ការយកថ្លៃផ្ញើកង់ម៉ូតូនៅតាមកន្លែងផ្ញើមួយចំនួន  

យើងបានជួបសម្ភាសន៍ជាមួយអ្នកកិបសំបុត្រកង់-ម៉ូតូ នៅផ្សារលើធំថ្មីនេះ ហើយអ្នកកិបសំបុត្រម្នាក់ ដែលសុំមិនបញ្ចញឈ្មោះ និយាយថា ក្រុមហ៊ុនតម្រូវឲ្យយកថ្លៃសំបុត្រម៉ូតូចំនួន ១ពាន់រៀលក្នុងមួយលើក និងសម្រាប់កង់ យក៥០០រៀល។ អ្នកកិបសំបុត្ររូបនេះបន្ដថា ពលរដ្ឋមួយចំនួន ក៏បានត្អូញត្អែរ និងតវ៉ាចំពោះការយកតម្លៃលើពីការកំណត់ក្នុងសៀវបន្ទុកផងដែរ ប៉ុន្ដែ ថៅកែបដិសេធ ដោយថា បង់ថ្លៃកន្លែងខ្ពស់។

ជួលតូបឲ្យគេថ្លៃបានគេលក់ថ្លែដែរហ្នឹង បើជួលតូបឲ្យគ្នាថ្លៃហើយគ្នាលក់ថោកនោះ គ្នាបានអីចំណេញ​ ដូចកន្លែង​ខ្ញុំជួល​បង់គេច្រើន ពេលគេឲ្យ​៣០០ ឬ៥០០រៀល មួយថ្ងៃ បើសិនជាយកម៉ូតូមួយ ៥០០រៀលមួយថ្ងៃបង់គេអត់គ្រាន់។ អ្នកផ្ញើ​តវ៉ា​តើ ថ្ងៃអាទិត្យក៏មួយ១០០០រៀល បង់កន្លែងជាខែ ខ្ញុំមិនដឹងបង់ប៉ុន្មានទេ ព្រោះថៅកែគាត់ជាអ្នកបង់

អ្នកកិបសំបុត្រកង់-ម៉ូតូ នៅផ្សារលើធំថ្មី (សុំមិនបញ្ចេញឈ្មោះ)

អ្នកកិបសំបុត្រម៉ូតូម្នាក់ទៀតនៅផ្សារធំថ្មីនេះដែរ បង្ហើបថា នៅកន្លែងរបស់លោកក៏យកថ្លៃម៉ូតូ-កង់ ពី៥០០ ដល់១​ពាន់​រៀល​ដូច​គ្នា ដោយអះអាងថា ថ្លៃជួលកន្លែងថ្លៃ ហើយមិនអាចយក៣០០រៀល ទៅ៥០០រៀល ដូចក្នុងសៀវភៅបន្ទុកឡើយ។

ជាទូទៅហើយ ក្រដាសចេះតែដាក់អញ្ចឹងទៅ បើឲ្យគ្នា៣០០រៀលបានអីចំណេញ ទិញតែស្ករជាមិនបានផងហ្នឹង។ បើដាក់១០០០រៀល វាខុសគេរករឿង គេលែងជួលកន្លែងឲ្យយើងទៀត តែបើយើងបានលុយតិចទប់មិនរួចថ្លៃកន្លែង! វាមិនរួចថ្លៃ​កន្លែង យើងជួលថ្លៃ ជួលកម្មករផង ជួលកន្លែងដាក់ [ម៉ូតូ] ផង

អ្នកកិបសំបុត្រម៉ូតូម្នាក់ (សុំមិនបញ្ចេញឈ្មោះ)

បើតាមបដាកំណត់​​តម្លៃផ្ញើយានយន្ដ ដែលកំណត់ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅផ្សារធំថ្មី ក៏ដូចជា​នៅបណ្ដា​ផ្សារ​ផ្សេងទៀត​នៅក្នុងប្រទេសកម្ពុជា សម្រាប់កង់ គឺយកត្រឹមតម្លៃ​២០០​រៀល ម៉ូតូតម្លៃ​៣០០​រៀល និង​រថយន្ត៥០០​រៀល ក្នុង​មួយ​លើក។ ប៉ុន្ដែ តាមរយៈការចុះអង្កេតជាក់ស្ដែងរបស់អ្នកសារព័ត៌មាន កន្លែងខ្លះ ថ្លៃផ្ញើម៉ូតូ ត្រូវបានយកពី៥០០រៀល ទៅ ១០០០រៀល​។   ​

ដំណោះស្រាយ និងវិធានការ 

អ្នកទទួលបន្ទុកម៉ៅការភាស៊ីមួយកន្លែង នៅផ្សារធំថ្មី អ្នកស្រី វុធ ធាវី អះអាងថា ការបង់ប្រាក់ថ្លៃផ្ញើម៉ូតូ-កង់ គឺមិនមានការ​បង្ខិតបង្ខំ​​នោះទេ ហើយសន្ដិសុខក៏មិនទាមទារខ្ពស់ដូចការរិះគន់ឡើយ។ ប៉ុន្ដែ អ្នកស្រីថា នោះជាទឹកចិត្តរបស់អតិថិជន ដែល​អាណិត​​​អាសូរដល់សន្ដិសុខផ្សារប៉ុណ្ណោះ។

យើងបានទាក់ទងតាមទូរស័ព្ទជាច្រើនដង ទៅអភិបាលរដ្ឋាករស្វយ័តផ្សារធំថ្មី អ្នកស្រី ប៊ុន ដានី ប៉ុន្ដែ អ្នកស្រីថា ជាប់រវល់។ យើង​ក៏បានសុំជួបអ្នកស្រី ប៊ុន ដានី នៅការិយាល័យក្នុងផ្សារធំថ្មី ប៉ុន្ដែ អ្នកស្រីសុំបង្វែរសំណួរទាំងអស់ទៅ​សាលា​រាជធានី​ភ្នំពេញ​​ជាអ្នកឆ្លើយជំនួស។ យើងក៏បានទំនាក់ទំនងតាមទូរសព្ទទៅប្រធានក្រុមហ៊ុនអាំងកូ ដែលមានឈ្មោះ លឿង ផល្លីស ប៉ុន្ដែ អ្នក​ទទួលទូរសព្ទនោះ សុំបង្វែរសំណួរទៅសាលារាជធានីភ្នំពេញដូចគ្នា។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី មានប្រសាសន៍ថា លោកមិនមានរបាយការណ៍​ទាក់ទិននឹង​ប្រាក់​ចំណូល​ ដែលក្រុមហ៊ុន ឬអ្នកទទួលបន្ទុកម៉ៅការភាស៊ីរកបានក្នុងមួយខែនោះទេ។

ប៉ុន្តែ លោកអះអាងថា  អាជ្ញាធរនឹងចាត់វិធានការភ្លាម ប្រសិនរកឃើញថា មានក្រុមហ៊ុន ឬកន្លែងយកភាស៊ី យកថ្លៃលើស​ពីការ​កំណត់ក្នុងសៀវភៅបន្ទុក ដូចជា វិធានការណែនាំជាបន្ដបន្ទាប់ និងឈានដល់ដកហូតសិទ្ធិធ្វើអាជីវកម្ម បើនៅបន្ដធ្វើបែបនេះ។

ករណីមានការទទួលបានព័ត៌មាន ជាទូទៅការកំណត់ហើយ រដ្ឋបាលរបស់យើង ក៏ណែនាំទាំងអភិបាលខណ្ឌ ដើម្បី​ឲ្យគាត់បន្ដទាំងមូលដ្ឋាន ទាំងប្រធានផ្សារទាំងអីទាំងអស់ហ្នឹង ដែលមានទីតាំងផ្ញើម៉ូតូហ្នឹង ត្រូវអនុវត្តតាមសៀវភៅបន្ទុក កំណត់ដោយច្បាប់ ដែលកំណត់ត្រូវយកតម្លៃប៉ុន្មាន។ អញ្ចឹងអ្នកយក បុគ្គលដែលយក គឺគាត់ប្រព្រឹត្តខុស ដែលយើងត្រូវចាត់​វិធាន​ការ

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី

ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក​ វន់ ពៅ មានប្រសាសន៍ថា លោក​មិនមាន​របាយការណ៍​ជាក់លាក់​ចំពោះបញ្ហានេះទេ។ ប៉ុន្ដែ លោកប៉ាន់ប្រមាណថា ពលរដ្ឋអាចខាតបង់ប្រាក់ច្រើនក្នុងមួយឆ្នាំ និងធ្វើឲ្យប៉ះពាល់ផង​ដែរ​ដល់ជីវភាពរបស់ពលរដ្ឋ ដែលមានចំណូលទាប។

លោកថា ក្រុមហ៊ុន ឬអ្នកទទួលបន្ទុកម៉ៅការភាស៊ីផ្សារ ត្រូវអនុវត្តកាព្វកិច្ចរបស់ខ្លួនឲ្យបានពេញលេញ និងយកថ្លៃតាម​ការកំណត់​ក្នុងសៀវភៅបន្ទុក។

មួយឆ្នាំគាត់ខាតរាប់ម៉ឺន បើអ្នកផ្ញើឡានស៊ឹងតែលានរៀល ចេញចូលៗ ផ្សារហ្នឹង ប៉ុន្ដែ យើងមិនមានតួរ​លេខច្បាស់​លាស់​នៅឡើយទេ តែការខាតបង់ គឺខាតបង់ច្រើន

ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក​ វន់ ពៅ

ចំណែក នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ថា ការយកថ្លៃភាស៊ីលើសពីការកំណត់​ក្នុងសៀវភៅបន្ទុក បណ្ដាលមកពីក្រុមហ៊ុនម៉ៅការភាស៊ី ជួល ឬលក់ភាគហ៊ុនបន្ដឲ្យទៅអាជីវករតូចតាច ក្នុងតម្លៃមួយថ្លៃ ហើយ​អ្នក​ទទួលបន្ទុកម៉ៅការភាស៊ីបន្ដនោះ ក៏យកថ្លៃហួសពីកំណត់របស់រដ្ឋាភិបាល។​

លោកបន្ដថា កត្តាមួយទៀត មកពីការមិនអើពើរបស់អាជ្ញាធរពាក់ព័ន្ធ ជាហេតុធ្វើឲ្យបញ្ហានេះ ក្លាយជាជំងឺសង្គម ហើយ​ក្រុម​ហ៊ុន​​ភាស៊ីទៀត ក៏ត្រូវមានលទ្ធភាពអាចប្រមូលថ្លៃភាស៊ីដោយខ្លួនឯង ដោយពុំចាំបាច់ជួល​បន្ដឲ្យទៅ​អាជីវករ​តូចៗ​នោះ​ឡើយ។

ក្រុមហ៊ុននោះ ត្រូវធានាថាខ្លួនពិតជាអាចប្រមូលថ្លៃភាស៊ីដោយខ្លួនឯង ដោយមិនលក់​កិច្ចសន្យា​បន្ដឲ្យ​ទៅ​អ្នក​ផ្សេង ធ្វើបែបនេះ ធ្វើឲ្យក្រុមហ៊ុនទទួលខុសត្រូវ។​ រឿងទី២ យើងមានការសង្ស័យ គឺរឿងពុករលួយជាប្រព័ន្ធ គឺមានការបើក​ដៃពី​អាជ្ញាធរពាក់ព័ន្ធ​មិនចាត់វិធានការ ទោះពីគេដឹងថា រឿងយកលុយលើសហ្នឹង គេដឹងហើយ តែមិនចាត់វិធានការ

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ

កាលពីដើមឆ្នាំ២០១៧ អ្នកទទួលបន្ទុកម៉ៅការភាស៊ីរថយន្ដ និងម៉ូតូនៅផ្សារធំថ្មី ក៏ធ្លាប់ទទួលរងការរិះគន់​ពីសំណាក់​ប្រជាពលរដ្ឋ​ថា បានយកថ្លៃភាស៊ីលើសពីការកំណត់ក្នុងសៀវភៅបន្ទុក និងបានប្រើពាក្យ​សម្ដីមិន​សមរម្យលើ​អតិថិជនទៀត​ផង។

ករណីនេះ បានជំរុញឲ្យអាជ្ញាធរក្រុងភ្នំពេញកោះប្រជុំអភិបាលរដ្ឋាករស្វ័យតផ្សារធំថ្មី អ្នកស្រី ប៊ុន ដានី និងអ្នកទទួលបន្ទុក​ម៉ៅ​ការ​ភាស៊ី​ មកណែនាំ និងព្រមានដកហូតសិទ្ធិធ្វើអាជីវកម្មតែម្ដង បើករណីបែបនេះកើតឡើងជាថ្មី។

បើតាមរបាយការណ៍ រាជធានីភ្នំពេញ មានផ្សាររដ្ឋចំនួន២៥ ផ្សារឯកជនចំនួន១៦ ផ្សារទំនើបចំនួន៣៦ ផ្សារមិនរៀបរយចំនួន ១៤ និងផ្សារមីនីម៉ាតចំនួន៩៦។

ក្នុងនោះ ផ្សាររបស់រដ្ឋ មានដូចជា ផ្សារបឹងកេងកង ផ្សារអូឬស្សី ផ្សារទួលទំពូង ផ្សារអូឡាំពិក ផ្សារកាប់គោ ផ្សារកណ្ដាល ផ្សារចាស់ ផ្សារច្បារអំពៅ ផ្សារដើមគរ ផ្សារដេប៉ូ រដ្ឋាករស្វ័យយ ផ្សារធំថ្មី ផ្សារសាមគ្គី ផ្សារទឹកថ្លា ផ្សារបឹងទំពុន ផ្សារច្រាំងចំរេះ ផ្សារគីឡូលេខ៦ និងផ្សារជម្ពូវ័នជាដើម។

ចំណែក​ ផ្សារ​ឯកជន និង​ផ្សា​ទំនើបមាន​​៤៩​ទីតាំង ផ្សារ​មី​នី​ម៉ាត​មាន​ជិត​៤០០​ទីតាំង និង​ផ្សារ និង​ផ្សារ​ចាត់តាំង​មាន​ចំនួន​ ២០​ទីតាំង ​ដូច​ជា ផ្សារ​៧​មក​រា ផ្សារ​ទួល​ស្វាយព្រៃ បឹង​ព្រលឹត មាន់​អាំង ផ្សារ​ផ្លូវ​រថភ្លើង ផ្សារ​ភូមិ​សាមគ្គី ផ្សារ​ថ្នល់​បត់ ផ្សារ​ដី​ហុយ ផ្សារ​ត្រពាំង​ឈូក និង​ផ្សារ​អូ​ដឹ​ម​ជាដើម។

ទោះបីជាមានការកំណត់អំពីតម្លៃភាស៊ីក្នុងសៀវភៅបន្ទុកក៏ដោយ ប៉ុន្ដែ ផ្សារមួយចំនួននៅរាជធានីភ្នំពេញ ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា បានយកថ្លៃលើស ដែលសម្រាប់កង់ តម្រូវឲ្យយក២០០រៀល ម៉ូតូ៣០០រៀល និងរថយន្ដ ចំនួន៥០០រៀល ក្នុងមួយ​លើក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ