កម្មកររោងចក្រមួយព្រមានតវ៉ាបិទផ្លូវទៀតប្រសិននៅតែមិនទទួលបានប្រាក់សំណង

កម្មករបម្រើការងារនៅរោងចក្រ JULEE APPREL តវ៉ាកាលពីថ្ងៃមុន

កម្មករបម្រើការងារនៅរោងចក្រ JULEE APPREL ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ព្រមានតវ៉ាបិទផ្លូវម្តងទៀតប្រសិនបើបញ្ហាបន្តអូសបន្លាយ ហើយពួកគេនៅតែមិនទទួលបានប្រាក់សំណងបន្ទាប់ពីថៅកែស្លាប់។​

កាលពីសប្តាហ៍មុនកម្មកររាប់សិបនាក់បម្រើការងារនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ JULEE APPREL ស្ថិតក្នុងភូមិចំការឱឡឹក សង្កាត់កាកាប បានតវ៉ាបិទផ្លូវមុខរោងចក្រជាងកន្លះម៉ោង ដើម្បីជំរុញទៅភាគីពាក់ព័ន្ធជួយរកដំណោះស្រាយជុំវិញថៅកែស្លាប់ និងអ្នកគ្រប់គ្រងក្រុមហ៊ុនរត់ចោលដោយមិនបើកប្រាក់ឈ្នួលជូនពួកគេ។

កម្មករម្នាក់លោក ញៀន ពិសិដ្ឋ ប្រាប់វីអូឌីថា រហូតមកដល់ថ្ងៃនេះមានរយៈពេលកន្លះខែហើយដែលក្រុមកម្មកររងចាំបើកប្រាក់ឈ្នួល ខណៈមន្រ្តីក្រសួងការងារបានត្រឹមសន្យាដោះស្រាយ។

លោកបន្តថា ក្រុមកម្មករអាចនឹងតវ៉ាបិទផ្លូវម្តងទៀតដោយសារគ្មានជំរើស ដើម្បីផ្ញើសារទៅស្ថាប័នពាក់ពន្លឿនដោះស្រាយសំណងជូនពួកគេ។

ប្រសិនបើអត់បានដំណោះស្រាយ ប្រាកដជាមានការធ្វើបាតុកម្មបិទផ្លូវដូចលើកមុនទៀតហើយ។ ព្រោះវាពិបាកណាស់ កម្មករខ្លះគ្នាអត់លុយបង់ថ្លៃបន្ទប់អញ្ចឹងត្រូវម្ចាស់ផ្ទះគេដេញចេញ អ្នកខ្លះខ្ចីលុយគេមកស៊ីចាយសិន អ្នកខ្លះសុំបន្ទប់មិត្តភ័ក្រស្នាក់នៅសិនរង់ចាំថ្ងៃបើកលុយជួលបន្ទប់ថ្មីស្នាក់នៅ អញ្ចឹងវាពិកបាកមែនទែន។ បើខាងក្រសួងដែលចុះមកដោះស្រាយគាត់ថាម្តងថ្ងៃនេះ ម្តងថ្ងៃនោះ វាអត់ច្បាស់លាស់សោះ ធ្វើឲ្យកម្មករខក ឥលូវចង់អស់ជំនឿចិត្តហើយ ព្រោះរយៈពេលដែលក្រសួងដឹងលឺចុះមកដោះស្រាយនោះកន្លះខែហើយ

កម្មករម្នាក់លោក ញៀន ពិសិដ្ឋ

អគ្គលេខាធិការរង នៃគណៈកម្មការទទួលបន្ទុកដោះស្រាយកូដកម្ម និងបាតុកម្ម លោក វង្ស សុវណ្ណ ដែលទទួលបន្ទុកដោះស្រាយករណីនោះមានប្រសាសន៍ថា ក្រុមការងារគាត់កំពុងធ្វើការងារនេះ និងបានដាក់សំណើរទៅដល់ទីស្តីការគណៈរដ្ឋមន្ត្រីរយៈពេល១សប្តាហ៍ហើយដើម្បីសុំប្រាក់បុរេប្រទានពីរដ្ឋាភិបាលយកទៅទូទាត់សំណងជូនកម្មករទាំងនោះ។

ឥលូវយើងបានដាក់ឆ្លងបានប្រហែលជាមួយអាទិត្យហើយ ដាក់ឆ្លងទៅទីស្តីការគណៈរដ្ឋមន្រ្តី ហើយខាងខ្ញុំក៏កំពុងរង់ចាំទទួលចំណាដែរ ពេលដែលធ្លាក់មកយើងយកទៅចាត់ចែងជូនបងប្អូនកម្មករឲ្យបានឆាប់

អគ្គលេខាធិការរង នៃគណៈកម្មការទទួលបន្ទុកដោះស្រាយកូដកម្ម និងបាតុកម្ម លោក វង្ស សុវណ្ណ

លោក វង្ស សុវណ្ណ សុំមិនប្រាប់ពីពេលវេលាដោះស្រាយ និងចំនួនទឹកប្រាក់ដែលត្រូវយកទៅទូទាត់សំណងជូនកម្មករទេ ដោយថា រងចាំការសម្រេចពីថ្នាក់លើសិន។

ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករនៅខេត្តកំពង់ស្ពឺកាលពីថ្ងៃទី៨ខែសីហា លោកនាយករដ្ឋមន្រី្ត ហ៊ុន សែន បានបញ្ជាទៅមន្រ្តីក្រោមឱវាទ​ត្រូវដោះស្រាយសំណងឲ្យបានឆាប់ជូនកម្មករ JULEE APPREL ស្ថិតក្នុងខណ្ឌពោធិសែនជ័យ ដែលម្ចាស់ក្រុមហ៊ុនបានចងកសម្លាប់ខ្លួន​កាលពីចុង​ខែកក្កដា។

ត្រង់រោងចក្រមួយនោះដែលថៅកែកូរ៉េចងកសម្លាប់ខ្លួននោះ។ ឥលូវកម្មករប៉ុន្មាននាក់? ត្រូវដោះស្រាយឲ្យ ស្រូតៗទៅដើម្បីបញ្ចប់រឿង រួចហើយយើងចាំដោះស្រាយជាមួយនឹងភរិយារបស់គ្នាទៅ។ រឿងយើងត្រូវហ៊ានចេញលុយមុនដើម្បី ដោះស្រាយឲ្យកម្មករដែលម្ចាស់ស្លាប់ទៅហើយឥលូវជំពាក់លុយកម្មករ អញ្ចឹងទេយើងត្រូវដោះស្រាយចំពោះបញ្ហានេះ

លោកនាយករដ្ឋមន្រី្ត ហ៊ុន សែន

ក្រុមកម្មករឲ្យដឹងថា រោងចក្រ ជូលី អឹភើរឹល (JULEE APPREL) មានកម្មករសរុប២៧០នាក់ និងមានថៅកែជាជនជាតិកូរ៉េខាងត្បូងបានចង់កសម្លាប់ខ្លួនក្រោយថ្ងៃបោះឆ្នោត ហើយថៅកែរោងចក្រនេះ ជំពាក់ប្រាក់ឈ្នួលកម្មករម្នាក់ៗចន្លោះពី២៥០ដុល្លារទៅ៣០០ដុល្លារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ