មហាធា៖ ខ្ញុំសា្វគមន៍តែការវិនិយោគចិនដែលផ្តល់ប្រយោជន៍រយៈពេលវែងដល់ម៉ាឡេស៊ី

លោក មហាធា មហាមេដ មេដឹកនាំវ័យ៩៣ឆ្នាំរបស់ម៉ាឡេស៊ី ដែលទើបជាប់ឆ្នោតកាលពីខែឧសភា ឆ្នាំ២០១៨កន្លងទៅនេះ (រូបភាព៖ វេបសាយបរទេស)

មេដឹកនាំវ័យ៩៣ឆ្នាំរបស់ម៉ាឡេស៊ី ដែលទើបជាប់ឆ្នោតកាលពីខែឧសភា ឆ្នាំ២០១៨កន្លងទៅនេះ កំពុងតែធ្វើកំណែទម្រង់លើវិស័យជាច្រើន ក្រោមហេតុផលថា ដើម្បីផលប្រយោជន៍វែងឆ្ងាយរបស់ប្រទេសនេះ។​

វិធានការមួយដែលកំពុងលេចធ្លោ នៅក្នុងសង្គមម៉ាឡេស៊ីក៏ដូចជា លើឆាកអន្តរជាតិនោះ គឺការពិនិត្យសើរើលើការវិនិយោគរបស់ចិន។​

តាមគម្រោងលោក មហាធា មហាមេដ នឹងបំពេញទស្សនកិច្ចចំនួន៥ថ្ងៃនៅចិន គឺចាប់ផ្តើមពីថ្ងៃសុក្រចុងសប្តាហ៍នេះ។ គោលបំណងសំខាន់មួយក្នុងដំណើរទស្សនកិច្ចនេះ គឺការពិនិត្យសើរើឡើងវិញពីកម្ចីនិងគម្រោងអភិវឌ្ឍន៍របស់ចិន។​

នៅថ្ងៃចន្ទដើមសប្តាហ៍នេះ លោក មហាធា ថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកចង់ឲ្យមានទំនាក់ទំនងល្អជាមួយចិន និងស្វាគមន៍រាល់ការវិនិយោគរបស់ចិន។ ប៉ុន្តែលោកថា ស្វាគមន៍តែការវិនិយោគដែលផ្តល់ប្រយោជន៍រយៈពេលវែងដល់ម៉ាឡេស៊ីតែប៉ុណ្ណោះ។

តាំងពីមុនឡើងកាន់តំណែង លោក មហាធា បានរិះគន់ថា កម្ចីនិងការវិនិយោគរបស់ចិន នឹងបង្កផលលំបាកដល់សង្គមម៉ាឡេស៊ីទៅថ្ងៃអនាគត ដោយសារតែចិនយកចំនេញច្រើនហួសហេតុ ឬ កម្ចីគិតក្នុងការប្រាក់ខ្ពស់ខ្លាំង។​

គម្រោងធំចំនួនពីររបស់ក្រុមហ៊ុនរដ្ឋចិន គឺផ្លូវដែក៦៨៨គីឡូម៉ែត្រនៅឆ្នេរសមុទ្រខាងកើត និង ការរៀបចំបំពង់បង្ហូរឧស្ម័នចំនួន២ រួមជាមួយគម្រោងផ្សេងទៀតដែលមានទឹកប្រាក់២២ប៊ីលានដុល្លារ ត្រូវរដ្ឋាភិបាលថ្មីម៉ាឡេស៊ីផ្អាក។​

លោកមហាធា កំពុងក្លាយជាឧបសគ្គដល់គោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយ

ម៉ាឡេស៊ីស្ថិតនៅក្រោមការដឹកនាំរបស់លោក ណាជីប រ៉ាហ្សាក់ ជានាយករដ្ឋមន្ត្រីមុនបានបង្ហាញភាពខិតទៅរកចិនកាន់តែខ្លាំង ហើយជម្លោះផ្សេងៗរួមទាំងដែនសមុទ្រហាក់ដូចជាព្យាយាមចរចាដោយមិនបើកចំហ។​

ក្រោមការដឹកនាំរបស់លោក ណាជីប រ៉ាហ្ស៉ាក់ គឺម៉ាឡេស៊ីបានក្លាយជាប្រទេសគន្លឹះមួយនៅអាស៊ីអាគ្នេយ៍ ក្នុងការអនុវត្តគោលនយោបាយ«ផ្លូវមួយខ្សែក្រវ៉ាត់មួយ»។​ ម៉ាឡេស៊ីជាប្រទេសមួយដែលមានជនជាតិចិនរស់នៅច្រើន រហូតដល់ជនជាតិជាម្ចាស់ប្រទេសក៏បង្ហាញការព្រួយបារម្ភឥទ្ធិពលរបស់ចិន។​

ប៉ុន្តែក្នុងការដឹកនាំថ្មីរបស់លោក មហាធា មហាមេដ នេះមានការពិនិត្យសើរើឡើងវិញស្ទើរតែទាំងអស់។​

ក្រៅពីការពិនិត្យបំណុល និងគម្រោងវិនិយោគ លោក មហាធា ក៏បានទាមទារឲ្យចិនត្រូវគោរពសិទ្ធិសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងដែនសមុទ្រចិនខាងត្បូងដែរ ខណៈម៉ាឡេស៊ីក៏កំពុងមានជម្លោះក្នុងការដណ្តើមគ្នាជាមួយចិនយកផ្នែកខ្លះនៃសមុទ្រចិនខាងត្បូងធ្វើជាកម្មសិទ្ធិ។

លោក មហាធា ក៏បានទាមទារមិនឲ្យចិនចល័តនាវាចម្បាំងក្នុងសមុទ្រដែលកំពុងមានជម្លោះ ប៉ុន្តែបច្ចុប្បន្នចិនបានកសាងមូលដ្ឋានទ័ពនៅលើកោះកន្លែងមានជម្លោះនៅសមុទ្រចិនខាងត្បូង និងចល័តកម្លាំងទ័ពជាបន្តបន្ទាប់។​

ការចូលកាន់តំណែងវិញជាថ្មីរបស់លោក មហាធា មហាមេដនៅពេលនេះ ក្លាយជាឧបសគ្គមួយថ្មីទៀតដល់នយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយ ឬ ជាឧបសគ្គនៃការពង្រីកឥទ្ធិពលរបស់ចិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ