បទយកការណ៍៖ ខ្មែរ-ឥស្លាមរស់នៅលើទូកជួបបញ្ហាបន្តបន្ទាប់នារដូវទឹកឡើង

បងប្អូនខ្មែរឥស្លាម រស់នៅលើទូកនេសាទ

ផ្ទះតូចៗជាច្រើនបានសង់នៅលើទឹក រីឯបង្គោលឈើជាច្រើនត្រូវបានបោះទៅក្នុងទឹក​​​ដើម្បីធ្វើជាបង្គោលសំរាប់ចងភ្ជាប់ទូកជាង២០០ ដែលអណ្ដែតនៅលើផ្ទៃទឹក។ ផ្ទះឈើតូចៗដែលសង់លើផ្ទៃទឹកទាំងនោះកំពុងជួបប្រទះបញ្ហាលំបាកជាច្រើនដោយសារតែ​​​កម្ពស់ទឹកទន្លេហក់ឡើងខ្ពស់។ ជាពិសេសកប៉ាល់ធំៗបរកាត់ដែលធ្វើឲ្យរលកធំៗបក់ផ្ទប់នឹងផ្ទះតូច និងទូកបណ្ដាលឲ្យរងការខូតខាតយ៉ាងដំណំនៅច្រាំងទន្លេមេគង្គ ក្នុងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ការរស់នៅលាយឡំជាមួយការព្រួយបារម្ភដែលបង្កឡើងដោយទឹកជំនន់ ជាបញ្ហាចម្បងរបស់អ្នកនៅច្រាំងទន្លេនិងលើទូក។ ពេលភ្លៀងម្ដងៗ ខ្យល់កន្រ្ទាក់ស្ទើរតែពាំនាំផ្ទះឈើតូចៗទៅជាមួយ។ តំណក់ទឹកភ្លៀងហូរចូលទៅតាមចន្លោះស័ង្កសីឬតង់កៅស៊ូដែលមានប្រហោង រាល់ពេលមានភ្លៀងម្ដងៗ។

ទិដ្ឋភាពបងប្អូនខ្មែរឥស្លាម រស់នៅលើទូកនេសាទ

រដូវទឹកឡើងនិងរដូវហាមឃាត់នៃការនេសាទ ជាឧបសគ្គចំពោះបណ្ដាប្រជាជនដែលផ្ងើជីវិត​​​នៅលើទឹកនេះ។ កម្ពស់ទឹកខ្ពស់ និងលំហូរទឹកទន្លេដែលជាផលលំបាកនៃការនេសាទ ក៏ដូចជាការស្នាក់អាស្រ័យនៅលើទឹកនេះផងដែរ។

ស្រ្ដីចំណាស់ម្នាក់មានស្នាមជ្រីវជ្រួញលើផែនថ្ពាល់ទាំងសងខាង និយាយទាំងទឹកមុខក្រៀមក្រំថា សព្វថ្ងៃនេះការរស់នៅលើទូកជួបប្រទះនូវការលំបាកជាច្រើន ហើយរបរនេសាទត្រីនេះរកប្រាក់ចំណូលបានតិចតួច។

ស្រ្ដីមេផ្ទះ អ្នកស្រី រ៉ហ៊ីម៉ាស ជាខ្មែរ-ឥស្លាម បានប្រាប់វី.អូ.ឌីថា អ្នកស្រីរស់នៅច្រាំងទន្លេមេគង្គ ក្នុងខណ្ឌជ្រោយចង្វា ជាង២០ឆ្នាំហើយ។ គ្រួសាររបស់អ្នកស្រីមានសមាជិក១១នាក់ ដោយប្រកបរបរជាអ្នកនេសាទត្រី។ ប៉ុន្ដែបច្ចុប្បន្ន របរនេសាទត្រីមិនសូវកាក់កកនោះទេ ដោយថ្ងៃខ្លះចាប់មិនបានត្រីមួយផង ដែលធ្វើឲ្យគ្រួសារអ្នកស្រីមានបញ្ហាខ្វះខាតនូវជីវភាព។ ជារៀងរាល់ឆ្នាំ អ្នកស្រីតែងតែខ្ចីប្រាក់អ្នករកស៊ីចងការប្រាក់ នៅរដូវទឹកឡើង ហើយសងគេវិញនៅរដូវរកត្រីបាន។

អ្នកស្រី រ៉ហ៊ីម៉ាស បាននិយាយថា៖

ម្ហិកដែលត្រីរកបាន មួយថ្ងៃរកបានដប់ម៉ឺន ជាង១០ម៉ឺន ៧ ៨ម៉ឺននរៀល ទៅរកបានខ្លាំងនឹងហា ពេលត្រីមានអញ្ចឹងនឹងហាស ឥឡូវនេះអត់រកទេសម្រាកហើយរកអីអត់បានទេ

អ្នកស្រី រ៉ហ៊ីម៉ាស បានប្រាប់វី.អូ.ឌីថា រាល់ថ្ងៃអ្នកស្រីមានការព្រួយបារម្ភណាស់ ចំពោះផ្ទះសំបែងរបស់អ្នកស្រី ដោយសារបញ្ហាទឹកហក់ឡើងខ្ពស់ លិចរោង និងទំនើរដែលអ្នកស្រីកំពុងរស់នៅ ព្រមទាំងបារម្ភចៅធ្លាក់ទឹកពេលយប់ផងដែរ។

និយាយបណ្ដើរក្អកបណ្ដើរ អ្នកស្រីរ៉ហ៊ីម៉ាសបានរៀបរាប់ថា៖

មានបញ្ហាត្រង់ទឹកវាធំអញ្ចឹង លិចរោងនៅ លិចទំនើរនៅរោងនឹង ពិបាកសព្វបែបយ៉ាង ពិបាកណាស់ មានបញ្ហាច្រើនណាស់លំបាកនឹងទឹកធំណាស់មើលទៅ […] ឥឡូវទឹកឡើងខ្លាំងចង់លិចទំនើរ បើលិចទំនើរនឹងទៀត ដំបូលយើងវាទាប យើងមិនដឹងនៅឯណា

ក្រៅពីបញ្ហាខាងលើ អ្នកស្រីក៏បានលើកឡើងថា បញ្ហាសុខភាពនាពេលបច្ចុប្បន្នកំពុងតែប្រឈមជាមួយជម្ងឺជាច្រើន។

អ្នកស្រី រ៉ហ៊ីម៉ាស បានបន្ដថា៖

ហើយឈឺវាច្រើនទៀត ក្ដៅ ក្អក រាគរួស […] រាគនេះបញ្ហារឿងទឹក យើងដាំទេតែទឹកវាឡើងតែវាពិបាក តាំងពីដាក់ចង្រ្កានដាក់អុសដាំទឹក រលកកប៉ាល់ កាណូតធំៗមកអឹចឹងរលកវៃ កំពប់ឆ្នាំងបាយក៏មាន កំពប់នេះនោះ

អ្នកស្រីរ៉ហ៊ីម៉ាស និងក្រុមគ្រួសារចង់រស់នៅលើដីគោក ព្រោះរដូវទឹកឡើងម្តងៗមានការជួបប្រទះនូវបញ្ហា​​​ជាច្រើនក្នុងការស់នៅ។ ប៉ុន្តែគ្រួសារអ្នកស្រីពុំមានលទ្ធភាពទិញផ្ទះឬដីនោះទេ។

អ្នកស្រី​​​ រ៉ហីម៉ាស បានបន្ថែមថា៖​​​ 

ចង់ឡើងលើគោក មិនចង់នៅទេពិបាកណាស់ ខ្យល់ ភ្លៀងម្ដងៗពិបាករស់នៅក្នុងទូកណាស់ ខែទឹកឡើងឡើងតាមទឹក ខែទឹកស្រកក៏ស្រកចុះតាមទឹកទៅ អស់ពីទូកទៅសង់រោងនៅទៅ ទូកទុកចេញទៅនេសាទទៅ

ផ្ទះតូចៗភាគច្រើនបានរើមកកាន់ទីជម្រាលលើគោកនៃច្រាំងទន្លេ ដោយសារតែកម្លាំងទឹកហូរបានបំផ្លិចបំផ្លាញផ្ទះរបស់ពួកគាត់។ ម៉ូតូជាច្រើនបានផ្ដួលនៅតាមជម្រាលនៃច្រាំងទន្លេ ក្បែរទូកនិងផ្ទះតូចៗទាំងនោះ។ មានកាកសំណល់ជាច្រើនអណ្ដែតទៅមកតាមបណ្ដោយច្រាំងទន្លេ។ មានជនជាតិខ្មែរ និង​​​ ខ្មែរ-ឥស្លាមរស់នៅក្នុងសហគមនេះ ប៉ុន្តែភាគច្រើនជាខ្មែរ-ឥស្លាម។

អ្នកស្រី សាវេន ជនជាតិខ្មែរ ជាអ្នករស់នៅលើទូក​​​ និងមានផ្ទះតូចនៅលើទឹកបានឲ្យដឹងថា គ្រួសារអ្នកស្រីទើបតែរើមកនៅបាន ២ ទៅ ៣ ឆ្នាំទេ។ គ្រួសាររបស់អ្នកស្រីមានសមាជិកចំនួន៩នាក់ ដែលប្ដីរបស់អ្នកស្រីជាជាងសំណង់ ហើយអ្នកស្រីជាអ្នកស៊ីឈ្នួលចាក់បាញ់ឆែវ។

មុនផ្ដល់បទសម្ភាសន៍អ្នកស្រីបានលូនចេញពីផ្ទះតូចរបស់អ្នកស្រី​​​ទៅកាន់ផ្ទះតូចរបស់ប្រជាពលរដ្ឋផ្សេងទៀតដែលបានសង់នៅលើទួលទម្រេតលើច្រាំងទន្លេ។ អ្នកស្រីបានរៀបរាប់ទុក្ខលំបាករបស់អ្នកស្រីថា ពេលយប់ខ្លះទឹកទន្លេហក់ខ្ពស់មកដល់រនាបផ្ទះតូច ហើយជ្រៀបចូលផ្ទះដែលធ្វើឲ្យសើមជោគខោអាវពេលដែលកូនអ្នកស្រីកំពុងគេង។ ពេលខ្លះរលកបក់ផ្ទប់ផ្ទះខូចខាតឥវ៉ាន់ក៏មាន។

ម្សិលមិញអត់អីទេ ខ្ញុំកល់ខ្ពស់ហើយ តែរលកធំកប៉ាល់វៃធំជិះមក អាលំអស់រលីង ខោអាវ ឥវ៉ាន់ អង្ករសើមអស់រលីង ២រោងនឹងតែឥឡូវលិចអស់ហើយ […]។ ថ្ងៃមុនកូនដេកៗសើមខ្លួនទាំងអស់ វាខ្ជិលងើបដេកទៀតទៅ

អ្នកស្រី សាវេន ជនជាតិខ្មែរ ជាអ្នករស់នៅលើទូក​​​ និងមានផ្ទះតូចនៅលើទឹក

អតីតអ្នកនេសាទ លោក លឹម នឹងអ្នកស្រី ខ ជនជាតិខ្មែរ-ឥស្លាម បច្ចុប្បន្នជាអាជីវករលក់ដូរបានប្រាប់វី.អូ.ឌីឲ្យដឹងថា មកដល់ពេលនេះគាត់រុះរើផ្ទះតូចរបស់គាត់ពីទឹកចំនួន៥ ដងហើយ ហើយប្រហែលជាបន្ដរើម្ដងទៀតមកលើជម្រាលច្រាំងដោយសារតែរលកបក់ផ្ទប់ផ្ទះរបស់គាត់ ដែលរងការខូតខាតជាច្រើន។ ដោយសារមានសមាជិកគ្រួសារច្រើន ផ្ទះតូចមិនអាចរស់នៅទាំងអស់គ្នាបាននោះទេ កូនរបស់គាត់ខ្លះគេងនៅលើទូក។

៤​​​ ទៅ ៥ដងហើយ ទាំងលើកនេះរើទៅលើទៀត៦ដងហើយ ម្ដងទៀតរើទៅលើហើយ (នៅច្រាំងជម្រាលទន្លេ) ឈប់រើហើយហត់ណាស់ ម្ដងរើម្ដងឈឺ រួចភ្លៀងមកខ្លាំងកាន់តែអស់អាលីង

អ្នកស្រី ខ ជនជាតិខ្មែរ-ឥស្លាម បច្ចុប្បន្នជាអាជីវករលក់ដូរ

ប្រធានមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា លោក ស្លេះ ណាស៊ី បានប្រាប់វី.អូ.ឌីតាមទូរសព្ទឲ្យដឹងថា បច្ចុប្បន្នមានបងប្អូនជនជាតិ ខ្មែរ-ឥស្លាម ចំនួនប្រមាណ១លាននាក់ដែលរស់នៅប្រទេសកម្ពុជា ប៉ុន្ដែពុំទាន់មានទិន្នន័យច្បាស់លាស់នោះទេ ចំពោះបងប្អូនជនជាតិខ្មែរ-ឥស្លាមដែលស្នាក់អាស្រ័យនៅលើទូក។

លោក ស្លេះ ណាស៊ី បានមានប្រសាសន៍ថា អង្គការមួយចំនួនបានទិញដីនៅលើគោកជូនដល់បងប្អូនខ្មែរ-ឥស្លាម និងសង់ផ្ទះឲ្យប៉ុន្ដែមិនបានគ្រប់គ្នានោះទេ។ ខ្មែរឥស្លាមមួយចំនួនបានប្តូរទៅរស់នៅខេត្តព្រៃវែង បន្ទាប់ពីពួកគេទទួលបានដី។

មានអង្គការមួយចំនួនគាត់បានរិះរកវិធីជួយទិញដីទិញអីទិញដែរ កន្លងមកតាមខ្ញុំដឹងអ្នករស់នៅចុងកោះជ្រោយចង្វាហ្នឹង មានគ្រួសារមួយចំនួនបានចាកចេញពីតំបន់នេះទៅចូលរួមនៅកន្លែងស្នាក់នៅលើទីដីមួយនៅឯខេត្តព្រៃវែង ដែលមានអង្គការទិញដី ហើយគេសាងសង់ផ្ទះឲ្យអញ្ចឹងទៅ មានដែរប៉ុន្ដែឲ្យអត់បានគ្រប់គ្នា

ប្រធានមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា លោក ស្លេះ ណាស៊ី

ចំពោះការរកទីកន្លែងស្នាក់នៅថ្មី លោក ស្លេះ ណាស៊ី បាននិយាយថា កំពុងជួបប្រទះបញ្ហាដោយសារតែបងប្អូន ខ្មែរ-ឥស្លាម ភាគច្រើនជាអ្នកនេសាទ។ ដូច្នេះទើប ពួកគេពិបាកក្នុងការរកមុខរបរថ្មី។

អង្គការ សមាគម ផ្សេងៗក៏គាត់កំពុងរកគម្រោងដែលចង់រកទីតាំងឲ្យគាត់ប៉ុន្ដែយើងពិបាក ទីមួយគាត់ភាគច្រើនជាអ្នកនេសាទ អញ្ចឹងកាលណាគាត់ត្រូវទៅនៅកន្លែងផ្សេង គាត់រាងពិបាកក្នុងការរកមុខរបរថ្មីឲ្យគាត់ ដែលយើងកំពុងតែរកវិធីថ្មីដែរ

ប្រធានមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា លោក ស្លេះ ណាស៊ី

ចាប់ពីខែកក្កដា ដល់ខែសីហា ឆ្នាំ២០១៨នេះ ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្តីជូនដំណឹងជាបន្តបន្ទាប់ ដោយអំពាវនាវដល់ប្រជាពរដ្ឋរស់នៅតាមបណ្តោយទន្លេមេគង្គមានការប្រុងប្រយ័ត្ន ​​​ព្រោះកម្ពស់ទឹកបានឡើងដល់កម្រិតប្រកាសអាសន្ន។​​​អាជ្ញាធរខេត្តស្ទឹងត្រែង ក្រចេះ និង ត្បូងឃ្មុំ ចាប់ផ្តើមជម្លៀសប្រជាជនទៅទីទួលសុវត្ថិភាព​​​ ដោយសារជំនន់ទន្លេមេគង្គ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ