វិភាគ៖ បើប្រទេសលោកសេរីដកខ្លួន តើប្រទេសកុម្មុយនីស្តជួយទ្រទ្រង់សេដ្ឋកិច្ចកម្ពុជាបានឬទេ?

ឥទ្ធិពលលោកសេរី និងកុម្មុយនីស្ត លើកម្ពុជា

ភាពចម្រូងចម្រាសនៃការបោះឆ្នោត បាន​ជំរុញសហគមន៍អន្តរជាតិពុះហែកបញ្ហាកម្ពុជាជាពីរ ដោយ​សា​តែ​​​​ក្រោ​​​យ​បោះ​ឆ្នោត ​ប្រទេស​មួយ​ចំនួន​ប្រកាស​មិនគាំទ្រការបោះឆ្នោត ខណៈ​ដែល​ប្រ​ទេ​ស​មួយចំនួនទៀតបែរ​ជាប្រ​កាស​​គាំ​ទ្រ។

ប្រទេសដែលមិនគាំទ្រមាន សហរដ្ឋអាមេរិក សហភាពអឺរ៉ុប បារាំង អង់គ្លេស អាល្លឺម៉ង់ និងអូស្ត្រាលី ជា​ដើម ប៉ុន្តែ មហាអំណាច​ចិន​កុម្មុយនីស្ត រុស្សី វៀតណាម ឡាវ និងថៃ ជាដើម បាន​ប្រកាសគាំទ្រ​ការ​បោះ​ឆ្នោត​នេះ ដែល​ផ្ដល់​ជ័យ​ជម្នះទាំង​ស្រុង​ទៅ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​បាន​កាន់​អំណាច​ ៣៣​ឆ្នាំ​រួច​ទៅ​ហើយ​នោះ។

បើគេក្រលេកមើលទៅអតីតកាលបន្តិច គេនឹងដឹងថា ការបញ្ចប់សង្គ្រាមបង្ហូរឈាមនៅកម្ពុជា គឺកើត​ចេញ​ពីកិ​ច្ច​ព្រ​​ម​​ព្រៀងសន្តិភាពទីក្រុងប៉ារីស។ កិច្ចព្រមព្រៀងនេះ មាន ១៨ប្រទេសបានចុះហត្ថលេខា ក្នុងនោះមានទាំងមហាអំ​ណាចលោ​កសេរី​ និងម​ហាអំ​ណា​​ច​កុម្មុយនីស្តផងដែរ។

តាមរយៈនៃកិច្ចព្រមព្រៀងនេះ មហាអំណាចចិនបានចេញមុខផ្តល់ប្រាក់កម្ចី និងជួយស្តារហេដ្ឋារចនាស​ម្ព័ន្ធដល់ម្ពុជាឡើ​ងវិញ បើទោះ​បី​ជា​មហាអំណាចកុម្មុយនីស្តមួយនេះ ត្រូវគេស្គាល់ថា បានគាំទ្ររបប​ខ្មែរក្រ​ហម ដែល​ប​ង្កឲ្យ​មា​ន​ការស​ម្លាប់​ពលរដ្ឋ​ស្លូត​ត្រង់​ស្លាប់​អស់​ច្រើន​លាន​នាក់​ក៏ដោយ។

ប្រទេសលោក​សេរី ក៏បានផ្តល់ជំនួយដល់កម្ពុជាឡើងវិញដែរ ពិសេសប្រព័​ន្ធអនុគ្រោះពន្ធ របស់​ស​​ហភា​ព​អឺរ៉ុប ដែល​កម្ពុជា​អាច​រក​ប្រាក់​ចំណេញ​បានរាប់រយលានដុល្លារក្នុង ១ឆ្នាំៗ បើទោះបីសហរដ្ឋអាមេរិ​កធ្លា​ប់​ទ​ម្លាក់​គ្រាប់បែកនៅកម្ពុជាអំឡុង​មហាអំណាចមួយនេះ គាំទ្រ​របបលោក លន់ នល់។

ប៉ុន្តែ ក្រោយការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ក្រុមប្រ​ទេ​ស​លោ​ក​សេរីប្រកាសមិនទទួល​​ស្គា​ល់​ការបោះឆ្នោត ដោយថា ការ​បោះ​ឆ្នោតនេះ បានដើរចេ​ញពីគ​ន្លង​​ប្រជាធិបតេយ្យ និងជំរុញទៅ​ប​ក្សកា​ន់​អំ​​ណាច ឲ្យ​វិលទៅរកតុចរ​ចាស្វែងរ​ក​ដំ​​ណោះ​​​ស្រាយ​ជាមួយ​អតីត​បក្ស​ប្រឆាំ​ង។

ប៉ុន្តែ​ សម្រាប់​ប្រទេសកុម្មុយនីស្តមួយចំនួន រួមទាំងមហាអំណាចចិន និងវៀតណាមជាដើម ​ប្រកាស​គាំ​ទ្រ​​​កា​រ​​បោះ​ឆ្នោត ដោយថា បាន​ដំណើរ​ការ​ទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

បញ្ហានេះបង្កើតជាការព្រួយបារម្ភថា បើស្ថានការណ៍នយោបា​យនៅកម្ពុជានៅតែមិនអាចវិលទៅ​ស្តារប្រ​ជា​ធិ​ប​​តេ​យ្យ​ដូ​​​​​ច​​​កា​​រ​​ច​ង់​បា​ន​របស់​ក្រុម​ប្រទេស​លោកសេរីទេនោះ តើប្រ​ទេសភាគច្រើនប្រកា​​ន់លទ្ធិកុម្មុ​យ​នី​ស្ត​នោះ អា​ចជួយ​ទ្រទ្រង់សេដ្ឋកិច្ចកម្ពុជាបានឬទេ?

អ្នកតាមដានសេដ្ឋកិច្ច លោក ឯម​ សុវណ្ណារ៉ា លើកឡើងថា កម្ពុជានឹងជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ប្រសិន​បើ​​​ប្រ​ទេ​ស​​លោក​សេរី​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​ថ្មី ដោយថា ប្រាក់ចំណូលប្រមាណជា ៣ពាន់លានដុល្លារ​ក្នុ​ង​មួ​​​​យ​ឆ្នាំ​ រកបានពីប្រទេ​សលោ​ក​សេ​រី រួ​មទាំងប្រាក់​ចំណូល​ទទួល​បាន​តាម​រយៈ​ប្រព័ន្ធអនុ​គ្រោះពន្ធរបស់​ស​ហភាពអឺរ៉ុប ​ហៅ ​E​BA។

លោក ឯម សុវណ្ណារា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ
ចំណូលប្រហែល ៥​ពាន់លានក្នុង១ឆ្នាំ និងអត្រារួចពន្ធប្រហែលជា ៦រយលានជាងបូកទៅ វាច្រើនដែរ។ សម្រាប់​សេដ្ឋកិច្ច​កម្ពុ​ជា​​អាចជួបវិបត្តិ ១ឆ្នាំប្រហែល​ជា ២ពាន់៥រយលានដុ​ល្លារទៅ ៣ពាន់​លាន យើង​ពិ​បា​ក​នឹងទប់ទ​ល់ និង​រក​មក​ប៉ះ​ប៉ូវ​ណាស់។ អញ្ចឹង​កម្ពុជា​អាច​នឹងប្រឈមនឹងបញ្ហាច្រើន បើរដ្ឋាភិបាលថ្មី​គ្មានការ​ទទួល​ស្គា​ល់ពេញមុខពេញមាត់

អ្នកតាមដានសេដ្ឋកិច្ច លោក ឯម​ សុវណ្ណារ៉ា

អំឡុងកិច្ចប្រជុំកំពូលមេគង្គឡានឆាងនៅដើមឆ្នាំ២០១៨ មេដឹកនាំវៀតណាមបាន​ប្រាប់​មេដឹកនាំកម្ពុជាថា ទំ​ហំ​​​​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ជាង ៤ពាន់លានដុល្លារ ក្នុងនោះ វៀតណាមនាំចូលមកកម្ពុជា​ជាង ​៣ពា​ន់លានដុល្លារ ចំណែកកម្ពុជានាំចេញទៅវៀតណាមតែ ១ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ។

អ្នកសិក្សាពីការអភិវឌ្ឍសង្គម លោក ប៉ា ច័ន្ទរឿន និយាយថា ចំណូលមួយភាគធំសម្រាប់សេដ្ឋកិច្ចជាតិ និងទីផ្សារការងារ​របស់ពលរដ្ឋខ្មែរ​ពេល​នេះ បានពឹងផ្អែកទៅលើប្រទេសលោកសេរី ខណៈ​ដែល​សេដ្ឋកិច្ច​​កម្ពុ​ជាមួយ​ចំណែក​តូច​ទៀត ពឹង​លើ​ប្រទេសក្នុងអាស៊ី ដូចជា ចិន ថៃ និង​វៀតណាម។

លោក ប៉ា ច័ន្ទរឿន វិភាគថា បើរបត់នយោបាយនៅពេលនេះ ធ្វើឲ្យប្រទេសលោកសេរី កាត់ផ្តាច់ទំនាក់​ទំនងផ្នែ​កពាណិជ្ជកម្មជាមួយកម្ពុជា ដោយសារតែរបត់នយោបាយ លោកថា ស្មើនឹងបោកឆ្នាំង​បាយពលរ​ដ្ឋ​ចោល។

លោក ប៉ា ចន្ទរឿន អ្នកស្រាវជ្រាវប្រឹក្សាយោបល់ឯករាជ្យ (ហួត វុទ្ធី)
បើយើងនិយាយភាសាសាមញ្ញ ឆ្នាំងបាយរបស់ប្រជាជនយើង ជាពិសេសកម្មករជាង ៨សែ​ន​នា​ក់ និងក្រុមគ្រួសាររបស់គាត់ មួយផ្នែកធំហ្នឹង ពឹងផ្អែកទៅលើការនាំចេញទៅទីផ្សារសហគមន៍អឺរ៉ុប និង​ទៅស​ហ​រដ្ឋអាមេរិកឯណោះទេ

អ្នកសិក្សាពីការអភិវឌ្ឍសង្គម លោក ប៉ា ច័ន្ទរឿន

បើតាមលោក ប៉ា ច័ន្ទរឿន កម្ពុជាគួរតែយកគំរូតាមប្រទេសជិតខាង ដូចជា ថៃ និងវៀតណាម ដោយថា ប្រ​ទេ​​សថៃរីកចម្រើនបាន ដោយសារ អ្នកជំនាញ​ការទូត​របស់គេ ចាប់យកផលប្រយោ​ជន៍ពីមហាអំ​ណាច​ទាំងពីរ។

រីឯវៀតណាមដូចក៏ដូចគ្នាដែរ ទោះបីពេលនេះ វៀតណាមមានជម្លោះជាមួយចិន​ទាក់ទិនទៅនឹងប​ញ្ហាស​មុទ្រ​ចិ​ន​ខាងត្បូងក៏ពិតមែន ប៉ុន្តែ វៀតណាម នៅតែបង្កើតទំនាក់ទំនងជាមួយចិន ហើយហក់​ចាប់យកអា​មេរិកទៀត។

អ្នកជំនាញផ្នែកគោលនយោបាយ និងជាសាស្ដ្រាចារ្យជំនាញការទូត និងកិច្ចការពិភពលោកនៅ​ម​ហា​វិទ្យាល័​យ អ៊កស៊ីដិនថល Occidental នៅ​សហរដ្ឋអាមេរិក លោក អ៊ា សុផល ពន្យល់ថា ជាថ្មីម្ដងទៀត កម្ពុជាបានភ្លា​ត់ចូលទៅក្នុងស្ថានភាពដូចក្នុងសម័យសង្គ្រាមត្រជាក់ និងកំពុងងា​ក​​ទៅ​រក​ប្រទេស​កុម្មុយ​នី​ស្ដចិន ​ហើយដើរចេញពីប្រទេសលោកសេរី ដែលឲ្យតម្លៃលើសិទ្ធិមនុស្ស និង​ល​ទ្ធិប្រ​​ជា​ធិបតេយ្យ។

លោកមានប្រសាសន៍ថា កម្ពុជាមិនត្រូវពឹងផ្អែកទាំងស្រុងលើប្រទេសចិននោះទេ ដោយថា ចិនអាច​នឹង​ដោះ​​ដៃពីកម្ពុជា បើសិន​សេដ្ឋកិច្ច​ក្នុង​ប្រទេស​នេះជួបបញ្ហាអាក្រក់ណាមួយ។

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា និង​ចិន នៅក្នុង​ឆ្នាំ​២០១៧ សម្រេចបាន ៥​ពាន់​ ៨​រយ​លាន​ដុល្លារ ក្នុងនោះ​ការនាំចេញ​របស់​កម្ពុជា មាន​​ចំនួន​ត្រឹម​តែ​ ១​ពាន់ ១​រយ​​លាន​ដុល្លារ​ប៉ុណ្ណោះ ខណៈ​ដែល​ការ​​នាំចូល​ពី​ប្រទេស​ចិន​មាន​ចំនួន​ដល់​ទៅ ៤​ពាន់ ​៧​រយ​លាន​ដុល្លារ។

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល បានសរសេរនៅលើហ្វេសប៊ុករបស់លោក វិភាគ​ថា ចិន​បាន​សម្រេច​មហិច្ឆតា​ក្នុង​ការគ្រប់គ្រងសេដ្ឋកិច្ច​ និងនយោបាយនៅកម្ពុជា។ ចំ​​​​​​​ណែ​​​​​​​​ក​វៀ​ត​ណា​​​ម បា​​​ន​ប្រើឥទ្ធិពលអាមេរិក ដើម្បីរួមដៃគ្នាទប់ទល់ជាមួយចិន​ ដើម្បីហែក​កម្ពុជា​ជា​ពីរ។

លោក ព្រាប កុល បានផ្តល់អានុសាសន៍ថា អ្នកនយោបាយជំនាន់ក្រោយនៃអ្នកកាន់អំណាច គួរធ្វើកំ​ណែ​រ​​ទ​​ម្រង់​ស៊ី​ជម្រៅ​ដើម្បី​​​ទប់ទល់​ឥទ្ធិពល​ចិន និងវៀតណាមហើយថា ប​ញ្ញ​វ​ន្តគួររួ​មសា​មគ្គី​គ្នា ដើម្បីបញ្ចៀសឥទ្ធិពលខាង​លើ​ការ​បង្កើត​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​ថ្មី ដែល​ដើរ​តាម​គន្លង​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ។

សរុបសេចក្តីទៅ អ្នកវិភាគថា ប្រទេសមួយចំនួនដែលប្រកាសគាំទ្រការបោះឆ្នោតនៅកម្ពុជា នឹងមិន​អាច​ជួយ​​ជំរុញឲ្យកម្ពុជា​មាន​ឱកាស​អភិវឌ្ឍ​ជាតិ​​ដូចរយៈពេលជិត ៣០​ឆ្នាំមកនេះ ក្រោយមានកិច្ចព្រ​មព្រៀ​ង​សន្តិភាពទី​ក្រុងប៉ារីសបានទេ បើ​រដ្ឋាភិបាល​ថ្មី​ធ្វើ​ឲ្យ​ប្រទេស​លោក​សេរី​ផ្តាច់​ខ្លួន​ចេញពីកម្ពុជានោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ