ស៊ើបអង្កេត៖ ពលរដ្ឋមួយចំនួននៅខេត្តកំពង់ធំគ្មានចំណេះដឹងផ្នែកហិរញ្ញវត្ថុ មុនពេលខ្ចីប្រាក់ពីស្ថាប័នផ្តល់កម្ចីទាំងនោះ

សាលាឃុំក្រយា ស្រុក​សន្ទុក ខេត្តកំពង់ធំ

ជាពលរដ្ឋរស់នៅភូមិសែនសិរីមង្គល ឃុំក្រយា ស្រុក​សន្ទុក ខេត្តកំពង់ធំ កាលពី៣ឆ្នាំមុន អ្នកស្រី សែម សំអាន អាយុ៤០ឆ្នាំ បានខ្ចីលុយពីស្ថាប័នមីក្រូហិរញ្ញវត្ថុមួយចំនួន១ពាន់ដុល្លារ ដើម្បី​យក​មក​ទិញ​ក្បឿង​ប្រក់ផ្ទះ និងប្រកបរបរផ្សេងៗ និងជាពិសេសសម្រាប់ទុកមួយចំណែក ដើម្បី​សង​ទៅ​មីក្រូហិរញ្ញវត្ថុ២​កន្លែង​ទៀត​​ដែល​ជាបំណុលចាស់។

ពីដំបូង អ្នកស្រីគិតថា គាត់អាចដោះបំណុលនេះរួចក្នុងរយៈពេល២ឆ្នាំ ដោយសំអាង​ទៅលើមុខរបបតូច​តាច​​មួយ​ចំនួនដូចជា ក្រងស្បូវ បេះគរ ការលក់លៀសហាលតាមម៉ូតូ និង​សង្ឃឹម​លើ​កូន​ៗ២​នាក់ ដែលធ្វើការនៅកសិដ្ឋានចិញ្ចឹមត្រចៀកកាំមួយ នៅទីក្រុងភ្នំពេញ។

ប៉ុន្តែ ការយល់ឃើញរបស់អ្នកស្រី សែម សំអាន ខុសទាំងស្រុង។ អ្នកស្រីត្រូវជំពាក់បំណុលគេវណ្ឌក រហូតដល់ទីបំផុតត្រូវលក់ផ្ទះសងបំណុលគេ ហើយទៅស៊ីឈ្នួលគេនៅប្រទេសថៃថែមទៀត។

អ្នកស្រី សែម សំអាន ពលរដ្ឋនៅឃុំ ក្រយា ស្រុក​សន្ទុក ខេត្តកំពង់ធំ

ទោះជាយ៉ាងណា អ្នកស្រី សែម សំអាន មិនមែន​ជា​ប្រជាពលរដ្ឋ​តែ​ម្នាក់​នៅ​ក្នុងភូមិនេះ ​ដែល​ត្រូវ​ប្រឈម​មុខ​​នឹង​​ការដោះស្រាយបំណុលដ៏រ៉ាំរ៉ៃ បន្ទាប់ពីខ្ចីប្រាក់ពីស្ថាប័នមីក្រូហិរញ្ញវត្ថុ ក៏ដូចជា​ធនាគារនានា​នោះ​ទេ។

ប្រជាពលរដ្ឋក្នុងភូមិឃុំជាមួយអ្នកស្រី សែម សំអាន ក៏ដូចជាប្រជាពលរដ្ឋដទៃទៀតជាច្រើននាក់​នៅ​ក្នុង​ខេត្ត​កំពង់ធំ និងខេត្តក្រុងនានានៅទូទាំងប្រទេសកម្ពុជាដែរ សុទ្ធសឹងធ្លាក់ខ្លួនដុនដាបជាងមុន ដោយសារជំពាក់បំណុលស្ថាប័នមីក្រូហិរញ្ញវត្ថុ ក៏ដូចជាធនាគារ។

ទន្ទឹមនឹងនេះ មូលហេតុដែលធ្វើឱ្យពលរដ្ឋនៅទីជនបទនៃស្រុកសន្ទុក ខេត្តកំពង់ធំ កំពុងជំពាក់បំណុល​ធនាគារកាន់តែច្រើននោះ គឺដោយសារពួកគេខ្វះចំណេះដឹង ការសម្រេចមិនត្រឹមត្រូវ និងការទទួល​ព័ត៌មាន​មិនច្បាស់លាស់តែម្តង។

. ស្ថានភាពពលរដ្ឋដែលជំពាក់បំណុលធនាគារ និងមីក្រូហិរញ្ញវត្ថុ

នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន អ្នកស្រី សែម សំអាន បានដំណាល​រឿង​រ៉ាវ​យ៉ាង​ពិស្តារ​របស់​គាត់ ដើម្បីចែករំលែកដល់ប្រជាពលរដ្ឋដែលមានបំណងចង់ខ្ចីថវិកា​ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬ ធនាគារ ដូចអ្នកស្រីជាបន្តទៀត។

អ្នកស្រី សែម សំអាន បានរំឭកថា ក្រោយខ្ចីលុយពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនប៉ុន្មានខែផង ប្ដីរបស់គាត់​បានធ្លាក់​ខ្លួនឈឺ ហើយចំណូលមួយភាគធំ ត្រូវចំណាយលើថ្នាំពេទ្យ និងការវះកាត់របស់ស្វាមីគាត់ ដែល​បង្ខំ​​ឱ្យអ្នកស្រីរត់ទៅខ្ចីប្រាក់ពីអ្នកភូមិផ្សេងទៀត ដើម្បីទូទាត់ថ្លៃចំណាយទាំងនោះ។

ផ្ទះរបស់អ្នកស្រី សែម សំអាន

ទោះបីជាកូនៗដែលធ្វើការនៅទីក្រុងភ្នំពេញ បានផ្ញើប្រាក់មកជារឿយៗដែរ ប៉ុន្ដែនៅតែមិនអាចសង​បំណុល​​​ធនាគាររួចឡើយ ក្នុងខណៈដែលការចំណាយប្រចាំថ្ងៃកើនឡើងច្រើនលើសលប់។ ទោះបីជា​ស្ថានភាព​​ជំងឺប្ដីរបស់អ្នកស្រីបានធូរស្រាលបន្ដិចក្តី អ្នកស្រី សែម សំអាន បានជួប​ប្រទះបញ្ហាមួយទៀត​ ដោយ​អ្នកភូមិដែលឱ្យលុយខ្ចីនោះ បានមករុះរើផ្ទះរបស់គាត់មួយខ្នង ដើម្បីដោះបំណុល។

រួចហើយ អ្នកស្រីបានសម្រេចចិត្តទៅស៊ីឈ្នួលត្រួសត្រាយព្រៃចម្ការនៅភូមិផ្សេង ដើម្បីរកលុយ​បង់​បំណុល។ ប៉ុន្តែ ការប្រឹងប្រឹងរបស់អ្នកស្រី សែម សំអាន និងគ្រួសារមិនអាច​ជួយ​សង្គ្រោះ​លំនៅដ្ឋាន​ជាទីស្រឡាញ់​របស់អ្នកស្រីឡើយ ដោយទីបំផុត អ្នកស្រីបានសម្រេចចិត្តលក់ផ្ទះទាំងមូល ដើម្បីលោះបំណុលទាំងនោះ។

អ្នកស្រី សំអាន រៀបរាប់បន្ដថា នៅខែមិថុនាឆ្នាំ២០១៦ អ្នកស្រី និងគ្រួសារ បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការជា​កម្មករ នៅចំការខ្លឹមចាន់មួយ នៅខេត្តត្រាត ប្រទេសថៃ និងរកប្រាក់បានតែ២រយបាតប៉ុណ្ណោះ ក្នុង​មួយ​ថ្ងៃ។ ប៉ុន្តែ អ្នកស្រី បាននិយាយថា អ្នកស្រីបានធ្វើការនៅប្រទេសថៃមិនដល់៣ខែផង អ្នកស្រី​ក៏​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ហើយម្ចាស់ចម្ការក៏បានបញ្ជូនគាត់មកស្រុកកំណើតវិញ។

អ្នកស្រី បាននិយាយថា ក្រោយត្រឡប់មកពីធ្វើការនៅប្រទេសថៃ ជីវភាពគ្រួសាររបស់គាត់ ក៏​កាន់​តែ​លំបាក​ និង​មិនអាចរកលុយមកសងធនាគារឡើយ។

អ្នកស្រីបានត្អូញត្អែរថា៖ «ថៅកែថៃ គេគិតថា យើងមិនអាចធ្វើការឱ្យគេបាន រវល់តែឈឺ គេក៏ឱ្យ​ត្រឡប់​មក​វិញ​»។

ក្នុងខណៈពេលដែលអ្នកស្រី សែម សំអាន កំពុងដំណាលរឿងរ៉ាវដ៏កំសត់របស់គាត់ បុរសម្នាក់​បានស្រែក​សួររកមេភូមិពីខាងក្រោមផ្ទះរបស់គាត់ ដោយក្នុងដៃមានកាន់សឺមី និងឯកសារមួយចំនួនផង។

បុរសរូបនោះ គឺលោក កុយ ផាន អាយុ៥០ឆ្នាំ ដែលបានប្រាប់អ្នកស្រី សែម សំអាន ថាគាត់​មក​រក​មេ​ភូមិ​«ដង​ក្តា» ដើម្បីសុំចុះហត្ថលេខាលើលិខិតសុំខ្ចីប្រាក់ពីធនាគារមួយកន្លែង។ ទោះបីជាយ៉ាងណា លោក កុយ ផាន ហាក់ចៀសផុតពីបញ្ហាធ្ងន់ធ្ងរ ដែលបណ្តាលមកពីការខ្ចីបុលពីគ្រឹះស្ថានមីក្រូហុរញ្ញវត្ថុ ឬធនាគារ​នោះ។

នៅពេលសួរនាំពីរឿងខ្ចីលុយធនាគារ លោក កុយ ផាន ឆ្លើយតបថា គាត់ពុំដែលមានបញ្ហាអ្វីនោះទេ ទោះបី​ជាមានអ្នកភូមិជាមួយគាត់ខ្លះបានជួបផលពិបាកខ្លាំង ដោយសារខ្ចីលុយប្រើខុសគោលដៅ។

លោក បាននិយាយបន្តថា ពលរដ្ឋខ្លះ ដែលខ្ចីលុយធនាគារ និងគ្មានលទ្ធភាពសង បានបង្ខំចិត្តលក់ដី និងផ្ទះ ហើយក៏នាំគ្នាទៅធ្វើការនៅស្រុកថៃទាំងគ្រួសារ។

ខ្ញុំខ្ចីធនាគារច្រើនដងហើយ ពេលនេះខ្ចី១២លានរៀល យក​ទៅ​ដាំ​ដំឡូង​មី​ដោយ​ដាក់​ប្លង់ដីចម្ការ៣ហាត់ (ហិកតា) ជាង។ អ្នកខ្លះខ្ចីទិញម៉ូតូ និងទូរសព្ទទំនើបឱ្យកូន ចុងក្រោយ កូន​មិន​រៀន​​បែរជាគេចសាលា រហូតលែងចូលរៀន […] អ្នកខ្លះទៀតរកស៊ី និងធ្វើការមិនប្រាកដ ឃើញតែផឹកស្រា​ដល់​ថ្ងៃបង់លុយអត់មាន ក៏កើតជាឈ្លោះប្តីប្រពន្ធ

លោក កុយ ផាន ពលរដ្ឋរស់នៅភូមិសែនសិរីមង្គល ឃុំក្រយា ស្រុក​សន្ទុក ខេត្តកំពង់ធំ

ពលរដ្ឋម្នាក់ទៀត ដែលរស់នៅឃុំក្រយា ស្រុកសន្ទុកនេះផងដែរ លោក ពៅ មឿន លើកឡើងថា ពលរដ្ឋ​ក្នុង​ភូមិ​នេះ ដឹងតែពីចង់បានប្រាក់កម្ចី ដោយពុំសូវបានដឹងពីលក្ខខណ្ឌ ដែលធនាគារ និងស្ថាប័ន​មីក្រូ​ហិរញវត្ថុ​​កំណត់នោះទេ។

លោក បាននិយាយថា ចំណែក ក្រុមហ៊ុនឯកជនទាំងនោះ ក៏មិនបានពន្យល់លម្អិតដល់អតិថិជន និង​ក្រុម​ហ៊ុនខ្លះទៀត បានព្យាយាមបញ្ចុះបញ្ចូលពលរដ្ឋឱ្យខ្ចីលុយពួកគេទៀតផង។ លោករំលឹកថា មាន​គ្រួសារ​មួយ បានទៅខ្ចីលុយពីធនាគារចំនួន ៣ពាន់ដុល្លារ ដើម្បីទិញដីមួយកន្លែងទំហំក្បាល១០ម៉ែត្រ ជា​ប្រភេទ​ដីលំនៅដ្ឋានក្នុងភូមិ។

ប៉ុន្ដែ ពួកគេមិនមានលទ្ធភាពសងត្រឡប់ទៅវិញឡើយ និងបាននាំគ្នារត់ចោលស្រុកជាច្រើនខែ ហើយកូន​ៗ ក៏បាត់បង់ការសិក្សាទៀតផង។

គាត់មិនយល់ បើយល់ខ្លះ យ៉ាងហោចណាស់ គាត់មកពិភាក្សាចឹងទៅ ដូច​ខ្ញុំ​ថា​ចឹង ចិត្តគាត់ ពឺតតែបាន ឱ្យតែបានខ្ចី។ មីក្រូហិរញ្ញវត្ថុខ្លះ មិនបាច់មានអីបញ្ចាំទេ ឱ្យ​តែ​មាន​អត្តសញ្ញាណ​បណ្ណ​ឱ្យហើយ ទឹកប្រាក់ចាប់ពីមួយលានចុះ ប៉ុន្តែការថ្លៃ […] បើខ្ញុំគិតអាចថាប្រហែលគេចពីបំណុល ព្រោះ​បើគាត់ទៅរកស៊ីធម្មតាគាត់អាច ផ្ញើប្រាក់ ចេះមួយ ចេះមួយ

ពលរដ្ឋម្នាក់ទៀត ដែលរស់នៅឃុំក្រយា ស្រុកសន្ទុកនេះផងដែរ លោក ពៅ មឿន

. ទោះបីប្រឈមមុខនឹងបញ្ហា ចំនួនអ្នកជាប់បំណុលចេះតែកើនឡើង

ក្នុងឃុំក្រយា ស្រុកសន្ទុក មានប្រជាពលរដ្ឋរស់នៅចំនួន ៣ ៤៥០គ្រូសារ ដែលក្នុងនោះ​ភាគច្រើន​ជាកម្មករ​ចំការកៅស៊ូ និងមានប្រាក់ចំណូលមិនលើសពី៧០ម៉ឺនរៀលក្នុងមួយខែ ហើយក្នុងនោះ ប្រមាណ ៧០​ភាគរយ មានជាប់បំណុលធនាគារ និងមីក្រូហិរញ្ញវត្ថុ។ នេះបើតាម​របាយការណ៍ការិយាល័យស្រុក​សន្ទុក ខេត្តកំពង់ធំ នៅឆ្នាំ២០១៧។

លោក កែវ ឆេង មេឃុំក្រយា ស្រុកសន្ទុក បានបង្ហាញក្ដីកង្វល់យ៉ាងខ្លាំង ដោយថា​មានពលរដ្ឋកាន់តែ​ច្រើនកំពុង​ជា​ប់​បំណុលធនាគារ និងមីក្រូហិរញ្ញវត្ថុ។

លោកបាននិយាយថា លោកសង្កេតឃើញពលរដ្ឋភាគច្រើនមិនយល់ដឹងពីបញ្ហាមីក្រូហិរញ្ញវត្ថុនេះទេ ដូចជា ការយល់ដឹងអំពីកិច្ចសន្យា បញ្ហាច្បាប់ និងផលវិបាកនានា នៅពេលពួកគាត់​មិនអាចសងត្រឡប់​ទៅ​វិញទាន់ពេល។

លោក កែវ ឆេង មេឃុំក្រយា (រូបខាងឆ្វេង ពាក់អាវដៃខ្លី)
ប្រជាពលរដ្ឋ និងមន្ត្រីឥណទាន ប្រជាពលរដ្ឋចង់តែបាន មន្ត្រីឥណ្ណទាន ក៏ចង់​តែបាន អតិថិជនច្រើន ដូច្នេះ អចលនៈទ្រព្យ ដាក់បញ្ចាំ អចលនៈទ្រព្យខ្លះអត់ស្របច្បាប់ទេ អចលនៈ​​ទ្រព្យខ្លះ អត់ស្របច្បាប់ទេ ព្រោះថា អចលនៈទ្រព្យដែលអត់ស្របច្បាប់ ដី សម្ការ ដែល​មិនមាន​បណ្ណកម្មសិទ្ធិពីសុរិយោដី

លោក កែវ ឆេង មេឃុំក្រយា ស្រុកសន្ទុក

ដើម្បីទប់ស្កាត់បញ្ហានេះ មេឃុំក្រយា លោក កែវ ឆេង ស្នើដល់ក្រុមហ៊ុនឯកជន និងប្រជាពលរដ្ឋ ត្រូវជូន​ដំណឹងដល់​អាជ្ញាធរ មុននឹងចុះកិច្ចសន្យាលើការខ្ចីប្រាក់ណាមួយជាមួយគ្នា។

លោកក៏ស្នើទៅប្រជាពលរដ្ឋ ឱ្យចូលរួមក្នុងកិច្ចប្រជុំនានារបស់ថ្នាក់ឃុំ ដើម្បីបានដឹងព័ត៌មានពិតប្រាកដ មុន​នឹងខ្ចីលុយពីក្រុមហ៊ុន។

នៅពេលដែលបង់លុយប្រចាំខែធនាគាណាមួយហើយ ពេល​ដែល​បង់​ដាច់​គាត់​អត់​ប្រាប់មេភូមិទេ មិនដាច់ក៏មិនប្រាប់មេភូមិ ដាច់ក៏មិនប្រាប់មេភូមិ ចឹងដឹងថា អ្នកណាដាច់ហើយ អ្នកណាមិនដាច់ អត់ដឹងទេ ទី២ អត់ដឹងថា អ្នកហ្នឹងបានខ្ចីអី ហើយក៏ធ្វើឯកសារមកខ្ចីអីណេះទៀត ក៏មេភូមិមិនដឹងដែរ

លោក កែវ ឆេង មេឃុំក្រយា ស្រុកសន្ទុក

. អ្នកជំនាញផ្តល់អនុសាសន៍ថាពលរដ្ឋគួរខ្ចីលុយពីធនាគារក្នុងករណីចាំបាច់

នៅក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ប្រជាពលរដ្ឋខ្មែររាប់លាននាក់ បានរត់ទៅខ្ចីបុលពីធនាគារ និង​ស្ថាប័នមីក្រូហិរញវត្ថុឯកជន ដើម្បីពង្រីកអាជីវកម្ម បង្កើតមុខរបរ និងជំនួញ និងការទិញ​សម្ភារ​ផ្ទាល់​ខ្លួន​ជាដើម។

យោងតាមការស្រាវជ្រាវមួយរបស់ស្ថាប័នធ្វើការលើផ្នែកមីក្រូហិរញ្ញវត្ថុ Standards and Poor របស់​សហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៥ ឱ្យដឹងថា មានពលរដ្ឋខ្មែរតែ១៨ភាគរយប៉ុណ្ណោះ ដែល​មាន​ចំណេះ​ដឹង​ផ្នែកមីក្រូហិរញ្ញវត្ថុ ហើយថា នេះជាមូលហេតុចំបងនៃការជំពាក់បំណុលវណ្ឌក។

អ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ចនៅកម្ពុជា លោក ចាន់ សុផល ពន្យល់ថា ពលរដ្ឋ​មួយ​ចំនួន​ធំ​ដែល​ទៅ​ខ្ចី​លុយ​ពីធនាគារ ឬមីក្រូហិរញ្ញវត្ថុ មិនបានស្វែងយល់ឱ្យបានច្បាស់លាស់ពីផលលំបាក និង​លទ្ធភាព​នៃការ​សង​ត្រឡប់​ទៅវិញ មុននឹងខ្ចីប្រាក់នោះទេ។

លោកបាននិយាយបន្តថា ស្ថាប័នផ្ដល់ប្រាក់កម្ចីខ្លះ បាន​បញ្ចុះបញ្ចូល​ពលរដ្ឋឱ្យ​ខ្ចី​លុយ​ពួក​គេ​ក្នុង​ចំនួន​ច្រើន​ដូចជា តាមរយៈការសម្រួលឯកសារកាន់តែងាយជាងមុន ការផ្ដល់​ប្រាក់​កម្ចី​ដោយ​ពុំ​ចាំ​បាច់​ដាក់​ទ្រព្យ​បញ្ចាំ និងការផ្ដល់ព័ត៌មានមិនបានគ្រប់ជ្រុងជ្រោយ។

ជាអនុសាសន៍ លោកបាននិយាយថា ពលរដ្ឋគួរខ្ចីលុយពីធនាគារ ឬមីក្រូហិរញ្ញវត្ថុ ក្នុង​ករណី​ចាំបាច់​បាន​ហើយ ដូចជា ដើម្បីពង្រីកអាជីវកម្ម មុខជំនួញ ការវិនិយោគ និងការបើកអាជីវកម្មថ្មីៗ។

មួយវិញទៀត លោកបាននិយាយថា អាជ្ញាធរក៏មានតួនាទីយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយដល់ពលរដ្ឋ ឱ្យ​យល់​ដឹងអំពីផលវិបាកនានា នៃការខ្ចីលុយពីធនាគារនេះ។

ដោយមើលឃើញពីការជំពាក់បំណុលធនាគាររបស់ពលរដ្ឋនេះ នៅដើមឆ្នាំ២០១៧ រដ្ឋាភិបាលកម្ពុជា តាម​រយៈធនាគារជាតិកម្ពុជា បានដាក់កំហិតឱ្យធនាគារ និងក្រុមហ៊ុនឯកជន យកអត្រាការប្រាក់តែ ១៨​ភាគ​រយ​ក្នុងមួយឆ្នាំ ឬស្មើនឹង ១,៥ភាគរយក្នុង១ខែ បើធៀបនឹងឆ្នាំកន្លងទៅ ដែល​យក​អត្រា​ការ​ប្រាក់​ដល់​ទៅ​ជាង ៣០ភាគរយ។

ប៉ុន្ដែ បើធៀបនឹងប្រទេសជិតខាង អត្រាការប្រាក់នេះ នៅតែខ្ពស់ដដែល និងពលរដ្ឋនៅ​មាន​ការយល់​ដឹងទាប​ក្នុងកាកម្ចី មួយផ្នែកធ្វើឱ្យពលរដ្ឋនៅជួបបញ្ហា។ ករណីនេះ រដ្ឋាភិបាលអះអាងថា ដើម្បី​ការពារ​ផល​​​ប្រយោជន៍ពលរដ្ឋ ទប់ស្កាត់ការជំពាក់បំណុលវណ្ឌក កាត់បន្ថយភាពក្រីក្រ​ និងជម្រុញ​ឱ្យមានការ​ប្រើប្រាស់​ឥណទានឱ្យកាន់តែមានប្រសិទ្ធភាព។

យោងតាមអនុសាសន៍ដែលផ្តល់ដោយអ្នកជំនាញការ ប្រជាពលរដ្ឋក្រីក្រជា​ច្រើននាក់ប្រហែល​ជា​អាច​គេចផុត​ពីធ្លាក់ខ្លួនកាន់តែក្រីក្រតោកយ៉ាកថែមទៀត ប្រសិនបើពួកគេធ្វើការពិចារណា​ឱ្យបានល្អិតល្អន់ មុនពេលដែពួកគេខ្ចីលុយពីធនាគារ ឬស្ថាប័នមីក្រូហិរញ្ញវត្តុនោះ។

ទោះបីជាយ៉ាងណា សម្រាប់អ្នកស្រី សែម សំអាន ដែលជាពលរដ្ឋរស់នៅភូមិសែនសិរីមង្គល ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ​ និយាយថា អនុសាសន៍របស់អ្នកជំនាញផ្នែកសេដ្ឋកិច្ច បាន​មកយឺត​ពេល​ទៅ​ហើយ ពីព្រោះមិ​ន​ដឹងពេលណានោះ​ឡើយដែល​អ្នកស្រី​បាន​រើ​បម្រាស់​រួចផុត​ពីសម្ពាធ​នៃបំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ