ម៉ៃ សុគន្ធ ប្រកាសមិនសុំទោស និងត្រៀមមេធាវីទប់ ខេមរៈ សីរីមន្ត

លោក ម៉ៃ សុគន្ធ និងលោក ខេមរៈ សិរីមន្ត

មកទល់ពេលនេះ ដំណឹងដាក់បណ្ដឹងរបស់តារាចម្រៀង លោក ខេមរៈ សិរីមន្ត ពីបទចោទ និងញុះញ៉ង់របស់លោក ម៉ៃ សុគន្ធ ក្រោយពី លោក ម៉ៃ សុគន្ធ ធ្វើការរិះគន់ម្ដងហើយម្ដងទៀតនោះ នៅមិនទាន់មានការកំរើកឡើងនៅឡើយទេ បន្ទាប់ពីលោក ខេមរៈ សិរីមន្ត បង្ហោះថានឹងប្ដឹងធ្វើអោយមានការភ្ញាក់ផ្អើល។

អ្វីដែលគួរអោយចាប់អារម្មណ៍ លោក ម៉ៃ សុគន្ធ បានទាំងប្រកាសថាបានត្រៀមទាំងមេធាវីការពារខ្លួន ដោយប្រកាន់ជំហរមិនសុំទោសបញ្ចប់រឿងផង។

លោក ម៉ៃ សុគន្ធ បានថ្លែងប្រាប់VOD ថា លោកមិនខ្លាចចំពោះការគំរាមរបស់លោក ខេមរៈ សិរីមន្ត នោះទេ ហើយលោកនៅតែបន្តរិះគន់ចំពោះតារាចម្រៀងរូបនេះទៀត ប្រសិនបើលោក ខេមរៈ សិរីមន្ត ធ្វើរឿងអ្វីដែលលោកយល់ថាឆ្គងៗដូចកន្លងមក។

លោកថា លោក ខេមរៈ សិរីមន្ត មិនមែនជាបុគ្គលទី១ដែលប្រកាសប្ដឹងខ្លួននោះទេ តែមិនដែលឃើញបណ្ដឹងណាមួយបានទាញរូបលោកអោយឡើងតុលាការឡើយ ប៉ុន្តែក៏មិនមានន័យថា លោកមើលស្រាល លោក ខេមរៈ សិរីមន្ត នោះដែរ ដោយគ្រាន់តែអះអាងថា បើ លោក ខេមរៈ សិរីមន្ត ប្ដឹងលោកទៅកាន់តុលាការ ក្រោយការរិះគន់ គឺលោកមិនខ្លាច និងមានតែកំដរដល់ទីបំផុត។

លោកថាគ្មានរឿងសុំទោស ឬគ្មានរឿងសន្យាថាឈប់ប៉ះពាល់លោក ខេមរៈ សិរីមន្តី ដើម្បីសម្រុះសម្រួលជាដាច់ខាត ដោយលោកនៅតែប្រកាសជំហរថានឹងបន្តរិះគន់លើកក្រោយៗទៀត ដោយលោកប្រកាសថាជ្រុលធ្វើជ្រូកហើយ គឺមិនរាទឹកក្ដៅ។

សម្រាប់ខ្ញុំ ដូចជាអត់មានរសើបរឿងគាត់(ខេមរៈ សិរីមន្ត) ថាប្ដឹងនឹងទេ បើគាត់ធ្វើមែនមិនស្រួលបានដឹងសខ្មៅ! ហើយនិយាយត្រង់ តិចថាអោយខ្ញុំសុំទោសបានឈប់ប្ដឹង ឬអោយសន្យារថាឈប់ប៉ះពាល់គាត់ បានគាត់សម្រុះសម្រួលអី គឺអត់ម្មង អោយគាត់ប្ដឹងទៅ ខ្ញុំរង់ចាំ!

តា​រា​ចម្រៀង​ប្រុស​លោក ម៉ៃ សុគន្ធ

លោក ម៉ៃ សុគន្ធ បន្តថា ខ្លួនបានពិភាក្សាជាមួយមេធាវីរបស់ខ្លួនរួចហើយ ហើយក៏ត្រៀមកម្លាំងគ្រប់គ្រាន់ដើម្បីតតាំងជាមួយលោក ខេមរៈ សិរីមន្ត ដូចគ្នាផងដែរ ប្រសិនបើលោកខេមរៈ សិរីមន្ត សម្រេចចិត្តដាក់បណ្ដឹងទៅកាន់តុលាការ។

លោកនៅតែចំអក ដោយហៅ លោកខេមរៈ សិរីមន្ត ថា ជាចាស្ទីនកូពី និងថាជាតារាមហាជនដែលខ្លាចសូម្បីតែការរិះគន់ ក្នុងនាមជាតារាល្បីម្នាក់។ លោកថាគ្មានរឿងចរចាក្រៅច្បាប់ជាមួយលោក ខេមរៈ សិរីមន្ត ទាំងអស់ សូម្បីតែលក្ខណ្ឌអ្វីដើម្បីបញ្ចប់រឿង ឬសម្រុះសម្រួលក៏លោកនឹងប្ដេជ្ញាមិនទទួល។

ជាមួយនឹងជំហររបស់ម៉ៃ សុគន្ធ លោកខេមរៈ សិរីមន្ត នៅមិនទាន់ឃើញបង្ហោះអ្វីគួរអោយកត់សម្គាល់បន្ថែមទេ ខណៈដែលទូរស័ព្ទរបស់លោកខលហើយមិនលើកឆ្លើយ។

ប៉ុន្តែយោងតាមការបង្ហោះរបស់លោក ខេមរៈ សិរីមន្ត កាលពីមុន គឺលោកសរសេរថា៖

មេធាវីរបស់ខ្ញុំបានរៀបចំសំណុំបែបបទរួចអស់ហើយ បទល្មើស និងភស្ដុតាងមានគ្រប់គ្រាន់អស់ហើយ បទចោទ បទញុះញុង មានជាអាថ៌ បទធ្វើអោយប៉ះពាល់សិទ្ធិ និងផលប្រយោជន៍បុគ្គល ខ្ញុំមិនដែលគិតចង់មានបញ្ហាជាមួយបុគ្គលម្នាក់នេះ(ម៉ៃ សុគន្ធ)ឡើយ តែគាត់ចង់បានបែបនេះ ដូច្នេះទទួលយកអ្វីដែលខ្លួនបានសាងបទល្មើសនេះចុះ!

តារាចម្រៀងលោក ខេមរៈ សិរីមន្ត

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ