ខ្មែរ​នៅអា​មេរិក​ប្រកាស​ធ្វើបា​តុក​ម្ម​ប្រឆាំងលោក ហ៊ុន សែន ដោយ​ថា​ដើម្បី​សង្គ្រោះ​​ប្រ​ជាធិ​ប​​តេយ្យ​​

បាតុកម្មនៅរដ្ឋវ៉ាសុីងតោន ស្តីពីម្រាមដៃស្អាត ថ្ងៃសៅរ៍ ទី ២៩ កក្កដា ២០១៨ (រូបភាព៖ ហ្វេសប៊ុក Oun Vansak)

មេដឹក​អតីតបក្សប្រឆាំងសាខាសហរដ្ឋ​អាមេរិក អះអាងថា ប្រជាពលរដ្ឋ​ខ្មែរនៅក្រៅប្រទេសនឹង​ប្រមូលផ្តុំ​គ្នា​​ធ្វើបា​តុ​កម្ម ​មុខស្នាក់​ការ​ក​​ណ្តា​លរបស់​អង្គ​ការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ខណៈមេដឹកនាំ​កម្ពុជា លោកហ៊ុ​ន​ សែន នឹងទៅ​ប្រ​​ជុំ​​​​នៅ​​ទីនោះ។

លោក ផាន ប្រាក់ ដែលអះអាងថា ជាតំណាងអតីតគណបក្សសង្គ្រោះជាតិប្រចាំនៅសហរដ្ឋអាមេរិក បានប្រាប់​វីអូឌី នៅថ្ងៃនេះថា​គោលបំណងនៃការធ្វើបាតុកម្ម​នេះគឺដើម្បីឲ្យពិភពលោកដឹង​ថា​ប្រទេស​កម្ពុជាសព្វថ្ងៃ​ជួប​នូវបញ្ហា​ប្រឈម​ជាច្រើនដូចជា​ ការរំលាយ​អតីបក្សប្រឆាំង ការ​បោះឆ្នោតដែល​មិនត្រឹម​ត្រូវ ការរំលោភសិទ្ធិមនុស្ស​ សេរីភាពបញ្ចេញមតិ និង សេរីភាពសារព័ត៌មាន​ជា​ដើម។

តំណាងអតីតគណបក្សសង្គ្រោះជាតិប្រចាំនៅសហរដ្ឋអាមេរិករូបនេះបានបន្ថែម​ថា៖

គាត់​(លោក​នាយក​​រដ្ឋមន្រ្តី​​ហ៊ុន សែន​) ជាមេគំនិតដែលសម្លាប់ប្រជាធិបតេយ្យ​ដ៏ផុយស្រួយនៅកម្ពុជា ហើយវា​ពិត​ជា​សំខា​​​ន់​ខ្លាំ​ងណា​ស់​ ស​​ម្រា​ប់យើង​ក្នុងការធ្វើការតវ៉ាប្រឆាំងនឹងគាត់។ យើងចង់ឱ្យគាត់ឮពីយើង​ដោយ​ផ្ទា​ល់ថា​យើង​​នឹង​មិនទទួ​ល​យ​កកា​របោះ​ឆ្នោតនាពេល​ថ្មីៗនេះនៅក្នុងប្រ​ទេសកម្ពុជា ហើយពិភ​ព​លោ​កត្រូវតែ​យកចិត្តទុក​ដាក់ជា​ថ្មី​ម្តងទៀ​តចំ​ពោះប្រទេសកម្ពុជា

លោក ផាន ប្រាក់ តំណាងអតីតគណបក្សសង្គ្រោះជាតិប្រចាំនៅសហរដ្ឋអាមេរិក

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក​ សុខ ឥសាន បានច្រានចោលការលើកឡើងនេះ ដោ​យ​លោ​ក​ថា​ការបោះឆ្នោតបង្ហាញថាកម្ពុជាកំពុងដើរលើគន្លងប្រជាធិបតេយ្យហើយថាអន្តរជា​តិក៏មិន​អា​​ច​​ជ្រៀត​ជ្រែក​​​កិច្ចការផ្ទៃក្នុងរបស់កម្ពុជាបានដែរ។

គេចោទតាំងពីដើមមកម្ល៉េះ។ចោទក្រោយពីពួកប្រឆាំងហ្នឹង ខ្ទាតចេញពីទីលាន​ប្រជាធិប​តេយ្យ​ ខ្ទាតចេ​ញពីមាតុភូមិកម្ពុជាដោយទង្វើល្មើសច្បាប់ ខុសច្បាប់ដោយ​ខ្លួន​ឯង។ អញ្ចឹងវាមិន​ជារឿងចំ​ឡែកអី​ទេ កា​រចោ​ទ​យ៉ាងណាជារឿងគាត់ ហើយការធ្វើបាតុកម្មយ៉ាងណាសម្តេចតេជោ ហ៊ុន សែន បានប្រកា​ស​ស្វា​គម​ន៍ហើយឲ្យបងប្អូនខ្មែរធ្វើទៅ

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក​ សុខ ឥសាន

អ្នកនាំពាក្យរូបនេះបានប្រដូចការធ្វើបាតុកម្មនេះថា៖ 

ឆ្កែចេះតែព្រុស មនុស្សចេះតែដើរ

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក​ សុខ ឥសាន

ប្រធានក្រុមអ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ យល់ថា បញ្ហានយោបាយនៅកម្ពុជា សហគមន៍អន្ត​រជាតិ​ពិតជា​បា​នដឹង ប៉ុន្តែលោកថាការប្រមូលផ្តុំគ្នា​ធ្វើបាតុកម្មនៅមុខការិយាល័យ​អង្គការស​ហប្រជាជាតិ ​ជា​ស​ម្ពាធ​មួ​យទៀតជំរុញឲ្យពិភពលោកកាន់តែចាប់អារម្មពីបញ្ហាប្រជាធិបតេយ្យនៅកម្ពុជា ។

អ្នកវិភាគវ័យក្មេង​រូបនេះ​យល់ថា ការធ្វើបាតុកម្មរបស់ពលរ​ដ្ឋខ្មែរនៅក្រៅប្រ​ទេសថ្មីត្បិតគ្មា​នឥទ្ធិពល​ភ្លាម​​ៗ​ដល់ចរន្ត​នយោបាយ​នៅ​កម្ពុជាក៏ពិតមែន ប៉ុន្តែសំឡេងរិះគន់តាមរយៈប្រមូលផ្តុំគ្នាធ្វើបាតុ​កម្ម​នៅ​​​ក្រៅ​ប្រទេ​ស​ជា​បន្ត​​​បន្ទាប់​​មក​នេះ​​​ ហាក់បានក្រើនរំឭកឲ្យអ្ន​កនយោបាយដើរទៅ​មុខក្នុងស្ថាន​ភាព​ប្រ​យ័​ត្នប្រ​​យែងជាងមុន។

មេដឹកនាំបក្សកាន់អំណាចនិងជាបេក្ខភាពនាយករដ្ឋមន្រ្តី​ លោក ហ៊ុន សែន គ្រោងចេញទៅចូលរួមម​ហា​ស​ន្និ​បា​​ទ​​អ​​ង្គការសហប្រជាជាតិនៅខែតុលា ក្រោយពីបង្កើតរដ្ឋាភិបាលថ្មីរួចរាល់៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ