លោក​ សម រង្ស៊ី ចោទ​លោក​នាយក​រដ្ឋ​មន្ត្រី​ថាបាន​ជួលឃាតករឲ្យតាម​សម្លាប់ខ្លួន​

លោក សម រង្ស៊ី និងលោក ហ៊ុន សែន (រូបភាព៖ ហ្វេសប៊ុក លោកម សម រង្ស៊ី)

អតីត​មេ​បក្សប្រឆាំង​ដែល​និរទេស​ខ្លួន​ឯង​នៅ​ក្រៅប្រទេស​លោក ​សម រង្ស៊ី បាន​ចោទ​ប្រកាន់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ថា​បាន​ជួល​ឃាត​ករ​ឲ្យ​តាម​សម្លាប់​លោក​ដល់​ប្រទេស​បារាំង តែ​ត្រូវ​បាន​គណបក្សប្រជា​ជន​ចាត់​ទុក​ថា​​គ្មាន​ប្រយោជន៍ និង​លាប​ព័ណ៌។

លោក​សម​ រង្ស៊ី បាន​សរសេរ​ក្នុង​ហ្វេស​បុក​ផ្លូវ​ការ​របស់កាល​ពី​យប់​មិញ​ថាលោកគឺជា​បន្លាធំជាង​គេ​​ក្នុងកែវភ្នែក ដែល​លោក​ហ៊ុន សែនចង់​កម្ចាត់​ជាង​គេ​បង្អស់ ហើយដោយ​សារ​សម្ពាធ​ធ្វើ​ឲ្យ​​លោក​នាយក​រដ្ឋមន្ត្រីចូល​ដល់​ផ្លូវ​ទាល់​ច្រក​នយោបាយ​នោះ លោក​ហ៊ុន សែន ក៏​បាន​ជួល​ឃាត​ករ​ឲ្យ​តាម​សម្លាប់​លោក​ដល់​ប្រទេស​បារាំង​ តែ​ត្រូវ​បាន​អាជ្ញាធរ​បារាំងដឹង​មុន។

លោក​សរសេរ​ថា៖

« កាលពី ៤-៥ ខែមុន ហ៊ុន សែន បាននិយាយជាសាធារណៈថា គាត់នឹងបញ្ជូនភ្នាក់ងារសម្ងាត់របស់គាត់ ឲ្យទៅចាប់ សម រង្ស៊ី នៅឯបរទេស ហើយបញ្ជូន សម រង្ស៊ី ទាំងបង្ខំ និងទាំងលួចលាក់ ទៅប្រទេសកម្ពុជា។ តែឥឡូវនេះ ដោយសារតែគាត់ជួបភាពទាល់ច្រកនយោបាយ រកដំណោះស្រាយមិនចេញ ទើប ហ៊ុន សែន សម្រេចជួលឃាតករ ឲ្យ​សម្លាប់ សម រង្ស៊ី តែម្តង » ។

អ្នក​នាំ​ពាក្យគណបក្សប្រជា​ជន​លោក សុខ ឥសាន មាន​ប្រសាសន៍​ថា ​រដ្ឋាភិបាល គ្មាន​ហេតុ​ផល​ណា​ធ្វើ​សកម្ម​ភាព​ជា​របៀប​ភារវកម្ម​​នោះ​ទេ ដោយ​​ចាត់​ទុក​ថាការ​ចោទ​ប្រកាន់​នេះគឺ​ជា​ការ​លាប​ព័ណ៌ ហើយថាលោកសម រង្ស៊ី​ឲ្យ​តម្លៃខ្លួនឯង​​ខ្ពស់​ពីតម្លៃ​ដែល​ខ្លួន​មាន​ប៉ុណ្ណោះ​។

លោក​ថា៖ « យើងមិនជាភារវករដូចជា​ISIS ពួកហេបូឡា មួយក៏ពួកតាលីបាននៅម្តុំមជ្ឃឹមបូព៌ាទេ។ ការនិយាយរបស់ទណ្ឌិតសម រង្ស៊ី គឺគ្រាន់ជាការឲ្យតម្លៃខ្លួនឯងថាខ្លួនឯងវាសំខាន់ តែឥឡូវតាំងពីខ្លួនឯងលាឈប់ពីប្រធានបក្សលាឈប់ពីសមាជិកបក្សហើយគឺសម រង្ស៊ី គ្មានអីនៅក្នុងខ្លួនជាសំខាន់ទៀតទេ »

ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យក្មេង​លោក ហង្ស វិទូ មិន​មានយោបល់​នោះទេ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​ដោយ​សារ​ពុំ​មាន​ហេតុ​ផល​សំអាង​ណា​ច្បាស់​លាស់​ពី​ការ​សរសេរ​របស់លោក សម រង្ស៊ី ដោយ​លោក​ជំរុញ​ឲ្យ​លោក សម​ រង្ស៊ី បង្ហាញភស្ភុតាង និងដាក់​ទៅ​កាន់​អាជ្ញាធរ​បារាំង​ឲ្យ​ធ្វើ​ការ​ស៊ើប​អង្កេត​រឿង​នេះ​វិញ។

លោក​ថា៖ « វាអាចមានពីរករណីដែលទី១អាចមកពីគាត់ភ័ខ្លាច និងមានការយល់ច្រលំ ទីវាអាចជាការលាបព័ណ៌មែនទែន តែខ្ញុំជឿជាក់ថាលោកសម រង្ស៊ីផ្ទាល់ក៏គាត់មានមូលហេតុដែរមិនមែន លាបព័ណ៌ទាក់ទងនឹងការលាបព័ណ៌បែបនេះវាធ្ងន់ធ្ងរមែនទែន វាមិនមែនជារឿងធម្មតាសាមញ្ញទេ។ បើគាត់លាបព័ណ៌ហេតុអីបានជាគាត់លាបព័ណ៌ដល់ថ្នាក់រដ្ឋាភិបាលតាមសម្លាប់គាត់ហ្នឹងទី១។​ ចំពោះទី២បើសិនជាគាត់មានការយល់ច្រលំមែនសុំឲ្យចប់ត្រឹមហ្នឹងចុះ ហើយអ្វីដែលគាត់ត្រូវធ្វើគាត់ត្រូវតែបង្ហាញភស្ភុតាងស្លាក់ស្នាមអីមកដើម្បីឲ្យអាជ្ញាធរបារាំងធ្វើការស៊ើបអង្កេតតាមនីតិវិធីច្បាប់នៅបារាំងហ្នឹងទៅ​​ »

បើ​តាម​លោក​ ហង្ស វិទូ ​អ្នក​នយោបាយ​ខ្មែរ​គួរ​ធ្វើ​នយោបាយ​ដោយ​គ្មាន​ការ​លាប​ព័ណ៌ គ្មាន​ការប្រើ​ឧបាយកលអាក្រក់​​ពី​ក្រោយ​ខ្នងដាក់​គ្នា និងគួរ​តែ​​លើកយក​ប្រយោជន៍​ជាតិ និង​ប្រជា​ជន​ជា​ធំ​សម្រាប់​ធ្វើ​នយោបាយ នោះ​ខ្មែរគ្រប់​ភាគី​អាច​នៅ​រួម​រស់​ជា​មួយ​គ្នា​បាន និងធ្វើ​ឲ្យ​ប្រទេស​មាន​ការ​អភិវឌ្ឍន៍កាន់​តែ​ខ្លាំង​ក្លា​ផង​ដែរ​​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ