ក្រុមសមាជិកព្រឹទ្ធសភាអូស្ដ្រាលីស្នើចាត់វិធានការបន្ថែមលើកម្ពុជា

លោក James McGRATH គណបក្សសេរីនិយម (រូបភាព៖ វេបសាយបរទេស)

ក្រុមសមាជិកព្រឹទ្ធិសភាអូស្ដ្រាលីមកពីបក្សកាន់អំណាច គណបក្សប្រឆាំង និងគណបក្សសំឡេងភាគតិចបានជំរុញទៅរដ្ឋាភិបាលនេះ ឲ្យមានវិធានការបន្ថែមទៀត ដើម្បបង្ខំឲ្យកម្ពុជាងាកមកគន្លងប្រជាធិបតេយ្យ និងគោរពកាតព្វកិច្ចសិទ្ធិមនុស្ស។

ក្នុងកិច្ចប្រជុំសភាមួយកាលពីថ្ងៃម្សិលមិញ សមាជិកព្រឹទ្ធិសភាអូស្ដ្រាលី ៣រូប បានបង្ហាញក្ដីបារម្ភជាថ្មីជុំវិញបញ្ហាសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតនៅកម្ពុជា កាលពីថ្ងៃទី២៩ខែកក្កដា ខណៈដែលការបោះឆ្នោតនេះ ត្រូវបានគេមើលឃើញថា មិនមានវត្តមានគណបក្សសង្គ្រោះជាតិ ដែលជាអតីតបក្សប្រឆាំងចូលរួមនោះទេ។

សមាជិកព្រឹទ្ធិសភាទាំង៣រូប រួមមានសមាជិកព្រឹទ្ធិសភាមកពីគណបក្សសេរីនិយម លោក James McGRATH សមាជិកព្រឹទ្ធិសភាមកពីគណបក្សពលករអូស្ដ្រាលី លោកស្រី Anne Elizabeth Urquhart និងសមាជិកព្រឹទ្ធិសភាមកពីគណបក្សបៃតង ដែលជាគណបក្សសំឡេងភាគតិចក្នុងរដ្ឋសភា គឺលោក Richard Di Natale។​

ក្នុងកិច្ចប្រជុំ សមាជិកព្រឹទ្ធិសភាមកពីបក្សប្រឆាំង លោកស្រី Anne Urquhart បានជំរុញទៅរដ្ឋាភិបាលអូស្ដ្រាលី ឲ្យបង្ហាញក្ដីបារម្ភរបស់ខ្លួនទៅកាន់ភាគីកម្ពុជា ដូចជា ថា ការបោះឆ្នោតកាលពីថ្ងៃទី២៩កក្កដា គ្មានភាពសេរី ត្រឹមត្រូវ និងយុត្ដិធម៌ ពលរដ្ឋកម្ពុជាមិនអាចបោះឆ្នោតជ្រើសរើសគណបក្សដែលពួកគេស្រឡាញ់ដោយសេរី និងគ្មានការបំភិតបំភ័យ ទាមទារដោះលែង លោក កឹម សុខា និងជំរុញទៅរដ្ឋាភិបាលកម្ពុជា ឲ្យបើកលំហូរប្រជាធិបតេយ្យឡើងវិញ ព្រមទាំងធានាសិទ្ធិសេរីភាពទាំងឡាយ ដែលត្រូវបានធានាដោយច្បាប់។

លោកស្រី Anne Urquhart ក៏ស្នើទៅរដ្ឋាភិបាលអូស្ដ្រាលីធ្វើការជាមួយប្រទេសផ្សេងទៀត ដើម្បីចាត់វិធានការបន្ថែម និងជួយស្រោចស្រង់លទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា។

អតីតមន្ដ្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ កញ្ញា កឹម មនោវិទ្យា ក៏កំពុងស្ថិតនៅប្រទេសអូស្ដ្រាលី និងបានជួបជាមួយរដ្ឋមន្ដ្រីការបរទេសអូស្ដ្រាលី លោកស្រី Julie Bishop ផងដែរ ក្នុងគោលបំណងជំរុញឲ្យទៅប្រទេសនេះ មានវិធានការជាក់លាក់មកលើរដ្ឋាភិបាលកម្ពុជា ឲ្យងាកមកគន្លងប្រជាធិបតេយ្យឡើងវិញ។

បន្ទាប់ពីកម្ពុជាបញ្ចប់ការបោះឆ្នោតអាណត្តិទី៦ កាលពីថ្ងៃទី២៩កក្កដា ក្រុមប្រទេសលោកសេរីមួយចំនួនបានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោស និងរិះគន់ការបោះឆ្នោតនេះ​ថា មិនសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះទេ។ សហគមន៍អឺរ៉ុប អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក ប្រទេសបារាំង អង់គ្លេស និងអាល្លឺម៉ង់ជាដើម បានបង្ហាញនូវការខកចិត្ត ខណៈប្រទេសខ្លះ ក៏កំពុងពិចារណាទណ្ឌកម្មសេដ្ឋកិច្ច និងការទូតលើកម្ពុជាផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ