អ្នកច្បាប់​ថា​លោក ជូង ជូងី​ មាន​សិទ្ធិបញ្ចេញមតិអំពីបញ្ហាផ្លូវច្បាប់

មេធាវី លោក ជួង ជូងី (រូបកាលពីពេលកន្លងទៅ)

ក្រុម​អ្នកច្បាប់មួយចំនួនលើកឡើងថា លោកមេធារី ជូង ជូងី​  មាន​សិទ្ធិបកស្រាយពីបញ្ហនានា​ទាក់ទងនឹងផ្លូវច្បាប់​ ​បើ​ទោះបីជាលោក​មាន​ឈ្មោះក្នុងបញ្ជីអ្នក​ដែល​ត្រូវ​តុលាការ​ហាម​មិនឲ្យធ្វើនយោបាយ​ក៏ដោយ។​

អ្នកគ្រប់គ្រងផ្នែកឃ្លាំមើលសិទ្ធិមនុស្សអង្គការលីកាដូ លោក អំ សំអាត ថា​ លោកមេធាវីជូង ជូងី មានសិទ្ធិបកស្រាយអំពីបញ្ហាផ្លូវច្បាប់ទៅដល់សាធារណៈជន បើទោះបីជាលោកត្រូវហាមធ្វើនយោបាយយ៉ាងណាក្តី​។

អញ្ចឹងយើងកុំបូកឡូកជាមួយគ្នា ពីព្រោះតួនាទីរបស់គាត់សព្វថ្ងៃបើយើងមើលទៅមិនមែនជាអ្នកនយោបាយទេ។​ គាត់គឺជាមេធាវីមួយរូបដូចមេធាវីដទៃទៀតដែរ។ អញ្ចឹងគាត់មានសិទ្ធិនៅក្នុងការបកស្រាយអំពីបញ្ហាផ្លូវច្បាប់​សម្រាប់សាធារណៈជនឲ្យបានយល់ បាទ!

អ្នកគ្រប់គ្រងផ្នែកឃ្លាំមើលសិទ្ធិមនុស្សអង្គការលីកាដូ លោក អំ សំអាត

សម្រាប់លោកមេធាវី សុក សំអឿន មានប្រសាសន៍អំពីករណីនេះថា មេធាវីជាវិជ្ជាជីវៈឯករាជ្យ មិនគួរលូកដៃរឿងនយោបាយទេ ប៉ុន្តែករណី លោក ជូង ជូងី លោកថាជាការបញ្ចេញមតិ។

និយាយរួមទៅគឺគេមិនចង់ឲ្យយើងហ្នឹងពាក់ព័ន្ធផ្នែកវិជ្ជាជីវៈនិងរឿងនយោបាយ ឬរឿងក្រៅផ្សេង ព្រោះថាបើសិនយើងធ្វើទៅវាប៉ះពាល់ដល់ឯករាជ្យភាពរបស់យើង។​ តែវាអត់ខុសច្បាប់អីទេ ពីព្រោះវាគ្រាន់ជារឿង គ្រាន់តែជាការបញ្ចេញមតិ គ្រាន់តែជាការបកស្រាយច្បាប់ទេណា៎!

លោកមេធាវី សុក សំអឿន

ប្រធានអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា (LAC) លោក រុណ សារាយ ក៏យល់ថាករណីលោកមេធាវី ជូង ជូងី នេះជាការ​បញ្ចេញមតិដែរ។

ជាសេចក្តីសម្រេចរបស់ក្រុមប្រឹក្សានេះហ្នឹង(គណៈមេធាវី) ប៉ុន្តែខ្ញុំយល់ឃើញថាការបញ្ចេញមតិ ដូចជាមិនមានកំហុសអីទេ មិនមែនជារារាំង ព្រោះនៅក្នុងច្បាប់ព្រហ្មទណ្ឌដូចជាមិនមានចែងពីអាហ្នឹងទេ!

ប្រធានអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា (LAC) លោក រុណ សារាយ

កាលពីមុនថ្ងៃបោះឆ្នោតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានស្នើក្រសួងនិងស្ថាប័នពាក់ព័ន្ធមួយចំនួនរួមទាំងគណៈមេធាវីផង ដើម្បីចាត់វិធានការលើលោកមេធាវី ជូង ជូងី តាមតួនាទីរៀងខ្លួន ដោយសំអាងថា លោករារាំងពលរដ្ឋមិនអោយទៅបោះឆ្នោត។​ ការស្នើនេះធ្វើឡើងបន្ទាប់ពី គ.ជ.ប បានទទួលសំណើពីគណបក្សប្រជាជនកម្ពុជា ដោយថា លោក ជូង ជូងី ប្រើហ្វេសប៊ុករារាំងអ្នកមានសិទ្ធិបោះឆ្នោតមិនឲ្យទៅបោះឆ្នោត គឺជាអំពើបំពានច្បាប់៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ