វិភាគ​៖ តើអ្ន​ក​នយោបា​យចាំ​បាច់​ត្រូវ​ជួប​និយាយ​គ្នាដើ​ម្បីប​ញ្ជៀស​ទណ្ឌកម្ម​សេដ្ឋ​កិច្ច​ឬ​ទេ​?

លោក សម រង្ស៊ី លោក កឹម សុខា និងលោក ហ៊ុន សែន

ជាទូទៅអ្នកធ្វើនយោបាយដែលមិនទាន់មាន​អំណាច​ តែងតែចង់ឡើងទៅកាន់អំណាច ចំណែកអ្នក​កំពុងកាន់អំណាច តែង​​តែច​ង់ប​ន្តគ្រប់គ្រងអំណាចតទៅទៀត។

អ្នកនយោបាយខ្មែរកាលពីអតីតកាល​ បានកៀរគរពលរដ្ឋឲ្យចូលក្រុមរៀងៗខ្លួន កាប់ស​ម្លាប់ខ្មែរ​គ្នាឯង​ ដើម្បីតែអំណាច រហូតបានរុញប្រទេសជាតិឲ្យធ្លាក់ក្នុងសោកនាដកម្មជាច្រើន​។

ប៉ុន្តែសង្គ្រាមបង្ហូរឈាមគ្នាច្រើនឆ្នាំមកនេះ បានបិទបញ្ចប់ទៅវិញ ក្រោម​កិច្ចព្រមព្រៀ​ងសន្តិភាពទី​ក្រុង​ប៉ារីស ដែលកិច្ចព្រមព្រៀងនេះមានប្រទេសហត្ថលេខីចំនួន​ ១៨។ ​ក្រោយពីមានកិច្ចព្រមព្រៀងនេះ រដ្ឋធម្មនុញ្ញកម្ពុជា តម្រូវឲ្យអ្នកនយោបាយខ្មែរ ធ្វើការប្រកួតប្រ​ជែ​​ងអំ​ណាចគ្នា​ តាមរយៈបោះឆ្នោត​៥ឆ្នាំ​ម្ត​ង ​ដែលការបោះឆ្នោតនេះត្រូវតែ​ធានាឲ្យ​បាននូវលក្ខណៈសេរី ត្រឹម​​ត្រូវ និងយុត្តិធម៌។

បើយើងងាកមកមើលការបោះឆ្នោតនៅអាណត្តិថ្មីនេះ បញ្ហាចម្រូងចម្រាសហាក់​បា​ន​​ជំរុ​ញកម្ពុជាដ​ល់ ​ចំ​ណុ​​ច​​គួ​រឲ្យព្រួ​យ​បា​រម្ភមួយ ពីចរន្តបែកបាក់ជាតិ និងការគំរាមកំ​ហែង​ផ្នែកពា​ណិជ្ជក​ម្ម​ពីប្រទេសលោ​កសេរី។

សហរដ្ឋអាមេរិក បារាំង អង់គ្លេស អាលឺមង់ សហភាពអឺរ៉ុប និងជប៉ុនជាដើម បានបង្ហាញជំហរ មិនគាំទ្រ​ការ​បោះឆ្នោតនេះ និងជំរុញឲ្យដោះលែង លោក កឹម សុខា និងចរចាជាមួយ​អតីតបក្ស​ប្រឆាំង ដើម្បីស្តារស្ថានការណ៍នយោបាយនិង​ប្រព័ន្ធប្រជាធិបតេយ្យឡើងវិញ ។

ប៉ុន្តែប្រទេសសង្គមនិយម​មួយចំនួន ដូចជា ចិន ឡាវ និង វៀតណាម ជាដើមបានប្រកាសគាំទ្រ​ការបោះ​ឆ្នោ​តនេះ ថា​​បានដំណើរការទៅ សេរី ត្រឹមត្រូវ និងយុត្តិធម៌ ។

ជ្រុង​មួ​យទៀតនៃបញ្ហាសង្គមបានកើតឡើងជាមួយសហគមន៍អន្តរជាតិ បើប្រទេសលោក​សេរីមិនទទួ​ល​ស្គា​​ល់ រដ្ឋាភិបាលថ្មី កើតក្រោយការបោះឆ្នោត ក្រោយពីបញ្ហាផ្ទៃក្នុងបាន​កើតឡើងក្រោយរំលា​យអតី​តប​​​ក្ស​​ប្រ​ឆាំង។  បញ្ហាថ្មីនេះក៏នឹងជំរុញឲ្យអ្នកនយោបាយពិចារណាដែរថា តើវិធានការដាក់​ទណ្ឌក​ម្ម របស់​ប្រទេ​​ស​លោក​សេរី មកលើកម្ពុជា អាចនឹងកើតឡើងឬក៏យ៉ាងណា? ដើម្បីបញ្ជៀសហានិភ័យនេះ តើអ្នក​ន​​យោ​បា​​យ​ខ្មែ​រគួ​រ​​ចាំបាត់ត្រូវជួបនិយាយគ្នា ដើម្បីស្វែងរកដំណោះស្រាយនយោបាយឬទេ?

អ្នកវិ​ភាគនយោបាយ យល់ឃើញផ្សេងគ្នា ពីរបត់នយោបាយទៅថ្ងៃអានាគតក្រោមសម្ពាធ​នៃប្រទេសលោ​ក​សេ​រី។

អ្នកវិភាគនយាបាយលោក ឯម សុវណ្ណារ៉ា វិភាគថា ការដែលមហាអំណាចលោកសេរី មានសហរ​ដ្ឋអា​មេរិក បារាំង ជប៉ុន និងសហភាពអឺរ៉ុបជាដើម បង្ហាញជំហរមិនគាំទ្រការបោះឆ្នោត ពួកគេអាចនឹ​ងប្រកា​ស​មិ​​នទ​​ទួលស្គាល់រដ្ឋាភិបាលថ្មី បើបក្សកាន់អំណាចមិនធ្វើឲ្យបរិយាកាសនយោបាយ​វិលទៅរក​ប្រជា​​ធិបតេយ្យ​ដូចដែល​​ក្រុមប្រទេសលោកខាងលិចចង់បាននោះ។

អ្នកវិភាគនយោបាយរូបនេះ យល់ថា បើប្រទេសលោកខាងលិច មិនទទួលស្គាល់ រដ្ឋាភិបាលថ្មី ថាជា​រដ្ឋា​ភិបា​លស្របច្បាប់ រដ្ឋាភិបាលថ្មីនេះ នឹងជួប​ប​ញ្ហា​ផ្នែកសេដ្ឋកិច្ច​។

ចំណូលប្រហែល៥ពាន់លានក្នុង១ឆ្នាំ និងអត្រារួចពន្ធប្រហែលជា៦រយលានជាងបូកទៅវាច្រើនដែរ។ សម្រាប់សេដ្ឋកិច្ចកម្ពុ​ជាអាចជួបវិបត្តិពី១ឆ្នាំប្រហែល​ជា២ពាន់៥រយលានដុ​ល្លារទៅ៣ពាន់​លាន យើង​ពិ​បា​ក​នឹងទប់ទ​ល់និងរកមកប៉ះប៉ូវណាស់។អញ្ចឹងកម្ពុជាអាចនឹងប្រឈមនឹងបញ្ហាច្រើន បើរដ្ឋាភិបាលថ្មី​គ្មានការ​ទទួល​ស្គា​ល់ពេញមុខពេញមាត់

អ្នកវិភាគនយាបាយលោក ឯម សុវណ្ណារ៉ា

លោក ឯម​ សុវណ្ណារ៉ា បន្ត​ថា​រដ្ឋាភិបាលបច្ចុប្បន្នត្រូវការប្រាក់​កម្ចីពីបរទេសប្រមាណ​ជា​១ពា​ន់លា​នដុ​ល្លារ ក្នុង១ឆ្នំា ដើម្បីយកមកបង្គ្រប់តម្រូវការរបស់ខ្លួន ។

អ្នកវិភាគរូបនេះ យល់ថា បើប្លុកលោកសេរី មិនទទួលស្គា​ល់រដ្ឋាភិបាលថ្មី​ សហភាពអឺរ៉ុបផ្តាច់ប្រ​ព័ន្ធអនុ​គ្រោះ​ពន្ធ​ទៀត រដ្ឋាភិបាលនឹងប្រឈមប​ញ្ហាធ្ងន់ធ្ងរ។ លោកវិភាគថា ដើម្បីគេច​ចេញពីវិបត្តសេដ្ឋកិច្ចនេះ មានតែ​​អ្នកនយោបាយជួបពិភាក្សាគ្នាឡើងវិញ ​ស្វែងរក​ដំណោះ​ស្រាយនយោបាយនោះទេ។

ខ្ញុំគិតថាវាមានសារសំខាន់ ថ្វីត្បិតតែភាគីកម្ពុជាមិនទាន់អាចរកគន្លឹះ ឬក៏ចំនុចរួ​មដើម្បីឈាន​ទៅ​ជជែ​កគ្នា ក៏វាត្រូវការសម្ពាធអន្តរជាតិកៀរគរ ឬក៏ជំរុញឲ្យជជែកគ្នាក៏ជាកិច្ចការសំខាន់ដែរ ព្រោះ​កម្ពុ​ជា​យើ​ងមិនអាចប្រឈមនឹងការប្រះស្រាំ ឬក៏ស​ង្គ្រា​ម​អី​​កើតឡើងតទៅទៀតទេ

អ្នកវិភាគនយាបាយលោក ឯម សុវណ្ណារ៉ា

អ្នកជំនាញសេដ្ឋកិច្ច លោក ង៉ែត ជូ ធ្លាប់ប្រាប់ VOD ថា ការនាំផលិតផលទៅលក់នៅទីផ្សាអឺរ៉ុប បានជួយជំ​រុញ​ដ​​ល់អត្រាកំណើនសេដ្ឋកិច្ចប្រមាណជា៤០%។ លោកបានបង្ហាញការព្រួយបារម្ភដែរថា បើប្រព័ន្ធ​អនុ​គ្រោះ​នេះត្រូវកាត់ផ្តាច់ពីសហភាពអឺរ៉ុបមែន កម្មករជាង៨០ម៉ឺននាក់ប្រឈមនឹងអត់ការងារធ្វើ និង​បា​នជំ​រុញ​​​ឲ្យអ្នកវិនិយោគក្នុងវិស័យកាត់ដេរ ខ្វះលទ្ធភាពប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់។

អ្នកសិក្សាពីការអភិវឌ្ឍសង្គម លោក​បណ្ឌិត មាស នី វិភាគថា វិធានការនានារបស់ប្រទេសលោកសេរី អា​ច​នឹ​ងកើតមានលើរដ្ឋាភិបាលថ្មី និងថាអាចប្រសិទ្ធិភាពជាងមុន ដោ​យថា ពេលនេះជាបទពិសោ​ធន៍​គេ​មិន​​ដាក់​ទូទៅទេ គេ​ផ្តោតតែលើមនុស្សសំខាន់ៗ ក្នុងជួររដ្ឋាភិបាល បើការជំរុញយន្តការប្រជាធិប​តេយ្យរបស់​ពួ​ក​គេ​ត្រូវបានបរាជ័យនោះ។

លោក មាស នី បញ្ជាក់ថា ក្រោយការបោះឆ្នោតបាន១ថ្ងៃ សហ​រ​ដ្ឋអាមេរិកបានបង្ហាញជំហរថា នឹងបន្ត​ព​ង្រីកការដាក់ទណ្ឌកម្មផ្នែកទិដ្ឋា​ការ ដល់មន្ត្រីរដ្ឋាភិ​បាលបន្ថែម ។ ជប៉ុន ជាម្ចាស់ជំនួយដ៏ធំ ក៏បានជំរុញ​ឲ្យ​មា​ន​​ការចរ​ចានយោបាយ ឡើងវិញជាមួយបក្សប្រឆាំង។

លោក មាស នី លើកឡើងទៀតថា ប្រតិកម្មជាជំហានៗ របស់សហគមន៍អន្តរជាតិនេះ ជាសញ្ញា​បង្ហាញ​ថា ការដឹកនាំនៅអាណត្តិថ្មីនេះ អាចនឹងជួបបញ្ហា បើមេដឹកនាំមើលស្រាលពីសម្ពាធនេះ។

បើតាមលោក មាស នី បើ​អ្នកនយោបាយខ្មែរ មិនយកបញ្ហាដាក់លើតុដើម្បីជជែក​គ្នារក​ដំ​​​ណោះ​​​ស្រាយទេនោះ វា​ជាគ្រោះថ្នាក់ធ្ងន់ធ្ងរសម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត។

ពាក្យមាន សែនអត់ស៊ី មានស៊ីអត់សែន អីហ្នឹង វាមិនមែនពា​ក្យល្អស​ម្រាប់អនាគ​ត​វែងឆ្ងា​យ​ស​ម្រាប់​សង្គមជាតិនោះទេ។​ វាគ្រាន់តែ​ជាពាក្យមួយបង្កើត​មកសម្រាប់តែឲ្យសង្គ​មជាតិមួយនេះហែកហួរ​គ្នារហូ​ត​ដ​ល់ចុងបំផុត។ ហើយចុងបំផុតទៅប្រទេសមួយនេះរកតែដីឲ្យកូនចៅនៅគ្មាន

អ្នកសិក្សាពីការអភិវឌ្ឍសង្គម លោក​បណ្ឌិត មាស នី

អ្នកវិភាគនយោបាយជើងចាស់ លោក បណ្ឌិត ឡៅ ម៉ុងហៃ លើកឡើងប្រហាក់ប្រហែលដែរថា រដ្ឋាភិបាល​ថ្មី​អា​ច​នឹង​ត្រូវសហគមន៍អន្តរជាតិចាត់វិធានការផ្សេងទាក់​ទិននឹងអំណោយ​ផលផ្នែក​ពាណិជ្ជ​កម្ម​​។​ ប៉ុន្តែ​លោ​កបង្ហាញជំនឿតិចតួចថា បក្សកាន់អំណាចនឹងវិលទៅរកតុចរចា ដើម្បីបញ្ជៀសហា​និ​ភ័យ​របស់​​ប្រទេ​ស ដែល​គេ​គិត​​ថាអាចនឹងកើតមានទៅថ្ងៃអនាគត ដោយសារតែកម្ពុជា​​មានមហាអំណាច​ចិន​ធ្វើជា​​ខ្ន​ង​បង្អែ​កដ៏រឹ​ង​មាំ​​។

ថ្នាក់ដឹកនាំយើងហ្នឹងប្រហែលជាពឹងផ្អែកទៅលើចិនទាំងស្រុង ហើយចិនហ្នឹង បើនិយាយ​ភាសា​​សា​មញ្ញ ចេញមុខប៉ាវម៉ង

អ្នកវិភាគនយោបាយជើងចាស់ លោក បណ្ឌិត ឡៅ ម៉ុងហៃ

សរុបទៅអ្នកវិភាគយល់ថា ជាជម្រើសចាំបាច់ដែលអ្នកនយោបាយខ្មែរ ត្រូវបើកការច​រចាស្វែងរក​ដំណោះស្រា​យន​យោ​បាយដោយតម្កល់ប្រយោជន៍ជាតិជាធំ មុនវិធានការ​ដាក់ទណ្ឌក​ម្មសេដ្ឋកិច្ចពីសហគម​ន៍អន្ត​រ​ជា​តិមកដល់ ។

ប៉ុន្តែ​ពួកគេថា ការចរចានយោបាយនឹងមិនកើតឡើងទេ បើអ្នកនយោបាយខ្មែរភាគច្រើន មិនខ្វល់ពី​គ្រោះ​ថ្នា​​ក់​​រប​​​ស់​ប្រ​ទេ​ស​ជាតិ ​ហើយគិត​តែពីធ្វើនយោបាយបែបសងសឹកគ្នា ដើម្បីតែប្រយោជន៍បក្ខពួក និង​​គ្រួ​សារនិ​យ​មក​​នោះ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ