អូស្រ្តាលីថាមានជម្រើសច្រើនដើម្បីឆ្លើយតបទៅនឹងការបោះឆ្នោតនៅកម្ពុជាដែលខ្លួនថាមិនសេរី

លោកស្រី ជូលី ប៊ីសស៊ប (Julie Bishop) រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី (រូបភាព៖ abc.net.au)

រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអូស្ត្រាលី បានលើកឡើងថាប្រទេសខ្លួន​មានជម្រើសជាច្រើន ដើម្បី​ឆ្លើយតបទៅនឹងការ​បោះឆ្នោតនៅកម្ពុជា​ ដែលខ្លួនយល់ថាមិនភាពសេរី និងបើកទូលាយ​។

នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ABC កាលពី​សប្ដាហ៍មុន លោកស្រី ជូលី ប៊ីសស៊ប (Julie Bishop) រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី បានមានប្រសាសន៍ថា អូស្រ្តាលីនឹងខិតខំធ្វើការជាមួយ​រដ្ឋាភិបាល​កម្ពុជា ដើម្បីឲ្យពួកគេបាន​ដឹងពីការព្រួយបារម្ភ​របស់អូស្រ្តាលី ដើម្បី​ស្វែងរកការឆ្លើយ​តបពីសំណាក់រដ្ឋាភិបាលកម្ពុជា។

ប្រទេសអូស្រ្តាលីកំពុងពិភាក្សាជាមួយបណ្តាប្រទេសដែល​មានគំនិតដូចយើង រួមមានសហរដ្ឋអាមេរិក និង​ប្រទេស​ដទៃទៀតថាតើអ្វីដែលអាចជាការឆ្លើយតប​ប្រកបដោយប្រសិទ្ធភាព។ ហើយយើងក៏មានជម្រើសច្រើនទៀត ដែល​ស្ថិតនៅក្នុងការពិចារណា

លោកស្រី ជូលី ប៊ីសស៊ប (Julie Bishop) រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី

លោកស្រីបានបន្តថា ប្រទេសអូស្រ្តាលីបានបញ្ជាក់យ៉ាងច្បាស់ថា ការបោះឆ្នោតនៅកម្ពុជាគឺមិនមានភាពសេរី និងបើកទូលាយ​នោះ​ទេ ដោយសារ​តែរដ្ឋាភិបាលកម្ពុជាបង្ក្រាបសកម្មភាពរបស់គណបក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយ និងសង្គម​ស៊ី​វិល​។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានបដិសេធពីការចោទប្រកាន់របស់អូស្រ្តាលី ដែលថាការ​បោះឆ្នោតនៅកម្ពុជា​មិនមានភាព​សេរី  ព្រោះថាអូស្រ្តាលីមិនបានចូលរួមសង្កេតការណ៍ដោយផ្ទាល់។ លោកបន្ថែម​ថា​កម្ពុជាមិនមាន​ការព្រួយបារម្ភអ្វី​ទេ​ ចំពោះការព្រមាន​របស់​អូស្រ្តាលី​។

យើងស្រុកខ្មែរសុខសប្បាយចង់ងាប់ ហើយមានព្រួយបារម្ភអីពីភាវរកម្មដូចប្រទេសអស់លោកអ្នកនឹង ចឹងយើង​ស្ថិតនៅក្នុងបរិបទនេះ ឯករាជ្យ អធិបតេយ្យភាព ភាពរបស់យើង។ ដោយឡែក គ្មានជនណា បរទេសណាមកយាយីឯករាជ្យភាព និង​អធិបតេយ្យភាពបានទេ ទាំងអស់គ្នានឹង ទាំងអូស្រ្តាលី ទាំងកម្ពុជា សុទ្ធតែជាសមាជិកពេញសិទ្ធរបស់អង្គការសហប្រជាជាតិ ចឹងឲ្យ​គាត់មើលផង មុននឹងមានមតិអីពាក់ព័ន្ធដល់កម្ពុជា កុំឲ្យមានលក្ខណៈកកូរកកាយកិច្ចការផ្ទៃក្នុងកម្ពុជា កម្ពុជាកំពុងបាន​សុខ ហើយកុំធ្វើឲ្យកម្ពុជានឹងរងទុក្ខវេទនាដូចពេលមុនៗទៀត

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន

អ្នកវិភាគគោលនយោបាយនិងជាសាស្រ្តាចារ្យរងជំនាញការទូត និងកិច្ចការពិភពលោកនៅមហាវិទ្យាល័យ Occidental នៅទីក្រុង​ឡូសអែនជឺលែស សហរដ្ឋអាមេរិក បណ្ឌិត អៀ សុផល មានប្រសាសន៍ថា ប្រទេសកម្ពុជាគួរបញ្ឃប់រាល់សកម្មភាពដែលផ្ទុយ​ទៅនឹង​នីតិរដ្ឋនៅអូស្ត្រាលី។ លោកបន្តថា​កម្ពុជាអាចបំបែកនីតិរដ្ឋ​នៅកម្ពុជាបាន ប៉ុន្តែមិនសន្មតថាកម្ពុជាអាចធ្វើបានដូចនេះនៅក្នុងប្រទេស​ដទៃឡើយ ហើយកម្ពុជាមិនអាចត្រួតត្រានិយតករ ប្រព័ន្ធ​តុលាការ និងប្រព័ន្ធផ្សព្វផ្សាយរបស់គេឡើយ។

អូស្រ្តាលីមិនខ្វល់ថា​អ្នកជានរណាទេ។ បើ​មិនគោរព​ច្បាប់របស់គេ ទ្រព្យសម្បត្តិ​របស់អ្នកនឹងត្រូវបានរឹបអូស ហើយអ្នកនឹងជាប់ពន្ធធានាគារ។ ប្រសិនជាអ្នក​ស្ថិតនៅខាងក្រៅអូស្រ្តាលីទឹកដីអូស្រ្តាលី​ នោះអ្នកនឹងត្រូវហាមឃាត់​មិនឲ្យចូលទៅទឹកដីអូស្រ្តាលីឡើយ​

បណ្ឌិត អៀ សុផល អ្នកវិភាគគោលនយោបាយនិងជាសាស្រ្តាចារ្យរងជំនាញការទូត

ប្រទេសដែលទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជាថាជាការបោះឆ្នោតមួយដែល​ត្រឹមត្រូវ​មានដូចជា ប្រទេសចិន ឡាវ វៀតណាម ហ្វីលីពីន និង​ឥណ្ឌូនេស៊ី។ ប៉ុន្តែប្រទេសមួយចំនួនទៀតមានដូចជា ជប៉ុន អាមេរិក អូស្រ្តាលី អឺរ៉ុប កាណាដា និងអាល្លឺម៉ង់ជាដើមថាការបោះឆ្នោតកាលពីចុងខែកក្កដា​មិនមានភាពសេរីនិង​យុត្តិធម៌នោះទេ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ