បទយកការណ៍៖ លៀសហាលលក់មិនដាច់នៅរដូវវស្សា ខណៈដែលអ្នកទិញជំរុញឲ្យមានអនាម័យខ្ពស់

អ្នកលក់លៀសហាល ក្នុងក្រុងភ្នំពេញ

បុរសនិងស្រ្តីស្រែកខ្លាំងតាមដងផ្លូវថា លៀសហាល អើយ លៀសហាល ដោយរុញរទេះរាងចតុកោណធ្វើពីឈើនិងស័ង្កសី មានដាក់ហាលលៀស ក្រោមពន្លឺព្រះអាទិត្យ​​​ដែលប្រលាក់ដោយគ្រឿងផ្សំផ្សេងៗដូចជា អំបិល​​​ស្ករ ប៊ីចេង អំពិលទុំ និងម្ទេស។ ​​​

លៀសហាល គឺជាអាហារសម្រន់មានរសជាតិឆ្ងាញ់ដែលមានតំលៃថោកនិងពេញនិយមខ្លាំងក្នុងប្រទេសកម្ពុជា ហើយជាពិសេសក្នុងទីក្រុងភ្នំពេញ ដោយប្រជាពលរដ្ឋតែងតែជ្រើសរើសទិញញាំលេងនិងសម្រាប់ជាអាហាថ្ងៃត្រង់របស់ខ្លួនផងដែរ។

ភ្លឺស្រាងៗ​​​ អ្នកប្រកបរបរលក់លៀសហាល​​​ចាប់ផ្តើមរៀបចំលៀសស្រស់​​​ដែលទិញមកពី​​​បឹងផ្សេងៗយកមកស្រុះជាមួយទឹកក្ដៅមួយសន្ទុះធំ រួចលាយគ្រឿងនិងតម្រៀបលើរទេះរុញ​​​ដើម្បីដាក់ហាលក្រោមពន្លឺព្រះអាទិត្យឲ្យឆ្អិន។ នៅពេលព្រះអាទិត្យបញ្ចេញកំដៅខ្លាំង ពួកគេនាំគ្នាចេញពីលំនៅឋានឆ្ពោះទៅផ្លូវនានា ក្នុងទីក្រុងភ្នំពេញ ដែលចរាចរណ៍កំពុងមមាញឹក និងផ្លូវខ្លះកំពុងសាងសង់ដោយមានដីហុយ និងធូលីផ្សេងៗ។

របរលៀសហាលសព្វថ្ងៃ

អ្នកលក់លៀសហាលម្នាក់ នៅម្ដុំខណ្ឌសែនសុខ ក្នុងរាជធានីភ្នំពេញ ឈ្មោះស្រីពីន អាយុ ១៦ឆ្នាំ រស់នៅជាមួយអ៊ុំបង្កើតរបស់ខ្លួនក្រោយឪពុកម្ដាយបានស្លាប់ចោលតាំងពីតូច បានប្រាប់វីអូឌីឲ្យដឹងថា ដោយសារតែខ្លួននាងមិនបានរៀនសូត្រខ្ពង់ខ្ពស់ ទើបនាងមិនអាចរកការងារផ្សេងបានធ្វើ។​​អ៊ុំស្រីរបស់នាងបានបងៀនឲ្យធ្វើលៀសហាល និងលក់ ដើម្បីបានចំណូលចិញ្ចឹមគ្រួសារ។​​​ នាងមានការចាប់អារម្មណ៍ប្រកបរបរមួយនេះព្រោះវាងាយស្រួល ប៉ុន្តែមិនសូវចំណេញប្រាក់ច្រើននោះទេ។

ឈរឆ្កឹះលៀលដែលហាលលើរទេះបណ្ដើរនិយាយបណ្ដើរ ស្រីពីន ឲ្យដឹងថា៖

អ៊ុំគាត់ធ្វើឲ្យអញ្ចឹងណា ដំបូងអត់ចេះលក់ផងតែអ៊ុំគាត់បង្រៀនលក់តាំងពីតូច ខ្ជិលធ្វើការងារ ធ្វើការអាហ្នឹងវាចង់បានលុយ១ម៉ឺន ២ម៉ឺនអញ្ចឹងខ្ជិលធ្វើការ

បើទោះបីលៀសហាលជាអាហារមួយប្រភេទ ដែលគេពេញនិយមក៏ដោយ ប៉ុន្តែក្នុងរដូវវស្សាអ្នកលក់ស្ទើរតែទាំងអស់បានត្អូញត្អែរពីការលក់មិនសូវដាច់ក្នុងការប្រកបរបរមួយនេះ ដែលធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់។ នៅរដូវវស្សាមិនមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ដើម្បីហាលលៀស ហើយអ្នកលក់ជួបការលំបាកក្នុងការរុញលក់តាមផ្លូវ។

ស្រីពីនបានបន្ថែមទៀតថា ចំណូលដែលរកបានពីការកលក់លៀសនៅខែប្រាំងបានជា១៣ម៉ឺនរៀល តែការលក់លៀសហាងក្នុងរដូវវស្សានេះមិនទទួលបានចំណូលច្រើននោះទេ ព្រោះចំណូលដែលលក់បានស្ទើតែស្មើនឹងប្រាក់ដើមទៅហើយ បើគិតទាំងតំលៃដើមរបស់លៀសស្រស់ និងគ្រឿងផ្សំបន្ថែមទៀត។

និយាយជាមួយទឹកមុខក្រៀមក្រំបណ្ដើរ ស្រីពីន ឲ្យដឹងថា៖

យើងទិញយកមកធ្វើមួយតៅ៤ម៉ឺន ៥ម៉ឺន​​​រៀល អីចឹង គ្រឿងអស់១ម៉ឺន២ម៉ឺនរៀល មួយកំប៉ុង២ពាន់ បានលុយតែ៦ម៉ឺន៧ម៉ឺនរៀលហ្នឹង មួយថ្ងៃបានតែប៉ុណ្ណោះ បើថ្ងៃណាភ្លៀងបានលុយបញ្ជូលឲ្យគេទៅ

អ្នកលក់លៀសហាលម្នាក់ នៅម្ដុំផ្សារ៧មករា ក្នុងខណ្ឌទួលគោក អ្នកស្រី រ៉ែន អាយុ២៦ឆ្នាំ បានប្រាប់វីអូឌីថា ជាធម្មតាអ្នកស្រីនិងស្វាមីដើរលក់លៀសហាលទាំងពីរនាក់ តែដោយសារតែចំណូលនៃការលក់ក្នុងរដូវវស្សាបានតិច ដែលមិនអាចផ្គត់ផ្គង់ជីវភាពគ្រួសារបាន ទើបប្ដីអ្នកស្រី បោះបង់ការលក់លៀសហាលមួយរយៈ ហើយទៅធ្វើការរោងចក្របណ្ដោះអាសន្ន រហូយដល់រដូវប្រាំងវិញ។

អ្នកស្រី​​​​​​ រ៉ែន បាននិយាយថា៖

លក់ ប៉ុន្ដែអីលូវធ្វើការ ចូលធ្វើការរោងចក្រ ពីមុនលក់ ខែហ្នឹងលក់អត់ដាច់

សព្វថ្ងៃលៀសហាលមានពីរជាតិគឺទី១លៀលហាលប្រលាក់គ្រឿងអំបិលម្ទេសហិរ និង ទី២ប្រលាក់គ្រឿងម្ទេសអំពិលទុំ ហើយមានការដាក់លក់លើរទេះរុញដោយគ្មានកញ្ចក់គ្រប និងហាលក្នុងទូកញ្ចក់ថ្លាបិទជិត។

អ្នកស្រី រ៉ែន ក៏ធ្លាប់លក់លៀសហាលដោយមិនដាក់ទូកញ្ចក់ដែរ តែការលក់ហាក់ដូចជាមិនសូវដាច់ និងដោយគិតពីអនាម័យផងនោះទើបអ្នកស្រីសំរេចចិត្តប្តូរមកលក់លៀសហាលដាក់កញ្ចក់បិទជិតវិញ។ បន្ទាប់ពីដាក់លក់ក្នុងទូកញ្ចក់ ចំនួនអ្នកទិញច្រើនជាងមុន។

អ្នកស្រី រ៉ែន បានបន្ថែមថា៖ 

មកវាអនាម័យ កុំអោយដីហុយ ធ្លាប់ពីមុន ធ្លាប់បីបួនឆ្នាំមុនលក់ តែឥឡូវលែងលក់ហើយ លក់តែទូកញ្ចក់ ហ្នឹងហើយវាអត់អនាម័យ ឃើញអានេះវាទំនងអញ្ចឹងទៅ វាអនាម័យ

អ្នកស្រី នីត មកអង្គុយញាំបាយថ្ងៃត្រង់នៅម្ដុំសាលាឯកជនជ័យថាវី បានប្រាប់វីអូឌីថា អ្នកស្រីចូលចិត្តញាំលៀសហាល ប៉ុន្តែពេលខ្លះអ្នកស្រីបារម្ភពីអនាម័យក្នុងការធ្វើនិងដាក់លក់តាមដងផ្លូវដែលមានដីហុយ និងផ្សែងចេញពីរថយន្តនិងម៉ូតូ។ អ្នកស្រីលើកឡើងថាមិនមែនលៀសហាលដែលដាក់ទូកញ្ចក់ត្រឹមត្រូវសុទ្ធតែមានអនាម័យសំរាប់អ្នកញាំនោះទេ។ បើមិនមានការរៀបចំលាងសម្អាតទូកញ្ចក់អោយស្អាតទេ នោះក៏ជាការលក់ដូរគ្មានអនាម័យដែរ។

អង្គុយចុចទូរសព្ទបណ្ដើរនិយាយបណ្ដើរ អ្នកស្រី នីតឲ្យដឹងថា៖

និយាយទៅតាមម្នាក់ម្យ៉ាង ពេលខ្លះដាក់កញ្ចក់ហ្នឹងក៏មិនសូវស្អាតដែរ ដូចជាថាមើលមកគេអត់លាងកញ្ចក់ គ្រាន់ឃើញកញ្ចក់វាកក្រិចអីយើងក៏មើលដឹងដែរ ពេលខ្លះមានមួយកន្លែងខ្ញុំទៅទិញ កញ្ចក់គេអត់លាងអីអោយស្អាតផង អញ្ចឹងបានន័យថាសូម្បីតែទូ របស់ហ្នឹងក៏គេលាងអត់ស្អាតដែរ គ្រាន់តែដាក់អញ្ចឹងមកអោយតែឃើញអនាម័យ

អ្នកស្រី នីត ពលរដ្ឋក្រុងភ្នំពេញម្នាក់

ថ្វីត្បិតមានចំណង់ចំណូលចិត្តញាំលៀសហាលយ៉ាងណាក៏ដោយ និស្សិតស្រីឆ្នាំទី២នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ អោ ស្រីពេជ្រ​ ឲ្យដឹងថា កញ្ញាស្រីពេជ្រ មិនភ្លេចគិតពីគុណភាពរបស់លៀសហាល និង ការអូសលក់តាមទីតាំងផ្សេងៗនោះទេ។ ហើយកញ្ញាក៏មិនទិញញាំដែរ ប្រសិនបើឃើញសភាពលៀសមិនស្អាតនិងលក់នៅទីកន្លែងកខ្វក់។ រីឯតំលៃមិនមែនជាបញ្ហសំរាប់ស្រីពេជ្រ នោះទេ។

ទិញលៀសយកមកញាំ ទី១គិតថាវាឆ្ងាញ់ យើងចូលចិត្តវា សម្រាប់តំលៃវាមិនមែនជាបញ្ហាធំទេ វាជាទូទៅវាមិនសូវថ្លៃប៉ុន្មានទេ[…]សំរាប់គុណភាពវិញពេលយើងទិញយើងត្រូវគិតដែរណា[…]យើងមើលថាលៀសហ្នឹងសំបុរម៉េច[…]យើងមិនមែនចេះតែទិញញាំអីចឹងទេណា[…] អាហ្នឹងញុំអត់ដឹងថាគេអូសកាត់ពីណាមកដែរ ប៉ុន្ដែដល់ពេលយើងចង់ទិញ កន្លែងគេអូសកាត់សំរាម ឃើញកន្លែងរុញរោម វាអត់ញាំម៉ង

និស្សិតស្រីឆ្នាំទី២នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ អោ ស្រីពេជ្រ

ស្រីពេជ្រមិនដែលមានបញ្ហាសុខភាពដូចជាការរាគរូសបន្ទាប់ពីញាំលៀសហាលនោះទេ តែកញ្ញាធ្លាប់បានឃើញមិត្តភក្ដ បន្ដោងសេរ៉ូមព្រោះមានជំងឺគ្រុនពោះវៀនក្រោយញាំលៀសហាលនេះរួច។ដោយបានឃើញបញ្ហានេះកើតឡើង ស្រីពេជ្រស្នើសុំអោយអ្នកលក់ដាក់លៀសហាលក្នុងទូកញ្ចក់ ដើម្បីមានអនាម័យនិងទទួលបានចំណូលច្រើន។

សំរាប់អ្នកលក់ប្រសិនជាគាត់ចង់បន្ដការលក់របស់គាត់ឲ្យ​​​កាន់តែដាច់ជាងមុនណា គាត់គួរតែពិនិត្យទៅមើលរឿងអនាម័យពេលដែលគាត់ធ្វើលៀសហាល[…] ​​​អ្នកញាំគេចង់ញាំគេទិញតែបើគេញាំទៅធ្វើអោយប៉ះពាល់សុខភាពគេ ក៏គេលែងចង់ញាំអីទៀតដែរអីញ្ចឹងណា អាចនិយាយថាអោយគាត់ធ្វើលៀសហ្នឹងអោយមានអនាម័យបន្ដិចទៅ ហើយបើថាសមត្ថភាពអាចបាន ដាក់កញ្ចក់ ដាក់កញ្ចក់លក់ដាច់ជាងលក់តាមអាទេះធម្មតាទៀត

និស្សិតស្រីឆ្នាំទី២នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ អោ ស្រីពេជ្រ

យោងតាមគហទំព័រសុខភាពកម្ពុជាចេញផ្សាយនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៤ ដោយស្រង់សម្តី លោកវេជ្ជបណ្ឌិត នី ថារួម អ្នកឯក​ទេស​ជំងឺ​ថ្លើម ក្រពះ​ពោះវៀន​នៃមន្ទីរពេទ្យ​មិត្តភាព​ខ្មែរ- សូវៀត​​​ បានឲ្យដឹងថា​​​ ការញាំ​លៀសហាល និង​ពពួក​ខ្ចៅខ្យង​ច្រើន​ប្រឈម​មុខ នឹងកើត​ជំងឺគ្រុន​ពោះវៀន ព្រោះ​មេរោគជំងឺ​នេះនៅ​ជាមួយ​ពពួក​សត្វ​​ទាំងអស់នេះ។ លោក​​បន្តថា លៀសហាល​មិនបាន​សម្លាប់​មេរោគ​នោះទេ វាគ្រាន់​តែហាល​ថ្ងៃប៉ុណ្ណោះ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ