កម្មកររោងចក្រមួយដែលថៅកែចងកសម្លាប់ខ្លួនស្នើទៅក្រសួងពន្លឿនការដោះស្រាយឲ្យពួកគេ

កម្មករ នៅរោងចក្រកាត់ដេរសម្លៀកបំពាក់ ជូលី អឹភើរឹល (JULEE APPREL) តវ៉ាជាថ្មី ព្រឹកថ្ងៃទី ១០ សីហា ២០១៨

កម្មកររោងចក្រមួយស្ថិតនៅក្នុងខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃនេះ បាននាំគ្នាតវ៉ាជាថ្មីទៀត ដោយទាមទារឲ្យក្រសួងការងារនិងស្ថាប័នពាក់ព័ន្ធពន្លឿនការបើកប្រាក់ឈ្នួលឲ្យពួកគេ ដោយសារ​តែ​ថៅកែបាន​សម្លាប់ខ្លួនដោយមិនបានបើកប្រាក់ឈ្នួលឲ្យពួកគេ។

កម្មករ នៅរោងចក្រកាត់ដេរសម្លៀកបំពាក់ ជូលី អឹភើរឹល (JULEE APPREL) ស្ថិតក្នុងភូមិចំការឱឡឹក សង្កាត់កាកាប ខណ្ឌពោធិសែន បាននាំគ្នាប្រមូលផ្ដុំនៅមុខរោងចក្រជាថ្មីទៀត  ដើម្បីទាមទារឲ្យក្រសួងការងារ និងភាគីពាក់ព័ន្ធផ្សេងៗដោះស្រាយសំណងដល់ពួកគេ  បន្ទាប់ថៅកែសម្លាប់ខ្លួនដោយមិនបានបើកប្រាក់ឈ្នួលឲ្យពួកគេ។

ក្រោយពីមានករណីនេះ នៅថ្ងៃទី ៨ ខែសីហា កន្លងមកនេះ  លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន បាន​​​ប្រាប់ទៅមន្រ្តីក្រោមឱវាទឲ្យ​ប្រញាប់​ដោះស្រាយប្រាក់ឈ្នួល​ឲ្យ​កម្មររោងចក្រ​នេះឲ្យបាន​ឆាប់ ប៉ុន្តែរហូត​ដល់ថ្ងៃនេះ ក្រុម​កម្មករ អះអាងថា ពួកគេមិនទាន់ទទួលបានដំណោះស្រាយនៅឡើយទេ។

កម្មករ នៅរោងចក្រកាត់ដេរសម្លៀកបំពាក់ ជូលី អឹភើរឹល (JULEE APPREL) តវ៉ាជាថ្មី ព្រឹកថ្ងៃទី ១០ សីហា ២០១៨

កម្មករម្នាក់អ្នកស្រី សុខ មុន្នី លើកឡើងថា  ពួកគាត់នាំគ្នាតវ៉ាជាថ្មីទៀត ដោយសាររង់​ចាំដំណោះស្រាយពីក្រសួងការងារ​យូរថ្ងៃពេក។  ស្រីបន្តថា ពួកគាត់ទាំងអស់គ្នាគ្មានប្រាក់ បង់ថ្លៃទឹក  ថ្លៃបន្ទប់ជួល បង់ធនាគារ និងថ្លៃកូនរៀននោះទេ ខណៈថ្ងៃនេះជាថ្ងៃដែលពួកគាត់ត្រូវបង់ថ្លៃផ្ទះជួល។

អ្នកស្រីថា៖«សូមសម្ដេចជួយខ្ញុំផង ព្រោះអ្នកក្រសួងអ្នកអីគេអត់ជួយខ្ញុំទេ គេពន្យាពេលរហូត។ ខ្ញុំអត់មានលុយបង់ថ្លៃទឹកបង់ភ្លើង​គេ ខ្ញុំអត់មានអីហូបទេ។ ខ្ញុំមកធ្វើការនេះ ថៅកែចងកស្លាប់ហើយ។ ​អញ្ចឹងហើយគ្មានអ្នកដោះស្រាយ​​ឲ្យខ្ញុំបានទេ។ ខ្ញុំមានតែលើកម្រាមដៃ១០ សូមឲ្យសម្ដេចតេជោជួយខ្ញុំ»។

កម្មករម្នាក់ទៀតអ្នកស្រី ឡុង  សុផល ឲ្យដឹងថាក្រសួងនិងភាគីពាក់ព័ន្ធហាក់គ្មានឆន្ទៈក្នុងការដោះស្រាយឲ្យពួកគាត់       ខណៈដែលកម្មករទាំងអស់រង់ចាំដំណោះស្រាយជាង ១ សប្ដាហ៍កន្លងមកហើយនោះ។

អ្នកស្រីថា៖«ខ្ញុំចង់ឲ្យក្រសួងដោះស្រាយឲ្យលឿនៗបើគាត់អត់ដោះស្រាយទេ គឺយ៉ាប់ហើយ ណាមួយខ្ញុំចង់ឲ្យគាត់បានឬមិនបានឲ្យគាត់ប្រាប់មុនម៉ោង ១១ ព្រឹកហ្នឹង ។ បើអត់លឺដំណឹងអីសោះអញ្ចឹង ពួកខ្ញុំម្នាក់ៗអស់សង្ឃឹមគ្រប់គ្នា ធម្មតាគាត់ធ្វើតាមច្បាប់គាត់ដឹងហើយ ។ ធម្មតាកម្មករឥឡូវកំពុងអត់លុយ ហើយាគាត់អត់មានផ្ញើរដំណឹងអីមកស្ងាត​ត់សូន្យ អញ្ចឹងពួកខ្ញុំក៏ពិបាកដែរ បើគាត់ថាមិនទាន់បានគាត់ប្រាប់តាមនឹងដែរ»។

ក្រុមកម្មករអះអាងថា ប្រសិនបើក្រសួងនិងស្ថាប័នពាក់មិនពន្លឿនការដោះស្រាយឲ្យពួកគេនោះទេ  ពួកគេនឹងនាំគ្នាតវ៉ាបិទផ្លូវរហូតបានដំណោះស្រាយ។

វី.អូ.ឌីមិនអាចសុំការឆ្លើយ​ពីអ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈលោក ហេង សួរ បានទេ។

កម្មករឲ្យដឹងថា រោងចក្រ ជូលី អឹភើរឹល (JULEE APPREL) មានកម្មករសរុប២៧០នាក់ និងមានថៅកែជាជនជាតិកូរ៉េខាងត្បូងបានចង់កសម្លាប់ខ្លួនក្រោយថ្ងៃបោះឆ្នោត ហើយថៅកែរោងចក្រនេះជំពាក់ប្រាក់ឈ្នួលកម្មករម្នាក់ចម្លោះពី២៥០ដុល្លារទៅ៣០០ដុល្លារ៕​

កម្មករ នៅរោងចក្រកាត់ដេរសម្លៀកបំពាក់ ជូលី អឹភើរឹល (JULEE APPREL) តវ៉ាជាថ្មី ព្រឹកថ្ងៃទី ១០ សីហា ២០១៨
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ