អ្នកជំនួញនិងអ្នកសេដ្ឋកិច្ចយល់ឃើញខុសគ្នាពីស្ថានភាពទីផ្សារដីធ្លី​

ដីឡូតិ៍ និងបុរី របស់លោក ឡេង ណាវ៉ាត្រា (រូបភាព៖ Leng Navatra ឡេង ណាវ៉ាត្រា)

អ្នកជំនួញដែលកំពុងទិញ-លក់ដី និងអ្នកជំនាញស្រាវជ្រាវពីស្ថានភាពសេដ្ឋកិច្ចបង្ហាញការយល់ឃើញខុសគ្នា ចំពោះស្ថានភាពទីផ្សារដីធ្លីក្រោយការបោះឆ្នោតអាណត្តិទី៦នេះ​។​

ម្ចាស់ក្រុមហ៊ុនពុះដីឡូត៍លក់ និងជាម្ចាស់បុរីឡេងណាវ៉ាត្រាអចលនទ្រព្យ លោក ឡេង ណាវ៉ាត្រា មានប្រសាសន៍ថា តម្រូវការទិញដីកើនឡើងជាលំដាប់ មិនមានការប្រែប្រួលអ្វីទេ ទោះក្នុងអំឡុងពេលបោះឆ្នោតក៏ដោយ។​

អត់ដែលគិតរឿងបោះឆ្នោតហើយមិនបោះឆ្នោត! មូលហេតុតែមួយគត់ រាល់ពេលដែលខ្ញុំធ្វើរាល់ថ្ងៃនេះ គឺខ្ញុំបានធ្វើគិតទៅលើកំណើនប្រជាជនដែលប្រជាជនគាត់ចេញពីខេត្តមកគាត់ត្រូវការរស់នៅទីក្រុងភ្នំពេញដើម្បីស្វែងរកការងារធ្វើ។ អញ្ចឹងកំណើនប្រជាជនដែលនៅទីក្រុងភ្នំពេញហ្នឹង គាត់ត្រូវការផ្ទះនៅដែលនៅ ជាយៗក្រុង អញ្ចឹងអ្នកដែលបានលុយតិចគាត់ត្រូវការដីឡូត៍ដែលនៅជាយក្រុង ហើយអាចរកចំណូល​បាន ដូចជាក្បែររោងចក្រឬក៏ក្បែរ គៀកៗទីប្រជុំជនដែលអាចរកស៊ីបានណាបង!

ម្ចាស់ក្រុមហ៊ុនពុះដីឡូត៍លក់ និងជាម្ចាស់បុរីឡេងណាវ៉ាត្រាអចលនទ្រព្យ លោក ឡេង ណាវ៉ាត្រា

ចំណែកប្រធាន​សមាគមអ្នកវាយតម្លៃនិងភា្នក់ងារអចលនវត្ថុកម្ពុជា លោក គីម ហ៊ាង មានប្រសាសន៍ថា វិស័យអចលនទ្រព្យកំពុងតែមានភាពទាក់ទាញជាងវិស័យ ផ្សេងៗ និងថាកំពុងតែមានស្ថិរភាពល្អ។

អូវិស័យដីធ្លីយើងកំពុងតែល្អ ល្អ ល្អមែនទែន! បើយើងនិយាយមែនទែនទៅក្រោយ២០១០មកគឺយើងឡើង ៨ឆ្នាំឡើងរហូត យើងកំពុងឡើងឥឡូវ។ និយាយទៅកន្លែងណា ទិញដីនៅស្រុកខ្មែរកន្លែងណាក៏ចំណេញដែរ បើនិយាយឲ្យអាក្រក់ស្តាប់ឲ្យតែដីហ្នឹងជាដីពិត ប្លង់ពិត គឺត្រូវតែចំណេញម៉ង! ដីនៅភ្នំពេញយើងហ្នឹង នៅជាយក្រុងក៏ដោយ។ មិនបាច់ចេះជំនាញច្រើនទេឲ្យតែទិញ១០ឆ្នាំមុនឥឡូវចំណេញឡើងដប់ម្ភៃហាសិបដង កន្លែងណាក៏ឡើងដែរសំខាន់ឲ្យតែយើងទិញជាដីពិត មានឯកសារពិត អាហ្នឹងគឺដឹងតែឡើងថ្លៃហើយ

ប្រធាន​សមាគមអ្នកវាយតម្លៃនិងភា្នក់ងារអចលនវត្ថុកម្ពុជា លោក គីម ហ៊ាង

ប៉ុន្តែសម្រាប់អ្នកជំនាញសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលោក ង៉ែត ជូ មានប្រសាសន៍ថា លោកនៅមានការព្រួយបារម្ភ និងមិនប្រញ៉ាប់ចំពោះការវិនិយោគរឿងដីធ្លីទេ ដោយថា ស្ថានភាពនយោបាយមិនទាន់ប្រាកដប្រជាពាក់ព័ន្ធបញ្ហាសេដ្ឋកិច្ចបន្ទាប់ពីបោះឆ្នោតរួច។

ខ្ញុំយល់ថា ទំហំសេដ្ឋកិច្ចរបស់យើងពេលបច្ចុប្បន្ននេះ គឺយើងពឹងផ្អែកពីការនាំចេញទៅសហគមន៍អឺរ៉ុបហ្នឹង ទីផ្សារសហរដ្ឋអាមេរិកអីក្តីហ្នឹង គឺយើងពឹងផ្អែកខ្លាំងណាស់។ អញ្ចឹងទាក់ទងជាមួយនឹងស្ថានភាពនយោបាយនាពេលបច្ចុប្បន្នហ្នឹង ជាពិសេសការបោះឆ្នោត ថ្មីៗហ្នឹង គឺយើងមិនទាន់មានភាពប្រាកដប្រជាថាដំណើរទៅមុខហ្នឹងយ៉ាងម៉េចទៀតទេ គឺអត់ទាន់ច្បាស់នៅឡើយទេ

អ្នកជំនាញសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលោក ង៉ែត ជូ

បើតាម លោក  ង៉ែត ជូ ឲ្យដឹងបន្ថែមពីការទិញដូរដីថា មានការផ្អាកនៅមុនកៀកការបោះឆ្នោត ប៉ុន្តែក្រោយការបោះឆ្នោតលោកសង្កេតឃើញមានសកម្មភាពទិញលក់ដីច្រើនគួរសមនៅតំបន់ដែលមានតម្លៃធូរ និងថាប្រជាពលរដ្ឋមិនខ្វល់ពីស្ថានភាពនយោបាយទេ។

ព័ត៌មានដែលផ្សព្វផ្សាយខ្លាំងពីតម្លៃដីធ្លីក្នុងអំឡុងពេលបោះឆ្នោតនេះគឺពាក់ព័ន្ធនឹងតារាចម្រៀងពីររូបដាក់ទុនជាមួយលោក ឡេង ណាវ៉ាត្រា  រៀបចំពុះដីឡូត៍លក់។ តារាចម្រៀងទាំងពីរនោះគឺលោក ព្រាប សុវត្ថិ ដាក់ទុន ៥លានដុល្លារ និង លោក ខេមរៈសិរីមន្ត ដាក់ទុន១០លានដុល្លារ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ