ស៊ើបអង្កេត៖ ពលរដ្ឋ​នៅ​តែ​ប្រើ​ប្រាស់​សេវាកម្ម​​គ្រូពេទ្យគ្មានច្បាប់ ទោះ​បី​ចំណាយ​ថវិការ​​ច្រើន​ដោយគ្មាន​ប្រសិទ្ធិភាព​

សាលាឃុំ បាក់ចិញ្ចៀន ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ ទឹកមុខស្រង៉ូតស្រង៉ាត់អង្គុយដូចអស់សង្ឃឹមនៅលើអង្រឹងក្រោមផ្ទះ ស្ថិត​នៅក្នុង​សង្កាត់​លលក​​ស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ លោក កែវ ម៉ម អាយុ៧០ឆ្នាំ បានចំណាយថវិកា​ជា​ច្រើន​ក្នុង​ការ​ព្យាបាលជម្ងឺរបស់គាត់ជាមួយនឹងពេទ្យនៅតាមភូមិ ដោយ​ពុំ​មាន​ធ្វើការវិនិច្ឆ័យរោគឲ្យ​បាន​ច្បាស់​លាស់​ នឹងធ្វើឱ្យសេដ្ឋកិច្ចគ្រួសាររបស់​គាត់​បា​ន​ថយចុះ ព្រម​ទាំង​បង្កើនជំងឺជា​ច្រើន​មុខ​បន្ថែមទៀត​។

នៅ​ក្នុងភូមិដែលមាន​សភាព​ស្ងប់ស្ងាត់​ អង្គុយ​នៅ​លើ​អង្រឹង​ លោក កែវ ម៉ម ដែល​ដំបូង​គ្រាន់​តែ​មាន​ជំងឺ​ផ្តាសាយ​ធម្មតា​ ក្រោយពីទៅទិញថ្នាំផ្សំពីគ្រូ​ពេទ្យ​ម្នាក់​នៅ​ក្នុង​ភូមិ ​មកលេប​ យូរៗទៅបណ្តាល​ឲ្យរូប​លោក​កើត​​ជម្ងឺ​ក្រពះ​។

លោក កែវ ម៉ម អាយុ៧០ឆ្នាំ ពលរដ្ឋក្នុង​សង្កាត់​លលក​​ស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់

លោក ម៉ម ដឹងថា ខ្លួន​មាន​ជម្ងឺក្រពះ​ ដោយសារតែ​ លោក​​មានអាការៈ​ក្អួត​ចង្អោរ ​ក៏​បាន​ទៅ​រកពេទ្យភូមិដើម្បីសាកសួរពីរោគសញ្ញា ហើយត្រូវ​បាន​ពេទ្យប្រាប់​ថា លោក​មានជម្ងឺក្រពះ ដោយ​តម្រូវ​ឱ្យ​លោក​​ព្យួរ​សេរ៉ូម។ បើ​ទោះជាមាន​ការ​ព្យួរ​សេរ៉ូមអស់ចំនួន៦កំផ្លោក ក៏រូបលោក​ពុំ​មាន​ស្រាកស្រាន​អ្វី​ឡើយ​ ធ្វើ​ឲ្យ​លោក ម៉ម សម្រេចចិត្តទៅរកការពិនិត្យ​ព្យា​បាល​នៅខេត្ត។​

ខ្ញុំមិនចង់ទៅព្យាបាលនៅពេទ្យរដ្ឋទេ ព្រោះអីនៅទីនោះ យើងមិនទាន់រកគ្រែដេកបាន​ផង ​គេ​ឱ្យ​​​យើងបង់សេវា​១៥០,០០០៛​ នេះមិនទាន់​គិតការហុច​លុយ​ខាង​ក្រៅ​ឱ្យ​ពេទ្យ​ដែល​មក​មើល​យើង​ផង​។ តែបើយើង​ទុកលុយនេះ ទៅមើលពេទ្យឯកជន គឺជួយយើងបានច្រើន

លោក កែវ ម៉ម អាយុ៧០ឆ្នាំ ពលរដ្ឋនៅក្នុង​សង្កាត់​លលក​​ស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់

មិនថាតែលោក ម៉ម ម្នាក់ឯងប៉ុណ្ណទេ ក្រុមគ្រួសារ កូនចៅរបស់គាត់ទាំងអស់ នៅ​ពេល​ដែល​ឈឺ​ម្តង​ៗ​តែង​​តែ​ទៅរកពេទ្យ​ឯកជន​ព្យាបាល​មុន​គេ ​លើកលែងតែមានគ្រោះថ្នាក់ធ្ងន់ធ្ងរ​ទើប​ទៅ​រក​សេវា​ពេទ្យ​រដ្ឋ​ ចំណែក​​អ្នកនៅជិតខាងវិញក៏​ដូចគ្រួសារ​គាត់ដែរ​ លើកលែងតែ​ទា​រក​ ពេលឈឺគេយក​ទៅមណ្ឌល​សុខភាព​ព្យាបាល។

នៅ​ក្នុង​ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវ៉ាញ ឯណោះ​វិញ ​អ្នកស្រី វ៉ូន សាអ៊ុន វ័យ៥៤ឆ្នាំ ជាស្រ្តីមេម៉ាយ ដែល​មាន​​ជំងឺ​ប្រចាំកាយ បាននិយាយថា នៅ​ពេល​ដែល​អ្នកស្រី​មានជំងឺ​វិល​មុខ ខ្សោយ អ្នកស្រី​តែងតែ​ទៅ​រក​ពេទ្យ​នៅ​ក្នុងភូមិដើម្បីព្យាបាល។

អ្នកស្រីថ្លែងទាំង​សភាពទន់ខ្សោយ​ថា៖

ថ្នាំដែល​ខ្ញុំ ​​បាន​ទិញ​មកពីតាមតូបនៅ​ក្នុងភូមិ​នោះ​ មិនដឹងជា​ថ្នាំ​អ្វី​​នោះ​ទេ គ្រាន់តែ​អ្នកលក់​ប្រាប់​ខ្ញុំ​ថា ជា​ថ្នាំវិលមុខ ខ្សោយ។ លេប​​ថ្នាំនោះ​ ​ជួនពេល​ខ្លះ​ក៏​ជា​ ហើយ​ពេល​ខ្លះ​ក៏​មិន​ជាដែរ

អ្នកស្រី វ៉ូន សាអ៊ុន វ័យ៥៤ឆ្នាំ នៅ​ក្នុង​ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវ៉ាញ

អ្នកស្រី​ បានថ្លែង​ឲ្យដឹង​ទៀត​ថា កាលពីខែ​មេសា កន្លងមកគាត់មានអាការៈវិលមុខខ្លាំង​ ទៅរកពេទ្យភូមិ​ព្យាបាល ដោយ​ពេទ្យតម្រូវ​​ឲ្យ​អ្នកស្រី​ព្យួរសេរ៉ូមផង និង​ចាក់ថ្នាំ​ផង សរុប​ទឹក​ប្រាក់​អស់​ ៣០០,០០០៛ តែ​ជំងឺ​​របស់​​អ្នកស្រី​មិនបានស្រាកស្រាន្ត​ឡើយ។

ការព្យាបាលជាមួយពេទ្យដែលគ្មានវិជ្ជាជីវៈច្បាស់លាស់ វាខាតបង់ថវិកា ហើយសុខ​ភាព​​កាន់តែខ្សោយ លេបថ្នាំអីក៏​លែងត្រូវព្រោះវាស៊ាំនឹងថ្នាំ

អ្នកស្រី វ៉ូន សាអ៊ុន វ័យ៥៤ឆ្នាំ នៅ​ក្នុង​ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវ៉ាញ

បើទោះជានៅក្នុងឃុំមានមណ្ឌលសុខភាពក៏​ដោយ ក៏អ្នកស្រីមិន​ចង់ទៅរកសេវានៅទីនោះដែរ​ ដោយសារ​អ្នកស្រី​គិតថា​នៅទីនោះគ្មានថ្នាំព្យាបាលឡើយ។

ដេក​នៅលើអង្រឹងដៃជាប់សេរ៉ូម មានសភាពដុនដាបខ្លាំង លោក យ៉ែម យ៉ឹក អាយុ៦៧ឆ្នាំ ដែល​មានជំងឺ​រ៉ាំរ៉ៃក្នុងខ្លួនច្រើនមុខ​ជា​យូរមក​ហើយ គាត់ដើរព្យាបាលស្ទើគ្រប់​កន្លែងទាំងពេទ្យ​ឯកជន​និងពេទ្យរដ្ឋ ដោយ​ចំណាយ​លុយអស់​ប្រហែលជាជាង១ម៉ឺនដុល្លារអាមេរិក ប៉ុន្តែជំងឺ​​របស់​គាត់​​ស្រាក​ស្រាន្តបាន​តែមួយភ្លែត​ៗ​ប៉ុណ្ណោះ​​។

ខ្ញុំដឹងថាការព្យាបាលពេទ្យតាមភូមិគ្មានឯកទេសច្បាស់លាស់ វាមិន​ជា​ទេ​ ដូចយក​លុយ​បោះចោល​ទទេ​ចឹង​!​ ប៉ុន្តែទំរាំដល់ពេលស្លាប់ចេះ​តែមើលបណ្តើរៗ​ទៅ បើមិនដាក់សេរ៉ូម​ខ្លះ វាធ្វើទុក​ក្នុង​ខ្លួន​ខ្លាំងពេក

លោក យ៉ែម យ៉ឹក អាយុ៦៧ឆ្នាំ ដេក​នៅលើអង្រឹងដៃជាប់សេរ៉ូម មានសភាពដុនដាបខ្លាំង

សម្បុរស សក់ល្បាយស្កូវ កំពស់ប្រហែល​១,៥៥ម ស្លៀកខោខ្លី មិនមានពាក់អាវ អង្គុយលើគ្រែរនៀប​ឬស្សី​ នៅ​ក្រោមផ្ទះ​តូចមួយដំបូលប្រក់ស្បូវ អាយុ៧០ឆ្នាំ ដែលសុំ​មិន​បញ្ចេញ​ឈ្មោះ​ ជាពេទ្យ​ប្រចាំ​ភូមិ​នៅ​សង្កាត់​ចំរើនផល ក្រុងពោធិ៍សាត់ រៀនចប់ត្រឹមថ្នាក់ឌីប្លូមសាលាបាលី កាលពីសម័យលន់ណុល មាន​ប្រសាសន៍ថា លោកធ្វើពេទ្យភូមិតាំងពីកំឡុងទស្សវត្ស​ឆ្នាំ​៨០​ ពេលដែល​មាន​កំណែន​(ក៥)។​

កាល​ពី​សម័យ​នោះ លោកបានពេទ្យវៀតណាមបង្ហាត់បង្រៀនពីវិជ្ជានេះ បន្ទាប់មកលោកក៏​ក្លាយជាពេទ្យប្រចាំ​ការ​ជា​មួយពលករ (ក៥) ក្រោយចប់ (ក៥) លោកក៏បា​នយករបរនេះ ដើររកស៊ីចាក់ថ្នាំឱ្យអ្នកជំងឺ​នៅ​ក្នុងភូមិ​ដោយ​សារ​តែ​ពេលនោះ មិនសូវមានអ្នកចេះជំនាញពេទ្យ​នេះ។

ចាប់តាំងពីឆ្នាំ១៩៩០មក ទោះបីជាមានការវិវត្តផ្នែកបច្ចេកវិទ្យាក៏ដូចជាការវិវត្តរបស់ជំងឺយ៉ាងណាក៏ដោយ​ តែ​លោក​មិនដែលបានទៅចូលរួមវគ្គបណ្តុះបណ្តាល ឬ បំប៉នជំនាញម្តងណាឡើយ។ ​

ដោយសារវ័យចំណាស់ផង បច្ចុប្បន្នគាត់ព្យាបាលអ្នកជំងឺតាមរបៀបអ្វីដែលគាត់ចេះពីមុនមក ឯសម្ភារបរិក្ខារវិញ គឺមាន​តែ​នៅ​ក្នុង​កាបូបស្ពាយ​មួយ​ប៉ុណ្ណោះ​។​ ហើយការទុកដាក់​របស់សំណល់​វិញ គឺ​មានភាព​រញ៉េរ​ញ៉ៃ​ខ្លាំង ស្រប​នឹងផ្ទះ​តូចចង្អៀត​។​

កាលពីប៉ុន្មានឆ្នាំមុនខាងមណ្ឌលសុខភាពនិងសង្កាត់ បានហៅខ្ញុំ​ទៅប្រជុំ​ឱ្យបញ្ឈប់​ការ​ព្យាបាល​ជំងឺ​​ជាបន្ទាន់ ព្រោះគេថា ពេទ្យយើងមិនមានវិជ្ជាជី​វៈគ្រប់គ្រាន់ ដូច្នេះក្រសួង​សុខាភិបាល​មិន​អនុញ្ញាតិ​ឱ្យ​ធ្វើ​ទៀ​ត​ឡើយ

បុរសអាយុ៧០ឆ្នាំ ដែលសុំ​មិន​បញ្ចេញ​ឈ្មោះ​ ជាពេទ្យ​ប្រចាំ​ភូមិ​នៅ​សង្កាត់​ចំរើនផល ក្រុងពោធិ៍សាត់

ក្រោយពី​មាន​ការ​ហាមប្រាម​​ពីក្រសួងសុខាភិបាល​ មិនអនុញ្ញាតិឲ្យ​ដើរ​ព្យាបាលជំងឺតា​មផ្ទះ​ ក៏បុរស​ចំណាស់ម្នាក់​នេះ​​នៅ​​តែ​ព្យាបាល​តាម​ផ្ទះ​ដដែល​ ប៉ុន្តែ​ការព្យាបាលរបស់​គាត់​ មិន​​បើក​ចំហរ​ដូច​មុន​ឡើយ​ គឺ​​​នៅ​ពេល​ណា​មាន​អ្នក​ជំងឺ​ម​កដល់ផ្ទះ ទើបគាត់ព្យាបាល។

ខ្ញុំដឹងថាធ្វើនេះវាខុសច្បាប់ តែឃើញពេទ្យដ៏ទៃទៀត គេធ្វើបានខ្ញុំក៏​ធ្វើដែរ​ទៅ ម្យ៉ាងទៀតខ្ញុំ​ព្យាបាល​​លើកនេះ មិនដើរតាមផ្ទះដូនមុនទេ ទាល់តែអ្នកជំងឺ​មកដល់ផ្ទះខ្ញុំ បានខ្ញុំមើល

បុរសអាយុ៧០ឆ្នាំ ដែលសុំ​មិន​បញ្ចេញ​ឈ្មោះ​ ជាពេទ្យ​ប្រចាំ​ភូមិ​នៅ​សង្កាត់​ចំរើនផល ក្រុងពោធិ៍សាត់

ជាមធ្យម​​ក្នុង១ថ្ងៃៗ មានអ្នកជំងឺ​មករកឲ្យគាត់ព្យាបាលពី​៣ទៅ៥នាក់​ ហើយរបរគាត់នេះ​គ្មានមាន​គ្មាន​បាន​អីទេ គឺគ្រាន់តែចិញ្ចឹមឆ្នាំង​នឹងមានលុយខ្លះៗ ​គ្រាន់ធ្វើបុណ្យ​ប៉ុណ្ណឹង។ ចំណែកថ្នាំ​ពេទ្យសម្រាប់​ព្យាបាល គឺគាត់តែងតែឡើងទៅទិញ​នៅតាមឱសថស្ថានរង​ទី​ប្រជុំ​ជនខេត្ត​ ដោយសារថ្នាំពេទ្យ​ចេញ​មក​ថ្មីៗ ហើយនាំចូលមកពីច្រើនប្រទេសខុសៗគ្នា គួបផ្សំគាត់មិនចេះភាសារអង់គ្លេសផង គាត់តែងតែ​សួរទៅ​អ្នកលក់​ពីរបៀបប្រើនឹងសម្រាប់ព្យាបាលរោគអ្វីជាដើម។

បើទោះបីជាគាត់ជាគ្រូពេទ្យ​គ្មាន​ច្បាប់ក៏​ដោយ ក៏​គាត់​បានជួយ​សង្គ្រោះ និង​ព្យាបាលអ្នកជំងឺ ពេល​​យប់​ព្រលប់ ​បាន​ធូរស្រាលជាច្រើននាក់ និង​មិនដែលគ្រោះថ្នាក់​ដល់ជីវិត​នោះទេ។

យោង​ទៅ​តាម​របាយការណ៍​អង្កេត​ប្រជាសាស្ត្រ​និង​សុខភាព​កម្ពុជា​ឆ្នាំ​២០១០ បាន​បង្ហាញថា​​ ២៩​ភាគរយ​ នៃ​អ្នកជំងឺ​​មិន​ស្រួលខ្លួន​ ឬ ​មាន​របួស​ ស្វែងរក​ការ​ថែទាំ​ព្យាបាល​នៅ​ក្នុង​វិស័យ​សាធារណៈ​មុន​។​ អ្នកជំងឺ​៥៧​ភាគរយ​ ស្វែងរក​ការ​ថែទាំ​ព្យាបាល​នៅ​កន្លែង​ផ្តល់​សេវា​សុខភាព​ឯកជន​ នៅ​ដំណាក់កាល​ចុង​ក្រោយ​។

លោក ជួប ឌិន មេឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ បានឲ្យដឹងថា លោកទទួលស្គាល់ថានៅ​ក្នុង​ឃុំ​របស់​លោកគ្រប់គ្រងនៅតែមានពេទ្យ​គ្មានច្បាប់ដើរព្យាបាលជំងឺ តាមផ្ទះ​នៅ​ឡើយ​ ដោយ​ពួក​គាត់​​ឃើញ​ពេទ្យរាយរងនៅតាមមណ្ឌលសុខភាពដើរព្យាបាលបាន ដូច្នេះពួកគាត់ដែលជាពេទ្យចាស់ៗយូរ​ហើយ ហើយធ្លាប់រកស៊ីរបរនឹងដែរក៏​បន្តរកស៊ីទៀតតែម្តង។

ពេទ្យអស់នឹងហ៊ាន​មើលតែជំងឺ​ស្រាលៗ​ បើមើលទៅមិនធូរ​ស្រាល​គឺគាត់ឈប់​មើល​ ឲ្យ​ទៅ​មើល​ពេទ្យរដ្ឋវិញ។ ការព្យាបាលជំងឺ​ជាមួយគ្មាន​វិជ្ជាជីវៈ​វានាំឲ្យខាតបង់ថវិកា​ច្រើន ខាតបង់​ពេល​វេលា​ តែ​ទោះ​ជាយ៉ាងនេះក្តី​ក៏​ពួកគាត់នៅតែទៅរកសេវាពេទ្យហ្នឹងដដែល ព្រោះ​ជាទម្លាប់​របស់​គាត់​ទៅ​ហើយ​

លោក ជួប ឌិន មេឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់

លោកបានថ្លែងថា លោកជាអ្នកអនុវត្តច្បាប់ គឺមិនរុញរាទេក្នុងការអនុវត្តឲ្យតែការអនុវត្តនោះត្រូវដើរទៅ​ស្មើៗ​គា្ន កុំឲ្យរឹតបន្តឹងតែជនបទឯទីប្រជុំជនធូររលុង គឺលោក​មិនអាច​ធ្វើ​បានទេ ណាមួយលោក​ជា​មន្ត្រី​នយោបាយ​ បើអនុវត្ត​តឹងតែង​ដោយពុំ​បានថ្លឹងថ្លែង​ពីតម្រូវ​ការ​របស់​ប្រជាពលរដ្ឋ​នាំឲ្យ​បាត់ប្រជាប្រិយ​ភាព​ពី​ពួកគាត់។

នៅទីប្រជុំជន មានគ្លីនិកអត់ច្បាប់ច្រើនណាស់ នៅតែបន្ត​បើក​ព្យាបាល​ជំងឺ​ ដោយ​ពួកគាត់​សម្អាងថា ជាពេទ្យចូលនិវត្តន៍មានបទពិ​សោធន៍ច្រើន ប៉ុន្តែពួកគាត់គ្មានច្បាប់ដូចគ្នា

លោក ជួប ឌិន មេឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់

ការរកឃើញរបស់អ្នកអង្កេតការផ្នែកសុខាភិបាលរបស់​អង្គការ Asia Pacific Observatory on Health System and Polocies ​បានឱ្យដឹងថា​ នៅកម្ពុជា​នៅតែ​រំលោភ​បំពានយ៉ាងធ្ងន់ធ្ងរ​ទៅ​លើ​វិជ្ជាវីវៈ​ពេទ្យ​។ បើពិនិត្យ​មើលកន្លែងពិគ្រោះជំងឺ​របស់គ្រូពេទ្យឃើញមានទូ ដែលមានថ្នាំយ៉ាងក្រាស់ក្រែល ហើយ​គ្រូពេទ្យ​ពេល​ខ្លះបា​នប្រើ​ប្រពន្ធ​កូន​ ឬ អ្នកគ្មានវិជ្ជាជីវៈ​វេជ្ជសាស្ត្រ​ផ្សេងៗ​ទៀត ឱ្យចាក់ថ្នាំ​ ឬព្យួរសេរ៉ូម​ឲ្យអ្នក​ជម្ងឺ​ទៀត​ផ​​ង។

គួរបញ្ជាក់​ផងដែរថា កាល​ពី​ខែ​មករា ឆ្នាំ២០១៦ ក្រសួងសុខាភិបាលចេញផ្សាយរបាយការណ៍ថា នៅ​ទូទាំង​ប្រទេសមានសេវាថែទាំ ពិគ្រោះព្យា​បាល​ចំនួន ១០ ​៤៩៥កន្លែង ដែល​ក្នុងនោះ​មាន៨ ១៥៤កន្លែង ដែល​​មាន​ច្បាប់ ខុស​​ច្បាប់​៩៧៣កន្លែង និងលុបបំបាត់បាន ១ ៣៦៨កន្លែង នៅក្នុងឆ្នាំ២០១៥។

របាយការណ៍​បន្ត​ថា ​មន្ទីរសម្រាកព្យាបាលជំងឺ​មានចំនួនសរុបទូទាំងប្រទេស ៤៣១កន្លែង ក្នុងនោះ​មាន ​៤២៨ក​ន្លែង​ដែលមានច្បាប់ មិនទាន់មានច្បាប់ ៣កន្លែង ដែលក្រសួង​អះអាង​ថា​កំពុងតែសុំច្បាប់។

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល កន្លងមក​ក៏​បាន ​ជំរុញ​សកម្មភាពលុបបំបាត់ឱសថក្លែង​ក្លាយ​និងសេវាសុខាភិបាលខុសច្បាប់នៅឆ្នាំ២០១៦ និង​​អំពាវនាវឲ្យប្រជាពលរដ្ឋនិងអ្នកប្រកបវិជ្ជាជី​វៈ​ពេទ្យ​​គោរពច្បាប់និងក្រមសីលធម៌វិជ្ជាជីវៈឲ្យបានល្អ។

ប្រជា​ពលរដ្ឋ​ដែល​មាន​បញ្ហាសុខភាព​ប្រើប្រាស់សេវាសុខាភិបាល ដែល​មាន​ការ​ទទួល​ស្គាល់​ពីក្រសួងសុខាភិបាល ឬក៏គ្រូពេទ្យ ដែលមាន​ការបណ្តុះបណ្តាល​ត្រឹមត្រូវ​ ដើម្បីចៀសវាង​បញ្ហា​ដូចបានកើតឡើងនៅភូមិរកា ខេត្ត​បាត់ដំបង

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ