មីយ៉ាន់ម៉ាស្នើបង់ក្លាដេសឈប់ផ្តល់ជំនួយដល់ជនជាតិរ៉ូហ៊ីងយ៉ា

ស្ត្រីម្នាក់ត្រូវគេប៉ាន់ស្មានថា ជាជនភៀសខ្លួនរ៉ូហ៊ីងយ៉ាកំពុងរង់ចាំទទួលជំនួយនៅតំបន់ Cox’s Bazar ប្រទេសបង់ក្លាដេសថ្ងៃទី 21 ខែកញ្ញាឆ្នាំ 2017 (រូបភាព៖ asiancorrespondent.com)

កាលពីចុងសប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា បានជួបជាមួយរដ្ឋមន្ត្រីការបរទេសបង់ក្លាដេស។ ក្នុងជំនួបនោះរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ាបានស្នើឲ្យភាគីបង់ក្លាដេសបញ្ឈប់ផ្តល់ជំនួយមនុស្សធម៌ដល់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាមប្រមាណ៦០០០នាក់កំពុងរស់នៅជាប់ព្រំដែននៃប្រទេសទាំងពីរ ដោយថា ទុកឲ្យភាគីមីយ៉ាន់ម៉ាជាអ្នកទទួលខុសត្រូវក្នុងការផ្តល់ជំនួយវិញម្តង។​

ចាប់តាំងពីរជំនួបរបស់ភាគីទាំងពីរកាលពីថ្ងៃសៅរ៍សប្តាហ៍មុនមក ខាងភាគីបង់ក្លាដេសនៅមិនទាន់ឆ្លើយតបយ៉ាងណានៅឡើយទេ។ ចំណែកឯក្រុមជនជាតិភាគតិចរ៉ូហ៊ីងយ៉ា បានសម្តែងការព្រួយបារម្ភថា បើសិនជារដ្ឋាភិបាលបង់ក្លាដេសបញ្ឈប់ការផ្តល់ជំនួយនោះ ពួកគេអាចជួបគ្រោះថ្នាក់កាន់តែធំ ដោយសារពួកគេមិនមានជំនឿទុកចិត្តលើសកម្មភាពរបស់ពួករដ្ឋាភិបាលមីយ៉ាន់ម៉ានោះទេ។

ក្រៅពីជនជាតិរ៉ូហ៊ីងយ៉ាប្រមាណ៦០០០នាក់ កំពុងរស់នៅព្រំដែនតំបន់ស នៃប្រទេសទាំងពីរនោះ ជនជាតិរ៉ូហ៊ីងយ៉ារាប់សែននាក់ទៀតក៏កំពុងរស់នៅក្នុងប្រទេសបង់ក្លាដេសដែរ ចាប់តាំងពីមានការបង្ក្រាបកាលពីខែសីហាឆ្នាំ២០១៧ពីសំណាក់ក្រុមយោធាមក។

របាយការណ៍របស់អង្គការសហប្រជាជាតិ បង្ហាញថា ជនជាតិរ៉ូហ៊ីងយ៉ាប្រមាណ៧០០ ០០០នាក់ រត់គេចពីការបង្ក្រាបពីរបបមីយ៉ាន់យ៉ាទៅបង់ក្លាដេស។​

បញ្ហាចម្បងមួយនៅក្នុងសង្គមមីយ៉ាន់ម៉ាគឺ ពួកគេមិនដែលចាត់ទុកថា ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាគឺជាប្រជាជនមីយ៉ាន់ម៉ានោះទេគឺផ្តត់គំនិតនេះ មានទាំងថ្នាក់ដឹកនាំ និងប្រជាជនទូទៅ។ ប្រជាជននៅក្នុងប្រទេសនេះ ក៏មានការរើសអើងថា ដោយសារមីយ៉ាន់យ៉ាប្រកាន់ការគោរពសាសនាព្រះពុទ្ធតឹងរឹង ហើយប្រឆាំងក្រុមជនជាតិភាគតិចរ៉ូហ៊ីងយ៉ាដែលកាន់សាសនាឥស្លាមតឹងរឹង។​

នៅក្នុងសង្គមនេះជាញឹកញឹកញាប់ក៏ឃើញមានព្រះសង្ឃដឹកនាំអ្នកកាន់សាសនាព្រះពុទ្ធផ្សេងទៀតតវ៉ាប្រឆាំងអ្នកកាន់សាសនាឥស្លាម បណ្តាលឲ្យមានអំពើហិង្សាឈានដល់ការកាប់សម្លាប់គ្នាទៀតផង។

កាលពីចុងឆ្នាំ២០១៧ ក្រោយហេតុការណ៍បង្ក្រាបហើយ អគ្គមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំងថ្លែងថា ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាមិនមែនជាជនជាតិមីយ៉ាន់ម៉ាទេ។ កាលនោះនាវាដឹកជំនួយរបស់ម៉ាឡេស៊ីដើម្បីឧបត្ថម្ភដល់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាត្រូវបានរដ្ឋាភិបាលមីយ៉ាន់ម៉ាមិនឲ្យចូលចតក្នុងប្រទេសមីយ៉ាន់ម៉ាទេ។

ហេតុអ្វីបានជា រដ្ឋាភិបាលមីយ៉ាន់ម៉ាពេលនេះហាក់ចង់ផ្តល់ជំនួយដោយផ្ទាល់ឬ បង្ហាញការយកចិត្តទុកដាក់លើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា?

ប្រហែលរដ្ឋាភិបាលមីយ៉ាន់ម៉ាកំពុងតែត្រូវការកសាងកិត្តិយសហើយមើលទៅ ព្រោះក្រោយហេតុការណ៍បង្ក្រាបមក  សហគមន៍អន្តរជាតិជាច្រើនបានថ្កោលទោសប្រទេសនេះ ហើយសកម្មភាពប្រតិកម្មចុងក្រោយនេះគឺ កាលពីចុងខែកក្កដាតុលាការព្រហ្មទណ្ឌអន្តរជាតិ បានបើកការស៊ើបអង្កេតលើថ្នាក់ដឹកនាំមីយ៉ាន់ម៉ាជុំវិញករណីបង្ក្រាបលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។​

ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាប្រហែល 6.000 នាក់ឥឡូវត្រូវបានជាប់គាំងនៅក្នុងដែនដី No Mans Land រវាងមីយ៉ាន់ម៉ានិងបង់ក្លាដែសដោយពឹងផ្អែកលើជំនួយអន្តរជាតិដែលត្រូវបានបញ្ជូនដោយដាកា។ (Photo: AFP / Phyo Hein Kyaw) ។
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ