ការ​ឆ្លុះបញ្ចាំង​​អំពី​កម្ពុជា៖ បច្ចុប្បន្ន​កាល និង​អនាគត​កាល

អតីតប្រធានគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី (ធ្វេង) និ​ងលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

ធ្មេច​បើកៗ កន្លង​ទៅ​អស់​រយៈ​ពេល​២៥ឆ្នាំ​មក​ហើយ តាំង​ពី​ពេល​ដែលប្រទេស​​កម្ពុជា​ស្គាល់​ការ​បោះ​ឆ្នោត​សេរី​តាម​បែប​ផែន​ប្រជាធិបតេយ្យ​សេរីពហុ​បក្ស​ដំបូង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន ដែល​រៀបចំ​ដោយ​អង្គការ​សហប្រជា​ជាតិ​នៅ​ឆ្នាំ​១៩៩៣ ក្រោម​ឆ័ត្រ​នៃ​សន្តិភាព​ថ្មី​ថ្មោង​ដែល​នាំ​មក​ជូន​ដោយកិច្ច​ព្រម​ព្រៀងសន្តិភាពទី​ក្រុង​ប៉ារីសឆ្នាំ​១៩៩១។

លោក ហ៊ុន សែន ជួបកម្មករកម្មការនីជិត ២ម៉ឺននាក់នៅខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃទី ០៨ សីហា ២០១៨ (រូបភាព៖ FN)

អំណឹះត​ទៅ​នេះ គឺជា​ទស្សនៈ​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​តែ​ប៉ុណ្ណោះ ហើយ​មិន​តំណាង​ឱ្យ​ទស្សនៈ​របស់​បុគ្គល​ណាម្នាក់ ក្រុម អង្គការ ឬ​ស្ថាប័ន​​ណាមួយ​ឡើយ។

មាតុ​ភូមិ​កម្ពុជា​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ដោយ​ជម្លោះ​ផ្ទៃ​ក្នុង និង​អំពើ​ឃោរឃៅជា​ច្រើន​ទសវត្សរ៍​មក​ហើយ ប្រទេស​កម្ពុជា​បាន​រង​គ្រោះ​ច្រើន​ណាស់ ដោយ​ប្រជា​ពលរដ្ឋ​ប្រមាណ​ពីរ​លាន​នាក់​បាន​ស្លាប់​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៧០ និង​ការបំផ្លិច​បំផ្លាញ​រចនា​សម្ព័ន្ធ​សង្គម​ក្នុង​អំឡុង​ពេល​នៃ​ការភ័យ​ខ្លាច​ដែល​បាន​បង្ក​ឡើង​ដោយ​ពួក​ខ្មែរ​ក្រហម។ ចាប់​តាំង​ពី​ពេល​នោះ​​​មក ភាពក្រីក្រ​នៅ​តែ​បន្ត​កើត​មាន អំពើ​ពុករលួយ​ដ៏​រ៉ាំរ៉ៃ ភាពអ​យុត្តិធម៌​ជាប្រព័ន្ធ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​បាន​បង្ក​បរិយាកាសភ័យ​ខ្លាច និង​ក្ដី​អស់​សង្ឃឹម។

ការ​ចុះ​ហត្ថ​លេខា​លើកិច្ច​ព្រម​ព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស (PPA) នៅ​ឆ្នាំ ១៩៩១ បាន​កត់​សម្គាល់​ពីការ​បញ្ចប់ និង​ការ​ចាប់​ផ្តើម​ថ្មី៖ ការ​បញ្ចប់​សង្គ្រាម​ស៊ី​វិល និង​សង្គ្រាម​ត្រ​ជាក់​រវាង​មហា​ប្រទេស​ដែល​យក​កម្ពុជា​ជាទី​សមរ​ភូមិ និង
“វាលពិឃាត” ការ​ចាប់​ផ្តើម​នៃ​ការផ្សះផ្សា​ជាតិ ការ​កសាង​សន្តិភាព និង​ការអភិវឌ្ឍ។ អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺកិច្ច​ព្រម​ព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស​បាន​ពាំ​នាំ​យក​លទ្ធិ​ប្រជាធិបតេយ្យ​មក​កាន់​ប្រទេស​កម្ពុជា ហើយ​បាន​បើក​ឱ្យ​មាន​ការ​បោះ​ឆ្នោត​ជាតិ​ជា​លើក​ដំបូង​ក្រោយ​ការប៉ះទង្គិច​គ្នា ដែល​ការ​បោះ​ឆ្នោត​នោះ​ធ្វើ​ឡើង​នៅ​ខែ​ឧសភា​ឆ្នាំ​១៩៩៣។

យ៉ាង​ណា​ក៏​ដោយ ទោះ​បីជារណសិរ្សបង្រួបបង្រួម​ជាតិ​​ដើម្បី​ឯករាជ្យ អព្យាក្រឹត សន្តិភាព និង​សហ​ប្រតិបត្តិ​ការ​កម្ពុជា (គណ​បក្ស​រាជា​និយម​ហ្វ៊ុនស៊ិនប៉ិច) ដែល​​ដឹក​នាំ​​ដោយ​ព្រះ​អង្គម្ចាស់ នរោត្តម រណឫទ្ធិ បាន​ឈ្នះ​ឆ្នោត​ជា​ផ្លូវ​ការក្តី ក៏​លោក ហ៊ុន សែន និង​គណ​បក្ស​ប្រជាជន​កម្ពុជា ដែល​បាន​គ្រប់​គ្រង​ប្រទេស​នៅ​ទសវត្សរ៍​ឆ្នាំ ១៩៨០ បាន​បដិសេធ​មិន​ព្រម​ប្រគល់​អំណាច​ឱ្យ​ដែរ។ ការរៀប​ចំការ​បែង​ចែក​អំណាច​ត្រូវ​បាន​រៀបចំ​ជា​បន្ត​បន្ទាប់ ​ដោយ​មាន​មេ​ដឹក​នាំ​​ពីរ​រូបជាសហ​នាយក​រដ្ឋ​មន្ត្រី។

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ ថ្ងៃទី ២៩ កក្កដា ២០១៨ មណ្ឌលសាលាគរុកោសល្យ ក្រុងតាខ្មៅ ខេត្តកណ្ដាល

កាលពីចុងខែកក្កដា ប្រជា​ពលរដ្ឋ​កម្ពុជា​បាន​​ទៅ​បោះ​ឆ្នោត​ជា​លើក​ទី៦​ចាប់​តាំងពីឆ្នាំ​១៩៩៣មក។ ប្រទេស​កម្ពុជា​​នៅ​តែ​មាន​សន្តិភាព ហើយ​មាន​ខឿន​​សេដ្ឋកិច្ច​រឹងមាំ និង​ថេរជា​មួយ​​​កំណើន​ផលិត​ផល​ក្នុង​ស្រុក​សរុប ​ចេះ​តែ​បន្ត​លូត​ឡើងនៅ​ក្នុង​រយៈ​ពេល​​ពីរ​ទសវត្សរ៍​ចុង​ក្រោយ​នេះ ដែល​មាន​អត្រា​ជាមធ្យម​​ប្រចាំ​ឆ្នាំ​លើស​ពី ៧% និង​ស្ថិត​ក្នុង​ចំណោម​បណ្ដា​ប្រទេស​ដែល​សេដ្ឋកិច្ច​មាន​កំណើន​លឿន​បំផុត​នៅ​ក្នុង​ពិភព​លោក។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ប្រទេស​នេះ​បរា​ជ័យ​ក្នុង​ការ​ផ្តល់​អត្ថ​ប្រយោជន៍​ជាក់​ស្តែង​ដល់​ប្រជា​ពលរដ្ឋ​សាមញ្ញ​ជា​ច្រើន។ វិសមភាព​សេដ្ឋកិច្ច​ដែល​រីក​រាលដាល​នៅ​តែ​កើត​មាន​ឡើង​នៅ​ទូ​ទាំង​ប្រទេស។ ប្រជាពលរដ្ឋ​កម្ពុជា​ជា​ច្រើន​នៅ​តែតស៊ូពុះពារ​ដើម្បី​អាហារ ទី​ជម្រក សុខភាព ការ​អប់រំ និង​សិទ្ធិ​សេរីភាព។

គេ​ក៏​ឃើញ​ប្រទេស​នេះ​មាន​ការ​កើន​ឡើង​នូវ​ការ​បំភិតបំភ័យ​ និង​ការ​ចាប់​ខ្លួន​ដោយ​បំពាន​ ដែល​ត្រូវ​បាន​សម្រប​សម្រួល​ដោយ​ប្រព័ន្ធ​តុលា​ការ​ ដែល​ឯករាជភាព​ផ្នែក​នយោបាយ​នៅ​តែស្ថិតជាចម្ងល់ និង​អង្គការ​នីតិប្បញ្ញត្តិ​ដែល​ជា​ស្ថាប័ន​ប្រថាប់ត្រា។ លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​មាន​តែសម្បក​ក្រៅ​ប៉ុណ្ណោះ។

ការ​បោះ​ឆ្នោត​ថ្នាក់​​ជាតិ​លើក​ទី៥​នៅ​ឆ្នាំ​២០១៣ និង​ការ​បោះ​ឆ្នោត​ឃុំ​-សង្កាត់​​នៅ​ឆ្នាំ​២០១៧ មាន​ការ​កើន​សំឡេង​យ៉ាង​​ខ្លាំង​ពី​សំណាក់​គណ​បក្ស​សង្គ្រោះ​​ជាតិ ​ដែល​ជាគណ​បក្ស​ប្រឆាំង​ធំ​ជាង​គេ (CNRP) ។ ទោះយ៉ាង​ណាក្ដី រហូត​មក​ដល់​ពេល​នេះ គណ​បក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​​ ហ៊ុន ​សែន នៅ​តែ​ទទួល​បាន​អំណាច​ផ្តាច់​មុខ ប៉ុន្តែ​នេះ​កត់​សម្គាល់​ឱ្យ​ឃើញ​ពី​ចំណុច​របត់​មួយ។

មេ​ដឹក​នាំ​គណ​បក្ស​សង្គ្រោះ​​ជាតិ លោក កឹម សុខា ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ ហើយ​សមាជិក​ជាន់​ខ្ពស់​គណ​បក្ស​ចំនួន​១១៨រូប ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ចូល​រួម​ក្នុង​សកម្មភាព​នយោបាយ​រយៈ​ពេល​ប្រាំឆ្នាំ ខណៈ​រចនា​សម្ព័ន្ធ​គណ​បក្ស​ទាំង​មូល​ត្រូវ​បាន​តុលា​ការ​កំពូល​របស់​ប្រទេស​នេះ​សម្រេច​រម្លាយ​​ចោល។ ស្រប​ពេល​ជា​មួយ​គ្នា​នេះដែរ ស្ថាប័ន
​សារ​ព័ត៌មាន​ដែល​មាន​ឯករាជភាព​ផ្នែក​នយោបាយ និង​បណ្ដា​អង្គការ​សង្គម​ស៊ី​វិល​ដែល​សកម្ម​​ការពារ​សិទ្ធិ​មនុស្ស បាន​រងការ​វាយ​ប្រហារ។

ការ​វាយ​ប្រហារ​ទាំង​នេះ​កត់​សម្គាល់​ឱ្យ​ឃើញ​ពី “ការ​ស្លាប់​លទ្ធិ​ប្រជាធិបតេយ្យ” ហើយ​បាន “ប្រែ​ក្លាយ​ប្រទេស​មួយ​នេះ​ឱ្យ​ស្ថិត​ក្រោម​ការ​ដឹក​នាំ​រដ្ឋ​បែប​ឯក​បក្ស”។ នេះ​បើ​យោង​តាម​សមាជិក​សភា​អាស៊ាន​​ដើម្បី​សិទិ្ធ​មនុស្ស (APHR)។ ក្រោយ​ពីការបំបិទមាត់​អ្នក​រិះគន់​ទាំង​អស់​លក្ខណៈ​ជាប្រព័ន្ធ សូម្បីតែរបប​ប្រជាធិបតេយ្យ​សេរីពហុ​បក្ស​ក៏​ទំនង​ជាលែង​មាន​ទៀត​ដែរ ខណៈ​ប្រទេស​ជាតិ​បរា​ជ័យ​ក្នុង​ការ​ការពារ​ប្រជា​ពលរដ្ឋ​របស់​ខ្លួន​ពីការ​រំលោភ​សិទ្ធិ​មនុស្ស​សំខាន់ៗ។

ជាង​នេះ​ទៅ​ទៀត វា​ច្បាស់​ណាស់​ថា អ្វី​ដែល​ធ្លាប់​មាន​នៅ​ពេល​ដែល ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ បាន​បាត់​បង់ ហើយ​សន្តិសុខ​មនុស្ស​ជាតិ (Human Security) បាន​និង​កំពុង​ស្ថិត​ក្នុង​ទិសដៅ​ឈាន​ទៅ​រកការដួលរលំ។ ទោះ​ជា​យ៉ាង​ណាក្ដី នៅ​ទី​បំផុត មាន​តែប្រជា​ពលរដ្ឋ​កម្ពុជា​ប៉ុណ្ណោះ​ដែល​អាច​កំណត់​ពីលទ្ធភាព​នៃ​ការ​រស់​នៅ​បាន​យូរ​អង្វែង​នៃ​អនាគត​នយោបាយ​របស់​ពួក​គេ ​ដើម្បី​នាំ​មក​នូវ​លទ្ធិ​ប្រជាធិបតេយ្យ​ពេញ​លេញ សន្តិភាព​យូរ​អង្វែង និង​វិបុលភាព​សម្រាប់​ទាំង​អស់​គ្នា និង​កំណត់​ដៅថា “តើ​កម្ពុជា​យ៉ាង​ដូចម្ដេច​ដែល​ពួក​គេ​ចង់​បាន​ទៅ​ថ្ងៃ​អនាគត?”។

សព្វ​ថ្ងៃ​នេះ ប្រទេស​ជាតិ​របស់​យើង​បាន​​ដើរ​ដល់​ចំណុច​របត់​មួយ​ទៀត​ហើយ។ អនាគត​របស់​ប្រទេស​ជាតិ​ពឹង​ផ្អែក​លើភាពជឿទុក​ចិត្ត​នៃ​ការ​បោះ​ឆ្នោត​សាកលកាល​ពី​​ថ្ងៃ​ទី ២៩ ខែ​កក្កដា ឆ្នាំ​២០១៨​នេះថា សេរី និង​យុត្តិធម៌​កម្រិត​ណា។ ការ​រស់​ឡើង​វិញ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ត្រូវ​ការ​មាន​កត្តា​ជា​ច្រើន លើស​ពីការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ។ វា​ទាមទារ​ឱ្យ​មាន​នីតិរដ្ឋ អភិបាល​កិច្ច​ល្អ សេរីភាព​នៃ​ការបញ្ចេញ​មតិ និង​ឯករាជភាព​សម្រាប់​ប្រព័ន្ធ​តុលា​ការ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ និង​គ្រឹះស្ថាន​សិក្សា​នៃ​ក្រុម​បញ្ញវន្ត។

ជា​មួយ​នឹង​ការ​ចុះ​ហត្ថ​លេខា​លើកិច្ច​ព្រម​ព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស និង​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣ ខ្ញុំ​តែង​រក្សា​នូវ​ក្ដីស្រមៃថា ប្រទេស​កម្ពុជា​ជា​ប្រទេស​សេរី និង​ប្រជាធិបតេយ្យ ដោយ​មាន​វិបុលភាព និង​សន្តិភាព​ជា​មួយ​ពិភព​លោក និង​ប្រទេស​ខ្លួន​ផ្ទាល់។ ក្នុង​រយៈ​ពេល​​មួយ​ទសវត្សរ៍​កន្លង​មក​នេះ ខ្ញុំ​បាន​បង្ខំ​ចិត្ត​ឆ្លុះបញ្ចាំង​ឡើង​វិញ​នូវ​ចក្ខុវិស័យ​របស់​ខ្ញុំ​អំពី​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ។

បន្ត​ទៅ​ទៀត​នេះ​គឺជា​ចំណាប់​អារម្មណ៍​របស់​ខ្ញុំ ខណៈ​ដែល​ប្រទេស​ជាតិ​មើល​ទៅ​ឈាន​ដល់​ការពង្រីក​បន្ថែម​ទៀត​នៃ​ការគ្រប់​គ្រង​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​​ហ៊ុន​សែន ដែល​មាន​រយៈ​ពេល​៣៣ឆ្នាំ​មក​ហើយ។

ការ​ឆ្លុះបញ្ចាំង​ឡើង​វិញ​អំពី​កម្ពុជា​

ខ្ញុំ​ស្រមៃថា ប្រទេស​កម្ពុជា​ជា​ប្រទេស​មួយ ដែល​គ្មាន​នរ​ណាម្នាក់​ប្រព្រឹត្ត​អំពើ​ពុករលួយ ឬ​ឧក្រិដ្ឋកម្ម​គ្មាន​ទោសពៃរ៍ ដូច​ដែល​វា​បាន​កើត​មាន​ឡើង​ក្នុង​រយៈ​ពេល​៣​ទសវត្សរ៍​ចុង​ក្រោយ​នេះ​ទេ។

ខ្ញុំ​ស្រមៃថា កម្ពុជា​ចេះ​រៀន​សូត្រពីកំហុស​ក្នុង​ប្រវត្តិសាស្ត្រ​នយោបាយ​របស់​ខ្លួន ដែល​ធ្លាប់​ជា​ប្រទេស​ដែល​ពឹង​ផ្អែក​ទាំង​ស្រុង ទាំង​ខាង​នយោបាយ សេដ្ឋកិច្ច និង​យោធា ទៅ​លើទី​ក្រុង​ប៉េកាំង (ដូច​ដែល​ប្រទេស​នេះ​ធ្លាប់​បាន​ធ្វើ​តាំង​ពីឆ្នាំ​ ១៩៧៥-១៩៧៩) ។ មិន​ត្រូវ​ឱ្យ​អតីត​កាល​កើត​ឡើង​ដ​ដែលៗ​ឡើយ។

ខ្ញុំ​ស្រមៃថា ប្រទេស​មួយ​ដែលមាន​ការឆ្មក់​ចាប់​ទាំង​កណ្តាល​អាធ្រាត្រ​ដោយ​គ្មាន​​ដីកា ឬ​នីតិ​វិធី​ច្បាប់​ទៅ​លើមេ​ដឹក​នាំ​គណ​បក្ស​សង្គ្រោះ​​ជាតិ គឺ​លោក កឹម សុខា ដែល​គិត​ស្មាន​មិន​ដល់​ដូច្នេះឡើយ​។

ខ្ញុំ​ស្រមៃថា កម្ពុជា​ជា​ប្រទេស​មួយ​ដែល​ស្តាប់​សំឡេង​​ប្រជា​ពលរដ្ឋ​ជាង​៣លាន​នាក់​ដែល​បាន​បោះ​ឆ្នោត​ឱ្យ​គណ​បក្ស
សង្គ្រោះ​​ជាតិ ជំនួស​ឱ្យ​ការបំបិទមាត់​ពួក​គាត់​​ដើម្បី​រក្សា​សណ្តាប់ធ្នាប់​សម្រាប់​មនុស្ស​តិច​តួច​ក្នុង​ការ​សប្បាយ​រីក​រាយ​ដូច្នេះ​​ទេ។

លោក កឹម សុខា ពេលចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា ​

ខ្ញុំ​ស្រមៃថា វា​មិន​គួរ​កើត​មាន​ទាល់តែ​សោះ ការ​សម្លាប់​កម្មករ​រោង​ចក្រ​កាត់​ដេរ៤​នាក់ និង​ការ​បាញ់​ទៅ​លើ​មនុស្ស​២៩​នាក់​ទៀត​នៅ​ក្នុង​ការ​តវ៉ា​មួយ​នៅឯ​មជ្ឈ​មណ្ឌល​ឧស្សាហកម្ម​កាណាឌីយ៉ា​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី៣ ខែមិថុនា ឆ្នាំ ២០១៤។

ខ្ញុំ​ស្រមៃថា វា​មិន​គួរ​កើត​មាន​ទាល់តែ​សោះ ដែល​ប្រទេសកម្ពុជា​ជា​ប្រទេស​មួយ​ដែល​មាន​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី អ្នក​វិភាគ​នយោបាយ​ទាំង​កណ្តាល​ថ្ងៃ​កាល​ពីឆ្នាំ​២០១៦ ដោយ​អតីត​ទាហាន​ម្នាក់​​នៅ​ស្ថានីយ​ប្រេង​ឥន្ធនៈ​មួយ​កន្លែង​នៅ​​ក្នុង​រាជធានី​ភ្នំពេញ​ បន្ទាប់ពី​លោក​បាន​រិះគន់​គណ​បក្ស​កាន់​អំណាច។

ខ្ញុំ​ស្រមៃថា វា​មិន​គួរ​កើត​មាន​ទាល់តែ​សោះ ការ​ដែល​សមាជិក​សភាគណ​បក្ស​ប្រឆាំង លោក ញ៉យ ចំរើន និង​លោក គង់ សភា ត្រូវ​បាន​អូស​ចេញ​ពី​រថយន្ត យក​ទៅ​វាយ​ទាត់ធាក់​យ៉ាង​ដំណំ​នៅ​ឆ្នាំ ២០១៥ ដោយ​សមាជិក​បី​នាក់​នៃ​កង​អង្គរ​ក្ស​របស់​លោក ហ៊ុន សែន ហើយ​ក្រោយ​មក​ត្រូវ​បាន​ដំ​ឡើង​ឋានៈ​ជា​បន្ត​បន្ទាប់។

ខ្ញុំ​ស្រមៃថា វា​មិន​គួរ​កើត​មាន​ទាល់តែ​សោះ ការផ្ទន្ទាទោស​ដាក់​ពន្ធនាការ​រយៈ​ពេល​៣០ខែ ដោយ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាល​ពីឆ្នាំ​​មុន​លើ​អ្នក​ស្រី ទេព វន្នី ដែល​ជា​ម្តាយ និង​ជា​សកម្មជន​ដីធ្លី​ដ៏​លេចធ្លោ​ម្នាក់​នៅ​តំបន់​បឹង​កក់ ដែល​អង្គ​ការលើ​កលែងទោសអន្តរជាតិ​បាន​​បញ្ជា​ក់​ថា អ្នក​ស្រី “មិន​បាន​ធ្វើ​អ្វី​សោះ ក្រៅ​តែពី​បានធ្វើការ​តស៊ូ​ដោយ​សន្តិ​វិធី​សម្រាប់សហគមន៍​របស់​គាត់”។ នៅ​ពេល​កំពុង​សរសេរ​នេះ អ្នក​ស្រី​បាន​ចំណាយ​ពេល​ជាង៧០០​ថ្ងៃ​ទៅ​ហើយ​នៅ​ក្នុង​ការឃុំ​ខ្លួន​តាម​តែ​អំពើ​ចិត្ត។

ខ្ញុំ​ស្រមៃថា វា​មិន​គួរ​កើត​មាន​ទាល់តែ​សោះ ចំពោះ​ការ​ដែល​ប្រើ​ប្រាស់​វិធី​សាស្ត្រ​នានា ដើម្បី​រម្លាយ​​គណ​បក្ស​សង្គ្រោះ​​ជាតិ ជាការ​គំរាម​កំហែង​ដ៏​ពិត​ប្រាកដ​ចំពោះ​អំណាច​ផ្ដាច់​មុខ​របស់​ឥស្សរជន​ដឹក​នាំ​​បច្ចុប្បន្ន​នេះ។

ខ្ញុំ​ស្រមៃថា វា​មិន​គួរ​កើត​មាន​ទាល់តែ​សោះ ចំពោះ​ការ​ដែល​ប្រទេស​កម្ពុជា​កំពុង​ក្លាយជា​រដ្ឋ​យោធា​ឯក​បក្ស ដោយ​មាន​ឧត្តមសេនីយ៍ច្រើន​ជាង​ ៨០០​នាក់ ដែល​ក្នុង​នោះ​មាន​មន្ត្រី​ជាន់​ខ្ពស់​នៃ​កងយោធពលខេមរភូ​មិន្ទប្រហែល​ ៣០០ ​នាក់​ត្រូវ​បាន​ដំ​ឡើង​ឋានៈ​តែ​នៅ​ក្នុង​ឆ្នាំ​នេះ​ប៉ុណ្ណោះ។

ខ្ញុំ​ស្រមៃថា វា​មិន​គួរ​កើត​មាន​ទាល់តែ​សោះ ចំពោះ​ការ​ដែល​ប្រជា​ពលរដ្ឋ​កម្ពុជាត្រូវ​ចំណាយ​លះបង់​អាយុ​ជីវិតក្នុង​ការតស៊ូ​ដើម្បី​សិទ្ធិ​របស់​ពួក​គាត់ ហើយ​ត្រូវ​បាន​ទទួល​រង​នូវ​ការ​បំភិតបំភ័យ​ពី​សំណាក់​រដ្ឋ​អំណាច​នៅ​ពេល​ដែល​ពួក​គាត់ត​តាំង​​ដើម្បី​ផល​ប្រយោជន៍​របស់​ប្រទេស​ជាតិ។

ខ្ញុំ​ស្រមៃ​ចង់​ឃើញ​ប្រទេស​របស់​ខ្ញុំ ក្លាយជា​ប្រទេស​មួយ​ដែល​ប្រជា​ពលរដ្ឋ​កម្ពុជា អាច​មាន​សេរីភាព​ជា​មូលដ្ឋាន​ដូចជា​សិទ្ធិ​ក្នុង​ការ​ជួប​ជុំ​គ្នា​ដោយ​សន្តិ​វិធី ការ​ប្រមូល​ផ្តុំ និង​ការបញ្ចេញ​មតិ​ដោយ​សេរី។

ខ្ញុំ​ស្រមៃ​គិត​ថា កម្ពុជា​ជា​កន្លែង​ដែល​តុលា​ការ​យុត្តិធម៌ មិន​ស្ថិត​ក្រោម​ការ​ត្រួត​ត្រា​ខាង​នយោបាយ និង​ត្រូវ​បាន​ប្រើ​ប្រាស់​​ដើម្បី​ប្រឆាំង​អ្នក​រិះគន់​របប​នេះដូច្នេះឡើយ​។

ជំហាន​បន្ទាប់

មណ្ឌលបោះឆ្នោតឃុំត្រពាំងចាន់ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង

លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​បាន​កំពុង​ស្លាប់​យ៉ាង​សន្សឹមៗ​ទៅ​ហើយ។ ក៏​ប៉ុន្តែ​ខ្ញុំ​ប្រកាន់​យកចក្ខុវិស័យ​របស់​ខ្ញុំ​អំពី​មាតុ​ភូមិ​របស់​ខ្ញុំ ថា​នៅ​តែអាច​ក្លាយ​ទៅ​ជា​ប្រទេស​មួយ ដែល​ថ្ងៃ​​ណាមួយមាន​ឆន្ទៈ​រៀន​សូត្រអំពីកំហុសពី​អតីត​កាល​របស់
​ខ្លួន។

ខ្ញុំ​ស្រមៃថា តើ​កូន​ប្រុស​របស់​ខ្ញុំ​ផ្ទាល់​នឹង​ចម្រើន​វ័យ​ធំ​ធាត់ ​ដើម្បី​រស់​នៅ​ឆ្លង​កាត់​ពិភព​លោក​បែប​នេះ​យ៉ាង​ដូចម្ដេច ដូចប្រជា​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃ​នេះ ដែល​ត្រូវ​បាន​ឡោមព័ទ្ធ​ដោយ​កង​កម្លាំង​សន្តិសុខ​ប្រដាប់​អាវុធ និង​ការ​រំលោភ​បំពាន​មកលើ​គាត់ជារៀង​រាល់​ថ្ងៃ​ពី​សំណាក់​អ្នក​មាន​ទ្រព្យ​សម្បត្តិ។ ដូច​ពួក​គេ​ដែរ គាត់​ក៏​នឹង​ដឹង​ដែរ​ថា គាត់​អាចយក​អ្វី​ដែល​គាត់​ចង់​បាន​ដោយ​មិន​ចាំបាច់​គិត​ពិចារណា​ពី​អ្នក​ដទៃ ឬ​ចំពោះ​ផលវិបាក​ឡើយ។ ទាយ​ទៅ​មើល តើ​សង្គម​បែប​នេះ​បង្កើត​អ្វី​ខ្លះ? ផ្ទុយ​ទៅ​វិញ​ខ្ញុំ​ចង់​បាន​ប្រទេស​កម្ពុជា​ដែល​មេ​ដឹក​នាំ​​របស់​ខ្លួន​បង្ហាញ​ពីភាពរាប​ទាប​ និង
​ឆន្ទៈ​ក្នុង​ការ​ទទួល​យកការ​រិះគន់ ហើយ​ចាប់​អារម្មណ៍​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ។

លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​សាកល​ដែល​នឹង​កើត​ឡើង​នៅ​ពេល​ខាង​មុខនេះ​​ ប្រហែល​ជាគេអាចទស្សន៍ទាយ​បាន។ ប៉ុន្តែ​សន្តិភាព​មួយ​ដែល​មាន​យុត្តិធម៌ ​និង​យូរ​អង្វែង​សម្រាប់​ប្រជា​ពលរដ្ឋ​កម្ពុជា​ទាំង​អស់អាច​ធ្វើ​ទៅ​បាន។ មេ​ដឹក​នាំ​​បច្ចុប្បន្ន​មាន​លទ្ធភាពអាចបង្កើត​លក្ខខណ្ឌ​ប្រជាធិបតេយ្យ ហើយ​ឆ្លើយតប​ទៅ​នឹង​ក្តី​សង្ឃឹម និង​ក្តីសុបិន​របស់​ប្រជា​ពលរដ្ឋ។

ការគាប​សង្កត់​លើ​អ្នក​ដែល​មិន​យល់​ស្របជា​មួយ​របៀបវារៈ​នយោបាយ​បច្ចុប្បន្ន មិន​មែន​ជា​មធ្យោបាយ​នាំ​មក​នូវ​សន្តិភាព​និង​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាពទេ។ សម្ដចព្រះ​មហា​ឃោសនន្ទ ដែល​ត្រូវ​បាន​អ្នក​ផង​ស្គាល់​ថាជា “ព្រះ​ពុទ្ធ​នៅ​កណ្ដាល​សមរ​ភូមិ” ធ្លាប់​បាន​រំឭក​យើង​ទាំង​អស់​គ្នា​ថា “ការឈឺ​ចាប់​របស់​កម្ពុជា​កាន់​តែ​ខ្លាំង​ឡើង។ ពីការរង​ទុក្ខ​នេះ​ មាន​សេចក្តី​មេត្តា​ករុណា​ដ៏​ធំ​ធេង។ វា​គឺជា​ច្បាប់​សាកល​ដែល​ការតបត ការស្អប់ខ្ពើម និង​ការសងសឹក​បន្ត​នូវ​វដ្ត និង​មិន​ដែល​ឈប់​ឡើយ”។

សូម​ឱ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​ទាំង​អស់​មើល​ឃើញ​អ្វី​ដែល​កំពុង​កើត​ឡើង​ពិត​ប្រាកដ​ចំពោះ​ប្រទេស​របស់​យើង។ សូម​ឱ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​ទាំង​អស់​អាច​រស់​នៅ​រួច​ផុតពី​ការភ័យ​ខ្លាច ពីការ​ចង់​បាន និង​មាន​សេរីភាព​ក្នុង​ការ​រស់​នៅ​ប្រកប​ដោយ​សេចក្តី​ថ្លៃ​ថ្នូរ។


ពូ សុវចនា

ប្រជា​ពលរដ្ឋ​សាមញ្ញ​ម្នាក់​នៅភ្នំពេញ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ