សារៈប្រយោជន៍នៃប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ុប EBA

សហភាពអឺរ៉ុប (EU) (រូបភាព៖ វេបសាយបរទេស)

អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) ត្រូវបានអនុម័តដោយ វិធានរបស់ក្រុមប្រឹក្សា សហភាពអឺរ៉ុប ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០១។ EBA គឺជាគំនិតផ្តួចផ្តើម របស់សហភាពអឺរ៉ុប ដែលអនុញ្ញាតឱ្យការនាំចូលទំនិញទាំងអស់ លើកលែងតែសព្វាវុធ ទៅសហភាពអឺរ៉ុបពីប្រទេសអភិវឌ្ឍន៍តិចតួច ទទួលនូវការអនុគ្រោះដោយមិនជាប់ពន្ធនាំចូលនិងកូតា។

គម្រោងនេះគ្រប់ដណ្តប់ទៅលើផលិតផលប្រមាណ៧២០០ប្រភេទ ក្នុងនោះ ៩១៩ប្រភេទ គឺជាផលិតផលកសិកម្ម។ ប្រទេសអភិវឌ្ឍន៍តិចតួចចំនួន៤៨ រួមទាំងកម្ពុជាផងដែរ ទទួលបានការអនុគ្រោះពីគំនិតផ្តួចផ្តើមនេះ។

បើតាមការចុះផ្សាយលើគេហទំព័រក្រសួងពាណិជ្ជកម្មកម្ពុជា គឺថា EBA ផ្តល់ផលប្រយោជន៍ច្រើនដល់វិស័យកសិកម្ម ជាពិសេស អង្ករ និងផលិតផលសក្តានុពលមួយចំនួនទៀត។ ជាក់ស្តែង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានបង្កើនការនាំចេញអង្ករច្រើនទៅសហភាពអឺរ៉ុប ជាពិសេសប្រទេសបារាំង អ៊ីតាលី ជាដើម។

ក្រសួងពាណិជ្ជកម្មកម្ពុជាឲ្យដឹងទៀតថា ការនាំសម្លៀកបំពាក់ទៅអឺរ៉ុបក៏កើនឡើងដែរ ដោយសារតែការបន្ធូរបន្ថយលើតម្លៃដើមទំនិញដែលកំណត់ធាតុផ្សំក្នុងស្រុក  (local content) ត្រឹមតែ៣០ភាគរយប៉ុណ្ណោះ។

កម្ពុជាទទួលបានផលប្រយោជន៍ប្រមាណ៧០០លានដុល្លារក្នុងមួយឆ្នាំ តាមរយៈគម្រោងនៃការអនុគ្រោះពន្ធរបស់អឺរ៉ុបនេះ។

ប៉ុន្តែចាប់តាំងពីខែឧសភាឆ្នាំ២០១៨មក សហភាពអឺរ៉ុប​បានធ្វើសកម្មភាពជាបន្តបន្ទាប់តាមរយៈសេចក្តីថ្លែងការណ៍ផ្សេងៗលើស្ថានភាពនៅប្រទេសកម្ពុជា ពាក់ព័ន្ធការគោរពសិទ្ធិមនុស្ស សិទ្ធិនយោបាយ និងលទ្ធិប្រជាធិបតេយ្យជាដើម​។​

ស្ថានភាពជាច្រើនដែលសហភាពអឺរ៉ុប ក៏ដូចជា សហគមន៍អន្តរជាតិផ្សេងៗទៀតសម្តែងការព្រួយបារម្ភនោះគឺ ក្រោយពេលមានការរំលាយគណបក្សសង្គ្រោះជាតិ ការចាប់ខ្លួនលោក កឹម សុខា ដាក់ពន្ធនាគារ បិទប្រព័ន្ធផ្សព្វផ្សាយ និង ការរឹតត្បិតលើសេរីភាពរបស់អង្គការសង្គមស៊ីវិលជាដើម។​

នៅដើមខែកក្កដាកន្លងទៅនេះក្រុមការងាររបស់សហភាពអឺរ៉ុបក៏បានបំពេញទស្សនកិច្ចនៅកម្ពុជា ហើយជួបភាគីពាក់ព័ន្ធរួមទាំងថ្នាក់ដឹកនាំរដ្ឋាភិបាល មន្ត្រីអង្គការសង្គមស៊ីវិល អ្នកវិភាគ អ្នកស្រាវជ្រាវ និង គណបក្សនយោបាយជាដើម។ បេសកកម្មនេះ ហៅថា ដំណើរការស្វែងរកការពិត ជុំវិញស្ថានភាពនៅកម្ពុជា។​

ក្រោយការបំពេញទស្សនកិច្ចមួយថ្ងៃគឺនៅថ្ងៃទី១២ខែកក្កដា ក្រុមការងាររបស់អឺរ៉ុបនោះបញ្ជាក់ថា បើមិនអាចស្តារអ្វីជាការព្រួយបារម្ភបានទេគឺជម្រើសចុងក្រោយនឹងព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះ។​

ទោះយ៉ាងណារដ្ឋាភិបាលកម្ពុជាធ្លាប់បានបញ្ជាក់ញឹកញាប់ថា អ្វីដែលរដ្ឋាភិបាលបានធ្វើគឺជាទិដ្ឋភាពផ្លូវច្បាប់សុទ្ធសាធ ដើម្បីការពារផលប្រយោជន៍កម្ពុជា។​

គណៈប្រតិភូរបស់រាជរដ្ឋាភិបាលកម្ពុជាក៏ធ្លាប់បានបញ្ជាក់ជំហរប្រាប់អឺរ៉ុបដែរថា បើទោះជាមានការព្យួរប្រព័ន្ធអនុគ្រោះពន្ធក៏កម្ពុជាមិនដូរជំហរដែរ។ គណៈប្រតិភូក៏បានបញ្ជាក់ថា ពេលអឺរ៉ុបព្យួរការអនុគ្រោះពន្ធនោះកម្ពុជានឹងខិតទៅរកចិនកាន់តែជិតថែមមួយកម្រិតទៀត។​

សរុបមកអ្វីដែលសហភាពអឺរ៉ុបធ្លាប់ស្នើឡើងគឺកម្ពុជា មិនទាន់បានបន្ធូរបន្ថយមួយកម្រិតណាមួយនោះទេ។​

រហូតដល់ដើមខែសីហានេះ អឺរ៉ុបនៅមិនទាន់សម្រេចយ៉ាងណានៅឡើយទេ គឺអឺរ៉ុបអាចនឹងធ្វើសេចក្តីសម្រេចនៅក្នុងកញ្ញាខាងមុខនៅពេលដែលសភាអឺរ៉ុបចូលកងវិញ។​

បើពិនិត្យលើបរិបទអន្តរជាតិក៏មានប្រទេសមួយចំនួនត្រូវបានអឺរ៉ុប ព្យួរនិងលុបចោលប្រព័ន្ធអនុគ្រោះពន្ធនេះដែរដោយសារមិនគោរពលក្ខខណ្ឌ។ ប្រទេសដែលត្រូវអឺរ៉ុបលុបចោលប្រព័ន្ធអនុគ្រោះពន្ធរួមមាន Azerbaijan និង Iran ចំណែកប្រទេសត្រូវបានព្យួររួមមាន Belarus និង Myanmar។​

បើសិនជាកម្ពុជាត្រូវបានព្យួរប្រព័ន្ធអនុគ្រោះពន្ធមែននោះ មិនមែនគ្រាន់តែខាតបង់សេដ្ឋកិច្ចអស់ប្រមាណ៧០០លានដុល្លារក្នុងឆ្នាំទេ គឺអាចប៉ះពាល់ដល់កិត្តិយសនៅលើឆាកអន្តរជាតិទៀតផង។

របាយការណ៍ក្រសួងពាណិជ្ជកម្មកម្ពុជាបង្ហាញថា ការនាំចេញ៦ខែដំបូងគឺកម្ពុជានាំចេញទៅអឺរ៉ុបជាង៤០% នាំចេញទៅអាមេរិកជាង២០%និងនាំទៅជប៉ុនជាង១០%។ ក្រុមគោលដៅដែលកម្ពុជានាំចេញជាង៧០នេះ សុទ្ធតែជាសម្ព័ន្ធមិត្តនឹងគ្នា ហើយបើមានបញ្ហាជាមួយក្រុមណាមួយនោះអាចនឹងប្រឈមជាមួយក្រុមផ្សេងៗទៀត។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ