គណបក្សខ្មែរឈប់ក្រស្នើឲ្យមានការបោះឆ្នោតឡើងវិញ​

សន្និសីទកាសែត របស់គណបក្សខ្មែរឈប់ក្រ ព្រឹកថ្ងៃទី ១០ សីហា ២០១៨

គណបក្សខ្មែរឈប់ក្រ ប្រកាសថាខ្លួន​មិនទទួលស្គាល់លទ្ធផលបោះជាតិអាណត្តិទី៦នេះទេ និងស្នើឲ្យមាន​ការបោះឆ្នោតឡើងវិញ។

ក្នុងសន្និសីទកាសែតកាលពីព្រឹកមិញនៅទីស្នាក់ការគណបក្សនេះនៅរាជធានី​ភ្នំពេញ ប្រធានគណបក្សខ្មែរឈប់ក្រ លោកក្រវ៉ាញ ដារ៉ន បានប្រកាសបន្តផ្ទាល់តាមរយៈបណ្តាញអ៊ីនធឺណែតពីសហរដ្ឋអាមេរិកមកថា គណបក្សលោកមិនទទួលស្គាល់លទ្ធផលបោះឆ្នោតដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៩កក្កដាកន្លងទៅទេ ដោយសារមិនមាន​ភាពប្រក្រតីនិងតម្លាភាព ហើយក៏​ស្នើសុំបោះឆ្នោតឡើងវិញដោយមានសហគមន៍អន្តរជាតិចូលរួមត្រួតពិនិត្យ។

សន្និសីទកាសែត របស់គណបក្សខ្មែរឈប់ក្រ ព្រឹកថ្ងៃទី ១០ សីហា ២០១៨

លោក ក្រវ៉ាញ ដារ៉ន មានប្រសាសន៍ថា

រដ្ឋាភិបាលផ្តាច់ការណ៍និងភាពឃោរឃៅ បានបង្ហាញឲ្យឃើញថា ក្តីសង្ឃឹមនិងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋមិនមានសារៈសំខាន់អ្វីដល់រដ្ឋាភិបាលកាន់អំណាចនេះទេ។ ការបោះឆ្នោតនេះមិនមែនជាអ្វីក្រៅពីជាការក្បត់នឹងឆន្ទះរបស់ប្រជានុរាស្ត្រឡើយ»។

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា នេះជាការលើកឡើងដើម្បីការពារខ្លួនដោយសារមិនបានទទួលសំឡេងឆ្នោតតែប៉ុណ្ណោះ។

លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា​ ៖

«បាទ!​ បើសិនជាមិនទទួលស្គាល់ហេតុអ្វីចូលរួមតាំងពីដើមទីបាទ? ហើយបើសិនជាទទួលស្គាល់សហគមន៍អន្តរជាតិឲ្យធ្វើជាអ្នករៀបចំបោះឆ្នោត អញ្ចឹងមានន័យថាមិនចាំបាច់មានខ្មែរឬយ៉ាងម៉េចបាទ? អញ្ចឹង! នេះគ្រាន់តែជាការលើកឡើងដើម្បីការពារខ្លួនដែលគណបក្សលោកអត់បានទទួលបានសំឡេងឆ្នោតតែប៉ណ្ណឹង! ផ្ទុយទៅវិញគឺមិនមែនគណបក្សមួយឬបុគ្គលម្នាក់ជាអ្នកសម្រេចចិត្តនោះទេ អ្វីៗជាការសម្រេចចិត្តរបស់ប្រជាពលរដ្ឋខ្មែរភាគច្រើននៅទូទាំងប្រទេស ហើយអ្វីដែល គ.ជ.ប គឺធ្វើក្នុងនាមជាស្ថាប័នដែលច្បាប់តម្រូវឲ្យរៀបចំការបោះឆ្នោតបម្រើប្រជាពលរដ្ឋ»។

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត្យ​ និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​ និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ និកហ្វិក លោក​ សំ គន្ធាមី ជឿថា នឹងមិនមានការធ្វើតាមសំណើររបស់គណបក្សខ្មែរឈប់ក្រឡើយ។

លោក​ សំ គន្ធាមី មានប្រសាសន៍ថា «មិនអាចទេបាទ! ព្រោះអីសូម្បីតែកាល ២០១៣ សង្គ្រោះជាតិសុំបោះឡើងវិញអត់បោះផង សុំរាប់ឡើងវិញក៏មិនរាប់ឲ្យផង ធ្វើបាតុកម្មចង់មួយឆ្នាំអ្ហើយ!»។

គណបក្សខ្មែរឈប់ក្រ ជាគណបក្សទីបីហើយដែលបានប្រកាសបដិសេធមិនទទួលស្គាល់លទ្ធផលបោះឆ្នោតនិងសុំឲ្យមានការបោះឆ្នោតឡើងវិញ បន្ទាប់ពីគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចនិងគណបក្សរស្មីខេមរា ។ គណបក្សទាំងបីនេះជាគណបក្សក្នុងចំណោម២០បក្សផ្សេងទៀតដែល​បាន​ចូលរួមប្រកួតប្រជែងបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ឆ្នាំ២០១៨នេះ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ