ពលរដ្ឋអូស្ដ្រាលីជាង​១០០​នាក់​ស្នើរដ្ឋាភិបាលខ្លួន​បិទទិដ្ឋាការលើមន្ដ្រីជាន់ខ្ពស់កម្ពុជា

លោកស្រី ជូលី ប៊ីសស៊ប (Julie Bishop) រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី (រូបភាព៖ វេបសាយបរទេស)

ក្រុម​ពលរដ្ឋអូស្ដ្រាលី បាន​ស្នើទៅ​រដ្ឋាភិបាលប្រទេសនេះ ឲ្យ​ដាក់ទណ្ឌកម្មផ្នែកទិដ្ឋាការ​ និងបង្កកទ្រព្យសម្បត្តិមន្ដ្រីជាន់ខ្ពស់កម្ពុជា ដែលថា មានជាប់ពាក់ព័ន្ធអំពើរំលោភសិទ្ធិមនុស្ស និងធ្វើឲ្យខូចដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។

យោងតាមលិខិតមួយដែលផ្ញើជូនទៅរដ្ឋមន្ដ្រីក្រសួងការបរទេសអូស្ដ្រាលី លោកស្រី Julie Bishop នៅថ្ងៃនេះ ប្រជាពលរដ្ឋអូស្ដ្រាលីប្រមាណជាង ១០០នាក់ បានស្នើទៅរដ្ឋាភិបាលប្រទេសនេះ ឲ្យ​ថ្កោលទោសលើរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន។

កុ្រម​ពលរដ្ឋ​អូស្ត្រាលី​ទាំង​នោះ បាន​ចោទ​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​ថា បានបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា ដូចជា ការរំលាយអតីតគណបក្សប្រឆាំង ការបន្ដឃុំអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ការយាយីក្រុមអង្គការសង្គមស៊ីវិល និងអ្នកការពារសិទ្ធិមនុស្ស និងការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។

បើតាមលិខិតដដែល ពលរដ្ឋអូស្ដ្រាលីយល់ថា រដ្ឋាភិបាលអូស្ដ្រាលីមិនគួរនៅស្ងៀម និងគ្រាន់តែបង្ហាញក្ដីបារម្ភប៉ុណ្ណោះទេ ប៉ុន្ដែ ត្រូវមានវិធានការជាក់លាក់បន្ថែមទៀត ដូចជា ថ្កោលទោសចំពោះការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា ដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិមន្ដ្រីជាន់ខ្ពស់កម្ពុជា និងបិទទិដ្ឋាការមិនឲ្យពួកគេទៅជាន់ដីអូស្ដ្រាលី។

លិខិតដែលផ្ញើជូនទៅរដ្ឋមន្ដ្រីក្រសួងការបរទេសអូស្ដ្រាលី លោកស្រី Julie Bishop នេះ គឺធ្វើឡើងនៅមុនជំនួបមួយរបស់លោកស្រី ជាមួយអតីតមន្ដ្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងកូនស្រីលោក កឹម សុខា កញ្ញា កឹម មនោវិទ្យា នៅសប្ដាហ៍នេះ។

អ្នកនាំពាក្យគណបក្សប្រជាជន លោក សុខ ឥសាន មានប្រសាសន៍ថា លោកមិនចាប់អារម្មណ៍នឹងលិខិតរបស់ពលរដ្ឋអូស្ដ្រាលីទាំងនោះទេ ដោយថា គ្រាន់តែជាការយល់ឃើញមួយរបស់ពួកគេប៉ុណ្ណោះ។

គាត់លើកឡើង គ្រាន់តែជាការគិតឃើញរបស់គាត់ទេ ការស្នើដល់អូស្ដ្រាលីមានវិធានការទាំងឡាយដែលគាត់ចង់បាននោះ គ្រាន់តែការស្នើ សិទ្ធិរបស់គាត់ ក៏ប៉ុន្ដែ ឲ្យមានប្រសិទ្ធិភាព វាអត់មានទេ។ ទី១ ការស្នើរបស់គាត់ វាមិនស្របតាមសភាពការណ៍ពិតជាក់ស្ដែងនៅកម្ពុជាទេ

អ្នកនាំពាក្យគណបក្សប្រជាជន លោក សុខ ឥសាន

ប្រធានក្រុមអ្នកវិភាគនយោបាយវ័យក្មេង លោក ហង្ស វិទូ យល់ថា សម្ពាធ និងការរិះគន់ពីមជ្ឈដ្ឋានអន្ដរជាតិ កើតចេញពីការបោះឆ្នោតមួយ ដែលមិនមានភាពសេរី និងគោរពឆន្ទៈពលរដ្ឋពិតប្រាកដ។ លោកថា រដ្ឋាភិបាលថ្មីគួរពិចារណាក្ដីកង្វល់នានាដែលបានលើកឡើង ដើម្បីផលប្រយោជន៍ជាតិ និងជៀសផុតទណ្ឌកម្ម ដែលនឹងធ្វើឲ្យបះពាល់ជីវភាពប្រជាពលរដ្ឋខ្លួនឯង។

ស្ថានភាពក្រោយបោះឆ្នោត​នៅពេលនេះទៀតសោត ខ្ញុំជឿជាក់ថា សហគមន៍អន្ដរជាតិ ជាពិសេសប្រទេសកាន់ប្រជាធិបតេយ្យ គេមិនទាន់អស់ចិត្តទេ គេមិនទាន់ទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតហ្នឹងទេ ដោយសារគេឃើញមានការបោះឆ្នោតនេះ មិនគោរពតាមឆន្ទៈរបស់ប្រជាពលរដ្ឋ។ […] បើសិនសហភាពអឺរ៉ុបគេដាក់ទណ្ឌកម្ម អូស្ដ្រាលីគេដាក់ទណ្ឌកម្ម ប្រទេសជាតិយើងនឹងវេទនាហើយ ប្រទេសជាតិយើង ចិនមិនអាចជួយខ្មែរបានទាំងស្រុងទេ

ប្រធានក្រុមអ្នកវិភាគនយោបាយវ័យក្មេង លោក ហង្ស វិទូ

បន្ទាប់ពីកម្ពុជាបានបញ្ចប់ការបោះឆ្នោតអាណត្តិទី៦របស់ខ្លួនកាលពីថ្ងៃទី២៩ កក្កដាឆ្នាំ២០១៨ ក្រុមប្រទេសលោកសេរីមួយចំនួនបានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោស និងរិះគន់ការបោះឆ្នោតនេះ​ថា មិនសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះឡើយ។

ជាអាទិ៍ សហភាពអឺរ៉ុប សហរដ្ឋអាមេរិក អង្គការសហប្រជាជាតិ ប្រទេសបារាំង អង់គ្លេស និងអាល្លឺម៉ង់ជាដើម បានបង្ហាញការខកចិត្ត ខណៈប្រទេសខ្លះ ថែមទាំងបានព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងការទូតលើកម្ពុជាផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ