ការនាំចេញរបស់​កម្ពុជា​កើន​ឡើងជាង​១០​ភាគ​រយក្នុង​រយៈពេល១ឆមាសដំបូង​

សកម្មភាពកម្មករកំពុងផលិតសម្ភារៈ (រូបភាពពី Wah Sun Hand-Bag Factory)

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​លើក​ឡើង​ថា​ក្នុង​រយៈពេល​៦​ខែ​នៃ​ឆ្នាំ​២០១៨នេះ ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​កើន​ឡើង​១១ភាគ​រយ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។​

ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​ជាតិ​ AKP បាន​ដក​ស្រង់ប្រសាសន៍​របស់​រដ្ឋ​មន្ត្រីក្រសួង​ពាណិជ្ជកម្ម​លោក​ ប៉ាន់ សូរស័ក្កិ ក្នុង​ពេល​ដែល​លោក​ជួប​ជា​មួយ​បេក្ខជន​ដែល​ទទួល​បាន​អាហារូបករណ៍ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុនកាលពី​ម្សិល​មិញ​ថា ក្នុងរយៈពេល​៦​ខែ​នៃ​ឆ្នាំ​២០១៨​នេះ ទំហំ​ពាណិជ្ជកម្មរបស់កម្ពុជាសម្រេចបាន ១៣ ៩៨៥លានដុល្លារ ក្នុងនោះការនាំចេញ មានចំនួនប្រមាណ ៥ ៧៩៤លានដុល្លារ គឺកើនឡើង១១ភាគរយ ចំណែកការនាំចូល មានចំនួន ៨ ១៩១លានដុល្លារ គឺបានកើន ១០,៦ភាគរយ បើធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​នៅឆ្នាំមុន។

លោក​ក៏​បាន​បញ្ជាក់​ថា ការនាំចេញ​សម្លៀកបំពាក់ នៅក្នុង​ឆមាស​ទី​១ ​ឆ្នាំ២០១៨នេះ មាន​ចំនួន ៤ ១៤៣​លាន​ដុល្លារ កើន​ឡើង​ប្រមាណ ១១​ភាគរយ​ ហើយ​ផលិត​ផល​​​កសិកម្ម​ មាន​ចំនួន ២៧២ លានដុល្លារ គឺបានកើនឡើង ៨ភាគរយ ខណៈ​ការនាំចេញ​ផ្សេងៗ ​មាន​ចំនួន ១ ៣៧៩​ លាន​ដុល្លារ គឺបានកើនឡើង ១៤​ភាគរយ​។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក ស៊ាង ថៃ មានប្រសាសន៍ប្រាប់វីអូឌីនៅថ្ងៃនេះ​ថាប្រទេសដែលកម្ពុជានាំចេញច្រើនជាងគេមានសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ជប៉ុន និងកាណាដា ប៉ុន្តែ​លោកមិនទាន់អាចបញ្ជាក់ពីប្រទេសដែលនាំចូលមកកម្ពុជាច្រើនជាងគេ​បាននៅឡើយទេ។

វាល្អសម្រាប់យើង! ឃើញថាវិនិយោគបរទេសគាត់បានវិនិយោគបន្ថែមក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះបានកើន ឡើង។ ដូចខ្ញុំបញ្ជាក់ ការផលិតនូវផលិតផលសម្រាប់ធ្វើដំណើរ ឃើញថារោងចក្រមានជាង៦០ហើយ ដែលកើនឡើងជាបន្តបន្ទាប់គ្រាន់តែមកផលិតរបស់ហ្នឹង។ វាជាសញ្ញាណល្អសម្រាប់កម្ពុជាគឺកើនឡើងរហូត

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក ស៊ាង ថៃ

ទីប្រឹក្សា​ជាន់​ខ្ពស់​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ចជាតិ​លោក ម៉ី កល្យាណ មាន​ប្រសាសន៍​ថាការ​កើន​ឡើង​នៃ​ទំ​ហំពាណិជ្ជកម្ម​នេះ​ជា​រឿង​ល្អ​សម្រាប់​កម្ពុជា បើ​ទោះ​បី​ឆ្នាំ​នេះ​ជា​ឆ្នាំ​បោះឆ្នោត​ក៏​ដោយ។

នេះជា​រឿង​ល្អ​មួយ តាម​ថ្ងៃ​មុន​គេ​ក៏​បាន​សួរ​ខ្ញុំ​ដែរ ឃើញ​ថា​ទី​ផ្សារ​យើង​ក៏​មាន​ភាពច្រើន​បែប​ដែរ ពី​មុន​នាំ​ចេញ​ទៅ​តែ​អាមេរិក​កាំង ពី​ដើម​នាំ​ចេញ​ទៅ​តែ​អឺរ៉ុប​ទេ។ តែ​ឥឡូវយើង​បាន​នាំ​ចេញ​ទៅ​ជប៉ុន ទៅ​ប្រទេស​អី ផ្សេង​ជា​រឿង​ល្អ​សម្រាប់​យើង។ ជា​ទូទៅ​ជា​រឿង​ដែល​យើង​ត្រូវអប​អរសាទរ

ទីប្រឹក្សា​ជាន់​ខ្ពស់​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ចជាតិ​លោក ម៉ី កល្យាណ

​បញ្ហា​នយោបាយ​​បន្ទាប់ពី​បោះឆ្នោត​រួច ហាក់​បាន​ធ្វើ​ឲ្យ​កម្ពុជា​មាន​ការ​រកាំ​រកូស​ជា​មួយសហ​រដ្ឋ​អាមេរិក និង​អឺរ៉ុប ដែល​ជា​អ្នក​បញ្ជា​រ​ទិញធំពី​កម្ពុជា​ខណៈ​លោក ម៉ី កល្យាណ ថា​លោក​ពិបាក​ផ្តល់​យោ​បល់​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ប្រទេស​ទាំង​នោះ​ណាស់ តែ​លោក​យល់​ថាកម្ពុជា​គួរ​ផលិតផលិត​ផល​ឲ្យ​បាន​ច្រើន​មុខ និង​ទី​ផ្សារ​ឲ្យ​បាន​ច្រើន​ដើម្បី​​បញ្ចៀស​បញ្ហា​ដែល​អាច​កើត​ឡើង​ជា​យថា​ហេតុ​ណាមួយក្នុង​ឆមាស​ទី​២​នៃ​ឆ្នាំ​២០១៨​នោះ។

អ្វីដែល​យើង​ធ្វើ​កើត​ហ្នឹង​ដោះ​ស្រាយរឿង​មធ្យម​ និង​វែងដូច​ដែល​ខ្ញុំបាន​ប្រាប់​អញ្ចឹង ពិពិធកម្ម​ទាំង​របស់​របរ ទាំង​ទីផ្សារ​ទាំង​អស់​ហ្នឹង! កុំ​ឲ្យ​ពឹង​តែ​លើ​ទីផ្សារ​មួយ​ ឬ​វត្ថុ​ធាតុ​ដើម​តែ​មួយ​ហ្នឹង​គឺ​អត់ល្អ​ទេ! ទាល់​តែ​ធ្វើ​ពិពិធ​កម្ម​ឲ្យ​បាន​ច្រើន គិត​​បញ្ហា​រយៈពេល​មធ្យម និង​យូរ​អង្វែង មិន​អាច​គិត​ត្រឹម​តែ​មួយ​យប់​បាន​ទេ។ គេ​សម្រេច​យ៉ាង​ណាជា​រឿង​របស់​គេ ខ្ញុំ​ពិបាក​ផ្តល់​យោ​បល់​ណាស់ តែ​បើ​សិន​ជា​គេ​សម្រេច​ថា​ដាក់​ទណ្ឌ​កម្ម​ ឬ​អីហ្នឹង​ជារឿង​អវិជ្ជមាន​សម្រាប់​ប្រទេស​យើង​ហើយ

ទីប្រឹក្សា​ជាន់​ខ្ពស់​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ចជាតិ​លោក ម៉ី កល្យាណ

​ប៉ុន្តែសម្រាប់​ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក ស៊ាង ថៃ ថាមិនមានសញ្ញាណមិនល្អណាមួយពីប្រទេសទាំងនោះចំពោះពាណិជ្ជកម្មនោះទេ បើទោះបីជាប្រទេស​ទាំងនោះ​ប្រកាសមិនគាំទ្រការបោះឆ្នោត​កាលពីចុងខែកក្កដា​កន្លងមកយ៉ាងណាក្តី​។

កាលពីឆ្នាំ​២០១៧កន្លងទៅ ការ​នាំ​ចេញ​របស់​កម្ពុជា​មានតម្លៃប្រមាណ ១១,២ពាន់លាន​ដុល្លារ គឺបានកើន​ឡើង ៩,២ភាគរយ ធៀប​នឹងឆ្នាំ២០១៦ ដែលមានទឹកប្រាក់ ១០,២ពាន់​​លាន​ដុល្លារ​ខណៈការនាំ​ចូល​មាន​ទំហំ ១៥,៥​ពាន់​​លាន​ដុល្លារ គឺបានកើន ៩,៨​​ភាគរយ ធៀប​នឹង១៤,១​ពាន់​លាន​ដុល្លារ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ