អ៊ិន សុភិន ប្រកែកមិនសងបំណុលតួឯកស្រី ណាក់ ស្រីណា

លោក អ៊ិន សុភិន ម្ចាស់ផលិតកម្មមហាហង្ស និងកញ្ញា ណាក់ ស្រីណា (រូបផ្ដល់ឲ្យ)

ខុសពីក្រុមផលិតករដែលត្រូវតារាសម្ដែងចេញមុខទម្លាយថា បានជំពាក់ប្រាក់លើថ្លៃសម្ដែង ហើយសម្រេចចិត្តហៅតារាសម្ដែងមកសងលុយជំពាក់ ដើម្បីកុំអោយមានរឿងវែងឆ្ងាយ។

លោក អ៊ិន សុភិន ម្ចាស់ផលិតកម្មមហាហង្សបែរជាបានប្រកាសថា មិនសងបំណុលតារាសម្ដែងកញ្ញា ណាក់ ស្រីណា ក្រោយការបង្ហោះនោះទេ ដោយលោកបានអរគុណដែលនាងបានបង្ហោះថាលោកជំពាក់លុយ ដើម្បីអោយមនុស្សម្នាក់បានដឹងនោះផង។

ក្នុងនោះសូម្បីតែការចរចាណាមួយ ក៏លោកប្រកាសថាមិនមានគម្រោងនោះដែរ។ លោក អ៊ិន សុភិន និយាយថា លោកពិតជាទទួលស្គាល់ថាផលិតកម្មមហាហង្សមិនបានបង់លុយចំនួន២ពាន់ដុល្លារ ទៅអោយតារាសម្ដែង កញ្ញា ណាក់ ស្រីណា ក្រោយពីនាងថតចប់ភាពយន្តភាគរឿង«មរតកចុកឈាម»កាលពី១ឆ្នាំមុនប្រាកដមែន ប៉ុន្តែលោកថាហេតុផលដែលលោកមិនបង់ គឺព្រោះតែនាងមិនមែនជាតារាសម្ដែងដែលខាងផលិតកម្មទាក់ទងអោយមកថត និងដោយសារមនុស្សដែលចង់លើកស្ទូយនាងមិនព្រមធ្វើតាមអ្វីដែលបានព្រមព្រៀងគ្នាតែប៉ុណ្ណោះ។

លោកថាភាពយន្តរឿង«មរតកចុកឈាម» គឺមានអតិថិនជនបានជះលុយអោយលោកធ្វើការផលិត ដោយកំណត់អោយលោកយកកញ្ញា ណាក់ ស្រីណា អោយធ្វើតួឯក ដោយសន្យាក្រោយពេលលោកផលិតអោយចប់ គឺនឹងបង់លុយអោយលោកអោយអស់ ដែលបានឯកភាពមិនអោយសល់ ប៉ុន្តែនៅពេលភាពយន្តត្រូវបានបញ្ចប់ អតិថិជនបែរជានៅជំពាក់ប្រមាណជិត២ម៉ឺនដុល្លារទៀត ហើយដោយសារតែហេតុផលមិនទាន់បង់លុយអោយលោកនោះហើយ ទើបខ្សែភាពយន្តទាំងមូលត្រូវពន្យារពេលដាក់ផ្សាយលើទូរទស្សន៍មកទល់ពេលនេះ។

លោកថានិយាយថា អតិថិជនដែលជួលអោយលោកផលិតរឿងមិនបង់លុយអោយលោកគ្រប់ផង តើហេតុផលអីដែលលោកត្រូវផ្ដល់តម្លៃសម្ដែងអោយកញ្ញា ណាក់ ស្រីណា អោយអស់។ ក្នុងនោះលោកក៏បានប្រកាសថាត្រឹមប្រាក់២ពាន់ដុល្លារលោកមិនអត់អោយនាងនោះទេ ប៉ុន្តែបណ្ដាលមកពីហេតុផលហ្នឹង ទើបលោកត្រូវតែបង្កកតម្លៃសម្ដែងរបស់នាងដូចគ្នា ដើម្បីអោយអ្នកទិញរឿងរបស់លោក ដែលបានកំណត់ថាទាល់តែបាន ណាក់ ស្រីណា ជាតួឯក ដោះស្រាយបំណុលអោយលោក។

លោកថាកញ្ញា ណាក់ ស្រីណា មិនមែនជាតារាតែម្នាក់ ដែលលោកបង្កកលុយសម្ដែង ឬមិនបើកអោយតែម្ដងនោះទេ គឺមានតារាច្រើនទៀត ដែលខាងផលិតកម្មមហាហង្សសម្រេចចិត្តធ្វើបែបនោះ ដោយសារតែហេតុផលអ្នកកុម្ម៉ង់តួ មិនព្រមបង់លុយអោយលោកអោយត្រូវនឹងការព្រមព្រៀងដូចគ្នា និងហេតុផលមួយទៀត គឺសំដៅលើតារាដែលគ្មានការទទួលខុសត្រូវលើការងារ។

លោកថាតារាខ្លះកុងត្រាអោយ៣ថ្ងៃក្នុងមួយសប្ដាហ៍ តែដល់ពេលចេញថត គឺសុំថ្ងៃណាក៏រវល់ថ្ងៃណាក៏រវល់ ធ្វើអោយការផលិតភាពយន្តរបស់លោករអាក់រអួល ហើយមានភាពយន្តខ្លះភាគីខាងទូរទស្សន៍មិនអោយលុយនោះផង ដោយសារតែបានផលិតយឺតមិនទាន់ពេល។

លោកបានហៅតារាដែលឡាំប៉ាទារលុយក្រោយថតរឿងចប់មួយចំនួនអោយសំឡឹងមើលពីអ្វីដែលខ្លួនបានធ្វើ ខណៈដែលលោកក៏បានបង្ហើបថាមានតារាមួយចំនួន ក្រៅពីត្រូវផលិតកម្មលោកប្រកាសមិនអោយលុយហើយ ក៏គំរាមប្ដឹងផងដែរ ដោយសារតែភាពមិនគោរពកុងត្រារបស់តារាទាំងនោះ ធ្វើអោយផលិតកម្មខាតបង់។

សម្រាប់ ណាក់ ស្រីណា ខ្ញុំអត់និយាយទេ តែមានតារាខ្លះទម្រាំអង្វរអោយមកថតរឿងចប់គឺពិបាកដូចសុំអោយមកថតអត់យកលុយ ចឹងដល់ពេលអ្នកឯងថតចប់ ខ្ញុំក៏ក្រឡុកវិញដែរ គឺបើកលុយយឺត ឬមិនអោយតែម្ដង ព្រោះនៅពេលអ្នកឯងធ្វើបាបផលិតកម្មថតម៉ោង៧មកម៉ោង១០ ហើយសុំថ្ងៃនេះអោយថ្ងៃនោះធ្វើអោយស្ទះតួផ្សេងៗ តើអ្នកឯងមានដឹងពីផលវិបាកទេ?

លោក អ៊ិន សុភិន ម្ចាស់ផលិតកម្មមហាហង្ស

កញ្ញា ណាក់ ស្រីណា បានប្រកាសថា នេះជាមេរៀនដែលនាងមិនធ្លាប់ជួប ហើយនាងក៏មិនខ្វល់ពីមូលហេតុដែលនាំទៅដល់ការបង្កកតម្លៃថតរបស់នាងនោះដែរ ដោយសារតែក្នុងកុងត្រាគឺនាងថតចប់ត្រូវទទួលលុយគ្រប់ចំនួន។ នាងបានហៅអ្វីដែលបានកើតឡើងថា ជាការបំបាក់ទឹកចិត្តចំពោះអ្នកសិល្បករ ខណៈដែលនាងបានទាក់ទងសុំបើកថវិកាដែលនៅសល់ច្រើនលើកមកហើយតែគ្មានដំណោះស្រាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ