បទយកការណ៍៖ ស៊ីក្លូខ្មែរបាត់បង់ប្រជាប្រិយភាពសំរាប់មធ្យោបាយធ្វើដំណើរប្រចាំថ្ងៃ

លោក ហេង ណៃ ក្នុងវ័យ៧៣ឆ្នាំ ប្រកបរបរអ្នកធាក់ស៊ីក្លូ

បច្ចុប្បន្ននេះដោយសារតែមានភាពជឿនលឿនកាន់តែខ្លាំងខាងបច្ចេកវិទ្យាទំនើប និង ការអភិវឌ្ឍន៍សង្គមកាន់តែទៅ មុខនោះ ការរស់នៅ ការប្រស្រ័យទាក់ទង និងមធ្យោបាយធ្វើដំណើរ របស់ប្រជាជនខ្មែរបានផ្លាស់ប្តូរ។ ប្រជាពលរដ្ឋតែងតែប្រើប្រាស់នូវ មធ្យោបាយធ្វើដំណើរណាដែលអាចជួយអោយពួកគេមានផាសុខភាព ចំណេញពេលវេលា និងថវិកាជាដើម។

ស៊ីក្លូធ្លាប់យានជំនិះដ៏ពេញនិយមមួយដែលគេប្រើប្រាស់ជាប្រចាំតាំងពីមុនសម័យអាណានិគមបារាំងមកម្លេះ ប៉ុន្តែ មធ្យោបាយដ៏ចំណាស់មួយនេះលែងមានការគាំទ្រនិងប្រើប្រាស់ដូចមុនទៀតហើយពីសំណាក់ប្រជាពលរដ្ឋខ្មែរសព្វថ្ងៃ ដោយសារតែមាន ម៉ូតូឌុប រ៉ឺម៉កកង់បី និងឡាំប្រឺតាជាដើមសំរាប់ធ្វើជាយានជំនិះ។

ការធ្លាក់ចុះនៃចំនួនអ្នកប្រើប្រាស់នេះ ធ្វើអោយអ្នករករបរស៊ីក្លូពិបាកក្នុងការរកចំណូលប្រចាំថ្ងៃដើម្បីផ្គត់ផ្គង់ជីវភាព គ្រួសារនិងផ្ទាល់ខ្លួន ដែលភាគច្រើនគឺរកបានត្រឹមចន្លោះ១០​​​ ០០០រៀលទៅ ៣០​​​ ០០០រៀល ប៉ុណ្ណោះសំរាប់មួយថ្ងៃ។

កំពុងតែឈរចាំភ្ញៀវទាំងទឹកមុខក្រៀមក្រំ លោក ងួន សុខ ក្នុងវ័យ៨៥ឆ្នាំហើយនោះបានអោយដឹងថា ការប្រកបរបរធាក់ស៊ីក្លូនេះ បានត្រឹមតែមួយក្រពះតែប៉ុណ្ណោះ ហើយមកទល់ពេលនេះ លោកប្រកបរបរស៊ីក្លូជាង៣០ឆ្នាំមកហើយ។

លោក ងួន សុខ ក្នុងវ័យ៨៥ឆ្នាំ ប្រកបរបរអ្នកធាក់ស៊ីក្លូ
ខ្ញុំរត់ស៊ីក្លូ ជួនក៏បាន ជួនគ្រាន់តែម៉ាហូបក្មួយ អត់មានសល់ផង សម័យឥឡូវគេអត់សូវជិះស៊ីក្លូ គេច្រើនជិះអាឥណ្ឌាអីហ្នឹងហា ហើយស៊ីក្លូគេមិនសូវជិះបានតែអ្នកមកផ្សារអីបន្តិចបន្តួចទេ ជួនអីក៏បានតែគ្រប់ហូប ហ្នឹងអត់មានសល់ផង

លោក ងួន សុខ ក្នុងវ័យ៨៥ឆ្នាំ ប្រកបរបរអ្នកធាក់ស៊ីក្លូ

ក្រៅពីរបរស៊ីក្លូលោកមិនអាចធ្វើការងារអ្វីបានទៀតឡើយ ព្រោះលោកមានវ័យចំណាស់។ ដូច្នេះហើយទើបលោក​​​សម្រេចចិត្តបន្តធ្វើជាអ្នកធាក់ស៊ីក្លូមកដល់ពេលនេះ។

ភ្នែកសម្លឹងមើលឆ្វេងស្តាំរកមើលភ្ញៀវ និងនិយាយអំពីប្រវត្តិរបររបស់លោកបណ្តើរ លោក សុខ បានឲ្យដឹងថា ក្រៅពីធាក់ស៊ីក្លូលោកក៏ជាកសិករម្នាក់ផងដែរ។ ពេលដែលលោកធ្វើស្រែរួចហើយ លោក ត្រឡប់មកប្រកបរបរធាក់ស៊ីក្លូនេះវិញ។ របរធាក់ស៊ីក្លូនៅក្នុងទីក្រុងភ្នំពេញនេះ មិនងាយស្រួលប៉ុន្មាននោះទេ ជាពិសេស គឺទីស្នាក់អាស្រ័យ។ រៀងរាល់ថ្ងៃលោកស្នាក់នៅតាមទីសាធារណៈ។

សព្វថ្ងៃ មុខរបរ តែរត់ស៊ីក្លូ និងធ្វើស្រែពីរមុខហ្នឹងក្មួយ ពិបាកណាស់ ពិបាកយើងតាំងពីកន្លែងដេកនៅអី យើងសំរាន្ត លើស៊ីក្លូ នៅសំយាបផ្ទះគេតើ ហើយការខ្វះខាតយើងចេះតែប្រឹងទៅ

លោក ងួន សុខ ក្នុងវ័យ៨៥ឆ្នាំ ប្រកបរបរអ្នកធាក់ស៊ីក្លូ

លោក ងួន សុខ ថាភាគច្រើននៃភ្ញៀវរបស់គាត់គឺអ្នកទេសចរណ៍ ប៉ុន្តែថ្មីៗនេះមិនសូវមានភ្ញៀវបរទេសប៉ុន្មានទេ។ គាត់ពឹងផ្អែកលើប្រាក់ឧបត្ថម្ភ ដែលផ្តល់ដោយសមាគមស៊ីក្លូកម្ពុជា ប្រមាណ ២០ម៉ឺនរៀលក្នុងមួយខែសំរាប់ផ្គត់ផ្គង់ជីវភាពផ្ទាល់ខ្លួន និងគ្រួសារនៅឯខេត្ត។

មិនខុសគ្នាពីលោក ងួន សុខ ប៉ុន្មាននោះទេ លោក ហេង ណៃ កំពុងអង្គុយចាំភ្ញៀវនៅកន្លែងដែលលោកតែង តែប្រចាំការគឺច្រកផ្សារកណ្តាលខាងលិចនោះ ក៏ទទួលបានចំណូលមិនច្រើនពីការធាក់ស៊ីក្លូដែរ។ លោក ណៃ  មានអាយុ ៧៣ឆ្នាំ បានឲ្យដឹងថាលោកបានប្រកបរបរធាក់ស៊ីក្លូនេះតាំងពីអំឡុងឆ្នាំ១៩៨០ ហើយមុខរបរមួយនេះ ជួយជាផ្នែកមួយនៃជីវភាពប្រចាំថ្ងៃរបស់គ្រួសារលោក។

លោក ហេង ណៃ ក្នុងវ័យ៧៣ឆ្នាំ ប្រកបរបរអ្នកធាក់ស៊ីក្លូ
ខ្ញុំរកយូរហើយ តាំងពីបែកភ្លាមឯណោះ […] រកហ្នឹងវាអាចជួយបានមួយ ចំណែកៗដែរ វាខាងម្ហូបខាងចំណីអីហ្នឹង បើយើងមានស្រូវ អង្គរហើយហា

លោក ហេង ណៃ ក្នុងវ័យ៧៣ឆ្នាំ ប្រកបរបរអ្នកធាក់ស៊ីក្លូ

លោក ណៃ ដឹកភ្ញៀវភាគច្រើនដែលមកផ្សារកណ្តាល  ហើយពេលខ្លះលោកដឹកភ្ញៀវទេសចរមួយចំនួនដែលសមា គមស៊ីក្លូកម្ពុជាទាក់ទងឲ្យផងដែរ។ បុរសវ័យចំណាស់មកពីខេត្តព្រៃវែងម្នាក់នេះ លើកឡើងថារបរនេះ មិនពិបាកអ្វីនោះទេសំរាប់លោក ក្រៅពីបញ្ហាការស្នាក់នៅ ដែលរាល់ថ្ងៃលោកស្នាក់នៅតាមសំយាបផ្ទះគេ តែប៉ុណ្ណោះ។

មានពិបាកអីទេ ពិបាកតែដេកនៅ ព្រោះយើងដេកនៅអត់មានផ្ទះសំបែង ពេលណាសំរាកយប់ទៅយើងដេកតាមចិញ្ចើមផ្ទះគេទៅ ហើយទំរាំគេបិទទ្វារបានយើងចូល

លោក ហេង ណៃ ក្នុងវ័យ៧៣ឆ្នាំ ប្រកបរបរអ្នកធាក់ស៊ីក្លូ

លោកស្រី អែម ញ៉ាញ់ អាយុ៥២ឆ្នាំ ជាស្រ្តីមេផ្ទះបានប្រាប់វីអូឌីឲ្យដឹងថាអ្នកស្រីតែងតែជិះស៊ីក្លូទៅផ្សារនិងត្រប់មកផ្ទះវិញ។ អ្នកស្រីចូលចិត្តធ្វើដំណើរ​​​ដោយស៊ីក្លូព្រោះវាមានភាពងាយស្រួលនិងមានសុវត្ថិភាព ហើយអ្នកស្រីអាណិតអ្នករករបរស៊ីក្លូដែលពួកគាត់មិនសូវរកចំណូលបានច្រើនដូចអ្នករករបរដទៃ។

វាខុសគ្នាហើយវាគ្រាន់តែខុសគ្នាថា គាត់ធាក់ថ្មើរជើងចឹង ហើយវាស្រួលជាងគេម៉ូតូ អាកង់បី និយាយទៅផស់យើងតាំងតែពីមុន ពីដើមមកហ្មងស៊ីក្លូហា រាស្រ្តនិយមហ្មង តាំងពីអើយមកហ្មង អាហ្នឹងប្រពៃណីផស់ខ្មែរយើងហ្មងហា ហ្នឹងហា ក្តេរិ៍មរតកខ្មែរយើងមានតែមួយហ្នឹង នៅសល់

លោកស្រី អែម ញ៉ាញ់ អាយុ៥២ឆ្នាំ ជាស្រ្តីមេផ្ទះ

កញ្ញា វាសនា ដែលសព្វថ្ងៃជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានអោយដឹងថាខ្លួនធ្លាប់បានជិះស៊ីក្លូកាលពីកុមារ។ បច្ចុប្បន្ននេះកញ្ញាក៏មានចិត្តចង់ជិះស៊ីក្លូផងដែរ ក៏ប៉ុន្តែដោយសារតែកញ្ញាមានយានជំនិះផ្ទាល់ខ្លួនសំរាប់ធ្វើដំណើរ។ ដូចនេះកញ្ញាមិនបានប្រើប្រាស់ស៊ីក្លូសំរាប់ជាមធ្យោបាយធ្វើដំណើរនោះទេ ព្រោះវាយឺតជាងការធ្វើដំណើរតាមម៉ូតូ។ ទោះជាយ៉ាងណា កញ្ញាវាសនាចង់ឲ្យរបរ ធាក់ស៊ីក្លូមួយនេះបន្តទៀត ដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់។

[…] បើយើងអត់នាំគ្នាជិះវាទេ វានឹងបាត់បង់ម្តងតិចៗ ហើយអត់មានពីណាគេតដំណែងពីគាត់ទេ […] ចុះឧទាហរណ៍នៅពេលដែលអ៊ុំចាស់ៗគាត់បាត់បង់ជីវិតអីចឹងទៅ របរស៊ីក្លូនឹងវារលាយបាត់ វាអត់មានបន្តទៀតទេ ចុះបើយើងនាំគ្នាបន្តជិះវាតិចក៏ដោយច្រើនក៏ដោយ ស៊ីក្លូនឹងអាចបន្តឃើញដល់ក្មេងជំនាន់ក្រោយទៀត

កញ្ញា វាសនា និស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ប្រធានសមាគមស៊ីក្លូកម្ពុជា លោកស្រី ឡុង សុខហ៊ួយ បានប្រាប់វីអូឌីអោយដឹងថា លោកស្រីបង្កើត សមាគមស៊ីក្លូកម្ពុជានេះឡើងដោយសារតែចង់ជួយអ្នកដែលប្រកបរបរធាក់ស៊ីក្លូឲ្យមានការងារធ្វើ។ សំរាប់ សមាជិកអ្នកធាក់ស៊ីក្លូក្នុងសមាគម លោកស្រីអាចជួយឲ្យផ្តល់ស៊ីក្លូសមរាប់ធាក់ សេវាជួសជុលរ៉ាប់រ៉ងដោយខាងសមាគម និង មានរៀបចំភ្ញៀវទេសចរឲ្យដឹកផងដែរ។ ក្រៅពីនោះលោកស្រីថារដ្ឋាភិបាលក៏បានជួយដល់អ្នកធាក់ស៊ីក្លូផងដែរ ដោយជូនជាប្រាក់ប្រចាំថ្ងៃ ឬថ្លៃបាយ ដោយក្នុងនោះម្នាក់ទទួលបាន ៥០០០៛ ហើយព្យាបាលនៅមន្ទីរពេទ្យដោយឥត គិតថ្លៃ។

អ្នកប្រកបរបរធាក់ស៊ីក្លូ ក្នុងក្រុងភ្នំពេញ

ប្រធានសមាគមស៊ីក្លូរូមនេះបានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ប្រើប្រាស់ឡើងវិញនូវមធ្យោបាយធ្វើដំណើរចំណាស់មួយនេះ ដោយថាវាអាចជួយផ្តល់ការងារឲ្យអ្នកធាក់សីុក្លូ និង ជួយរក្សាបរិស្ថានផងដែរ។

ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាជនខ្មែរគាត់មានឪកាសជួយបាន ចឹងគាត់អាចជិះទៅ […] គាត់អាចជួយដល់ពូស៊ីក្លូ គាត់មានថវិការដើម្បីអាចចិញ្ចឹមគ្រួសាររបស់គាត់បាន […] ចឹងគាត់សង្ឃឹមលើបង ប្អូនដែល ប្រើប្រាស់ច្រើនទៅគាត់សប្បាយចិត្ត ព្រោះឥឡូវឃើញភាគច្រើនយើងផ្លាស់ប្តូរទៅតុកៗ ហើយនិង pass app ច្រើន ដ៏អញ្ជឹងយើងបាត់បង់នូវប្រើប្រាស់ដោយអត់មានផ្សេងដូចជាស៊ីក្លូរបស់យើងនេះ គឺអត់មានផ្សេងទេអត់មានខូច បរិយាកាសទេតែបងប្អួនយើងអត់សូវប្រើប្រាស់ បើបានគាត់ត្រឡប់មកវិញក្នុងការប្រើប្រាស់វិញគាត់អាចជួយ ជីវភាពដល់ពូស៊ីក្លូហើយ គាត់អាចជួយបរិស្ថានអោយល្អទៀត

ប្រធានសមាគមស៊ីក្លូកម្ពុជា លោកស្រី ឡុង សុខហ៊ួយ

លោកស្រី សុខហ៊ួយ បានបន្ថែមថា សមាជិកអ្នកធាក់ស៊ីក្លូក្នុងសមាគមរបស់លោកស្រីមានប្រមាណ ៣៥០ ទៅ ៤០០ នាក់។

អ្នកប្រកបរបរធាក់ស៊ីក្លូ ក្នុងក្រុងភ្នំពេញ
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ